ក្រុម​​សិទ្ធិ​មនុស្ស​រក​វិធានការ​ការពារ​សកម្មជន​សិទ្ធិ​មនុស្ស

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ប្រមាណ​៥០​នាក់ បាន​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី១៨ កញ្ញា នៅ​ក្រុង​ភ្នំពេញ ដើម្បី​ពិភាក្សា​ផ្ដោត​ទៅ​លើ​វិធានការ និង​របៀប​ការពារ​សិទ្ធិ​មនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព និង​ការ​ពិភាក្សា​ផ្ដោត​ជាពិសេស​ទៅ​លើ​ការ​គំរាម​កំហែង និង​បង្ក​ការ​លំបាក​ថ្មីៗ​នេះ ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស។
ដោយ កែវ និមល
2012-09-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ៣០៥
វាគ្មិន​កិត្តិយស​ដែល​ចូល​រួម​កិច្ច​ប្រជុំ​តុ​មូល កាល​ពី​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១២ គឺ​លោកស្រី ទេព វន្នី (ពី​ឆ្វេង) លោក​មេធាវី ជូង ជូងី និង​លោក រស់ សុឃិត។
RFA/Keo Nimol

ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ និង​ការ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​របស់ លោក ចាន់ សុវ៉េត សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​អាដហុក (Adhoc) បាន​បង្ហាញ​ថា សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា បាន​ក្លាយ​ទៅ​ជា​គោលដៅ​មួយ ត្រូវ​ការពារ​ខ្លួន​ឯង​ជា​មុន​សិន​ដែរ នៅ​ក្នុង​ពេល​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស​នៅ​តាម​មូលដ្ឋាន។

លោក ហ្សង់ ហ្វ្រង់ស្វ័រកូតាំង (Jean Francois Cautain) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​ការ​ជួប​ជុំ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថា ការងារ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស មាន​ពេល​ខ្លះ​ទាក់​ទង​ជាមួយ​ការ​រិះគន់​គោល​នយោបាយ និង​សកម្មភាព​របស់​រដ្ឋាភិបាល។ ប៉ុន្តែ រដ្ឋាភិបាល​មិន​គួរ​ចាត់​ទុក​ថា នេះ​ជា​សកម្មភាព​អវិជ្ជមាន​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទេ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​គួរ​ទទួល​ស្គាល់​តួនាទី​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ចាត់​ទុក​ថា សកម្មភាព​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស គឺ​ចូល​រួម​ចំណែក​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​លើក​តម្កើង​សិទ្ធិ​មនុស្ស​ទៅ​វិញ​ទេ។

លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា បញ្ជាក់​ថា ក្នុង​ស្មារតី​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​សង្គម​ស៊ីវិល នៅ​ថ្ងៃ​នេះ លោក​មាន​ភារកិច្ច​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​វិវត្ត​ថ្មីៗ​នេះ ទាក់​ទង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​និយាយ​ឲ្យ​បាន​ទូលាយ​ជាង​នេះ គឺ​ការ​ចាត់​ទុក​ថា សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ជា​មុខ​សញ្ញា​គោលដៅ​មួយ ដែល​គួរ​ព្រួយ​បារម្ភ៖ «ហេតុ​ដូច​នេះ​ហើយ បាន​ជា​នៅ​ក្នុង​សហភាព​អឺរ៉ុប យើង​ជឿ​ថា ក្រៅ​ពី​ការ​ប្ដេជ្ញា​ចិត្ត​នយោបាយ​ហើយ​នោះ ក៏​យើង​នៅ​ត្រូវ​ការ​សង្គម​ស៊ីវិល​ដ៏​រឹងមាំ និង​បើក​ចំហ ដែល​អាច​ទប់​ទល់​ជាមួយ​សកម្មភាព​ខុស​ច្បាប់​ទាំង​នោះ»

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា ពេល​ថ្មីៗ​នេះ​គេ​កត់​សម្គាល់​ឃើញ​ថា ការ​សម្លាប់ និង​ការ​ប្រើ​ប្រព័ន្ធ​តុលាការ គឺ​ជា​រឿង​ដែល​កើត​មាន​ចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៖ «ឥឡូវ​នេះ គាត់​ប្រឈម​ជាមួយ​បញ្ហា​ការ​គំរាម​កំហែង​ខាង​អាយុ​ជីវិត។ ដោយ​យើង​ឃើញ​ពេល​ថ្មីៗ​នេះ មាន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន ដែល​រង​ការ​គំរាម​កំហែង ហើយ​មាន​អ្នក​ខ្លះ​ទៀត ដូច​ជា​លោក ឈុត វុទ្ធី ជាដើម គាត់​ត្រូវ​បាន​គេ​សម្លាប់។ ដូច្នេះ រឿង​សន្តិសុខ​ផ្ទាល់​ខ្លួន​នេះ ជា​រឿង​សំខាន់​បំផុត។ ហើយ​មាន​ការ​គំរាម​កំហែង​មួយ​ទៀត ដោយ​ការ​ប្រើ​ប្រព័ន្ធ​តុលាការ។ ពេល​ថ្មីៗ​នេះ មាន​ការ​ចោទ​ប្រកាន់​ច្រើន​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ រឿង​លោក ម៉ម សូណង់ដូ ជា​ករណី​មួយ។ លោក រ៉ុង ឈុន លោក ចាន់ សុវ៉េត និង​ករណី​ផ្សេងៗ​ទៀត»

លោក អ៊ូ វីរៈ បាន​បន្ថែម​ថា ដើម្បី​ការពារ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​កាត់​បន្ថយ​ការ​ប្រឈម​បាន ទាល់​តែ​រដ្ឋាភិបាល​ត្រូវ​រៀបចំ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​លុប​បំបាត់​ចោល​និទ្ទណ្ឌភាព៖ «ដូច្នេះ ដំណោះ​ស្រាយ​អត់​មាន​អី​លំបាក​ទេ គឺ​រដ្ឋាភិបាល​ត្រូវ​តែ​រៀបចំ​យន្តការ​ច្បាប់ យន្តការ​គោល​នយោបាយ ដើម្បី​ការពារ​ផង និង​រៀបចំ​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​និទ្ទណ្ឌភាព។ មាន​ករណី​គំរាម​កំហែង​ទៅ​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ជាច្រើន ដែល​រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់។ ហើយ​បើ​រដ្ឋាភិបាល​ចង់​លើក​តម្កើង និង​ការពារ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ខ្ញុំ​ថា​រដ្ឋាភិបាល​ធ្វើ​ទៅ​បាន»

នៅ​ក្នុង​កិច្ច​ប្រជុំ​តុ​មូល ស្ដីពី​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នេះ​ដែរ មាន​វាគ្មិន​មួយ​ចំនួន​ដែល​បាន​ធ្វើ​សកម្មភាព​ក្នុង​សង្គម​យ៉ាង​សកម្ម ដើម្បី​ការពារ​លំនៅឋាន ការពារ​កូន​ក្តី និង​ការពារ​សេរីភាព​ក្នុង​ការ​សរសេរ​កាសែត បាន​ចូល​រួម​មាន​មតិ​ផង​ដែរ។

មនុស្ស​សំខាន់​ចំនួន​៣រូប បាន​មាន​យោបល់ គឺ​លោកស្រី ទេព វន្នី តំណាង​សហគមន៍​បឹងកក់ លោក ជួង ជូងី មេធាវី​នៃ​ការិយាល័យ​មេធាវី​សិលា និង​លោក រស់ សុឃិត និពន្ធ​នាយក​សារព័ត៌មាន​ជាតិ​ខ្មែរ។ វាគ្មិន​ទាំង​៣ សុទ្ធ​តែ​ធ្លាប់​ត្រូវ​អាជ្ញាធរ​ចាប់ និង​តុលាការ​ចោទ​ប្រកាន់។

លោកស្រី ទេព វន្នី ដែល​គេ​ស្គាល់​ថា ជា​សកម្មជន​តវ៉ា​ដើម្បី​ការពារ​ដី​លំនៅឋាន​នៅ​បឹងកក់ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​បឹងកក់ តស៊ូ​តវ៉ា​ដើម្បី​ការពារ​ដី លំនៅឋាន ដែល​ខ្លួន​កាន់​កាប់​ដោយ​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ។ ដូច្នេះ ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​បាន​ធ្វើ​ប្រទានកម្ម​ដី​ជាង​១២ហិកតារ ឲ្យ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​បឹងកក់ ក៏ដោយ ក៏​មក​ទល់​បច្ចុប្បន្ន​នេះ បញ្ហា​ទំនាស់​ដី​នៅ​តំបន់​បឹងកក់ នោះ មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ។

ចំណែក​លោក ជួង ជូងី ជា​មេធាវី​ដែល​ល្បី​ខាង​ការពារ​ក្តី​ឲ្យ​អ្នក​ក្រីក្រ និង​សមាជិក​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា កម្លាំង​សាមគ្គី​មាន​ប្រយោជន៍​អាច​ដោះស្រាយ​បញ្ហា​បាន។

ចំពោះ​ករណី​លោក រស់ សុឃិត វិញ លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រូប​លោក​ត្រូវ​តុលាការ​ផ្ដន្ទាទោស ដោយ​សារ​បក​អាក្រាត​ករណី​ពុក​រលួយ ស៊ី​សំណូក។ លោក​បាន​លើក​ឡើង​ថា អ្នក​កាសែត​កម្ពុជា ត្រូវ​គេ​គំរាម​កំហែង សម្លុត បំភ័យ កាល​ណា​សរសេរ​ប៉ះពាល់​ជាមួយ​ផល​ប្រយោជន៍​អ្នក​មាន​អំណាច ហើយ​អ្នក​កាសែត​ខ្លះ មិន​ហ៊ាន​សរសេរ​ហេតុការណ៍​ពិត​ដែល​កើត​មាន​នៅ​ក្នុង​សង្គម​ឡើយ។

ក្រៅ​ពី​វាគ្មិន​កិត្តិយស ដែល​អ្នក​រៀបចំ​ការ​ប្រជុំ អញ្ជើញ​ឲ្យ​មាន​មតិ​នោះ អ្នក​ចូល​រួម​មួយ​ចំនួន​ក៏​បាន​មាន​មតិ​ទាក់​ទង​ជាមួយ​ការ​ប្រឈម ដែល​កើត​មាន​ឡើង​ចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផង​ដែរ។ អ្នក​ចូល​រួម បាន​អំពាវនាវ​ឲ្យ​មាន​ការ​សហការ​គ្នា ក្នុង​ការ​លើក​តម្កើង​សិទ្ធិ​មនុស្ស និង​រដ្ឋាភិបាល ត្រូវ​តែ​ការពារ​សុវត្ថិភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស អំពី​គ្រោះ​ថ្នាក់ និង​ការ​ប្រឈម​របស់​អ្នក​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស​នោះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​មាន​ការ​ប្រឈម​ត្រូវ​តុលាការ​កាត់​ទោស ឬ​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​នោះ ដោយ​សារ​ពួក​គេ​ធ្វើ​សកម្មភាព​លើស​ពី​ការងារ​ការពារ​សិទ្ធិ​មនុស្ស៖ «ការ​ភិត​ភ័យ ឬ​ការ​ស្លន់ស្លោ​របស់​ភ្នាក់ងារ​ការពារ​សិទ្ធិ​មនុស្ស អា​នេះ​ជា​រឿង​របស់​បុគ្គល​ទាំង​អស់​នោះ ដោយ​សារ​គេ​យល់​ឃើញ​ថា ប្រហែល​គេ​ធ្វើ​អ្វី​ខុស​មួយ ទៅ​តាម​ផ្លូវ​ច្បាប់ ឬ​ធ្វើ​ខុស​អ្វី​មួយ​ទៅ​នឹង​គោលការណ៍​សង្គម​ស៊ីវិល។ ជួន​កាល គេ​យល់​ថា​ខ្លួន​គេ​ជា​តុលាការ ជួន​កាល​គេ​យល់​ថា​ខ្លួន​គេ​ជា​គណបក្ស​នយោបាយ ជួន​កាល​គេ​យល់​ថា​ខ្លួន​គេ​ជា​រាជ​រដ្ឋាភិបាល។ ដូច្នេះ ការ​ភិតភ័យ​នោះ មិន​មែន​ជា​អ្វី​ដែល​បង្ហាញ​ពី​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ដើម្បី​លើក​កម្ពស់​គុណភាព​ការ​ការពារ​សិទ្ធិ​មនុស្ស​នោះ​ទេ»

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​អ្នក​រៀបចំ​ឲ្យ​មាន​កិច្ច​ប្រជុំ​តុ​មូល​ផ្ដោត​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សេរីភាព​បញ្ចេញ​មតិ​នេះ បាន​ឲ្យ​ដឹង​ថា លទ្ធផល​បាន​មក​ពី​ការ​ពិភាក្សា​ក្នុង​អង្គ​ប្រជុំ​នេះ នឹង​ចងក្រង​ជា​គោល​នយោបាយ​សង្ខេប ផ្ញើ​ជូន​ស្ថាប័ន​ពាក់ព័ន្ធ និង​ដើម្បី​ឲ្យ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​លើក​តម្កើង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

អ្នកស្រី ទេព​ វណ្ណីគួរអោយស្រឡាញ់ណាស់។

Sep 19, 2012 04:23 AM

អ្នក​អាន​អនាមិក

ផៃស៊ីផានបើមិននិយាយក៏គេមិនថាលោកគដែរ ព្រោះក្រុម​របស់លោកឯងធ្វើខ្វាក់ភ្នែកមើលមិនឃើញ មិនដឹងមិនឮ រឿងប្រជាពលរដ្ឋបាត់បង់លំនៅឋានរបស់គាត់ អញ្ចឹងអត់មានអីប្លែកទេដែលស៊ីផានមិនបារម្មណ៏នោះ!!!

Sep 19, 2012 12:41 AM

អ្នក​អាន​អនាមិក

Cambodian Human Right watch = Politcs ??

Sep 18, 2012 09:36 PM

អ្នក​អាន​អនាមិក

សូមសរសើរដោយស្មោះចំពោះសកម្មជនទាំងឡាយខាងលើនេះ ជូនពរឈ្នះអស់ពពួកមារទាំងឡាយ។

Sep 18, 2012 09:36 PM

អ្នក​អាន​អនាមិក

Human Rights will not defeat Human Wrong, in the present situation.

Sep 18, 2012 07:46 PM

មើល​មតិ​ទាំង​អស់.