អ្នកធ្វើគោលនយោបាយពាណិជ្ជកម្ម និងស្ថាប័នស្រាវជ្រាវនានា បានផ្ដោតបញ្ហាជាអាទិភាព គឺលើកកម្ពស់ និងកិច្ចសម្រួលពាណិជ្ជកម្មនាំចេញ តាមរយៈការកាត់បន្ថយកត្តាប្រឈមទាំងឡាយ ដូចជាការចំណាយលើការដឹកជញ្ជូន តម្លៃអគ្គិសនី និងទឹក បែបបទនៃការនាំចេញ និងរយៈពេលនាំចេញជាដើម។
ការស្រាវជ្រាវដោយវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០១១ បានរកឃើញថា បរិយាកាស បែបបទ និងរយៈពេលនាំចេញ រួមទាំងតម្លៃអគ្គិសនីខ្ពស់ ការចំណាយក្រៅផ្លូវការ និងអំពើពុករលួយ ជាបញ្ហាប្រឈមសម្រាប់ការនាំចេញនៅប្រទេសកម្ពុជា ហើយកម្រិតនៃបញ្ហាទាំងនេះ ខ្ពស់ជាងបើធៀបទៅប្រទេសនៅក្នុងតំបន់ ដូចជាប្រទេសថៃ ឬប្រទេសវៀតណាម។
យ៉ាងណាក៏ដោយ បច្ចុប្បន្នរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB=អេឌីប៊ី) ពាណិជ្ជកម្ម និងការសម្រួលពាណិជ្ជកម្មនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលចេញផ្សាយនៅថ្ងៃទី១១ តុលា ឆ្នាំ២០១២ ថា នៅប្រទេសកម្ពុជា មានភាពគ្មានប្រសិទ្ធភាពនៃដំណើរការនាំចេញ និងនាំចូល និងឧបសគ្គចំពោះការនាំចេញ បង្កឲ្យប្រទេសនេះមិនសូវមានភាពប្រកួតប្រជែងនៅក្នុងទីផ្សារតំបន់ និងពិភពលោក។
របាយការណ៍ដដែលបញ្ជាក់ថា បើធៀបនឹងប្រទេសជិតខាង ការចំណាយលើការដឹកជញ្ជូននៅកម្ពុជា គឺ ៩ដុល្លារទៅ ១៣ដុល្លារក្នុងមួយតោន សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។ ចំពោះប្រទេសថៃ គឺចំណាយត្រឹមតែ ៦ដុល្លារ និង ៧ដុល្លារនៅប្រទេសវៀតណាម សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រដូចគ្នា។ យ៉ាងក៏ដោយ ចំពោះការចំណាយភស្តុភារ (Logistics) ឬការចំណាយសរុបសម្រាប់ដឹកជញ្ជូនទំនិញនៅប្រទេសកម្ពុជា មានចំនួន ២០ដុល្លារសម្រាប់ទំនិញមួយតោនក្នុងចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ ដែលតម្លៃនេះខ្ពស់ជាងប្រទេសជិតខាងប្រមាណពីរដង។
សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅកម្ពុជា លោក ភីធឺ ប្រីមបូល (Peter Brimble) មានប្រសាសន៍ថា អ្នកនាំចេញនៅប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពមួយមានលក្ខណៈអំណោយផល និងអាចពង្រីកខ្លួនថែមទៀត បើធៀបទៅនឹងប្រទេសមហាអនុតំបន់ទន្លេមេគង្គ។ ប៉ុន្តែ លោក ប្រីមបូល បញ្ជាក់ថា ការកាត់បន្ថយការចំណាយ និងពេលវេលាសម្រាប់ការដឹកជញ្ជូន ធ្វើឲ្យអ្នកនាំចេញនៅប្រទេសកម្ពុជា កាន់តែមានលទ្ធភាពក្នុងការប្រកួតប្រជែង។
ទោះជាយ៉ាងណា ក៏ប្រទេសដែលមានសក្ដានុពលនាំចេញនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ គឺប្រទេសថៃ និងវៀតណាម ដោយប្រទេសពីរនេះ ទំហំនាំចេញប្រមាណ ៩៤% នៃការនាំចេញសរុបរបស់ប្រទេសប្រាំក្នុងមហាអនុតំបន់ទន្លេមេគង្គ។ ដោយឡែក ប្រទេសកម្ពុជា មានទំហំនាំចេញប្រមាណជាង ២% ប៉ុណ្ណោះ នៃការនាំចេញសរុបរបស់ប្រទេសអនុតំបន់ទន្លេមេគង្គ។
ទីភ្នាក់ងារអូស្ត្រាលីដើម្បីអភិវឌ្ឍន៍អន្តរជាតិ (AusAID) បានផ្ដល់វិធានការនៅក្នុងរបាយការណ៍ថ្មីរបស់អេឌីប៊ី អំពីគោលនយោបាយអាទិភាពចំនួនបី ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកភស្តុភារ (ដឹកជញ្ជូនសរុប) ដូចជា ការបង្កើនផ្ដល់ព័ត៌មានអំពីកិច្ចព្រមព្រៀងច្បាប់ វិធាន និងបទបញ្ញត្តិនានា ការកាត់បន្ថយប៉ុស្តិ៍ត្រួតពិនិត្យ និងការពន្លឿនការចេញវិញ្ញាបនបត្រប្រភពដើម ដែលបច្ចុប្បន្ននេះត្រូវការរយៈពេល ៥ថ្ងៃទៅ ៧ថ្ងៃ ប៉ុន្តែនៅប្រទេសថៃ បានចេញឲ្យភ្លាមតែម្ដង។
សេដ្ឋវិទូជាន់ខ្ពស់នៃអេឌីប៊ី លោក ភីធឺ ប្រីមបូល មានប្រសាសន៍ថា ការជួយសម្រួលពាណិជ្ជកម្មនាំចេញ គឺមានវិធានការមួយចំនួន ដូចជាការបង្កើនភាពទទួលបានព័ត៌មាន កិច្ចព្រមព្រៀងច្បាប់ និងវិធានការនានា ការបង្កើនការជួបពិភាក្សានៃវិស័យឯកជន និងរដ្ឋាភិបាលជាដើម៖ «ប្រសិនបើមើលអំពីវិធានការទាំង៩ ដែលយើងបានដាក់ចេញ គឺជាវិធានការដែលអាចធ្វើទៅបាន ដើម្បីធ្វើឲ្យប្រសើរឡើងនៃការសម្រួលពាណិជ្ជកម្មនៅកម្ពុជា។ យើងមើលម្ដងមួយៗ ហើយយើងអាចយល់ថា បញ្ហាណាស្រួល ឬក៏លំបាក ឬក៏អាចអនុវត្តបានលឿន ហើយបញ្ហាទាំងអស់នោះ គឺមិនមែនជារឿងស្មុគស្មាញខ្លាំង ដែលយើងមិនអាចធ្វើបាននោះទេ»។
លោកមានប្រសាសន៍បន្ថែមថា បញ្ហាដែលមានភាពស្មុគស្មាញ គឺទាក់ទងនឹងផ្នែកអគ្គិសនី និងពលកម្មជំនាញ ប៉ុន្តែ បច្ចុប្បន្នត្រូវផ្ដោតជាចម្បង គឺលើវិធានការទាក់ទងនឹងការចំណាយលើការដឹកជញ្ជូន។
ក្រៅពីផ្នែកដឹកជញ្ជូននេះ ក្រុមហ៊ុននៅប្រទេសកម្ពុជា បានរាយការណ៍ពីកង្វះការផ្គត់ផ្គង់ថាមពលអគ្គិសនីដែលអាចជឿទុកចិត្តបាន កង្វះពលកម្មជំនាញត្រូវនឹងវិស័យរបស់គេ ខ្វះហិរញ្ញប្បទាន និងបទបញ្ញត្តិនានារបស់រដ្ឋាភិបាល នាំឲ្យពួកគេមានភាពយឺតយ៉ាវក្នុងការនាំចូលវត្ថុធាតុដើម និងរាំងស្ទះដល់លទ្ធភាពនាំចេញរបស់អ្នកនាំចេញ។ ឧបសគ្គទាំងនេះ មិនត្រឹមតែបន្ទច់បង្អាក់ដល់ការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងប៉ះពាល់ដល់ការវិនិយោគផ្ទាល់ពីបរទេសដែរ។
តំណាងខាងវិស័យឯកជន និងជាអ្នកគ្រប់គ្រងក្រុមហ៊ុន អីអឹមស៊ី (Emerging Market Consultant) លោក ហ្គរឌុន ភីធឺ (Gordon Peters) មានប្រសាសន៍ថា លទ្ធភាពទទួលបានឥណទានតម្លៃអគ្គិសនី និងការបង្កើននៃដំណើរការនាំចេញទំនិញ៖ «កត្តាបីដែលខ្ញុំគិតថាសំខាន់ គឺទីមួយ ទាក់ទងនឹងការជួយធ្វើឲ្យប្រសើរឡើងនៃដំណើរការនាំចេញ រួមទាំងការចំណាយ និងពេលវេលា។ ទីពីរ គឺភាពអាចទទួលបានមូលធន ដែលជាកត្តាធ្វើការឡើងនៃវិស័យឯកជន។ ហើយកត្តាទីបី គឺទាក់ទងនឹងការផ្គត់ផ្គង់អគ្គិសនី ប៉ុន្តែខ្ញុំគិតថា ចំណុចសំខាន់ គឺទីមួយ និងទីពីរ»។
ក្នុងរបាយការណ៍ថ្មីរបស់អេឌីប៊ី បានបញ្ជាក់អំពីដំណោះស្រាយចំពោះឧបសគ្គ និងធ្វើឲ្យដំណើរការនាំចេញ និងនាំចូលឲ្យមានភាពប្រសើរជាងមុខ គឺត្រូវមានការអនុវត្ត ការផ្ដល់ការអនុញ្ញាតតាមប្រព័ន្ធអេឡិចត្រូនិក ការបង្កើនលទ្ធភាពទទួលបានមូលធន ការបង្កើនប្រភព ការផ្គត់ផ្គង់ទឹកបន្ថែម ការសម្រួលដំណើរការឯកសារនានាជាដើម។
របាយការណ៍ក៏បានបញ្ជាក់ថា ការនាំចេញរបស់ប្រទេសកម្ពុជា មានការកើនឡើង ១៣.៥% ជាប្រចាំឆ្នាំ ដោយឡែកការនាំចូលវិញ មានការកើនឡើង ១២.៥% នៅរយៈពេលចុងក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។