គ្រួសារ និងសាច់ញាតិសាកសពបុរសមួយរូបឈ្មោះ ឡេង ឈឿន បានចោទថា មន្ត្រីបើករថយន្តសង្គ្រោះ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានប្រព្រឹត្តអំពើពុករលួយ ក្នុងការទារប្រាក់បន្ថែមទៅលើប្រាក់ជួលរថយន្តដឹកសាកសពទៅលំនៅឋាន ដើម្បីធ្វើបុណ្យ។
កញ្ញា ឈឿន ឌឿន អះអាងជាកូនស្រី និងជាអ្នកដែលជួលរថយន្តសង្គ្រោះ ដឹកសពឪពុកឈ្មោះ ឡេង ឈឿន អាយុ ៤០ឆ្នាំ បានរៀបរាប់ឲ្យដឹងថា ឪពុកនាងបានធ្វើកម្មករនៅក្រុមហ៊ុនដាំអំពៅមួយឈ្មោះ ក្រេត ហ្វៀល (Great field) ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅថ្ងៃ២៦ ខែកក្កដា ឪពុកគាត់ត្អូញឈឺក្បាលខ្លាំង ក្រុមហ៊ុនបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។ បន្ទាប់មក ឪពុកគាត់បានស្លាប់ដោយមានបែកពពុះមាត់។ គ្រូពេទ្យប្រាប់ថា ឪពុកគាត់ស្លាប់ដោយលើសឈាម។
កញ្ញា និងបុគ្គលិករដ្ឋបាលក្រុមហ៊ុន បានជួលរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ដឹកសពឪពុកទៅដល់ផ្ទះឯភូមិអំពៅព្រៃ ឃុំកោះអំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ក្នុងតម្លៃ ៣៣០ដុល្លារ។
អ្នកបើកបររថយន្តសង្គ្រោះ ដឹកសពមិនទាន់ដល់ផ្ទះផង រកទម្លាក់សពនៅកណ្ដាលផ្លូវ អះអាងថា ផ្លូវចូលទៅភូមិអំពៅព្រៃ លំបាក ហើយទារលុយថែម ៥០ម៉ឺនរៀលទៀត។ កញ្ញាបានសុំបញ្ចុះតម្លៃ និងអង្វរឲ្យជួយដឹកសពទៅដល់ផ្ទះ៖ «យកឡានពីកន្លែងហ្នឹង មកដល់កន្លែងស្រុកខ្ញុំហ្នឹង គេយក៣៣០ ហើយដល់មកដល់នេះ គេយកពីម៉ែខ្ញុំអស់១៦ម៉ឺនទៀត»។
ស្ត្រីជាភរិយាសពលោក ឡេង ឈឿន អះអាងនៅថ្ងៃទី១ សីហា ថា មន្ត្រីបើកបររថយន្តសង្គ្រោះនៅតែបង្ខំទារប្រាក់ចំនួន ២០ម៉ឺនរៀល។ តែគាត់ចងការគេបានតែប្រាក់១៦ម៉ឺនរៀលទេ ជូនទៅអ្នកបើកបររថយន្តសង្គ្រោះ។ ស្ត្រីដដែលបន្តថា អ្នកបើកបររថយន្តដឹកសព មិនមេត្តាគាត់ដែលក្រីក្រ និងកំពុងកើតទុក្ខធ្ងន់នោះទេ គេនៅតែទារលុយថែមក្រៅទាល់តែបាន៖ «ខ្ញុំបានអង្វរគាត់ថា ពូអើយ ខ្ញុំអត់មានដល់២០ទេ ខ្ញុំរត់រកគេបាន៦ម៉ឺនទៀត។ ខ្ញុំថាពូឯងយកទៅ ១៦ម៉ឺននោះ។ ឯ៤ម៉ឺនទៀត ចូលបុណ្យប្ដីខ្ញុំទៅ ខ្ញុំគ្មានទៀតទេ»។
បុគ្គលិករដ្ឋបាលក្រុមហ៊ុន ក្រេត ហ្វៀល លោក លី សុខ ថ្លែងថា ការចរចាជួលរថយន្តសង្គ្រោះដឹកសពលោក ឡេង ឈឿន កាលពីថ្ងៃ២៦ ខែកក្កដា ខាងមន្ទីរពេទ្យយកតែ ៣៣០ដុល្លារទេ។ ប៉ុន្តែអ្នកបើកបររថយន្តសង្គ្រោះទារប្រាក់ពីគ្រួសារសពចំនួន ១៦ម៉ឺនរៀលថែមទៀត ជាទង្វើបង្ខូចឈ្មោះមន្ត្រីបម្រើការក្នុងក្រសួងសុខាភិបាល ដែលមិនគួរឲ្យកើតមាន៖ «ពេលដែលនិយាយជាមួយខ្ញុំ តម្លៃប៉ុណ្ណឹង គឺក៏គាត់អឺអើ។ តម្លៃហ្នឹង សុំវិក្កយបត្រ គាត់ថាអត់មាន។ ដូចថា ធម្មតាពេទ្យមួយគួរតែមានវិក្កយបត្រពេទ្យ ពេលដឹកសពវាគួរតែមានហើយ ក៏ប៉ុន្តែ ស្រាប់តែអត់មាន»។
ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ លោក ឱ វ៉ាន់ថេន ថ្លែងថា រថយន្តសង្គ្រោះក្នុងខេត្តកំពង់ស្ពឺ មាន៥គ្រឿងសម្រាប់ដឹកអ្នករបួស និងសព។ លោកថា មន្ត្រីក្រោមឱវាទប្រព្រឹត្តខុសការប្រជុំណែនាំរបស់ក្រសួង មន្ទីរ ជារឿងមិនត្រឹមត្រូវទេ។ លោកនឹងណែនាំមន្ត្រីនោះទៅតាមកម្រិតប្រព្រឹត្តខុសនោះ៖ «យើងបានប្រជុំជាញយៗថា មិនឲ្យទារលុយ ឬស្អីនោះទេ។ គោលនយោបាយរបស់ក្រសួងសុខាភិបាល របស់រាជរដ្ឋាភិបាល គឺមិនឲ្យមើលលុយធំជាងអាយុជីវិតរបស់មនុស្សទេ»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស ខេត្តកំពង់ស្ពឺ លោក រត្ថាវី ថ្លែងថា មន្ត្រីរាជការមួយចំនួន តែងតែមានទម្លាប់យកប្រាក់ពីប្រជាពលរដ្ឋ ដោយប្រើតួនាទីការងារ។ ទោះបីរដ្ឋាភិបាលផ្តល់ប្រាក់ខែគ្រប់គ្រាន់ ក៏ជនឱកាសនិយមនៅតែប្រព្រឹត្តស៊ីសំណូក ឬឲ្យគេជូនសគុណជាដើម ដែលរដ្ឋាភិបាលកម្ពុជា គួរកែទម្រង់មន្ត្រីរបស់ខ្លួន ឬព្រមានដកតួនាទី ឬបញ្ឈប់ពីការងារ ទើបអំពើពុករលួយអាចកាត់បន្ថយបានខ្លះក្នុងសង្គមកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។