សំណង់​ផ្ទះ​ល្វែង​​​កើន​ឡើង​ខ្ពស់

របាយការណ៍​ចុង​ក្រោយ​របស់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍ​កម្ពុជា (CDRI) បាន​បង្ហាញ​ថា នៅ​ខែ​មីនា ឆ្នាំ​២០១២ ​តម្លៃ​ស្នើ​សុំ​គម្រោង​សាង​សង់​នៅ​រាជធានី​ភ្នំពេញ កើន​ឡើង​ប្រមាណ ៦០% ធៀប​នឹង​ខែ​មុខ ឬ​កើន​ប្រមាណ​ជាង ៥៥០% ធៀប​នឹង​ឆ្នាំ​មុន និង​​​ការ​ស្នើ​សុំ​សង់​ផ្ទះ​ល្វែង​បាន​កើន​ឡើង​ជាង ៨៥០%។
ដោយ អាន ស៊ីថាវ
2012-08-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សំណង់ ៣០៥
រូបថត​ថ្ងៃ​ទី​៦ ធ្នូ ២០១១៖ ការដ្ឋាន​សំណង់​ផ្ទះ​ល្វែង​នៅ​ជាយ​ក្រុង​ភ្នំពេញ
RFA/Vohar Cheath

អ្នកវិភាគ​អចលនទ្រព្យ​បាន​អះអាង​នៅ​ថ្ងៃ​ទី​២៣ សីហា ថា ឆ្នាំ​២០១២ ជា​ចំណុច​ឆ្នាំ​ចាប់​ផ្ដើម​នៃ​ការ​សាង​សង់​ផ្ទះ​ល្វែង​ដែល​មាន​និន្នាការ​កើន​ឡើង​ខ្ពស់។

ប្រធាន​ក្រុមហ៊ុន ប៊ុនណា រៀលធី (Bonna Realty Group) លោក ស៊ឹង ប៊ុណ្ណា មាន​ប្រសាសន៍​ថា ច្បាប់​សាង​សង់​សំណង់​មាន​ការ​កើន​ឡើង​នៅ​ឆ្នាំ​២០១២ នេះ ប៉ុន្តែ​សកម្មភាព​សាងសង់​ចេញ​ជា​រូប​រាង​សម្រេច តាម​ការ​ប៉ាន់​មាន​តែ​ជិត​ពាក់​កណ្ដាល​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ទៀត​ថា ទីផ្សារ​ផ្ទះល្វែង​នៅ​ក្នុង​ឆ្នាំ​២០១២ នេះ មាន​តម្រូវ​ការ​ខ្ពស់ ឬ​មាន​ការ​ចាប់​អារម្មណ៍​ពី​អតិថិជន​ច្រើន​ជាង​ឆ្នាំ​មុន។

លោក​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា កត្តា​នេះ​ដោយសារ​តែ​ការ​ហូរ​ចូល​នៃ​អ្នក​វិនិយោគ​បរទេស​ជា​ច្រើន​ផង​ដែរ ដែល​បាន​សុំ​ច្បាប់​អនុញ្ញាត​សាងសង់​គម្រោង​ផ្ទះ​សម្បែង​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ប៊ុណ្ណា បញ្ជាក់​ថា នៅ​ប្រទេស​កម្ពុជា ក្នុង​ចំណោម​ចំនួន​អ្នក​ដែល​មាន​តម្រូវ​ការ​ទិញ​ផ្ទះពិត​ប្រាកដ ក៏​មាន​ចំនួន​អ្នក​ដែល​ទិញ​ផ្ទះល្វែង ហើយ​បង្កក​ទុក​រង់​ចាំ​លក់​ដើម្បី​យក​ចំណេញ (speculation) នៅ​ពេល​នេះ​មាន​ប្រមាណ ១០%។

ការ​អះ​អាង​នេះ​ធ្វើ​ឡើង​នេះ គឺ​ស្រប​ពេល​ដែល​របាយការណ៍​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍ​កម្ពុជា​បង្ហាញ​ ការ​ស្នើ​សុំ​សាង​សង់​គម្រោង​ផ្ទះល្វែង​បាន​កើន​ឡើង​រហូត​ដល់​ជាង ៨០០% គិត​ជា​ទឹក​ប្រាក់​ជាង ២៦​លាន​ដុល្លារ​អាមេរិក នៅ​ដើម​ត្រី​មាស​ឆ្នាំ​២០១២។ ប៉ុន្តែ​អ្នក​វិភាគ​អចលនទ្រព្យ​យល់​ថា សកម្មភាព​ជាក់​ស្ដែង​នៃ​ការ​សាងសង់​មាន​ប្រមាណ​តែ ៣០% ហើយ​អ្នក​ដែល​​មាន​លទ្ធភាព​ទិញ​ផ្ទះ​បាន​មាន​ប្រមាណ​តែ​ជាង ២០% ប៉ុណ្ណោះ។

របាយការណ៍​ដដែល​បាន​បន្ដ​ថា ​នៅ​ខែ​មីនា ឆ្នាំ​២០១២ ​តម្លៃ​ស្នើ​សុំ​គម្រោង​សាង​សង់​នៅ​រាជធានី​ភ្នំពេញ កើន​ឡើង​ប្រមាណ ៦០% ធៀប​នឹង​ខែ​មុខ ឬ​កើន​ប្រមាណ ៥៥០% ធៀប​នឹង​ឆ្នាំ​មុន។

ម្យ៉ាង​វិញ​ទៀត ​តម្លៃ​គម្រោង​សាង​សង់​ផ្ទះ​ល្វែង​កើន​ប្រមាណ​ជាង ៦៧% ​ធៀប​នឹង​ខែ​មុន ឬ​កើន​ប្រមាណ​ជាង ៨៥០% ធៀប​នឹង​ឆ្នាំ​មុន​មាន​តម្លៃ​ដល់ ២៦​លាន​ដុល្លារ និង​គម្រោង​សាង​សង់​ផ្សេង​ទៀត កើន​ឡើង​ជាង ៥២០% ធៀប​នឹង​ឆ្នាំ​មុន​ ឬ​កើន​ជាង ៦០០% ធៀប​នឹង​ឆ្នាំ​មុន ដែល​មាន​តម្លៃ​ជាង ១២២​លាន​ដុល្លារ។

ចំពោះ​គម្រោង​សាង​សង់​ភូមិ​គ្រឹះ​ធ្លាក់​ចុះ​ជាង ៩៧% ធៀប​នឹង​ខែ​មុន ឬ​ធ្លាក់​ចុះ​ជាង ៣៩% ធៀប​នឹង​ឆ្នាំ​មុន​មក​ត្រឹម ១.៧​លាន​ដុល្លារ​អាមេរិក។ ការ​កើន​ឡើង​សាង​សង់​ផ្ទះល្វែង​នេះ ដោយ​សារ​តែ​ការ​រើប​ឡើង​នៃ​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​ រួម​ទាំង​ការ​កើន​ឡើង​ចំណូល​របស់​ប្រជាជន​បាន​កើន​ឡើង​ខ្ពស់ ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ។

យ៉ាង​ណា​ក៏​ដោយ​អ្នក​វិភាគ​មួយ​ចំនួន​យល់​ឃើញ​ថា ក្នុង​ចំណោម​អ្នក​ដែល​គ្មាន​លទ្ធភាព​ទិញ​ផ្ទះ ប៉ុន្តែ​ស្ថាប័ន​ផ្ដល់​ឥណទាន ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​បាន​ផ្ដល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អ្នក​ខ្វះ​លទ្ធភាព​ទិញ​ផ្ទះ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ដែល​ទិញ​ផ្ទះ​មាន​ការ​កើន​ឡើង។

អគ្គនាយក​ប្រតិបត្តិ​ឥណទាន​នៃ​ធនាគារ​អេស៊ីលីដា លោក អ៊ិន ស៊ីផាន់ មាន​ប្រសាសន៍​ថា ចំនួន​សរុប​អ្នក​ដែល​ខ្ចី​លុយ​ទិញ​ផ្ទះ​សម្បែង​របស់​ធនាគារ​អេស៊ីលីដា រហូត​ដល់​ពេល​នេះ​មាន​ជាង ៩​ម៉ឺន​នាក់ ដែល​មាន​ទំហំ​សាច់​ប្រាក់ ១២០​លាន​ដុល្លារ​អាមេរិក ហើយ​ទំហំ​ប្រាក់​កម្ចី​ដែល​មាន​អតិថិជន​ច្រើន​ជាង​គេ គឺ​ចន្លោះ​ពី ៣​ម៉ឺន ទៅ ៧​ម៉ឺន​នាក់។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា លក្ខខណ្ឌ​នៃ​ការ​ស្នើ​សុំ​ខ្ចី​ប្រាក់ គឺ​ត្រូវ​មាន​ប្រភព​ចំណូល​ច្បាស់​លាស់ មាន​ការ​ធានា​ពី​ក្រុម​គ្រួសារ​ត្រូវ​មាន​ប្រាក់​យ៉ាង​ហោច​ណាស់ ៣០% ទៅ ៤០% នៃ​តម្លៃ​ផ្ទះ ឬ​អតិថិជន​អាច​ខ្ចី​ប្រាក់​ពី​អតិថិជន​ច្រើន​ជាង​នេះ រហូត​ដល់ ១០០% ប្រសិន​បើ​មាន​វត្ថុ​បញ្ចាំ​ផ្សេង​មក​ដាក់​ធានា ហើយ​អត្រា​ការ​ប្រាក់​ជា​ទូទៅ ១២% ក្នុង​មួយ​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Corrioli

ពី Havana, Cuba

Mr. Chey you are exactly Chey, don't you?

Aug 25, 2012 02:58 PM

CheyVorman007

ពី AngKor Wat

សង្ឃឹមថាបួនដប់ឆ្នាំទៀតប្រទេសខ្មែរគ្មានអ្នកក្រអាចរស់នៅក្នុង
ទីក្រុងទៀតទេ ព្រោះបក្សពួកលោកបណ្ឌិតខំអភិវឌ្ឍន៏កាត់
បន្ថយអ្នកតោកយ៉ាកឃ្ទាតទៅរស់នៅក្បែជ្រោះអស់ហើយ
តែដល់គេសម្លឹងឃើញទឹកជ្រោះអាចរកលុយចែកគ្នាបាន
គេទៅដេញពួកគាត់ទៀត ដោយចោទថាពួកជនអនាធិបតិយ
ឫអាចចោទថាជាក្រុមអបគមផងដែរ សូមជូនពរ៏អោយក្រុម
លោកបណ្ឌិតមានសុខភាពមាំមួនឈ្នះអស់ពួកអារាស្រ្តក្រៗ

Aug 23, 2012 11:19 AM