មន្ត្រីនាំពាក្យរបស់រដ្ឋាភិបាលបានចាត់ទុកថា ការចោទប្រកាន់របស់មន្ត្រីបក្ស សម រង្ស៊ី នោះ គឺជាចេតនាចង់រារាំងមិនឲ្យប្រទេសកម្ពុជា មានភាពរីកចំរើនផ្នែកសេដ្ឋកិច្ច និងដើម្បីកេងចំណេញនយោបាយរបស់ខ្លួននៅមុនការបោះឆ្នោតប៉ុណ្ណោះ។
មន្ត្រីរដ្ឋាភិបាលកម្ពុជាប្រតិកម្មតបចំពោះការរិះគន់ធ្ងន់ៗរបស់គណបក្ស សម រង្ស៊ី មកលើរដ្ឋាភិបាលដោយចាត់ទុកថា ការព្យាយាមលើកហេតុរបស់បក្សប្រឆាំងមួយនេះ ពុំបានឆ្លុះបញ្ចាំងភាពពិតដែលប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់បក្សប្រជាជនបានបើកទូលាយទាំងផ្នែកសេដ្ឋកិច្ច និងសិទ្ធិសេរីភាពស្របតាមក្របខណ្ឌនៃរដ្ឋធម្មនុញ្ញនោះ។
លោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី។ លោកហៅការថ្លែងរបស់មន្ត្រីបក្សប្រឆាំង គឺលោក យឹម សុវណ្ណ នេះ ថាជាចេតនាចង់ទាញឲ្យប្រទេសកម្ពុជា ស្ថិតនៅលើផ្លូវនយោបាយបែបប្រទេសកុម្មុយនិស្តទៅវិញ។
លោកថ្លែងថា ក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋត្រូវធានាពីគោលនយោបាយផ្តល់សិទ្ធិវិនិយោគទៅលើវិស័យឯកជនឲ្យបានទូលំទូលាយ ដែលធានាដោយច្បាប់ជាជាងរដ្ឋគ្រប់គ្រងអំណាចប្រមូលផ្ដុំ៖ «ផ្នត់គំនិតរបស់គណបក្សប្រឆាំង គឺគាត់ចង់របៀបដឹកនាំតាមកុម្មុយនិស្ត ចង់អ្វីៗហ្នឹងគឺរដ្ឋកាន់កាប់ទាំងអស់ គ្រប់គ្រងទាំងអស់។ សេរីគឺអត់អ៊ីចឹងទេ គឺមានឯកជន មានវិស័យឯកជនជាបុគ្គល ជាគ្រួសារជាអីអ៊ីចឹង។ គេជាម្ចាស់កម្មសិទ្ធិមែន ជារដ្ឋអ្នកកាន់កាប់ទាំងអស់ឯណា ដឹកនាំដោយរដ្ឋស្អីរបស់រដ្ឋឯណា អាហ្នឹងវាត្រូវដឹងពីរបប។ នៅប្រទេសជឿនលឿនអាមេរិកអីសុទ្ធតែអាដែងមានសេដ្ឋីមានអីអ៊ីចឹងតើ! មានឯកជនមានអីគេកាន់កាប់អ៊ីចឹង»។
ការប្រតិកម្មប្រឆាំងទៅនឹងការចោទប្រកាន់ដែលមន្ត្រីក្នុងរដ្ឋាភិបាលចាត់ទុកថា ជាការស្ដីបន្ទោសដោយពុំផ្អែកលើហេតុផលពិតនេះ ធ្វើឡើងរយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយពីមន្ត្រីបក្សប្រឆាំង សម រង្ស៊ី រិះគន់ជាសាធារណៈមួយ កាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១២។ ការចោទប្រកាន់នេះធ្វើឡើងនៅក្នុងពិធីសមាជិកលើកទី២ របស់គណបក្សសិទ្ធិមនុស្ស ដែលលោក យឹម សុវណ្ណ អះអាងថា ក្រោមការគ្រប់គ្រង់របស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជា ត្រូវបាត់បង់ធនធាន ទ្រព្យសម្បត្តិរដ្ឋ រួមមានបឹងបួរ រ៉ែ ឧស្ម័ន ប្រេងកាត អគារ និងសម្បត្តិសាធារណៈរបស់រដ្ឋផ្សេងទៀត។ ក៏ប៉ុន្តែលោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្ស សម រង្ស៊ី វិញ ចាត់ទុកថា លទ្ធផលដែលទទួលពីការវិនិយោគទាំងនេះ ច្រើនបំផុតបានទៅលើមនុស្សមួយក្រុម និងអ្នកដែលស្និទ្ធជាមួយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។
លោក យឹម សុវណ្ណ បន្តថា៖ «ផលដែលបានមកពីកំណើនសេដ្ឋកិច្ចមួយចំនួនធំត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកមានអំណាច ជនប្រព្រឹត្តអំពើពុករលួយ ហើយនិងក្រុមហ៊ុនឯកជន ឧកញ៉ាដែលស្និទ្ធជាមួយគណបក្សកាន់អំណាច។ ចំណែកឯប្រជាពលរដ្ឋច្រើនលើសលប់ទទួលបានផលតិចតួចណាស់ពីកំណើនសេដ្ឋកិច្ចបែបនេះនោះ»។
មជ្ឈដ្ឋាននានារកឃើញថា រដ្ឋាភិបាលដែលគ្រប់គ្រងដោយនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ពុំបានបង្ហាញពីចំណូលចំណាយដោយតម្លាភាពក្នុងការធ្វើលទ្ធកម្ម ឬការដេញថ្លៃទៅលើការលក់អាគាររដ្ឋ ដូចជាស្តាតអូឡាំពិក សាលារៀន និងមន្ទីរ ក្រសួងនានា ក្នុងពេលកន្លងមករបស់រដ្ឋទៅជាឯកជនជាដើមនោះទេ។
ទាក់ទិនករណីនេះនាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum)។លោក ឈិត សំអាត ដែលតែងឃ្លាំមើលពីបញ្ហានេះ លោកគិតថា រដ្ឋាភិបាលនៅពុំទាន់ឆ្លើយតបលើផ្នែកនេះឲ្យបានពេញលេញនៅឡើយទេ។
លោកបន្តថា ដើម្បីធានាឲ្យមានការជឿទុកចិត្ត រដ្ឋាភិបាលគួរបង្កើនប្រសិទ្ធភាពរបស់ខ្លួនបន្ថែមទៀត៖ «អ្វីដែលយើងធ្វើ ឬអ្វីដែលខ្ញុំអាចនិយាយបាននេះ យើងចង់ឲ្យឃើញថា ចំណូល ជាពិសេសដែលចូលពីការបង់ពន្ធដារ ឬក៏ចំណូលផ្សេងៗទៀតដែលចូលទៅថវិកាជាតិហ្នឹង គួរតែឲ្យមានតម្លាភាព និងឲ្យកាន់តែច្រើនកាន់តែល្អ ពីព្រោះដើម្បីឲ្យប្រជាជនគាត់មានភាពជាម្ចាស់ ហើយគាត់យល់ដឹងអំពីចំណូល និងការប្រើប្រាស់ចំណូលរបស់គាត់»។
បើយ៉ាងនេះក្ដីលោក កែវ រ៉េមី អះអាងថា អ្វីដែលរដ្ឋាភិបាលកំពុងធ្វើដូចជាការកៀរគរអ្នកវិនិយោគដើម្បីបណ្ដាក់ទុកនៅកម្ពុជា និងចំហឲ្យមានការជជែកដេញដោលសង្គមស៊ីវិល អាចមានសិទ្ធិបញ្ចេញមតិរិះគន់រដ្ឋាភិបាល និងធានាឲ្យមានគោលនយោបាយសេរីពហុបក្ស។ លោកថា នោះគឺជាការបើកទូលាយនូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាមូលដ្ឋានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។