ប្រវត្តិ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

នា​សម័យ​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ខ្មែរ​និយម​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ខែ​ចែត្រ ក៏​ប៉ុន្តែ​កាល​ពី​សម័យ​ដើម ខ្មែរ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ជា​ពីរ​លើក។
ដោយ ជុន ច័ន្ទបុត្រ
2012-04-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បុណ្យ​ចូល​ឆ្នាំ ៣០៥
១៦-មេសា-២០១០: ពិធី​ស្រង់​ព្រះ​នៅ​វត្ត​មុនី​សុវណ្ណ ហៅ ចំពុះ​ក្អែក ក្នុង​ឃុំ​ព្រែក​ថ្មី ស្រុក​កៀន​ស្វាយ ខែត្រ​កណ្ដាល
RFA/Om Oddom

ការ​ចូល​ឆ្នាំ​លើក​ទី​១ គឺ​គិត​តាម​ដំណើរ​ព្រះចន្ទ និង​ការ​ផ្លាស់​ឈ្មោះ​សត្វ​ប្រចាំ​ឆ្នាំ។ ចូល​លើក​ទី​ពីរ គិត​តាម​ដំណើរ​ព្រះអាទិត្យ ដូច្នេះ​ហើយ​បាន​ជា​ការ​ចូល​ឆ្នាំ​លើក​ដំបូង​ត្រូវ​នឹង​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​ខែ​ចេត្រ ឯ​ចូល​ឆ្នាំ​លើក​ទី​ពីរ​វិញ​នោះ មិន​សូវ​ទៀង​ទាត់​ទេ ជួន​កាល​ត្រូវ​ថ្ងៃ​ទី​១៣ ជួនកាល​ត្រូវ​ថ្ងៃ​ទី​១៤ ខែ​មេសា ក៏​ប៉ុន្តែ​ជា​ទូទៅ ច្រើន​តែ​ត្រូវ​ទៅ​លើ​ថ្ងៃ​ទី​១៣ ជា​រឿយៗ​ជាង។

សព្វ​ថ្ងៃ​នេះ ប្រជាជន​ខ្មែរ​និយម​យក​វេលា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ជា​ឱឡាឬក តែ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ជា​លើក​ទី​ពីរ​នេះ​ទេ គឺ​នៅ​ថ្ងៃ​ទី​១៣ ឬ ១៤ ខែ​មេសា ជា​រៀង​រាល់​ឆ្នាំ ហើយ​បុណ្យ​នេះ គេ​ធ្វើ​ឡើង​ចំនួន​បី ឬ​បួន​ថ្ងៃ តាម​ការ​កំណត់​របស់​ក្រុម​​ស្រាវ​ជ្រាវ វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី ទំនៀមទំលាប់​ខ្មែរ​នៃ​ក្រសួង​ធម្មការ និង​សាសនា។

មាន​ប្រទេស ៦​ទៀត នៅ​ទ្វីប​អាស៊ី​នេះ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ ស្រប​ពេល​​ជាមួយ​ខ្មែរ​ដែរ គឺ​ប្រទេស​ថៃ ប្រទេស​ឡាវ ប្រទេស​ភូមា សិរីលង្កា ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា និង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន។ ក៏​ប៉ុន្តែ​ការ​ចុះ​មក​ដល់​នៃ​ទេវតា​ឆ្នាំ​ថ្មី នៃ​ប្រទេស​ទាំង​នោះ មាន​ការ​ខុសៗ​គ្នា​ទៅ​តាម​ទំលាប់​ជំនឿ និង​ប្រពៃណី​នៃ​ប្រទេស​ទាំង​នោះ។

ចំពោះ​ប្រជាជាតិ​ខ្មែរ​វិញ បុព្វហេតុ​ដែល​នាំ​ធ្វើ​អោយ​គេ​បញ្ចប់​ឆ្នាំ​ចាស់ ហើយ​ចូល​ឆ្នាំ​ថ្មី​នេះ លោក អ៊ឹម បុរិន្ទ ដែល​ជា​នាយក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរា​សាស្ត្រ និង​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ​នៃ​ក្រសួង​ធម្មការ និង​សាសនា មាន​ប្រសាសន៍​ថា មាន​ដើម​កំណើត​ពី​រឿង​កបិល​មហាព្រហ្ម​ភ្នាល់គ្នា​ជាមួយ​នឹង​ធម្មបាល​កុមារ។

លោក អ៊ឹម បុរិន្ទ៖ «ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​គេ​តែង​តែ​យក​រឿង​កបិល​មហាព្រហ្ម​មក​និទាន ហើយ​ទាក់ទង​នឹង​រឿង​ហ្នឹង អ៊ីចឹង​គេ​យក​ពិធី​ហ្នឹង​មក​ប្រារព្ធ ឬ​ក៏​ការ​និយាយ​ពោល​ទាក់ទង​ហ្នឹង ហើយ​ក៏​មាន​ការ​ដង្ហែរ​កបិល​មហាព្រហ្ម​ហ្នឹង​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ហ្នឹង។ ពាក់ព័ន្ធ​នឹង​រឿង​ចូល​ឆ្នាំ​ហ្នឹង ទាក់ទង​សំខាន់​លើ​រឿង​កបិល​មហា​ព្រហ្ម និង​ធម្មបាល​កុមារ​ហ្នឹង​ដែរ»

រឿង​នោះ​មាន​ដើម​សេចក្ដី​ជាអាទិ៍​ថា កបិល​​មហា​​ព្រហ្ម​បាន​ចោទ​ប្រស្នា​បី​ខ​ដល់​​ធម្មបាល​កុមារ​ជា​កូន​សេដ្ឋី ដែល​បាន​រៀន​ចប់​នូវ​ត្រៃវេទ និង​ចេះ​ស្តាប់​ភាសា​សត្វ​បក្សា​បក្សី​ផង​ទាំងពួង ហើយ​បាន​សន្យា​ថា បើ​ធម្មបាល​កុមារ​ដោះ​ស្រាយ​មិន​រួច​ទេ នឹង​កាត់​ក្បាល​ធម្មបាល​កុមារ។ ផ្ទុយ​ទៅ​វិញ​បើ​ឆ្លើយ​ប្រស្នា​នោះ​រួច កបិល​មហាព្រហ្ម​នឹង​កាត់​ក្បាល​ខ្លួន​ឯង​វិញ។

ធម្ម​បាល​កុមារ​ទាល់​ប្រាជ្ញា គិត​រក​ចំលើយ​មិន​ឃើញ តែ​ទី​បំផុត​បាន ស្តាប់​ឮ​សត្វ​ឥន្ទ្រីយ៍​ញី​ឈ្មោល សន្ទនា​គ្នា​អំ​ពី​ប្រស្នា​នោះ ទើប​បានយល់។ ដល់ថ្ងៃកំណត់ ក៏​ឆ្លើយ​ប្រាប់​កបិល​មហា​ព្រហ្ម​ថា ខទីមួយ វេលាព្រឹក សិរី​សួស្តី​ស្ថិត​លើ​មុខ ទើប​មនុស្ស​ត្រូវ​យក​ទឹក​ទៅ​លុប​មុខ។ ខទីពីរ វេលា​ថ្ងៃ​ត្រង់ សិ​រី​សួស្តី​ស្ថិត​នៅ​លើ​ទ្រូង ទើបមនុស្សត្រូវយក ទឹកទៅលាងទ្រូង។ ខទីបី សិរីសួស្តីស្ថិតនៅជើង ទើប​មនុស្ស ​ត្រូវយក​ទឹក​ទៅ​លាង​ឯង។

ដោយ​គោរព​តាម​ពាក្យ​សន្យា កបិល​មហា​ព្រហ្ម​ក៏​កាត់​ក្បាល​ខ្លួន​ឯង បូជា​ធ្មមបាល​កុមារ ហើយ​​អោយ​ទេពធីតា​ដែល​ជា​​កូន​​ស្រី​ទាំង​ប្រាំពីរ​នាក់ យក​ពាន​មក​ទទួល​ក្បាល រួច​អោយ​កូន​ច្បង​ហែរ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​ចំនួន ៦០​នាទី ទើប​យក​ទៅ​ទុក​នៅ​ក្នុង​គុហា​កែវ​ធម្មមាលី​នា​ទី​ភ្នំ​កៃលាស។ រឿង​នោះ​បញ្ជាក់​ទៀត​ថា ព្រះសិរ​សារ​របស់​កបិល​មហាព្រហ្ម​មិន​អាច​បោះ​ចោល​លើ​ដី ក្នុង​ទឹក ឬ​លើ​អាកាស​បាន​ទេ។

តើ​មាន​ទស្សនៈ​អប់រំ​យ៉ាង​ណា​ខ្លះ​ចំពោះ​រឿង​ភ្នាល់​គ្នា​កាត់​ក្បាល​រវាង​កបិល​មហា​ព្រហ្ម និង​ធ្មមបាល​កុមារ​នេះ?

ប្រធាន​អង្គការ​ចតុ​ទិស​សង្ឃ និង​ជា​អ្នក​សិក្សា​ស្រាវ​​ជ្រាវ​ឯករាជ្យ​ផ្នែក​វប្បធម៌​ម្នាក់ គឺ​លោក សឹង្ហ គា បាន​អោយ​ដឹង​ថា ការ​ដែល​ចាស់​​ពី​បរមបុរាណ​និទាន​រឿង​កបិល​មហាព្រហ្ម​នេះ ដោយ​ចែង​ថា បើ​បោះ​ព្រះ​សិរ​សារ​កបិល​មហាព្រហ្ម​នេះ​ទៅ​លើ​ដី ក្នុង​ទឹក ឬ ​ក៏​​ទៅ​លើ​អាកាស​មិន​បាន​នោះ ក៏​ព្រោះ​តែ​លោក​ចង់​ប្រដូច​ព្រះសិរ​សារ​កបិល​មហាព្រហ្ម​ដែល​មាន​មុខ​បួន​នោះ ថា​ជា​តំណាង​អោយ​គុណធម៌​ទាំង​បួន​ដែល​មនុស្ស​ត្រូវ​ប្រកាន់​ខ្ជាប់ មិន​អាច​​បោះ​ចោល​ទៅ​ទី​ណា​បាន​ទេ។

លោក សឹង្ហ គា៖ «បុព្វ​បុរស​ខ្មែរ​យើង​បាន​បង្កប់​នូវ​អត្ថន័យ ព្រះសិរ​សារ​មហា​ព្រហ្ម​ហ្នឹង គឺ​មាន​មុខ​បួន។ បួន​នោះ គឺ​មិន​មែន​មុខ​ដូច​មនុស្ស​យើង​ធម្មតា​ទេ គឺ​ព្រហ្មវិហារ​ធម៌​តែម្ដង គឺ​មាន​មេត្តា ករុណា មុតិតា ឧបេក្ខា គឺ​មាន​បួន​ហ្នឹង​ហើយ​ដែល​ជា​គ្រឿង​ទ្រទ្រង់​លោក។ បាទ! អ៊ីចឹង​លោក​ប្រដូច​ទៅ​ថា នែ! ព្រះសិរ​សារ​ហ្នឹង​ប្រសិន​បើ​បោះ​ទៅ​អាកាស នឹង​ឆេះ​ឋាន​ទេវតា បោះ​ទៅ​លើ​សមុទ្រ នឹង​រីង​ខះ​ទឹក​សមុទ្រ ហើយ​បោះ​មក​ផែន​ដី នឹង​ឆេះ​ភព​ផែនដី មិន​មែន​មាន​ន័យ​អ៊ីចឹង​ទេ បាន​ន័យ​ថា លោក​ចង់​ប្រដូច​ទៅ​នឹង​ផែន​ដី បើ​គ្មាន​ព្រហ្ម​វិហារធម៌​ ក៏​អាច​រលាយ​បាន។ លោក​យើង​រាល់​ថ្ងៃ​នេះ ប្រសិន​បើ​លោក​​គ្មាន​ព្រហ្មវិហារ​ធម៌ ប្រទេស​មហា​អំណាច​បើ​គ្មាន​ព្រហ្ម​វិហារ​ធម៌​ក្នុង​ខ្លួន​ទេ នឹង​កើត​សង្គ្រាម​រលាយ​ផែន​ដី​ហ្នឹង​បាន ហើយ​ឋាន​ទេវតា​ក៏​អ៊ីចឹង​ដែរ បើ​គ្មាន​ព្រហ្មវិហារ​ធម៌​ហ្នឹង​ក៏​នឹង​កើត​ចលាចល​ដូច​គ្នា។ សមុទ្រ​ក៏​ដោយ ឋាន​នាគ​អី​ក៏​អ៊ីចឹង​ដែរ បើ​គ្មាន​ព្រហ្មវិហារ​ធម៌​ក៏​មិន​អាច​គង់​នៅ​បាន​ដែរ»

រី​ឯ​ទេពធីតា​ទាំង​ប្រាំពីរ​ក៏​ផ្លាស់វេន​គ្នា​ហែ​ក្បាល​កបិល​មហាព្រហ្ម​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាល់ៗ​ឆ្នាំ​នោះ លោក សឹង្ហ គា បញ្ជាក់​ថា គឺ​តំណាង​អោយ​ថ្ងៃ​ទាំង​៧ ក្នុង​សប្ដាហ៍៖ «និយាយ​អំពី​បុត្រី​របស់​កបិល​មហាព្រហ្ម​ទាំង ៧​នាក់​នោះ គឺ​លោក​ប្រដូច​ទៅ​នឹង​ថ្ងៃ​ទាំង​៧ គឺ​ក្នុង​មួយ​សប្ដាហ៍​មាន ៧​ថ្ងៃ​ហ្នឹង គឺ​មាន​ថ្ងៃ​អាទិត្យ ច័ន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍។ លោក​ចង់​មាន​ន័យ​ថា ក្នុង ៧​ថ្ងៃ​នេះ​យើង​ត្រូវ​រក្សា​អោយ​បាន​នូវ​ព្រហ្ម​វិហារ​ធម៌។ បាទ! អ៊ីចឹង​មួយ​ឆ្នាំ​និង​មួយ​ថ្ងៃៗ ​គឺ​យើង​ត្រូវ​តែ​មាន​ព្រហ្ម​វិហារ​ធម៌​រក្សា​អោយ​បាន។ នេះ​ជា​អត្ថន័យ​នៃ​ប្រស្នា​រឿង​កបិល​មហាព្រហ្ម គឺ​លោក​ចង់​បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃ​ត្រូវ​រក្សា​ព្រហ្មវិហារ​ធម៌​អោយ​បាន មួយ​អាទិត្យ​ត្រូវ​រក្សា​ព្រហ្មវិហារ​ធម៌​អោយ​បាន​រហូត​ដល់​មួយ​ឆ្នាំ។ គឺ​ពិធី​គម្រប់​ហែ​ប្រទក្សិណ​ចក្រវាល ៦០​នាទី​ហើយ ហើយ​បាន​យក​ព្រះសិរ​សារ​ទៅ​ឋាន​ត្រៃត្រិង្ស​វិញ។ បាទ! អា​ហ្នឹង​គឺ​អត្ថន័យ​អ៊ីចឹង»

តាម​ការ​ទស្សន៍ទាយ​របស់​ក្រុម​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​​ទំលាប់​​ខ្មែរ​នៃ​ក្រសួង​ធម្មការ និង​សាសនា សំរាប់​ឆ្នាំ​ថ្មី ឆ្នាំ​រោង​នេះ សង្ក្រាន្ត​​ចូល​មក​ដល់​នៅ​ថ្ងៃ​សុក្រ ៧​រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​មេសា គ.ស. ២០១២ វេលា​ម៉ោង ៧ និង ១១​នាទី​ល្ងាច។ ទេវតា​ឆ្នាំ​ថ្មី​នេះ​ទ្រង់​ព្រះនាម ព្រះនាង កមិរា ទេវី ជា​បុត្រី​ទី​៦ នៃ​កបិល​មហាព្រហ្ម។ ទេវតា​ឆ្នាំ​ថ្មី​នេះ​សោយ​ចេក​ណាំវ៉ា ឬ​ចេក​ទឹក។

សូម​លោក​អ្នក​ស្ដាប់ ព្រម​ទាំង​ក្រុម​គ្រួសារ ទទួល​បាន​នូវ​ពរ​ជ័យ សិរី​សួស្ដី ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ និង​ឆ្នាំ​ខាង​មុខៗ​ទៀត​ជា​រៀង​ដរាប​តទៅ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មានមនុស្សមួយចំនួនធំជឿថារឿងនិទានជារៀងពិតដូចរឿងនិទានស្ដីអំពីមូលហេតុនៃបុណ្យចូលឆ្នំាថ្មីឬបុណ្យភ្ជុំបិណ្ឌជាដើម។បើសិនជារឿងមិនពិត មិនគួរយកមកនិទាន ឬអប់រំ
ទេ នំាតែគេនំាគ្នាថាជារឿងពិត ដូចជារឿងនិទានជាច្រើន
ផ្សេងទៀតចឹង។យើងមិនចាំបាច់់ត្រូវការរឿងប្រៀបធៀបនោះទេ គ្រាន់់តែចង់់ធើ្វការអប់់រំមនុស្សលោក។
ចំពោះរឿងថាទុកដាក់់ព្រះវិហារធម៌នៅក្នុងគុហារនោះ
គេអាចវែកញែកថាព្រះវិហារធម៌សព្វថ្ងៃនៅទីនោះពិត
ប្រាកដ ពិព្រោះមិនបានសណ្ឋិតនៅក្នុងចិត្តមនុស្សទេ។
មនុស្សលោកសព្វថ្ងៃកាន់់តែខ្វះសីលធម៌!

Apr 13, 2012 07:19 PM

អ្នក​អាន​អនាមិក

Thank you for sharing a very interesting information about Khmer New Year.

Thank you Radio Free Asia. Thanks for bringing the news in Khmer language. I learn how to read Khmer language better by reading and listening to your news everyday. Happy Khmer New Year. Thanks to all the staff who work hard throughout the year. Wishing you all the best!

Best Regards,

Apr 13, 2012 12:47 AM

អ្នក​អាន​អនាមិក

Hello.Angkorian after long journey cold war end agains China and Vietnam invaded finaly peace had started over Asias and country afloating in entire worlds.On my behalf Angkorian please accepted my respectful to all Cambodian wishing you a happy holiday season and a new year of health,happiness and prosperity. May god blessing Tibet,KKK,Uygher,Mongol in a year of dragon 2012.

Apr 12, 2012 11:51 PM

អ្នក​អាន​អនាមិក

ក្នុងឱកាសចូលឆ្នាំថ្នីនេះខ្ញុំសូមជូនពរដល់ប្រជារាស្រ្ដខ្មែរ
ទាំងក្រៅទាំងក្នុងស្រុក;ពិសេសប្រជាពលរដ្ឋខ្មែរដែលរស់
នៅក្នុងស្រុកសព្វថ្ងៃសូមឱ្យមានសុខភាពល្អ ប្រាជ្ញាថ្លាវាងវៃ
រឹងមាំជានិច្ច ដើម្បីរំដោះប្រទេសនិងសេរីភាពខ្មែរពិតប្រាកដ
ពីដៃអសុចិជនមួយក្រុមតូចដែលកំពុងបំផ្លិចបំផ្លាញសព្វថ្ងៃ។

Apr 12, 2012 06:06 PM

អ្នក​អាន​អនាមិក

hope some day we all khmers can celebrate new year together in Cambodia

Apr 12, 2012 05:46 PM

មើល​មតិ​ទាំង​អស់.