ស្ថិតក្រោមបរិបទនយោបាយដែលកំពុងវិវត្តក្នុងដំណាក់កាលចុងក្រោយនេះ អ្នកវិភាគអះអាងថា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងបង្កើនល្បឿននៃសន្ទុះនយោបាយរបស់ខ្លួននៅគ្រាសំឡេងគាំទ្រនៃសម្ព័ន្ធភាពថ្មីដែលទើបច្របាច់បញ្ចូលគ្នា ដែលមានឈ្មោះថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ត្រូវគេមើលឃើញថាហាក់មានសន្ទុះកើនឡើងនោះ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ លោកគិតថា អ្វីដែលប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ជ្រើសរើសយកនយោបាយដីធ្លី និងបញ្ហាព្រំដែនមកដោះស្រាយនៅពេលនេះ គឺដើម្បីផ្សះផ្សាផ្លូវចិត្តសម្រាប់អ្នកគាំទ្រប៉ុណ្ណោះ។ លោកបន្តថា ព្រោះបញ្ហាទាំងពីរ គឺជាផ្នែកមួយនៃសារនយោបាយដ៏មានឥទ្ធិពល និងកំពុងញាំញីក្នុងសង្គមកម្ពុជាសព្វថ្ងៃ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន គិតថាការកំណត់ទិសដៅនេះ ទំនងអាចបង្កើនជំនឿទុកចិត្តឡើងវិញបានមកលើគណបក្សប្រជាជនកម្ពុជា។
លោក កែម ឡី អ្នកស្រាវជ្រាវជាន់ខ្ពស់នៃក្រុមអ្នកស្រាវជ្រាវឯករាជ្យ អេ.អរ.ធី (Advance Research Independent Team) និងជាអ្នកវិភាគបញ្ហាសង្គម លោកឲ្យដឹងថា ប្រការនេះគឺជាចេតនាមួយប៉ុណ្ណោះរបស់លោក ហ៊ុន សែន គឺជាការជ្រោមជ្រែងនយោបាយ និងដើម្បីប៉ះប៉ូវសម្រាប់ត្រៀមនៅមុនបោះឆ្នោតជាតិ ដែលនឹងធ្វើឡើងក្នុងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ។
តែទោះជាបែបណា លោក កែម ឡី គិតថា បើទោះជារូបភាពនេះស្ថិតក្រោមសារនយោបាយយ៉ាងណាក្ដី តែក៏ជាផ្នែកមួយនៃការបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋទទួលបានសិទ្ធិកាន់កាប់ដី និងអាចធ្វើឲ្យយុវជនជួយសង្គមតាមរយៈយន្តការនេះដែរ។
ក៏ប៉ុន្តែ លោកបណ្ឌិត ឡៅ ម៉ុងហៃ រកឃើញថា បើទោះជាការចុះវាស់វែងដីតាមរយៈក្រុមនិស្សិតស្ម័គ្រចិត្តនេះ ក្នុងន័យកសាងជំនឿចិត្តយ៉ាងណាក៏ដោយ តែលោកអះអាងថា ការចុះអនុវត្តនេះពុំបានធ្វើចំគោលការណ៍ដែលពលរដ្ឋកំពុងប្រឈមក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុន ដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល ហើយប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋនោះទេ។
បើទោះជាបែបនេះក្ដី បណ្ឌិតរដ្ឋ លោក ជាម យៀប អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោកមានប្រសាសន៍ថា យន្តការដោះស្រាយរបស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ដែលធ្វើឡើងនៅពេលនេះ គឺមិនសំដៅដល់ការទាក់ទាញប្រជាប្រិយភាព ក្នុងការកៀងគររកសំឡេងឆ្នោតនោះទេ។
លោកបន្តថា តែនេះជាការស្រាយបំភ្លឺចំពោះភាពស្អាតស្អំដែលរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់បក្សប្រជាជន បានធ្វើអស់ជាង៣០ឆ្នាំមកនេះ ជាពិសេស បញ្ហាព្រំដែនដែលបក្សប្រឆាំងតែងចោទប្រកាន់នោះ។
ក្រុមអ្នកឃ្លាំមើលសង្គមចាត់ទុកថា នេះជាលើកទីមួយហើយ ដែលរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញជំហរក្នុងការតតាំងតាមផ្លូវច្បាប់ និងស្វែងរកដំណោះស្រាយនៅគ្រាសម្ពាធនៃការរិះគន់ថា រដ្ឋាភិបាលបច្ចុប្បន្នធ្វើឲ្យកម្ពុជាត្រូវបាត់បង់ទឹកដីមួយភាគធំ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀតណាម និងបង្កើនជម្លោះជាមួយពលរដ្ឋក្នុងរឿងដីធ្លីជាដើម។
ស្ថិតក្រោមហេតុផលនេះ អ្នកវិភាគគិតថា ប្រសិនបើការបកស្រាយរបស់លោក ហ៊ុន សែន ក្នុងរឿងព្រំដែនធ្វើឡើងដោយតម្លាភាព និងការជឿទុកចិត្តពិតប្រាកដពីមជ្ឈដ្ឋាននោះ ទឡ្ហីករណ៍នេះអាចជាឧបសគ្គសម្រាប់ក្រុមចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ។ ការអះអាងបែបនេះរបស់ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមនោះ ក៏ព្រោះតែបក្សប្រឆាំងតែងប្រើប្រាស់បញ្ហាព្រំដែនជាកម្មវិធីនយោបាយដ៏មានឥទ្ធិពល។
ក៏ប៉ុន្តែ បញ្ហានេះទាំងលោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្ស សម រង្ស៊ី និងលោក ប៉ុល ហំម មន្ត្រីនាំពាក្យគណបក្ស សិទ្ធិមនុស្ស អះអាងថា ករណីនេះវាពុំមែនជារឿងដែលគណបក្សប្រឆាំងទាំងពីរចាត់ទុកថាជាប្រការរាំងស្ទះដល់ភាពរីកលូតលាស់ នៃជំនឿទុកចិត្តសម្រាប់ដំណើរឆ្ពោះទៅរកការបោះឆ្នោតសកល ឆ្នាំ២០១៣ នោះទេ។ តែអ្វីដែលគណបក្សទាំងពីរគិតថាជាឧបសគ្គនោះ គឺប្រព័ន្ធបោះឆ្នោត គឺ គ.ជ.ប ពុំមានភាពឯករាជ្យទៅវិញ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកអត្ថាធិប្បាយថា រូបភាពដែលនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បង្ហាញសារក្នុងរឿងព្រំដែន និងដំណោះស្រាយដីធ្លីនៅពេលនេះ ត្រូវគេមើលឃើញថា ជារូបភាពនយោបាយ និងបង្ហាញពីភាពស្អាតស្អំក្នុងការគ្រប់គ្រងរបស់ខ្លួន ក្នុងន័យដើម្បីកៀងគរសំឡេងគាំទ្រសម្រាប់ការបោះឆ្នោត។
ឆ្លើយតបទៅនឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលបានប្រកាសជាសាធារណៈកាលពីថ្ងៃទី១ ខែសីហា ថា លោកនឹងមិនខ្លាចការតតាំងតាមផ្លូវច្បាប់ចំពោះបញ្ហាព្រំដែននោះទេ។ ក្នុងនាមអ្នកនយោបាយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំនឿថា ការធ្វើនយោបាយត្រូវតែឈ្នះ។
យ៉ាងណាក៏ដោយ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស លោក អ៊ូ វីរៈ គិតថា ប្រធានបទដែលគណបក្សនយោបាយនិយាយពីរឿងព្រំដែន វាពុំមែនជាសញ្ញាដែលអាចធានាបានថាមានការគាំទ្រពីពលរដ្ឋនោះទេ។ ក្នុងន័យនេះ លោកថាគណបក្សនយោបាយនីមួយៗត្រូវស្វែងរកប្រធានបទផ្សេងទៀត ក្នុងការឃោសនាសម្រាប់គោលនយោបាយរបស់ខ្លួន។
ការបង្ហាញជំហរនៅក្នុងសភារបស់លោក ហ៊ុន សែន នៅពេលនេះ ត្រូវមជ្ឈដ្ឋានកត់សម្គាល់ថាជាដំណើរស្របគ្នាទៅនឹងសម្ព័ន្ធភាពរបស់គណបក្សប្រឆាំងពីរទើបត្រូវបានបង្កើតឡើងសម្រាប់តតាំងកៅអីនាយករដ្ឋមន្ត្រីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ខាងមុខ។ ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមគិតថា ទំនងជាប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើឡើងកើតចេញពីពីការព្រួយបារម្ភការស្រកស្រុតសំឡេងគាំទ្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។