ពលរដ្ឋ​នៅ​សៀមរាប​រិះគន់​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ជ័យ​វរ្ម័ន​ទី​៧

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ក្នុង​ទី​រួម​​ខេត្ត​សៀមរាប រិះ​គន់​ក្រុម​គ្រូពេទ្យ​​​​ខ្លះ​នៃ​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា ជ័យ​វរ្ម័ន​ទី​៧ នៅ​​ក្នុង​ខេត្ត​នេះ ថា​បាន​ប្រើ​ពាក្យ​សំដី​មិន​សម​រម្យ​ទៅ​តាម​គុណធម៌ និង​ក្រម​សីលធម៌​​របស់​គ្រូពេទ្យ។
ដោយ ហង្ស សាវយុត
2012-08-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពេទ្យកុមារ៣០៥
មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧ នៅ​សៀមរាប
Photo courtesy of angkor-guides.com

មន្ទីរ​ពេទ្យ​គន្ធបុប្ផា ជ័យវរ្ម័ន​ទី​៧ នៅ​ក្នុង​ខេត្ត​សៀមរាប គឺ​ជា​សាខា​នៃ​មន្ទីរពេទ្យ​ដែល​មាន​អ្នក​គ្រប់​គ្រង​តែ​មួយ​ជាមួយ​នឹង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នៅ​ទីក្រុង​ភ្នំពេញ។ មន្ទីរពេទ្យ​ទាំង​ពីរ​នេះ​បាន​បើក​​​ពិនិត្យ និង​ព្យាបាល​​​ជំងឺ​​កុមារ រួម​ទាំង​ស្រ្តី​សំរាល​​កូន​ជា​ច្រើន​រយ​នាក់​ក្នុង​១​ថ្ងៃៗ​ ក្នុង​លក្ខណៈ​មនុស្ស​ធម៌។ ក៏​ប៉ុន្តែ​​បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏​​ប្រជាពលរដ្ឋ​​​​​មួយ​ចំនួន​បាន​រិះគន់​ថា គ្រូពេទ្យ​ខ្លះ​ដែល​បំរើ​ការ​​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ មាន​ពាក្យ​សំដី​មិន​សមរម្យ​ឱ្យ​​សក្ដិសម​ទៅ​នឹង​កិត្តិយស​របស់​មន្ទីរ​​ពេទ្យ​នៅ​ឡើយ​ទេ។

ស្ត្រី​ម្នាក់​ដែល​រស់​នៅ​ភូមិ​តាវៀន នៃ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប។ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​ធ្លាប់​អាក់អន់ចិត្ត​ជាមួយ​គ្រូពេទ្យ​ខ្លះ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ជ័យវរ្ម័ន​ទី​៧ ហើយ​គាត់​ក៏​ឈប់​នាំ​កូន​ទៅ​កាន់​មន្ទីរពេទ្យ​នោះ​ដែរ​ បើ​ទោះ​បី​ជា​ពេល​​ខ្លះ​កូន​​របស់​គាត់​មាន​ជំងឺ​​​​ត្រូវ​នាំ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​ថ្មី​ទៀត​ក៏ដោយ។

ស្រី​ដដែល​រៀបរាប់​បន្ថែម៖ «កូន​ខ្ញុំ​វា​ឈឺ​ពី​ស្រុក​មក​ វា​ក្តៅ​ត្រ​ជាក់ៗ​ទៅ វា​ចេះ​តែ​គេង​​រហូត​អត់​ងើប។អ៊ីចឹង​​ខ្ញុំ​ទៅ​ពេទ្យ​បន្ទប់​លេខ​៣​ហ្នឹង​ទៅ​ គេ​ឱ្យ​ទៅ​ពេទ្យ​ប្រុស​នៅ​ខាង​ក្រៅ។ ដល់​ទៅ​ដល់​ខ្ញុំ​អត់​ហ៊ាន​ហៅ​ទេ ឃើញ​លោក​គ្រូពេទ្យ​គាត់​​ចុច​ទូរស័ព្ទ​លេង តែ​មិន​ដឹង​គាត់​ចុច​ពី​អី​ទេ ក៏​ឈរ...។ ពេទ្យ​ហ្នឹង​គេ​ថា ម៉េច​មក​ពី​ស្រុក​ឈរ​ឬ ម៉េច​ក៏​មិន​អង្គុយ? ខ្ញុំ​ក៏​អង្គុយ​​ទៅ​ ខ្ញុំ​សួរ​គាត់​ថា លោកគ្រូ​កូនខ្ញុំ​​ចេះ​តែ​ក្ដៅ​ខ្លួន​​ដេក​រហូត។ គាត់ (ពេទ្យ) និយាយ​សំដី​ខ្លាំងៗ គាត់​ថា ក្មេង​អ៊ីចឹង​ឯង តែ​វា​​អស់​កម្លាំង​វា​ដេក​អ៊ីចឹង​ហើយ។ ខ្ញុំ​ថា វា​មិន​ដេក​តែ​១​ថ្ងៃ​ទេ​លោកគ្រូ វា​ដេក ៣-​៤​ថ្ងៃ​ជាប់​គ្នា​ហើយ ដល់​ពេល​ហើយ​គាត់​សម្លុត​ថា ឥឡូវ​ធ្វើ​សំបុត្រ​ពេទ្យ​ដេក​ឬ? បើ​ដេក​គាត់​ធ្វើ​សំបុត្រ​ឱ្យ​ដេក?»

បុរស​ម្នាក់​ទៀត​ជា​មន្ត្រី​នគរបាល​នៅ​ក្នុង​ខេត្ត​សៀមរាប។ គាត់​បាន​រិះគន់​ទៅ​លើ​ក្រុម​អ្នក​យាម​សន្តិសុខ​នៅ​ក្រៅ​របង​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា ជ័យវរ្ម័ន​ទី​៧ នោះ​ថា គឺ​មាន​ការ​រឹត​បន្តឹង​ហួស​ហេតុ​ ក្នុង​ការ​បើក​ឱ្យ​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​នោះ។ បុរស​ដដែល​បាន​មាន​ប្រសាសន៍​ថា កាល​ពី​សប្ដាហ៍​មុន​ប្រពន្ធ​របស់​គាត់​បាន​ឈឺ​ពោះ​សម្រាល​កូន ហើយ​គាត់​បាន​នាំ​ប្រពន្ធ​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ជ័យវរ្ម័ន​ទី​៧ ក៏​ប៉ុន្តែ​ក្រុម​អ្នក​យាម​មន្ទីរពេទ្យ​មិន​អនុញ្ញាត​ឱ្យ​គាត់​បាន​គ្រា​ប្រពន្ធ​ជូន​ចូល​​ទៅ​ដល់​ក្នុង​​មន្ទីរពេទ្យ​ឡើយ សូម្បីតែ​គាត់​សុំ​ចូល​ដើម្បី​យក​អីវ៉ាន់​ខ្លះ​ទៅ​ឱ្យ​ប្រពន្ធ​សំរាល​កូន​ក៏​ចូល​មិន​បាន។

បុរស​ដដែ​ល​បាន​បញ្ជាក់​ថា គាត់​មាន​ការ​អាក់​អន់​ចិត្ត​ជាមួយ​នឹង​ក្រុម​អ្នក​យាម​មន្ទីរពេទ្យ​នោះ ហើយ​គិត​ថា ប្រសិន​បើ​ប្រពន្ធ​​មាន​កូន​​នៅ​ពេល​ក្រោយ​ទៀត គឺ​គាត់​នឹង​មិន​នាំ​ប្រពន្ធ​​ទៅ​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​នោះ​​ទៀត​ទេ។

កាល​ពី​ដើម​ខែ​សីហា វិទ្យុ​អាស៊ី​សេរី​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ដាក់​ជូន​តាម​​រយៈ​អ្នក​យាម​ទៅ​កាន់​ប្រធាន​​​រដ្ឋបាល​នៃ​​មន្ទីរពេទ្យ​គន្ធបុប្ផា ជ័យវរ្ម័ន​ទី​៧ ដើម្បី​សុំ​​ណាត់​ជួប​ធ្វើ​ការ​សម្ភាសន៍​​អំពី​ការងារ​មនុស្ស​ធម៌ និង​មាន​ការរិះ​គន់​ខ្លះៗ​នោះ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​​នេះ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ​ថា យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា លោក​សុំ​មិន​អធិប្បាយ​ជុំវិញ​​ការ​រិះគន់​ទេ ក៏​ប៉ុន្តែ​លោក​សុំ​លើក​ពី​​គុណសម្បតិ្ត​ដ៏​​ធំធេង​ របស់​​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ជ័យវរ្ម័ន​ទី​៧ ដែល​បាន​ធ្វើ​កិច្ចការ​​មនុស្ស​ធម៌​ជួយ​ព្យាបាល​កុមារ​ខ្មែរ​​​រាប់​ពាន់​នាក់​ក្នុង​១​ខែៗ។

លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់៖ «​យើង​ឃើញ​ថា មន្ទីរពេទ្យ​គេ​ជួយ​ច្រើន​ណាស់។ គាត់​ទទួល​១​ថ្ងៃៗ​រាប់​សិប​រយ​នាក់​ឯ​ណោះ។ ជួយ​មនុស្ស​ធម៌ គាត់​មិន​ទើប​តែ​ធ្វើ​ការ​ឥឡូវ​ឯ​ណា គាត់​ធ្វើ​រាប់​សិប​ឆ្នាំ​មក​ហើយ ហើយ​អា​រឿង​រិះគន់​នោះ វា​ចេះ​តែ​រិះគន់​ហើយ សូម្បី​តែ​ពេទ្យ​ខេត្ត​យើង​ទៅ​ខាង​ណា​ក៏​គេ​ចេះ​តែ​រិះគន់​ដែរ។ កុំ​យក​អា​រឿង​កំប៉ិកកំប៉ុក ជួនកាល​បុគ្គល​ខ្លួន​ឯង​ធ្វើ​ខុស»

បច្ចុប្បន្ន​គេ​ដឹង​ថា មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ជ័យវរ្ម័ន​ទី​៧ ខេត្ត​សៀមរាប បាន​ទទួល​ពិនិត្យ និង​ព្យាបាល​ជំងឺ​​​កុមារ​ខ្មែរ​ដោយ​​ឥត​គិត​ថ្លៃ​ជា​ច្រើន​ម៉ឺន​នាក់​ក្នុង​១​ខែៗ។ កុមារ​ទាំង​នោះ ក្រៅ​តែ​នៅ​ក្នុង​ខេត្ត​សៀមរាប គឺ​មាន​មក​ពី​ខេត្ត​ឧត្តរមានជ័យ ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ បន្ទាយមានជ័យ និង​បាត់ដំបង ផង​ដែរ។

បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​មួយ​ចំនួន​​បាន​រិះគន់​ក្រុម​គ្រូពេទ្យ​ខ្លះ​នៃ​មន្ទីរពេទ្យ​​កុមារ​​គន្ធបុប្ផា​ទៅ​លើ​​ការ​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ​ក៏ដោយ ក៏​ឪពុក​​ម្តាយ​កុមារ​ជា​ច្រើន​ទៀត បាន​សំដែង​​ដឹង​គុណ​ចំពោះ​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា ទាំង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប។ ឪពុក​ម្ដាយ​​​កុមារ​ជា​ច្រើន​​បាន​ទទួល​ស្គាល់​ថា មន្ទីរពេទ្យ​កុមារ​ទាំង​ពីរ​បាន​ជួយ​សង្គ្រោះ​កុមារ​ខ្មែរ​អាច​ដល់​​ចំនួន​លាន​នាក់​ក្នុង​១​ឆ្នាំៗ។ ដោយ​សារ​ការ​ដឹង​គុណ​មន្ទីរពេទ្យ​​​នេះ ឪពុក​ម្ដាយ​​​កុមារ​ខ្លះ​បាន​តែង​និពន្ធ​ជា​បទ​ចម្រៀង​ទៀត​ផង។

លោក ហុង ស្រីសម្បត្តិ គឺ​ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ព្រែកខ្វិត នៃ​សង្កាត់​ព្រែកលៀប ខណ្ឌ​​ឫស្សីកែវ ទីក្រុង​ភ្នំពេញ និង​ជា​អ្នក​តែង​និពន្ធ​បទ​ចំរៀង​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​កូនៗ​របស់​គាត់​ចំនួន ៨​នាក់ គឺ ៤​នាក់​ធ្លាប់​​បាន​គ្រូពេទ្យ​នៃ​មន្ទីរ​គន្ធបុប្ផា នៅ​ទីក្រុង​ភ្នំពេញ ជួយ​សង្គ្រោះ​ជីវិត​ឱ្យ​រួច​ផុត​ពី​ស្លាប់​នៅ​ពេល​ដែល​ពួក​គេ​មាន​ជំងឺ​ធ្ងន់ធ្ងរ។

លោក ហុង ស្រីសម្បត្តិ៖ «គោលដៅ​ទី​១ បំណង​របស់​ខ្ញុំ​ហ្នឹង​ចង់​ថ្លែង​អំណរគុណ​ទៅ​ដល់​គន្ធបុប្ផា​មែន ព្រោះ​កូន​របស់​ខ្ញុំ​ហ្នឹង គឺ​រស់រាន​មក​ដល់​ថ្ងៃ​ហ្នឹង​គឺ​ដោយសារ​គន្ធបុប្ផា​ដែរ។ ប៉ុន្តែ​នៅ​ត្រង់​ន័យ​ចុង​ក្រោយ​ដែល​ថា ក្រុម​គ្រូពេទ្យ​ទាំង​អស់​ដែល​មាន​សីលធម៌​ផ្អែម​ល្ហែម​ហ្នឹង​ ចង់​ដាស់​ទៅ​គ្រូពេទ្យ​ ឱ្យ​គួរ​តែ​ប្ដូរ​អត្តចរិត​ពាក្យ​ពេចន៍ ន័យ​របស់​ខ្ញុំ​តែ​ប៉ុណ្ណឹង»

លោក ហុង ស្រីសម្បត្តិ ​បាន​បញ្ជាក់​ថា វត្ត​មាន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​​ជា​អង្គការ​មនុស្ស​​​ធម៌​ដែល​បាន​​ជួយ​ជីវិត​កុមារ​ខ្មែរ​រាប់​លាន​នាក់ ហើយ​លោក​មាន​ការ​ព្រួយ​បារម្ភ​​​នៅ​ពេល​ដែល​ឭ​ថា មន្ទីរពេទ្យ​នេះ​កំពុង​មាន​វិបត្តិ​ខ្វះ​មូលនិធិ​សម្រាប់​យក​ទៅ​ធ្វើ​ការងារ​មនុស្ស​ធម៌​ប្រចាំ​ថ្ងៃ។ បុរស​​ដដែ​ល​​​គិត​ថា ប្រសិន​បើ​នៅ​ក្នុង​ប្រទេស​​កម្ពុជា មិន​មាន​សកម្មភាព​របស់​មន្ទីរពេទ្យ​​​គន្ធបុប្ផា​ ត​ទៅ​មុខ​ទៀត​ទេ គឺ​ជីវិត​​របស់​​កុមារ​ខ្មែរ​ជា​ច្រើន​នាក់​នឹង​ស្ថិត​នៅ​ក្នុង​គ្រោះ​​ថ្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី Phnom Penh

ការមានសំដីមិនសមរម្យវាពិតជាមានមែននៅមន្ទីរពេទ្យគន្ធបុប្ផា។​​ តើមូលហេតុអ្វីបានជាគាត់ធ្វើយ៉ាងដូចនេះ? គាត់ពិតជាបានរៀននូវក្រមសីលធម៌គ្រូពេទ្យរួចហើយហេតុម្តេចគាត់នូវតើធ្វើយ៉ាងនេះទៀត។ តើនេះសីលធម៌របស់អ្នកដែលរៀនបានខ្ពង់ខ្ពស់មែនទេ?

Aug 20, 2012 08:53 PM

អ្នក​អាន​អនាមិក

She said , he said...
Free Medical Care provided in Site II refugee Camp, I heard several complaints from patients. May be that doctor had a bad day with wife or girlfriend...

Aug 20, 2012 03:21 PM

NICO

ពី KHMER PARIS FRANCE

NOT ONLY THESE HOSPITAL , EVERY HOSPITAL'S EMPLOYEES TALK LIKE THIS.WHT'S THE SHAME.

Aug 20, 2012 09:09 AM

អ្នក​អាន​អនាមិក

ពី Sihanouk Ville

I agree with the idea above. This hospital help and save milions of children every year. But the doctors should speak in polite words to people not just only the patients who come seek for treatment. The service is free for every one but that is not meaning that the service is not charged just the charges are not from the patient but it from the donors. Are these doctors work in this hospital no taking the salary, over time, bonus.....

Aug 20, 2012 12:46 AM

KH

ពី PP

ទង្វើនេះមានមែនគ្រូពេទ្យទាំងអស់នោះទេ គ្រាន់តែជាគ្រូពេទ្យមួយចំនួនតូច, តែប៉ុណ្ណោះ, បើគ្មានមន្ទីពេទ្យគន្ធបុប្ផាតើកុមារកម្ពុជារាប់លាននាក់ទៅថា

Aug 19, 2012 12:18 PM

មើល​មតិ​ទាំង​អស់.