ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​២០១២

បន្ទាប់​ពី​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ (បាក់ឌុប) បញ្ចប់​នៅ​ថ្ងៃ​ទី​៨ សីហា នេះ មាន​ការ​វាយ​តម្លៃ​ខុសៗ​គ្នា​ទៅ​លើ​បរិយាកាស ឬ​លទ្ធផល​នៃ​ការ​រៀបចំ​ប្រឡង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នោះ។
ដោយ សេក បណ្ឌិត
2012-08-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្រសួង​ថា​មាន​បរិយាកាស​ល្អ​ជាង​ឆ្នាំ​មុន ប៉ុន្តែ​ខាង​សង្គម​ស៊ីវិល​វិញ​ថា មាន​ភាព​ស្រអាប់ និង​មិន​អាច​ទទួល​យក​បាន​ឡើយ ចំពោះ​លទ្ធផល​ប្រឡង​នៅ​ឆ្នាំ​នេះ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​វាយ​តម្លៃ​លទ្ធផល​នៃ​ការ​រៀបចំ​ប្រឡង​នៅ​ទូទាំង​ប្រទេស ឆ្នាំ​២០១២ នេះ​ថា មាន​បរិយាកាស​ល្អ​ប្រសើរ​ជាង​បណ្ដា​ឆ្នាំ​មុន ដោយ​មាន​ទទួល​ការ​ខុស​ត្រូវ​ពី​លោក​គ្រូ អ្នកគ្រូ បេក្ខជន​ប្រឡង និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត។

ប្រធាន​នាយក​ដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ លោក អ៊ឹង ង៉ោហុក មាន​ប្រសាសន៍​ថា ភាព​មិន​ប្រក្រតី ឬ​កំហុស​បច្ចេកទេស​ដែល​នៅ​សេស​សល់​កាល​ពី​ឆ្នាំ​មុន​នោះ ក្រសួង​លុប​បំបាត់​បាន​ទាំង​ស្រុង​នៅ​ឆ្នាំ​នេះ។

ប៉ុន្តែ សង្គម​ស៊ីវិល និង​បេក្ខជន​មួយ​ចំនួន បាន​សង្កេត​ឃើញ​បរិយាកាស​នេះ​ផ្ទុយ​គ្នា​នឹង​មន្ត្រី​ក្រសួង​ទៅ​វិញ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​សីហា ក្រោយ​ពេល​សិស្ស​ប្រឡង​ចប់​ថា បរិយាកាស​នៃ​ការ​ប្រឡង​ឆ្នាំ​នេះ​បញ្ចប់​ទៅ​មាន​ភាព​ស្រអាប់ ដោយ​ពុំ​មាន​ភាព​ត្រឹមត្រូវ យុត្តិធម៌ បង្កប់​នូវ​រូបភាព​ពុក​រលួយ​នៅ​ក្នុង​មណ្ឌល​ប្រឡង។

លោក​អះអាង​ទៀត​ថា វិញ្ញាសា​សំខាន់ៗ​បាន​បែក​ធ្លាយ​ស្ទើរ​គ្រប់​មុខ​វិជ្ជា មាន​ដូច​ជា វិញ្ញាសា​គីមីវិទ្យា ជីវវិទ្យា គណិតវិទ្យា និង​មុខ​វិជ្ជា​ខ្មែរ​ជា​ដើម។

នៅ​តាម​បណ្ដាញ​សង្គម​ហៅថា ហ្វែសប៊ុក (Facebook) ក៏​បាន​បង្ហោះ​រូប​បិទ​សំណៅ​ឯកសារ​ចម្លើយ​វិញ្ញាសា (ព្រីយ៉ុង) នៅ​នឹង​ភ្លៅ ព្រម​ទាំង​បាន​សរសេរ​បែប​ចំអក​ថា ទៅ​ប្រឡង​អត់​ព្រីយ៉ុង ដូច​ទីក្រុង​អត់​ភ្លើង​អគ្គិសនី។ តើ​អ៊ីចឹង​មែន​អត់ លោកគ្រូ​ដែល​ពូកែ​ចាប់​ព្រីយ៉ុង?

ចំណែក​បេក្ខជន​ប្រឡង​ផ្ទាល់​វិញ បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​វិញ្ញាសា​បែក​ធ្លាយ​មុន​ពេល​ចូល​បន្ទប់​ប្រឡង​ដូច្នេះ​មែន។ ពួក​គេ​មួយ​ចំនួន​សប្បាយ​ចិត្ត​នឹង​ទទួល​យក​ចម្លើយ​ស្រាប់ និង​ត្រឹមត្រូវ ហើយ​នាំ​គ្នា​ចម្លង​ដោយ​មាន​សេចក្តី​សុខ។

ចម្លើយ​ទាំង​នោះ គេ​បាន​បញ្ជូន​ត​គ្នា​តាម​ប្រព័ន្ធ​សារ​អេឡិចត្រូនិក មាន​ដូច​ជា អ៊ីម៉ែល ហ្វែសប៊ុក ជាដើម។

បេក្ខជន​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់​ថា ការ​ដែល​ពួក​គេ​បាន​ចម្លង​ស្រួល​នោះ ដោយ​សារ​គេ​នាំ​គ្នា​ប្រមូល​លុយ​ទៅ​ឲ្យ​គ្រូ​អនុរក្ស មេ​ប្រយោគ​ប្រចាំ​ថ្នាក់ នៅ​តាម​សាលា​នីមួយៗ។

ថ្លែង​បញ្ជាក់​ស្រដៀង​គ្នា​នេះ​ដែរ យុវជន​ម្នាក់​ឈ្មោះ ឈួន រតនៈ អាយុ​ប្រមាណ​១៩​ឆ្នាំ បាន​ឲ្យ​ដឹង​ថា គេ​មក​សាលា​បាក់ទូក ជាប់​គ្នា​ពីរ​ថ្ងៃ​ហើយ ក្នុង​ឱកាស​សិស្ស​ប្រឡង​បាក់ឌុប ឆ្នាំ​នេះ ដើម្បី​ជួយ​មើល​ការ​ខុស​ត្រូវ​ប្អូន និង​មិត្តភ័ក្ដិ​ដែល​គេ​មក​ប្រឡង។ គេ​សង្កេត​ឃើញ​ថា ការ​ប្រឡង​នេះ​ហាក់​មាន​ភាព​ធូររលុង និង​មាន​ភាព​មិន​ប្រក្រតី​ច្រើន។

ចំណែក​យុវ​សិស្ស​ម្នាក់​ទៀត​ឈ្មោះ ឡេង មួយគា ដែល​ទើប​ដើរ​ចេញ​ពី​មណ្ឌល​ប្រឡង​បាក់ទូក នៅ​ថ្ងៃ​ទី​០៧ សីហា ជា​ថ្ងៃ​ទី​ពីរ​នៃ​សម័យ​ប្រឡង​ថា សម្រាប់​រូប​នាង​មិន​បាន​ដឹង​ថា​មាន​វិញ្ញាសា​បែក​ធ្លាយ​នោះ​ទេ។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា អំពើ​ពុក​រលួយ និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​បាន​កើត​មាន​ក្នុង​ស្ថាប័ន​អប់រំ តាំង​ពី​ពេល​ចាប់​ផ្ដើម​រៀបចំ​ការ​ប្រឡង​ពី​ដំបូង​ទី​មក​ម្ល៉េះ ដូច​ជា​ការ​រៀបចំ​បែង​ចែក​មេ​ប្រយោគ និង​គណៈ​គ្រប់គ្រង​មណ្ឌល ដែល​សកម្មភាព​ទាំង​នេះ​សុទ្ធ​តែ​មាន​ការ​សូកប៉ាន់ ដើម្បី​បាន​ទៅ​កាន់​កន្លែង​ល្អៗ​ជាដើម។

ប៉ុន្តែ​ការ​លើក​ឡើង​បែប​នេះ ត្រូវ​ប្រធាន​នាយក​ដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ លោក អ៊ឹង ង៉ោហុក បដិសេធ ហើយ​ថា​ការ​លើក​ឡើង​អំពី​ការ​បែក​ធ្លាយ​វិញ្ញាសា​នោះ​ទៀត​សោត ក៏​ពុំ​មែន​ជា​ការ​ពិត​ដែរ។

ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ការ​រីក​ចម្រើន​នៃ​សម័យ​បច្ចេកវិទ្យា​ទំនើប បាន​ធ្វើ​ឲ្យ​សិស្ស ឬ​ជន​មួយ​ចំនួន​ឆ្លៀត​ឱកាស​ប្រើប្រាស់​ឧបករណ៍​ទាំង​នោះ ក្នុង​ការ​បញ្ជូន​សារ​សំណួរ ចម្លើយ ទៅ​វិញ​ទៅ​មក​បាន​ខ្លះ។

ប៉ុន្តែ​បេក្ខជន​ប្រឡង​មិន​អាច​ប្រើប្រាស់​វា​នៅ​ក្នុង​បន្ទប់​ប្រឡង​បាន​ទេ ដោយ​គ្រូ​អនុរក្ស មេ​ប្រយោគ ចាប់​ដក​ហូត​បាន​ទាំង​អស់។

សមាគម​គ្រូ​បង្រៀន​ឯករាជ្យ លើក​ឡើង​ថា ជា​រឿយៗ​មន្ត្រី​ក្រសួង​អប់រំ​តែង​តែ​បដិសេធ​នូវ​ភាព​អវិជ្ជមាន និង​ការ​រិះគន់​ទាំង​ឡាយ ដែល​កើត​មាន​នៅ​ពេល​ប្រឡង​ម្តងៗ។

យ៉ាង​ណា​ក្តី សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​០៨ សីហា ដោយ​បដិសេធ​មិន​ទទួល​យក​លទ្ធផល​ប្រឡង​សញ្ញាបត្រ​បាក់ឌុប ឆ្នាំ​២០១២ នេះ​ទេ និង​ទាម​ទារ​ឲ្យ​ក្រសួង​អប់រំ រៀបចំ​កម្មវិធី​ប្រឡង​នេះ​ជា​ថ្មី​ឡើង​វិញ។

ស្រប​ពេល​គ្នា​នេះ​ដែរ សមាគម​នឹង​ធ្វើ​របាយការណ៍​លំអិត​មួយ ដោយ​ភ្ជាប់​នូវ​ភស្តុតាង​មួយ​ចំនួន ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រឡង​ឆ្នាំ​នេះ ផ្ញើ​ទៅ​ក្រសួង​អប់រំ​ពិនិត្យ​ពិចារណា ព្រម​ទាំង​មាន​វិធានការ​ទប់ស្កាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​នេះ ដើម្បី​ពង្រឹង​គុណភាព​អប់រំ និង​បង្កើន​ចំណេះ​ដឹង​ដល់​យុវជន​កម្ពុជា​ឲ្យ​បាន​ឆាប់ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ត្រូវ​ការ​ពួក​គេ​ជា​ចាំបាច់ ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជា​សមាជិក​ក្នុង​តំបន់​អាស៊ាន​ដទៃ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ជាតិនិយម

ពី ភ្នំពេញ

គ្មានអ្នកណាលះបង់ព្រៃឈើទាំងមូលព្រោះតែដើមឈើមួយដើមនោះទេ។ ម្យ៉ាងវិញទៀតគ្មានអ្នកណាម្នាក់ល្អឥតខ្ចោះដែរ។ កុំភ្លេចថាបើចេះមកពីប្រឹងរៀន បើមានមកពីប្រឹងរក។

Aug 09, 2012 09:09 PM

ខ្មែរត្រូវតែជួយខ្មែរ!

តើយើងត្រូវធ្វើយ៉ាងដូចម្តេច?
ខ្ញុំមិនគាំទ្រពេលប្រឡងលួចមើលទេ តែបើធ្វើតឹងពេកតើមានសិស្សប៉ុន្មានអ្នកដែលអាចយកសមត្ថភាពទៅប្រឡងជាប់? យើងគួរតែចាប់ផ្តើមព្រឹងការអប់រំតាំង ពីថ្នាក់មូលដ្ឋានទៅ អោយតឹងរឹង និង មិនមានការស៊ីសំណូក រើសអើង បង្រៀនគួរ។ ខ្ញុំគិតថាបើធ្វើអញ្ជឹងបាន ១២ ឆ្នាំក្រោយបន្ទាប់ពីការអនុវត្តន៍ នឹងលែងមានអំពើបែបនេះកើតឡើងទៀតហើយ!

Aug 09, 2012 10:25 AM

អ្នក​អាន​អនាមិក

how do teachers afford their family with low salary if no corruption? There's always fire before smoke!

Aug 09, 2012 09:58 AM

អ្នក​អាន​អនាមិក

No it do hard and so strict this years !!!! :(

Aug 09, 2012 05:32 AM

អ្នក​អាន​អនាមិក

ពី សៀម​រាប

ត្រូវសី្តបន្ទោសលោក ហ៊ុន សែន និងក្រុមបក្សពួកគាត់ ដែលលក់សម្បត្តិជាតិដូចជាៈព្រៃឈើ កោះ...សំរាប់មានបានតែក្រុមពួកគាត់ មិនបានផ្តល់ប្រាក់ខែជូនលោក-អ្នកគ្រូឥឲ្យបានសមរម្យ និងគ្រប់គ្រាន់ ព្រោះលោក-អ្នកគ្រូជាអ្នកផ្តល់ចំនេះដឹង និងបណ្តុះបណ្តាលធនធានមនុស្សដើម្បីជាតិខែ្មរ។

Aug 09, 2012 04:09 AM

មើល​មតិ​ទាំង​អស់.