WHO ជំរុញ​ឲ្យ​​រដ្ឋាភិបាល​ចូល​រួម​កាត់​បន្ថយ​ចំនួន​អ្នក​ជក់​បារី​តាម​រយៈ​ការ​ដំឡើង​ពន្ធ

អង្គការ​សុខភាព​ពិភពលោក (WHO) ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា ចូល​រួម​កាត់​បន្ថយ​ចំនួន​អ្នក​ជក់​បារី​តាម​រយៈ​ការ​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំ​ជក់។

0:00 / 0:00

តំណាង​អង្គការ​សុខភាព​ពិភពលោក អ្នកស្រី អាយដា យូរីកលី(Ayda Yurekli) មាន​ប្រសាសន៍​ថា តាម​បទ​ពិសោធន៍​នៃ​ការ​អនុវត្ត​របស់​ប្រទេស​ជា​ច្រើន ការ​យក​ពន្ធ​ខ្ពស់​ទៅ​លើ​ផលិតផល​ថ្នាំ​ជក់ នឹង​ជួយ​អោយ​ទៅ​ដល់​សុខភាព​សាធារណៈ និង​ជំរុញ​វិស័យ​សេដ្ឋកិច្ច​ជាតិ។

អង្គការ​សុខភាព​ពិភព​លោក​អះអាង​ថា ប្រសិន​បើ​អាច​ធ្វើ​បាន រដ្ឋាភិបាល​កម្ពុជា អាច​ដាក់​អត្រា​នៃ​ការ​យក​ពន្ធ​ស្មើ​នឹង​ចំនួន ៧០​ភាគរយ នៃ​ផលិតផល​ថ្នាំ​ជក់​ដែល​លក់​បាន​នៅ​លើ​ទី​ផ្សា​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ជា​គោលដៅ​នៃ​ការ​ដំឡើង​ពន្ធ។ ប្រសិន​បើ​ពន្ធ​លើ​ផលិតផល​ថ្នាំ​ជក់​អាច​ទៅ​ដល់​ចំណុច​គោលដៅ​នោះ ចំនួន​អ្នក​ជក់​បារី​នឹង​មានការ​ថយ​ចុះ​ច្រើន ចំណែក​រដ្ឋាភិបាល​ក៏​អាច​បាន​ប្រាក់​ចំណូល​ខ្ពស់​ទៅ​តាម​នោះ​ដែរ។

របាយការណ៍​ក្នុង​ឆ្នាំ​២០១០ នៅ​ពេល​ដែល​ពន្ធ​លើ​ផលិតផល​ថ្នាំ​ជក់​ដំឡើង​ដល់ ១០​ភាគរយ បាន​ធ្វើ​អោយ​ថវិកា​ដែល​បាន​ពី​ការ​ប្រមូល​ពន្ធ​កើន​ឡើង​ពី ៤៥​ពាន់​លាន​រៀល ទៅ ២៣១,៥​លាន​រៀល។ ប៉ុន្តែ​វា​បាន​ធ្វើ​អោយ​ការ​ជក់​​បារី​មាន​ការ​ថយ​ចុះ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ហង់ ជួនណារ៉ុន បាន​បង្ហាញ​ថា ពន្ធ ១០​ភាគរយ​ទៅ​លើ​ផលិតផល​ថ្នាំ​ជក់ ធ្វើ​អោយ​កម្ពុជា មាន​អត្រា​ពន្ធ​ទាប​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់ ដែល​ក្នុង​នោះ​វៀតណាម មាន ៥៦‌% ប្រទេស​ថៃ ៨៥% និង​ឡាវ​ពី ១៥% ទៅ ៣០%។ បើ​ទោះ​ជា​យ៉ាង​ណា ការ​ដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំ​ជក់​នឹង​បង្ក​អោយ​មាន​ផល​ប៉ះ​ពាល់​មួយ​ចំនួន ដូច​ជា​អំពើ​គេច​ពន្ធ​នឹង​កើន​ឡើង ប៉ះពាល់​ការងារ​កសិករ​ខ្មែរ​ដែល​ជា​អ្នក​ដាំ​ថ្នាំ​ជក់។ ចំណែក​ការ​ចំណាយ​លើ​ការថែទាំ​សុខភាព​គឺ​ខ្ពស់​ជាង​ប្រាក់​ប្រមូល​ពន្ធ។

បើ​ទោះ​ជា​យ៉ាង​ណា ក្រុម​ការងារ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​ការ​ពត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ផល​ប៉ះពាល់​ពី​ការ​ដំឡើង​ពន្ធ។

ប្រធាន​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា វេជ្ជបណ្ឌិត មុំ គង់ មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ពិចារណា​ចំពោះ​ការ​អំពាវនាវ​របស់​អង្គការ​សុខភាព​ពិភពលោក ព្រោះ​កម្ពុជា ក៏​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​លើ​អនុសញ្ញា ស្ដីពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់។

របាយការណ៍​ពី​ចំនួន​អ្នក​ជក់​បារី​នៅ​កម្ពុជា បាន​អោយ​ដឹង​ថា អត្រា​អ្នក​ជក់​បារី​នៅ​ក្នុង​ឆ្នាំ​២០១១ បាន​ថយ​ចុះ​មក​ត្រឹម ៤២,៥% គឺ​ទាប​ជាង​ឆ្នាំ ២០០៨ ដែល​មាន​អត្រា ៤២,៥%។ យ៉ាង​នេះ​ក្ដី​ចំនួន​អ្នក​ជក់​បារី​នៅ​កម្ពុជា ពុំ​បាន​ថយ​ចុះ​ទេ ក្នុង​រយៈ​ពេល​នេះ គឺ​នៅ​រក្សា​ចំនួន​ជិត ២​លាន​នាក់ (១.៩២៤.០០០) ដដែល ក្នុង​ឆ្នាំ​២០០៨ និង​ជិត ២​លាន​នាក់ (១.៩៩៣.០០០) ក្នុង​ឆ្នាំ​២០១១)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។