លិខិតនោះ គឺលោក សម រង្ស៊ី បានសុំការអនុញ្ញាតដើម្បីចូលមកកម្ពុជា គោរពព្រះវិញ្ញាណក្ខន្ធនៃព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។
លិខិតលើកទី៣ នោះ គឺមានខ្លឹមសារដូចលិខិតលើកទី១ និងលើកទី២ ដែរ។ លិខិតទាំងនោះ គឺលោក សម រង្ស៊ី បានផ្ញើជូនលោក ជា ស៊ីម ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យព្រះបរមសព នៃព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអនុប្រធាន ប៉ុន្តែលិខិតទាំងនោះ ត្រូវបានគេបញ្ជូនមកគណបក្ស សម រង្ស៊ី វិញ ដោយគ្មានការបញ្ជាក់អំពីមូលហេតុឡើយ។
ដោយឡែក លិខិតដូចគ្នានេះ បានផ្ញើជូនលោក ហេង សំរិន ជាអនុប្រធាននៃគណៈកម្មាធិការជាតិនេះដែរ ប៉ុន្តែលិខិតនោះមិនត្រូវបញ្ជូនត្រឡប់មកវិញទេ ហើយក៏គ្មានចម្លើយតបវិញដែរ។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និងជាតំណាងរាស្ត្រ បានមានប្រសាសន៍ថា លោកមានការសោកស្ដាយចំពោះឥរិយាបថបែបនេះ៖ «ឯកឧត្តមប្រធាន លោក សម រង្ស៊ី លោកសម្ដែងកាយវិការទន់ភ្លន់គាំទ្រព្រះរាជតម្រិះ ព្រះមហាវីរក្សត្រ ព្រះរាជតម្រិះ ក្នុងការបង្រួបបង្រួមជាតិ ឯកភាពជាតិ ដូច្នេះយើងមានការសោកស្ដាយ ដែលរដ្ឋាភិបាលមិនបានយកលិខិតនោះទៅពិចារណា បែរជារុញទៅរុញមក យើងខ្ញុំយល់ថា នេះជារឿងមួយគួរឲ្យសោកស្ដាយមែនទែន»។
ប្រតិកម្មទៅនឹងការចោទប្រកាន់នេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ពន្យល់ថា លិខិតនោះមិនបានឆ្លើយតបនឹងនីតិវិធី ហើយរដ្ឋាភិបាលបានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់លើខ្លឹមសារលិខិតនោះ គឺមិនបានឆ្លើយតបទៅនឹងអ្វីដែលរដ្ឋាភិបាលកំពុងតែពង្រឹងនីតិរដ្ឋ។
ព្រះរាជក្រឹត្យចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ កន្លងមកនេះ បានបង្កើតគណៈកម្មាធិការជាតិមួយ និងបានតែងតាំងប្រធាន និងអនុប្រធាន និងសមាជិក សរុបចំនួន ៤៩នាក់ ដើម្បីរៀបចំបុណ្យព្រះបរមសព នៃព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ដែលបានយាងចូលទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងមកនេះ នៅមន្ទីរពេទ្យ នៅទីក្រុងប៉េកាំង ប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។