អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១២ បានរៀបចំសន្និសីទកាសែត ដោយធ្វើការវាយបកទៅកាន់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលថ្កោលទោសរដ្ឋាភិបាលកម្ពុជា ថានៅពីក្រោយខ្នងតុលាការកាត់ទោសលោក ម៉ម សូណង់ដូ ក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍ឲ្យជាប់គុក ២០ឆ្នាំ។
លោក កែវ រ៉េមី មានប្រសាសន៍ថា អ្នករិះគន់រដ្ឋាភិបាលមួយចំនួនតូចបង្កវឹកវរចលាចលដល់សង្គម ហើយព្យាយាមគាំទ្រអ្នកទោស មានដូចជាលោក ម៉ម សូណង់ដូ និងលោក សម រង្ស៉ី។ លោកបន្តថា សង្គមស៊ីវិលមួយចំនួននោះប្រើលេសសិទ្ធិមនុស្សដើម្បីកកូរកកាយកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា ដែលជារដ្ឋឯករាជ្យ។
លោក កែវ រ៉េមី បញ្ជាក់ថា ព័ត៌មានដែលចុះផ្សាយ និងសេចក្ដីថ្លែងការណ៍មួយចំនួនទាក់ទងទៅនឹងលោក ម៉ម សូណង់ដូ គឺអ្នកទាំងនោះ កំពុងបង្កើតវប្បធម៌គាំទ្រអ្នកទោស ហើយប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។
លោក កែវ រ៉េមី៖ «ទាក់ទងលោក ម៉ម សូណង់ដូ ក្តី និងបុគ្គលផ្សេងទៀត តើរដ្ឋាភិបាលអនុវត្តចំពោះតែអ្នកទាំងប៉ុន្មាននាក់ហ្នឹង ឬយ៉ាងម៉េច? លោក ប្រែដ អាដាម (Brad Adams) គាត់ចោទប្រកាន់នាយករដ្ឋមន្ត្រីថា មានកម្លាំងទ័ព មានកម្លាំងប៉ូលិសពេញលេញ មានទ្រព្យសម្បត្តិហូរហៀរតាមរយៈប្រព្រឹត្តពុករលួយ និយាយនេះគឺចោទប្រកាន់ធ្ងន់ធ្ងរតែម្ដង បរទេសខ្លះគឺចង្រៃតែម្ដង មែនទែនអ្នកជ្រកក្រោមផ្លាកសិទ្ធិមនុស្សហ្នឹង គឺបេសកកម្មប្រឆាំងរដ្ឋាភិបាលតែម្ដង»។
លោក កែវ រ៉េមី បន្តថា ជាទូទៅការបង្កើតតំបន់អបគមន៍អាចផ្ដើមចេញពីមនោគមវិជ្ជា ឬសង្គ្រាមស្លាបប៉ាកកា ដោយធ្វើឡើងអុចអាលបង្កអសន្តិសុខសង្គមទៀតផង។
យ៉ាងណាក៏ដោយ នាយកប្រតិបត្តិទទួលបន្ទុកផ្នែកអាស៊ីនៃអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ប្រែដ អាដាម ហៅការកាត់ទោសលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំអោយជាប់ពន្ធនាគារចំនួន ២០ឆ្នាំ ថាជាអំពើអយុត្តិធម៌ដ៏អាក្រក់បំផុតរបស់តុលាការក្រុងភ្នំពេញ ក្នុងរយៈកាល ២០ឆ្នាំកន្លងមកនេះ។
លោកបន្តថា លោក ម៉ម សូណងដូ គ្មានទាក់ទិនអ្វីដែលកើតមាននៅខេត្តក្រចេះ នោះទេ ហើយការដាក់ទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ គឺជាទោសប្រហារជីវិតសំរាប់លោក ម៉ម សូណង់ដូ៖ «លោក ហ៊ុន សែន មិនចូលចិត្តលោក ម៉ម សូណង់ដូ ដូច្នេះក៏ឆក់ឱកាសកម្ចាត់គាត់ចេញ ដោយសារគាត់ហ៊ានរិះគន់ ហើយវិទ្យុរបស់គាត់ផ្ដល់វេទិកាអោយសាធារណៈបញ្ចេញមតិប្លែក និងផ្ទុយពីរដ្ឋាភិបាល ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀតគ្រប់គ្រងដោយលោក ហ៊ុន សែន។ ពួកគេចង់ធ្វើអោយពលរដ្ឋខ្លបខ្លាច មិនហ៊ាននិយាយស្ដីរិះគន់ នៅពេលដែលការបោះឆ្នោតសកលខិតជិតចូលមកដល់។ ជាសារគំរាមមួយទៅដល់ប្រជាពលរដ្ឋថា បើអ្នកឯងហ៊ានងើបតវ៉ា បើអ្នកឯងហ៊ានគាំទ្របក្សប្រឆាំង ហេតុការណ៍អាក្រក់នឹងកើតមានចំពោះអ្នក»។
បន្ទាប់ពីដាក់ទោសលោក ម៉ម សូណង់ដូ ឲ្យជាប់គុក ២០ឆ្នាំ សហគមន៍ជាតិ និងអន្តរជាតិ បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងពីសេរីភាពបញ្ចេញមតិនៅកម្ពុជា ដោយពួកគេបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសតុលាការក្រុងភ្នំពេញ ជាបន្តបន្ទាប់ ដោយហៅតុលាការនេះថា ជាតុលាការក្រោមអំណាចរដ្ឋាភិបាលលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។