ការជួបប្រទះឆ្អឹងសាកសពមនុស្សជាច្រើនដែលកប់ក្នុងរណ្ដៅជ្រៅ នៅឯជើងភ្នំទ្រង់បាត្រ នៃស្រុកក្រឡាញ់ នោះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរខ្លះដែលបាត់បង់សាច់ញាតិ បានចាប់ផ្ដើមធ្វើដំណើរទៅកាន់ទីនោះ ដើម្បីពិនិត្យភិនភាគក្រែងបានស្គាល់ថា គឺជាសាច់ញាតិរបស់ពួកគេ។
ក្លិនធូប និងផ្សែងហុយទ្រលោមដែលមានទាំងការដាក់សែននំចំណីផ្លែឈើ ដើម្បីឧទ្ទិសទៅដល់វិញ្ញាណអ្នកស្លាប់ ព្រមជាមួយនឹងការបន្លឺពាក្យបួងសួង សូមឱ្យវិញ្ញាណក្ខន្ធរបស់អ្នកស្លាប់ទាំងអស់ បានទៅកាន់ភពថ្មីកុំឱ្យនៅវិលវល់តទៅទៀត កំពុងកើតមានរយៈពេល ៣-៤ថ្ងៃជាប់ៗគ្នាមកនេះ នៅចម្ងាយប្រមាណ ៥០ម៉ែត្រ ភាគខាងត្បូងពីជើងភ្នំទ្រង់បាត្រ នៃភូមិដូរ្យតន្ត្រី ឃុំកំពង់ថ្កូវ។
ទីនោះគឺជាកន្លែងដែលបង្កើតឱ្យមានការភ្ញាក់ផ្អើល និងធ្វើឱ្យអារម្មណ៍ប្រជាពលរដ្ឋខ្មែរខ្លះមានការសោកសៅជាថ្មី ចាប់តាំងតែពីគេបានប្រទះឃើញឆ្អឹងសាកសពមនុស្សរាប់រយនាក់ ដែលកប់ជ្រៅក្នុងរណ្ដៅរួមតែមួយ កាលពីថ្ងៃទី៣ ខែសីហា កន្លងទៅ។
មានប្រជាពលរដ្ឋខ្មែរជាច្រើនដែលសុទ្ធតែជាអ្នកបានបាត់បង់សាច់ញាតិរបស់គេជាយូរមកហើយ បានចាប់ផ្ដើមធ្វើដំណើរទៅកន្លែងរណ្ដៅសាកសពទាំងនោះ ដើម្បីស្វែងរកភិនភាគខ្លះៗនៃសាច់ញាតិរបស់គេ ក្រែងលោបានជួបប្រទះទៅលើការចំណាំអ្វីមួយ។
បុរសឈ្មោះ ហង្ស សំអុល គឺជាអ្នកដែលកំពុងប្រចាំការការពារឆ្អឹង និងរណ្ដៅសពនៅទីនោះ។ គាត់បានមានប្រសាសន៍ថា ចាប់តាំងពីការជីកយកអាចម៍ដីទៅលក់ហើយប្រទះឃើញឆ្អឹងសាកសពមនុស្សជាច្រើននៅក្នុងរណ្ដៅដ៏ជ្រៅនោះមក គឺមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ដែលខ្លះមកពីតំបន់ឆ្ងាយ និងខ្លះទៀតជាអ្នកស្រុកជិតៗ បានស្កាត់មកពិនិត្យដើម្បីស្វែងរកភិនភាគនៃសាច់ញាតិរបស់ពួកគេ ដែលបានបាត់ជាយូរមកហើយ ក្រែងប្រទះឃើញ។ បុរសដដែលបានបញ្ជាក់ទៀតថា ទោះយ៉ាងណា អ្នកដែលខំស្កាត់ទៅពិនិត្យឆ្អឹងសាកសពជាច្រើននាក់ បានបង្ហាញក្ដីអស់សង្ឃឹម ដោយសារតែគេបានឃើញត្រឹមតែឃើញឆ្អឹងមនុស្ស ដែលគេប្រមូលទុកនៅលើកូនខ្ទមប្រក់ស័ង្កសីដ៏តូចមួយ ដែលមិនមានភិនភាគអ្វីឱ្យសំគាល់បានថា ជាសាច់ញាតិរបស់គេនោះឡើយ។
លោក ហង្ស សំអុល៖ «មានច្រើន ខ្លះមកពីឆ្ងាយក្រែងជួប ម៉ែ ឪ បង ប្អូនគេ។ គេមានធូប មានទៀន មានផ្លែឈើយកមកដាក់តម្កល់ទុកនៅមុខសពទៅវិញ ដូចមិនទាន់អស់ចិត្តទេ។ ខ្លះគេមកមាន ២ដង ៣ដង មកអុជធូបទៀត ផ្សងក្រែងលោ ប៉ះ ម៉ែ ឪ បង ប្អូន របស់គេ។ មកស្ទាបមើលទៅគេទៅវិញបាត់ទៅ»។
បើទោះបីជាប្រជាពលរដ្ឋជាច្រើន ដែលមកពិនិត្យឆ្អឹងសាកសពទាំងនោះ ហើយមិនអាចសំគាល់ភិនភាគថា៖ ជាសាច់ញាតិរបស់ពួកគេក៏ដោយ ក៏ពួកគេបានសំដែងការក្ដុកក្ដួល និងស្រណោះដល់សាកសពទាំងអស់ ព្រមទាំងបានអុជធូបឧទ្ទិសដល់ព្រលឹងអ្នកស្លាប់ទាំងនោះផងដែរ។
ស្ត្រីឈ្មោះ លឹម សុខឡេ ដែលមកពីភូមិភ្នំតូច នៃឃុំតាអាន គឺជាមនុស្សម្នាក់ក្នុងចំណោមជាច្រើនទៀត ដែលបានទៅអុជធូបឧទ្ទិសនៅចំពោះមុខឆ្អឹងសាកសពដែលគេទើបតែកាយចេញពីក្នុងរណ្ដៅនោះ។ គាត់បានមានប្រសាសន៍ថា គាត់បានបាត់បង់សាច់ញាតិចំនួន ៦នាក់ នៅក្នុងរបបខ្មែរក្រហម ក៏ប៉ុន្តែគាត់ដឹងថា សាច់ញាតិរបស់គាត់មិនមែនពួកខ្មែរក្រហមសម្លាប់នៅទីនេះទេ។ ទោះយ៉ាងណា គឺគាត់អុជធូបឧទ្ទិសឱ្យឆ្អឹងសាកសពទាំងនោះ ដើម្បីរំលឹកទៅដល់សាច់ញាតិរបស់គាត់ដែលស្លាប់ដោយមិនទាន់ដឹងកន្លែងនៅឡើយ។
ស្ត្រីឈ្មោះ លឹម សុខឡេ៖ «ខ្ញុំអុជធូបឧទ្ទិសកុសលទៅឱ្យចាប់ភព កុំឱ្យវិលវល់នៅកន្លែងនេះទៀត ទៅរកភពថ្មី។ ច្រើនណាស់យកមកវាយ (សម្លាប់) នៅកន្លែងនេះ តែមិនដឹងកន្លែងណាខ្លះទេ សឹងតែពេញ ១ភ្នំនេះ។ ជំនាន់ ប៉ុល ពត បាត់បង់គ្រួសារ បងថ្លៃខ្ញុំអស់មួយពូជ ៥-៦នាក់ ទៅទាំងអស់ មិនដឹងគេដឹកយកទៅវាយចោលឯណា»។
រហូតមកដល់ពេលនេះ នៅកន្លែងរណ្ដៅដែលគេប្រទះឃើញឆ្អឹងសាកសពមនុស្សរាប់រយក្នុងស្រុកក្រឡាញ់ គឺគេនៅតែអាចកាយរកឃើញឆ្អឹងជាបន្តទៅទៀត។ ឆ្អឹងសាកសពទាំងនោះខ្លះមានទំហំដូចជាក្មេងតូចៗ និងស្ត្រី ដោយក្រណាត់ខោ អាវជាប់នឹងសាកសពខ្លះបានរហែកដាច់ តែមិនទាន់រលួយអស់នៅឡើយ។
អាជ្ញាធរមូលដ្ឋានទីនោះបានសន្និដ្ឋានថា ឆ្អឹងសាកសពមនុស្សរាប់រយនាក់នោះ គេគ្មានសង្ស័យទៅលើអំពើឧក្រិដ្ឋកម្មណាមួយផ្សេងទៀត ក្រៅតែពីអំពើសម្លាប់រង្គាលរបស់ពួកខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ទៅដល់ចុងឆ្នាំ១៩៧៨ នោះឡើយ។
លោក អ៊ាន ឃុន ជាអភិបាលស្រុកក្រឡាញ់ បានមានប្រសាសន៍ថា តាមការស្រាវជ្រាវលោកសន្និដ្ឋានថា សាកសពមនុស្សរាប់រយនាក់នៅក្នុងរណ្ដៅនោះ គឺត្រូវពួកខ្មែរក្រហមសម្លាប់នៅក្នុងរបបដែលពួកគេកាន់អំណាច កាលពីជាង៣០ ឆ្នាំមុន។
លោក អ៊ាន ឃុន៖ «ដោយសារសាកសពនោះ លលាដ៍ក្បាលយើងឃើញក្រណាត់រុំមុខនៅជាប់នៅឡើយ ហើយមួយទៀតតាមខ្ញុំស្ដាប់បានពីប្រជាជននៅភូមិនោះគឺសាកសពនោះមាន ២ជាន់ ឬក៏៣ជាន់។ ដែលសម្លាប់មុននោះ គេយកដុំថ្មធំៗសង្កត់ពីលើ រួចទៅសម្លាប់ម្ដងទៀតទម្លាក់ទៅក្នុងនោះទៅយកដុំថ្មសង្កត់ម្ដងទៀត ហើយគេបានដឹងថា អ្នកដែលត្រូវបានសម្លាប់ក្រោយនេះ គឺជាប្រជាជននៅក្នុងឃុំកំពង់ថ្កូវនេះ។ បងប្អូនរបស់គេទៅយកធ្វើបុណ្យម្ដងហើយ នៅឆ្នាំ១៩៨០»។
ការអះអាងនេះស្របគ្នាទៅនឹងគ្រួសារមួយដែលអះអាងថា សាច់ញាតិរបស់គេត្រូវពួកខ្មែរក្រហមសម្លាប់នៅទីនោះ។
លោក ឆោម គ្រី រស់នៅភូមិគោកដូង នៃកំពង់ថ្កូវ។ គាត់គឺជាអ្នកបាត់បង់សាច់ញាតិម្នាក់នៅក្នុងរបបខ្មែរក្រហម ដែលអាចស្វែងរករណ្ដៅកប់សាកសពសាច់ញាតិរបស់គាត់ឃើញ។ លោកបានចង្អុលប្រាប់មនុស្សជាច្រើនថា កាលពីអំឡុងឆ្នាំ១៩៨១ គឺគាត់បានទៅគាស់យកសាកសពសាច់ញាតិរបស់គាត់ជាច្រើននាក់ ដែលពួកខ្មែរក្រហមសម្លាប់នៅចម្ងាយប្រហែលជា ១០ម៉ែត្រពីកន្លែងដែលគេទើបតែប្រទះឃើញរណ្ដៅសាកសពរួមនេះ។
មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលស្រាវជ្រាវពីរបបខ្មែរក្រហមបានឱ្យដឹងថា តំបន់ភ្នំទ្រង់បាត្រ ក្នុងស្រុកក្រឡាញ់ គឺជាអតីតគុកសម្លាប់មនុស្សដ៏ធំមួយនៅក្នុងរបបខ្មែរក្រហម។ ការស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីឆ្នាំ១៩៩៨ ឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៧៥ រហូតដល់ចុងឆ្នាំ១៩៧៨ គឺមានប្រជាពលរដ្ឋខ្មែរប្រមាណ ៣ម៉ឺន ៥ពាន់នាក់ នៅខេត្តបន្ទាយមានជ័យ និងនៅខេត្តសៀមរាប ត្រូវពួកខ្មែរក្រហមចាប់ខ្លួនយកទៅសម្លាប់នៅជើងភ្នំទ្រង់បាត្រ។
បច្ចុប្បន្នអាជ្ញាធរស្រុកក្រឡាញ់ បានផ្អាកមិនឱ្យគាស់យកឆ្អឹងសាកសពដែលនៅក្នុងរណ្ដៅរួមនោះចេញមកក្រៅទៀតទេ។ ការផ្អាកនេះ គឺដើម្បីរងចាំមន្ត្រីថ្នាក់លើណែនាំឱ្យធ្វើអ្វីខ្លះសម្រាប់ជាការចាត់ចែងដ៏សមគួរទៅលើសាកសពមនុស្សជាច្រើននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
