តំណាងប្រទេស និងអង្គការក្រៅរដ្ឋាភិបាល ស្នើឲ្យរាជរដ្ឋាភិបាលប្រកាន់ឲ្យខ្ជាប់ខ្ជួននូវគោលការណ៍សកលចែងអំពីសិទ្ធិមនុស្ស ជាពលរដ្ឋ ក្នុងការបញ្ចេញមតិ ក្នុងការជួបជុំគ្នាជាដើម ហើយសុំឲ្យរដ្ឋអំណាចបច្ចុប្បន្ន ផ្ដន្ទាទោសជនល្មើសដែលធ្វើទុក្ខបុកម្នេញលើក្រុមការពារសិទ្ធិមនុស្ស និងអ្នកកាសែត។
តំណាងអង្គការ ស៊ីវីកឹស (CIVICUS) អ្នកស្រី រីណេត ប្លឹម (Renate Bloem) ជម្រាបអង្គប្រជុំដែលមានប្រទេសជាសមាជិកយ៉ាងតិចចំនួន ២១ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនចូលរួម ថ្លែងថា ការធ្វើឃាត ការចាប់អ្នកកាសែតដាក់ពន្ធនាគារ ឆ្លុះឲ្យឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កំពុងស្ថិតក្រោមភាពគំរាមកំហែង។
អ្នកស្រី រីណេត ប្លឹម៖ «ថ្វីត្បិតតែរាជរដ្ឋាភិបាលកំពុងតែទទួលនូវសម្ពាធពីសហគមន៍អន្តរជាតិ ការពន្យារពេលដើម្បីអនុម័តច្បាប់គ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាលរហូតដល់ឆ្នាំ២០១៤ កិច្ចប្រតិបត្តិការបំពេញបេសកកម្មពីសំណាក់ក្រុមអង្គការសង្គមស៊ីវិល ពិតជាពោរពេញដោយភាពលំបាកឥតគណនា»។
តំណាងសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (International Federation for Human Rights) អ្នកស្រី ជូលី រោម៉េឡិន (Julie Gromellen) ស្នើឲ្យរដ្ឋាភិបាលផ្ដន្ទាទោសជនល្មើសមិនថា មានឋានៈកម្រិតណាឡើយ៖ «បញ្ឈប់ការគំរាមកំហែងសកម្មជនការពារសិទ្ធិមនុស្ស ហើយនាំខ្លួនជនល្មើសទៅតុលាការ ដើម្បីផ្ដន្ទាទោស មិនថាជននោះមានឋានៈ បុណ្យសក្តិ ឬមាននិន្នាការនយោបាយខាងណាឡើយ ឲ្យស្របទៅតាមធរមានបញ្ញត្តិ»។
តំណាងចលនាខ្មែរម្ចាស់ស្រុកដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ បានចែកចាយសេចក្ដីថ្លែងការណ៍ ដោយមានរំឭកអំពីប្រសាសន៍របស់អតីតប្រធានាធិបតីបារាំង លោក ហ្រ្វង់ស្វ័រ មីតេរ៉ង់ (Francois Mitterrand) និងអតីតអគ្គលេខាធិការ អ.ស.ប. លោក ហា វីយ៉េ ប៉េរ៉េស ដឺក្វេយ៉ា (Havier Perez de Cuellar) ដែលថ្លែងក្នុងសម័យបិទសន្និសីទស្វែងរកកិច្ចព្រមព្រៀងរកសន្តិភាពនៅកម្ពុជា នាឆ្នាំ១១៩១ ថា ពលរដ្ឋខ្មែរមានសិទ្ធិពេញលេញហើយ ដើម្បីសម្រេចវាសនាជាតិដោយខ្លួនឯងក្នុងនាមជាម្ចាស់ប្រទេស។
ចលនាខ្មែរម្ចាស់ស្រុកស្នើឲ្យអ្នករាយការណ៍ពិសេសនៃអ.ស.ប. លើកយកមាត្រាទី៥ នៃកិច្ចព្រមព្រៀងនោះ ដើម្បីផ្ទល់សិទ្ធិពេញលេញឲ្យខ្មែរជាម្ចាស់ស្រុកឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។