ការអំពាវនាវនេះ ដោយសារមន្ត្រីជំនាញខាងសុខភាពសង្កេតឃើញថា ស្ថានភាពជំងឺគ្រុនឈាមកំពុងគំរាមកំហែងលើកុមារយ៉ាងធ្ងន់ធ្ងរនៅដើមរដូវវស្សានាឆ្នាំ២០១២ នេះ។
មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាមបានបញ្ជាក់ថា នៅក្នុងរយៈពេល២៤សប្ដាហ៍ដើមឆ្នាំ២០១២ នេះ ជំងឺគ្រុនឈាមបានកើនឡើងជាងឆ្នាំ២០១១ កន្លងទៅ។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ (ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ) មានប្រសាសន៍នៅថ្ងៃអង្គារ ទី២៦ មិថុនា ថា ក្នុងរយៈពេលប្រមាណ៦ខែដើមឆ្នាំ២០១២ នេះ គេបានរកឃើញជំងឺគ្រុនឈាមដែលកើតមានទូទាំងប្រទេស មានចំនួនជិត៩ពាន់នាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន៣៨នាក់។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ៖ «៣ខែកន្លះដើមឆ្នាំ វាកើនជិតទៅ៤ដង ៣៩០% ឥឡូវហ្នឹង២៤សប្ដាហ៍នេះ វាកើន២៤៨% ហើយយើងបានពិនិត្យការវិវឌ្ឍន៍របស់វាប្រចាំសប្ដាហ៍ ពីសប្ដាហ៍ទី៨ដល់សប្ដាហ៍ទី១៦ ហ្នឹង វារត់តាមកន្លងឆ្នាំ២០០៧ ហើយយើងបារម្ភដែរខ្លាចវារត់ទៅទៀត»។
កាលពីឆ្នាំ២០១១ ជំងឺគ្រុនឈាមមានចំនួន ២.៥៣២នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១២នាក់។ ប៉ុន្តែ កាលពីឆ្នាំ២០០៧ មានករណីផ្ទុះនូវជំងឺគ្រុនឈាមខ្លាំងជាងគេ គឺមានចំនួនជាង១ម៉ឺននាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន១៦៨នាក់។
ស្ត្រីមេផ្ទះម្នាក់ ឈ្មោះ ស្រីនាង រស់នៅសង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានប្រសាសន៍ថា ជំងឺគ្រុនឈាមឆ្នាំនេះបានគំរាមកំហែងធ្ងន់ធ្ងរជាងសព្វដង ដោយកូនគាត់២នាក់ ម្នាក់អាយុ៩ឆ្នាំ និងម្នាក់ទៀត ៥ឆ្នាំ បានកើតជំងឺនេះផ្ទួនគ្នា ហើយគាត់កំពុងមានក្តីបារម្ភចំពោះបញ្ហានេះ។
ស្ត្រីមេផ្ទះ ស្រីនាង៖ «ព្រោះទៅពេទ្យ ទៅអីឃើញថា ក្មេងឈឺអារោគហ្នឹងច្រើន ហើយខ្លះអាចបាត់បង់ជីវិតអ៊ីចឹងណា»។
តែទោះយ៉ាងណា គាត់បានបង្កើនការយកចិត្តទុកដាក់ការពារជំងឺនេះ ដោយឲ្យកូនគេងក្នុងម៉ុងជាប្រចាំ។
ស្ត្រីមេផ្ទះ ស្រីនាង៖ «ខំការពារចាប់ពីថ្ងៃនេះតទៅ រឹតតែប្រយ័ត្នខ្លាំងជាងមុនថែមទៀត ប្រយ័ត្នទីមួយ សំរាម ទឹកដក់អ៊ីចឹង កាប់ព្រៃ មានថ្នាំលាបការពារ អុចធូបមូសអ៊ីចឹង ទៅណាពេលដែលគេងត្រូវដាក់មុង...»។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ បានពន្យល់ថា ការកើនឡើងនៃជំងឺគ្រុនឈាមនេះ ដោយសារកម្រិតទឹកភ្លៀងកើនឡើងខ្លាំងនៅឆ្នាំ២០១២ នេះ។
តំបន់ដែលមានជំងឺនេះផ្ទុះឡើងច្រើនជាងគេ គឺនៅតំបន់ជាយទីក្រុងភ្នំពេញ និងនៅខេត្តបន្ទាយមានជ័យ។ ដោយសារតំបន់ទាំងនោះនៅមានការប្រើប្រាស់ទឹកពាង ឬអាងទឹកច្រើន ហើយស្ថានភាពបរិស្ថានជុំវិញលំនៅឋានមិនទាន់មានភាពល្អប្រសើរនៅឡើយ។
លោកបន្តថា អ្នកដែលងាយទទួលរងគ្រោះដោយជំងឺនេះ ភាគច្រើនជាកុមារដែលមានអាយុក្រោមអាយុ១៥ឆ្នាំ។
អ្នកជំនាញបានបង្ហាញថា ប្រការដែលត្រូវយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់នោះ គឺចាំបាច់ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ បំផ្លាញជម្រកមូសខ្លា ដែលជាប្រភពចម្លងជំងឺគ្រុនឈាម ប្រើថ្នាំអាប៊ែតដាក់ក្នុងពាង និងអាងទឹក ដើម្បីកំចាត់ដង្កូវទឹកដែលជាប្រភពនាំឲ្យកើតមូសខ្លា។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ៖ «មូសខាំមួយសប្ដាហ៍ ចាប់ផ្ដើមក្តៅខ្លួន ហើយភ្លាមអត់ដឹងទេ វាអាចច្រឡំជាមួយជំងឺរលាក់បំពងកសព្វបែបយ៉ាងទាំងអស់ ផ្តាសសាយក៏ច្រឡំដែរ គឺមានតែទៅពេទ្យទេ ទើបដឹងថាមានគ្រុនឈាមអត់ ព្រោះត្រូវមើលឈាម សំខាន់កុំចាំពេទ្យទៅ គឺត្រូវបញ្ជូនមកពេទ្យបានលឿនតែខំយឺតពេលហើយ»។
ស្របពេលគ្នានេះដែរ ក្រសួងសុខាភិបាល គ្រោងនឹងបើកយុទ្ធនាការចែកថ្នាំអាប៊ែតប្រមាណ១៤០តោនជាថ្មីទៀត នៅពាក់កណ្ដាលខែកក្កដា ខាងមុខនេះ ដើម្បីការពារកុំឲ្យកើតមូសខ្លា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។