ជំងឺ​ចម្លែក​នៅ​តាកែវ គ្រូពេទ្យ​ប៉ាន់ស្មាន​ជា​ជំងឺ ឈីគុនហ្គុនយ៉ា

ករណី​ផ្ទុះ​ជំងឺ​រាតត្បាត​ម្យ៉ាង​នៅ​ស្រុក​ទ្រាំង ខេត្ត​តាកែវ ដែល​គេ​នៅ​មិន​ទាន់​ដឹង​ថា ជា​ប្រភេទ​ជំងឺ​អ្វី​នៅ​ឡើយ​នោះ មាន​អ្នក​ភូមិ​ជា​ច្រើន​ទៀត​បាន​ធ្លាក់​ខ្លួន​ឈឺ​ដូចៗ គ្នា។
ដោយ ខែ សុណង
2012-05-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អ្នក​ភូមិ​មួយ​ចំនួន​នៅ​ខេត្ត​តាកែវ​ឲ្យ​ដឹង​ថា ពលរដ្ឋ​មួយ​ចំនួន​បាន​ធ្លាក់​ឈឺ​បន្ត​បន្ទាប់​គ្នា ដោយ​ពុំ​ដឹង​មូលហេតុ និង​មាន​សភាព​ធ្ងន់ធ្ងរ ជិត ១០ ថ្ងៃ​មក​ហើយ។

ក្រុម​គ្រូ​ពេទ្យ​ផ្នែក​កម្មវិធី​ឆ្លង និង​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ បាន​ត្រួត​ពិនិត្យ​និង​ធ្វើតេស្ត​ឈាម​អ្នក​ភូមិ​កំពុង​មាន​ជំងឺ ដើម្បី​វិភាគ​រក​ប្រភេទ​មេរោគ ដែល​បង្ក​ឲ្យ​អ្នក​ភូមិ​ឈឺ​បន្ត​បន្ទាប់​គ្នា​នេះ។

ក្រុម​គ្រូ​ពេទ្យ​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា អាច​មក​ពី​មេរោគ​ម្យ៉ាង​ឈ្មោះ ឈីគុនហ្គុនយ៉ា (virus Chikungunya) ដែល​តាម​មូស​ខាំ។

មន្ត្រី​សុខាភិបាល​ចុះ​ទៅ​ដល់​មូលដ្ឋាន បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ថា ប្រជា​ពលរដ្ឋ​ទាំង​ចាស់​និង​កូន​ក្មេង រស់​នៅ​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​សម៉​ក្រោម និង​ភូមិ​តា​ស្រែន ឃុំ​ខ្វាវ ស្រុក​ទ្រាំង បាន​កើត​ជំងឺ​រាតត្បាត​បន្ត​បន្ទាប់​គ្នា។

អនុ​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ដូនកែវ លោក សួន ចាន់ធី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ១០ ឧសភា ថា ក្រុម​គ្រូពេទ្យ​ចម្រុះ​មក​ពី​មន្ទីរ​សុខាភិបាល គ្រូពេទ្យ​មក​ពី​កម្មវិធី​ឆ្លង គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ដល់​ផ្ទះ​ប្រជា​ពលរដ្ឋ ដែល​កំពុង​មាន​ជំងឺ​ចម្លែក​នោះ។

លោក​ថា តាម​ការ​សង្កេត​ផ្ទាល់ ឃើញ​ថា​ពលរដ្ឋ​មាន​អាការៈ ក្ដៅ​ខ្លួន កន្ទួល​នៅ​លើ​ស្បែក និង​ឈឺ​តាម​សន្លាក់​ឆ្អឹង​ជា​ដើម។ លោក​ប៉ាន់ស្មាន​ជា​បឋម​ថា អាច​ជា​ជំងឺ​ឈ្មោះ ឈីគុនហ្គុនយ៉ា (Chikunkunya) ដែល​បណ្ដាល​មក​ពី​មូស​ខាំ ជំងឺ​នេះ​គឺ​ប្រហាក់ប្រហែល​និង​ជំងឺ​គ្រុនឈាម​ដែរ។

លោក សួន ចាន់ធី៖ «គាត់​ចាប់​ផ្ដើម​ក្ដៅ​ខ្លួន​អ៊ីចឹង​ទៅ ហើម​មុខ​ហើម​អី​ចុក​រោយ​សន្លាក់​ដៃ​ជើង ចុង​ក្រោយ​ខ្លះ​ទុន​ជើង​ដើរ​អត់​រួច ឡើង​កន្ទួត​ដូច​ស្អូច​អ៊ីចឹង​ណា។ ឥឡូវ​យើង​ប្រហែល​ជា​បូម ១០ នាក់ ឲ្យ​គាត់​ទៅ​មណ្ឌល​សុខភាព​ដើម្បី​ទៅ​ទទួល​ថ្នាំ។ អា​ហ្នឹង​ឲ្យ​គាត់​ប្រយ័ត្ន​រឿង​មូស។ ទី​១ ឲ្យ​គាត់​ជួយ​ខ្លួន​គាត់​សិន សំអាត​លំនៅឋាន​ហ្នឹង​ណា។ លុប​ថ្លុក​លុប​សំបក​កំប៉ុង​អី»។

ស្ត្រី​ឈ្មោះ សុទ្ធ ណែម អាយុ ៣៧​ឆ្នាំ រស់​នៅ​ភូមិ​សម៉​ក្រោម ដែល​សមាជិក​ក្រុម​គ្រួសារ ៧ នាក់ ឈឺ​ទាំង​អស់​ថ្លែង​ថា សមាជិក​ក្នុង​គ្រួសារ​គាត់​ចំនួន ៦ នាក់​ដំបូង បាន​ធ្លាក់​ខ្លួន​ឈឺ​រយៈ​ពេល ៤ ថ្ងៃ​មក​ហើយ។ ប៉ុន្តែ ដល់​ថ្ងៃ​ទី ១០ នេះ កូន​ស្រី​អាយុ ៣ ឆ្នាំ​ម្នាក់​ទៀត ចាប់​ផ្ដើម​ក្ដៅ​ខ្លួន​ដែរ។

ស្ត្រី​ឈ្មោះ សុទ្ធ ណែម៖ «គេ​ឲ្យ​ទៅ​បើក​ថ្នាំ​ឥឡូវ​គ្មាន​នរណា​ទៅ​បើក ឈឺ​ជង្គង់​ឈឺ​សន្លាក់​ហ្នឹង​ដើរ​មិន​កើត​សោះ។ គេ​ជួស​ឈាម​យក​ទៅ​ពិនិត្យ​មើល ហើយ​គាត់​ឲ្យ​ទៅ​យក​ថ្នាំ​នៅ​មណ្ឌល​ណា​ថា​មិន​អី​ទេ ជំងឺ​ហ្នឹង​តែ​បួន​ប្រាំ​ថ្ងៃ​ទៅ​ជា​ហើយ»។

ពលរដ្ឋ​ឲ្យ​ដឹង​ថា នៅ​ក្បែរ​ផ្ទះ​របស់​គាត់​បាន​ឈឺ​ជា​បន្ត​បន្ទាប់ និង​ដំបូង​បង្អស់​ជំងឺ​នេះ​បាន​កើត​លើ​អ្នក​ភូមិ​តា​ស្រែន ឃុំ​ខ្វាវ ហើយ​ក៏​បាន​ឆ្លង​រាលដាល​ដល់​អ្នក​ភូមិ​ផ្សេងៗ ទៀត​ជា​បន្តបន្ទាប់។

ពាក់ព័ន្ធ​បញ្ហា​ប្រធាន​ភូមិ​សម៉​ក្រោម លោក ប៉ែន ណាត ថ្លែង​ថា នៅ​រសៀល​ថ្ងៃ​ទី ១០ ឧសភា មន្ត្រី​មន្ទីរ​សុខាភិបាល​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​ការ​ធ្វើ​អនាម័យ ផ្ដល់​ថ្នាំ​អាប៊ែត (Abet) ដល់​ពលរដ្ឋ​នៅ​ភូមិ​ដែល​ផ្ទុះ​ជំងឺ​នេះ។

ក្រុម​ការងារ​សុខាភិបាល ដែល​ចុះ​ត្រួត​ពិនិត្យ​ពលរដ្ឋ បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ពលរដ្ឋ​ដែល​មាន​រោគ​សញ្ញា​ស្រដៀង​គ្នា​ក្នុង​ភូមិ​សម៉​ក្រោម​មាន​ប្រមាណ ៥០ នាក់។ ក្រុម​ការងារ​នេះ​នឹង​បន្ត​ចុះ​ភូមិ​នៅ​ក្បែរៗ នោះ​ទៀត។

កាល​ពី​ចុង​ខែ​មីនា ឆ្នាំ ២០១២ ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ពេជ្រមុនី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ក៏​មាន​អាការៈ​គ្រុន​ក្ដៅ ទន់​ដៃ​ជើង ឈឺ​សន្លាក់​ឆ្អឹង និង​ហើម​សន្លាក់​ជើង​ដៃ បាន​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដូច​គ្នា​នេះ​ម្ដង​រួច​មក​ហើយ។

ក្រោយ​ការ​ពិនិត្យ​ស្រាវជ្រាវ មន្ត្រី​ក្រសួង​សុខាភិបាល បាន​ដាក់​ឈ្មោះ​ជំងឺ​នោះ​ថា ជា​ជំងឺ​គ្រុន​ឈីក វី (CHIKV) ដែល​បណ្ដាល​មក​ពី​មេរោគ​ម្យ៉ាង​ឈ្មោះ ឈីគុនហ្គុនយ៉ា (virus Chikungunya)។

ជំងឺ​នេះ គឺ​មាន​ប្រភព​មក​ពី​មូស​ខ្លា​ខាំ ហើយ​អ្នក​ដែល​ត្រូវ​មេរោគ​រាតត្បាត មិន​បណ្ដាល​ឲ្យ​ស្លាប់​ទេ គ្រាន់​តែ​មាន​អាការៈ​ជំងឺ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ឈឺ​ទន់​ដៃ​ជើង ឈឺ​សន្លាក់ ឈឺ​ឆ្អឹង ហើម​ក​និង​គ្រុន​ក្ដៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

this is a strange disease that i never hear before so Please other organization , can help or take care Khmer people as well

May 11, 2012 04:16 AM

អ្នក​អាន​អនាមិក

សូមកាកបាកក្រហមជួយមើលផង

May 11, 2012 03:47 AM

អ្នក​អាន​អនាមិក

ស្នើសុំអោយអង្កការគ្រូពេទ្យគ្មានព្រំដែនចុះជួយផង។ ហើយសុំបើកថ្នាំអោយប្រជាពលរដ្ឋដល់មូលដ្ឋាន។

May 10, 2012 09:45 PM