នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី បានបញ្ជូនក្រុមយុវជនស្ម័គ្រចិត្តចំនួនជិត ៧០០នាក់ ត្រឡប់ទៅកាន់មូលដ្ឋានវិញ ក្រោយពីពួកគេបានឈប់សម្រាក ហើយឡើងមកពីបណ្ដាខេត្តនានា ដើម្បីជួបជុំជាមួយក្រុមគ្រួសាររយៈពេលជិតមួយសប្ដាហ៍កន្លងមក។
អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី នៅប្រទេសកម្ពុជា លោក ហ៊ុន ម៉ានិត ជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ បានប្រកាស និងណែនាំឲ្យក្រុមយុវជនស្ម័គ្រចិត្តចំនួនជិត ៧០០នាក់ វាស់វែងក្បាលដីឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ដោយមិនលំអៀង ឬមិនប្រកាន់បក្ខពួក ដើម្បីធ្វើឲ្យបេសកកម្មនេះទទួលជោគជ័យនៅថ្ងៃអនាគត។
លោកបញ្ជាក់ថា កិច្ចការរបស់ក្រុមយុវជនស្ម័គ្រចិត្តនោះ មិនមែនទៅដោះស្រាយបញ្ហាដីធ្លីទេ ហើយក៏មិនមែនជាតុលាការដែរ គឺមានតួនាទីវាស់វែងក្បាលដី ផ្អែកតាមកម្មសិទ្ធិជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ការណែនាំនេះ គឺនៅគ្រាដែលមានសេចក្តីរាយការណ៍មួយចំនួន បានដកស្រង់សម្ដីប្រជាពលរដ្ឋមួយចំនួន និយាយរិះគន់ថា ក្រុមយុវជនស្ម័គ្រចិត្តមួយចំនួន ប្រកាន់បក្ខពួកទៅតាមការស្រង់ស្ថិតិគ្រួសារ និងក្បាលដីដែលមេភូមិ និងមេឃុំប្រគល់ឲ្យកន្លងមក។
ចំណែកឯក្រុមអ្នកនយោបាយប្រឆាំង ក៏បានចោទប្រកាន់ថា រដ្ឋាភិបាលប្រើប្រាស់ក្រុមយុវជនស្ម័គ្រចិត្តនោះ ដើម្បីកេងចំណេញនយោបាយ។
នៅក្នុងពិធីជូនដំណើរក្រុមយុវជនស្ម័គ្រចិត្ត ដែលប្រារព្ធធ្វើនៅកោះពេជ្រ នៅថ្ងៃទី២ ខែសីហា លោក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា លោកសុំឲ្យយុវជនទាំងអស់រក្សាភាពសុចរិត និងអព្យាក្រឹត្យរហូតដល់ទីបញ្ចប់ នៃបេសកកម្មនេះ៖ «យើងទៅដើម្បីជួយប្រជាពលរដ្ឋ ធ្វើយ៉ាងម៉េចកុំឲ្យប្រជាពលរដ្ឋឈឺក្បាលចំពោះយើង។ យើងធ្វើយ៉ាងម៉េច យើងរក្សាភាពបរិសុទ្ធរបស់យើង រក្សាឲ្យបានយូរកាលណាល្អកាលហ្នឹង។ បើសិនជាក្រុមហ៊ុនដែលពាក់ព័ន្ធយើងកុំយកសម្ភារៈរបស់គាត់ គាត់ឲ្យយ៉ាងម៉េចក៏ដោយ ក៏យើងមិនត្រូវការទទួលដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតចំនួនជាង ២.៦០០នាក់ កាលពីថ្ងៃទី១ ខែសីហា កន្លងទៅនេះ បានមានប្រសាសន៍បញ្ជាក់ដែរថា មានយុទ្ធនាការមួយចំនួន ដើម្បីបំផ្លាញកិច្ចការការងាររបស់ក្រុមយុវជនស្ម័គ្រចិត្តនោះ៖ «រាជរដ្ឋាភិបាលមិនបានប្រើប្រាស់ឲ្យនិស្សិតចុះទៅដោះស្រាយជម្លោះដីធ្លីទេ។ សុំផ្ដាំទៅអាល្ងង់ទូ ប្រយ័ត្ននិស្សិតធ្វើបាតុកម្មដេញដល់ផ្ទះ អញមិនដឹងទេវើយ។ និស្សិតនេះមានភារកិច្ចត្រឹមទៅវាស់វែងដីធ្លី ហើយធ្វើកម្មសិទ្ធិជូនប្រជាជនលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាជន ឯចំពោះដីដែលមានទំនាស់ មិនមែនជាភារកិច្ចរបស់និស្សិតទេ»។
យុវនារីស្ម័គ្រចិត្តម្នាក់ ឈ្មោះ ណុប ផល្លី អាយុ ២២ឆ្នាំ មកពីខេត្តពោធិ៍សាត់ ត្រូវទៅឈរជើងនៅខេត្តមណ្ឌលគិរី បាននិយាយថា ប្រជាពលរដ្ឋមួយចំនួនមានជម្លោះព្រំប្រទល់ដី និងជម្លោះដណ្ដើមកម្មសិទ្ធិដីធ្លីនៅមូលដ្ឋាន៖ «គឺទៅដោយស្ម័គ្រចិត្ត ហើយម្យ៉ាងទៀតពូកគាត់ជ្រើសរើស មិនបានបង្ខិតបង្ខំអ្វីដែរ។ ហើយអត់មានពាក់ព័ន្ធនឹងនយោបាយអ្វីទាំងអស់។ ពួកខ្ញុំទៅ គឺទៅដោយស្ម័គ្រចិត្ត ហើយធ្វើការងារជូនប្រជាពលរដ្ឋពិតប្រាកដមែន»។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី បានបញ្ចូនក្រុមយុវជនស្ម័គ្រចិត្តចំនួនសរុប ១.១០០នាក់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅនេះ ទៅវាស់វែងក្បាលដីជូនប្រជាពលរដ្ឋចំនួនជាង ៣៥ម៉ឺនគ្រួសារ និងក្បាលដីចំនួនសរុបចំនួនជាង ១លាន២សែនហិកតារ នៅខេត្តចំនួន២០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក បានហៅបេសកកម្មនេះ គឺមានសារសំខាន់ជាប្រវត្តិសាស្ត្រ ដើម្បីកាត់បន្ថយ និងបញ្ចប់ជម្លោះដីធ្លី ដោយសារតែកម្មសិទ្ធិមិនច្បាស់លាស់កន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។