រដ្ឋាភិបាលប្រកាសថា នឹងអន្តរាគមន៍ចំពោះករណីប្រែប្រួលអត្រាប្ដូរប្រាក់នេះ ខណៈពេលដែលអ្នកជំនាញសេដ្ឋកិច្ចស្នើឲ្យធនាគារជាតិនៃកម្ពុជា ធ្វើការងារដោយប្រយ័ត្នប្រយែងបំផុត ព្រោះការប្រែប្រួលតម្លៃប្ដូរប្រាក់នឹងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។
ប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងពេលចុះចែកប្លង់ដីនាខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ វិច្ឆិកា ប្រកាសអន្តរាគមន៍ចំពោះតម្លៃប្រាក់រៀលដែលហក់ឡើងថ្លៃ ខណៈពេលដែលកម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។
នាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលចាំបាច់ត្រូវតែលូកដៃអន្តរាគមន៍លើទីផ្សារ ខណៈដែលប្រាក់រៀលនាពេលសព្វថ្ងៃ បានហក់ឡើងថ្លៃខ្ពស់ ដោយកាលពីថ្ងៃទី១៣ វិច្ឆិកា ១ដុល្លារ ស្មើប្រមាណ ៣.៨៨៨រៀល។ លោកបន្តថា លុយខ្មែរឡើងថ្លៃនៅរយៈពេលចុងក្រោយនេះ ប៉ុន្តែមិនមែនមកពីលុយដុល្លារអាមេរិកចុះថ្លៃនោះទេ គឺមកពីតម្រូវការរបស់កម្ពុជាច្រើនពេក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ម្សិលមិញ ខ្ញុំមើលអត្រាប្ដូរប្រាក់ ចង់ភ័យ។ ម្សិលមិញ មានផ្សារខ្លះតែ ៣.៨៨៨រៀល (ក្នុងមួយដុល្លារ)។ ប្រហែលជាចាំបាច់ត្រូវធ្វើអន្តរាគមន៍ហើយ។ ម្សិលមិញ មានផ្សារខ្លះតែ ៣.៨៨៨រៀល (ក្នុងមួយដុល្លារ)។ បានសេចក្តីថា ចុះមកនៅត្រឹមក្រោម ៤..០០០រៀលហើយ ហើយក្នុងពេលដែលយើងចង់បានលុយរបស់យើងរត់ក្នុងចន្លោះ ៤..០០០រៀលទៅ ៤.០៥០រៀល ក្នុងមួយដុល្លារ ហ្នឹងមកពីតម្រូវការសាច់ប្រាក់របស់យើងវាធំ»។
លោក ហ៊ុន សែន បន្តថា ការប្រែប្រួលតម្លៃប្រាក់រៀលក៏មិនទាក់ទងទៅនឹងការជាប់ឆ្នោតរបស់លោក បារ៉ាក់ អូបាម៉ា ដែរ។
អ្នកជំនាញសេដ្ឋកិច្ច ឲ្យដឹងថា ការប្រែប្រួលតម្លៃប្រាក់រៀលនៅកម្ពុជា ចន្លោះពី ៤.០៦០រៀល មកត្រឹម ៣.៩៩២រៀលក្នុង១ដុល្លារ នៅរយៈពេលចុងក្រោយនេះ ដោយសារកត្តាមួយចំនួន ដូចជាពលរដ្ឋកម្ពុជា នៅតាមតំបន់ខ្លះដល់ពេលប្រមូលផលស្រូវ ហើយឈ្មួញបញ្ចេញប្រាក់ដុល្លារទិញយកលុយរៀល ដើម្បីធ្វើពាណិជ្ជកម្ម ដូចនេះនាំឲ្យដុល្លារចុះថោក។ ម្យ៉ាងវិញទៀត ការឡើងថ្លៃប្រាក់រៀល ក៏បណ្ដាលមកពីពាណិជ្ជករទាំងឡាយ ត្រូវយកលុយដុល្លារទៅប្ដូរជាលុយរៀល ដើម្បីយកប្រាក់រៀលទៅបង់ពន្ធ។
អ្នកវិភាគសេដ្ឋកិច្ច លោក ហេង ឌីណា មានប្រសាសន៍ថា ការដែលលុយរៀលឡើងថ្លៃ ជាប្រការល្អសម្រាប់ជីវភាពរស់នៅរបស់ប្រជាកសិករ និងមន្ត្រីរាជការនៅកម្ពុជា ព្រោះថា ពួកគេភាគច្រើនបានប្រាក់ចំណូលជាប្រាក់រៀល។ លោកបន្តថា ចំពោះអ្នកដែលប៉ះពាល់ជីវភាពនោះ គឺក្រុមកម្មករធ្វើការរោងចក្រ សហគ្រាស ក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាល ដែលពួកគេបើកប្រាក់ខែជាដុល្លារ ហើយត្រូវយកចំណាយជាលុយរៀល ដើម្បីទិញទំនិញ ដូចនេះពួកគាត់ត្រូវខាតបង់។ លោក ហេង ឌីណា បញ្ជាក់ថា បើសិនជាមានករណីឡើង ឬចុះតម្លៃប្រាក់រៀលច្រើនលើសពី ១% នឹងនាំឲ្យប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ៖ «មិនឲ្យផ្លាស់ប្ដូរខ្លាំង កាលណាប្រែប្រួលពី ១% ទៅ ២% វាធ្វើឲ្យបាត់ការទុកចិត្តពីសំណាក់ពលរដ្ឋចំពោះលុយរៀល រដ្ឋាភិបាលត្រូវចាត់វិធានការធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព ទើបអាចរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច»។
លោក ហេង ឌីណា បន្តថា រដ្ឋាភិបាលក៏ត្រូវធ្វើការងារដោយប្រយ័ត្នប្រយែងបំផុត ដើម្បីរារាំងការប្រែប្រួលខ្លាំងនៃអត្រាប្ដូរប្រាក់ ដើម្បីធានាឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ អត្រាប្ដូរប្រាក់កាលពីថ្ងៃទី១៣ ក្នុង ១ដុល្លារ ប្ដូរបាន ៣.៨៨៨រៀល ប៉ុន្តែនៅថ្ងៃទី១៤ វិច្ឆិកា ធនាគារជាតិបានដំឡើងថ្លៃប្រាក់រៀលវិញ ក្នុងតម្លៃ ៣.៩៩២រៀលក្នុង ១ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។