indepth/govt_vows_not_to_charge_agricultural_land-10012012064725.html/mn.mp3
នៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងមិនអនុវត្តការយកពន្ធលើដីកសិកម្មជារៀងរហូតដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែឈ្នះឆ្នោត ហើយទទួលបានតួនាទីដឹកនាំរដ្ឋាភិបាលកម្ពុជា។
ការរៀបចំធ្វើប្រទានកម្មដីចែកជូនប្រជាពលរដ្ឋកាន់កាប់ស្របច្បាប់។ លោកនាយករដ្ឋមន្ត្រីមិនគិតថា ប្រជាពលរដ្ឋមាននិន្នាការគណបក្សនោះទេ។ ទន្ទឹមគ្នានេះលោកបានហាមក្រុមនិស្សិតមិនឲ្យសួរនាំប្រជាពលរដ្ឋពីរឿងថា គាត់នឹងសម្រេចចិត្តបោះឆ្នោតឲ្យគណបក្សណា។
លោក ហ៊ុន សែន៖ «ខ្ញុំប្រាប់ទៅដរាបណាគណបក្សប្រជាជននៅកាត់អំណាច មិនមែនត្រឹមតែ ហ៊ុន សែន ទេ បើអស់ពី ហ៊ុន សែន ទៅ នៅមានមន្ត្រីគណបក្សប្រជាជនដទៃទៀត។ គោលការណ៍រួម របស់គណបក្សប្រជាជនអត់យកពន្ធលើដីធ្លីកសិកម្ម មិនមែនដីនៅក្នុងក្រុងទេ ប៉ុន្តែដីកសិកម្មគឺអត់យកពន្ធទេ ដរាបណាគណបក្សប្រជាជននៅកាន់អំណាច»។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ត្រូវបានគេមើលឃើញថា បានបង្កប់នូវសារនយោបាយមួយយ៉ាងមានទម្ងន់ ដើម្បីអន្ទងចិត្តប្រជាពលរដ្ឋកម្ពុជា ឲ្យគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។ កន្លងមកនេះរដ្ឋាភិបាលបានបង្កើតចលនានិស្សិត ដោយសហការជាមួយមន្ត្រីមូលដ្ឋាន ដែលសុទ្ធសឹងជាអ្នកស្មោះត្រង់នឹងបក្សប្រជាជននោះ ចុះទៅរៀបចំដីចែកជូនប្រជាពលរដ្ឋ។ បន្ទាប់មកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់វត្តមានតាមរយៈការចែកប័ណ្ណកម្មសិទ្ធិដីជូនប្រជាពលរដ្ឋតាមក្រោយ។
ការប្រកាសនេះ គឺស្របពេលដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅសល់តែ ៩ខែទៀតនឹងចូលមកដល់។
អ្នកស្រី មូរ សុខហួរ ជាអ្នកតំណាងរាស្ត្រគណបក្ស សម រង្សី ថ្លែងថា គណបក្សប្រជាជនបានប្រគល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជនរាប់ម៉ឺនហិកតារហួសកំណត់នៃច្បាប់។
អ្នកស្រីចោទសួរថា ហេតុអ្វី យូរយារណាស់មកហើយមិនព្រមប្រកាសរឿងមិនយកពន្ធពីដីកសិកម្ម នៅពេលការបោះឆ្នោតជិតចូលមកដល់ទើបប្រកាសដូច្នេះ៖ «សំខាន់បើសិនជាគណបក្សប្រជាជនចេះឈឺចាប់ជាមួយប្រជាពលរដ្ឋ ដោះរឿងដីធ្លីប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលបាត់បង់ដីដោយសាររឿងសម្បទានសេដ្ឋកិច្ច អាហ្នឹងបានសំខាន់ ដូចដែលប្រជាពលរដ្ឋដទៃទៀតដែលគ្នាមិនទាន់បានប្លង់ដីរ៉ឹងចុះបញ្ជីតាមប្រព័ន្ធផង អាហ្នឹងជាការសំខាន់»។
អ្នកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចយ៉ាងច្រើនទៅក្រុមហ៊ុនបរទេស ប៉ុន្តែរដ្ឋាភិបាលបានកំណត់យកពន្ធពីសម្បទានសេដ្ឋកិច្ចទាំងនោះក្នុងរយៈពេលមួយឆ្នាំតែ ១០ដុល្លារប៉ុណ្ណោះ ក្នុងដីមួយហិកតារ។
អ្នកវិភាគឯករាជ្យ និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច ថ្លែងថា ការបង់ពន្ធដីវាជាការចាំបាច់ឲ្យប្រជាជនមានប័ណ្ណសម្គាល់ថា គាត់បានបង់ពន្ធដីដើម្បីចៀសវាងពីការរំលោភបំពានពីគ្រប់មជ្ឈដ្ឋានដែលអាចកើតមានឡើង៖ «ការបង់ពន្ធដីត្រូវមានវិក្កយបត្រត្រឹមត្រូវ ប៉ុន្តែប្លង់ដីអាចធ្វើជាន់គ្នាបាន។ បើសិនជារដ្ឋមានឆន្ទៈ រដ្ឋត្រូវចេញខាតទៅលើបញ្ហាបង់ពន្ធ តែការយកពន្ធនៅតែយកដើម្បីផ្ដល់ភាពងាយស្រួលលើការគ្រប់គ្រងភោគៈ»។
លោកបន្តថា ការមិនយកពន្ធពីដីកសិកម្ម គឺជាការទុកឲ្យអ្នកមានដីធំរាប់ពាន់រាប់ម៉ឺនហិកតារ ទុកដីទំនេរចោល ហើយទុកឱកាសពួកគេរង់ចាំមើលនៅពេលដីឡើងថ្លៃទើបលក់ចេញ។ លោកថា រដ្ឋាភិបាលត្រូវតែចាត់វិធានការយកពន្ធលើដីកសិកម្ម គឺជារឿងចាំបាច់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។