អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​បរទេស​រិះគន់​ការ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ស្ថានភាព​ឱនថយ​ខាង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​ឆ្នាំ២០១២ ត្រូវ​បាន​តំណាង​ប្រទេស និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ការពារ​សិទ្ធិ​មនុស្ស លើក​ទៅ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​គ្នា​នៅ​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស អ.ស.ប នា​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​ចុង​ខែ​កញ្ញា កន្លង​ទៅ​នេះ។

តំណាង​ប្រទេស និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ប្រកាន់​ឲ្យ​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​សកល​ចែង​អំពី​សិទ្ធិ​មនុស្ស ជា​ពលរដ្ឋ ក្នុង​ការ​បញ្ចេញ​មតិ ក្នុង​ការ​ជួបជុំ​គ្នា​ជាដើម ហើយ​សុំ​ឲ្យ​រដ្ឋ​អំណាច​បច្ចុប្បន្ន ផ្ដន្ទាទោស​ជន​ល្មើស​ដែល​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​កាសែត។

តំណាង​អង្គការ ស៊ីវីកឹស (CIVICUS) អ្នកស្រី រីណេត ប្លឹម (Renate Bloem) ជម្រាប​អង្គប្រជុំ​ដែល​មាន​ប្រទេស​ជា​សមាជិក​យ៉ាង​តិច​ចំនួន ២១ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ចូល​រួម ថ្លែង​ថា ការ​ធ្វើ​ឃាត ការ​ចាប់​អ្នក​កាសែត​ដាក់​ពន្ធនាគារ ឆ្លុះ​ឲ្យ​ឃើញ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​ស្ថិត​ក្រោម​ភាព​គំរាមកំហែង។

អ្នកស្រី រីណេត ប្លឹម៖ «ថ្វីត្បិត​តែ​រាជរដ្ឋាភិបាល​កំពុង​តែ​ទទួល​នូវ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ការ​ពន្យារ​ពេល​ដើម្បី​អនុម័ត​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​រហូត​ដល់​ឆ្នាំ​២០១៤ កិច្ច​ប្រតិបត្តិការ​បំពេញ​បេសកកម្ម​ពី​សំណាក់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ពិត​ជា​ពោរពេញ​ដោយ​ភាព​លំបាក​ឥត​គណនា»

តំណាង​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ (International Federation for Human Rights) អ្នកស្រី ជូលី រោម៉េឡិន (Julie Gromellen) ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដន្ទាទោស​ជនល្មើស​មិន​ថា មាន​ឋានៈ​កម្រិត​ណា​ឡើយ៖ «បញ្ឈប់​ការ​គំរាម​កំហែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ហើយ​នាំ​ខ្លួន​ជនល្មើស​ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស មិន​ថា​ជន​នោះ​មាន​ឋានៈ បុណ្យសក្តិ ឬ​មាន​និន្នាការ​នយោបាយ​ខាង​ណា​ឡើយ ឲ្យ​ស្រប​ទៅ​តាម​ធរមាន​បញ្ញត្តិ»

តំណាង​ចលនា​ខ្មែរ​ម្ចាស់​ស្រុក​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ បាន​ចែក​ចាយ​សេចក្ដី​ថ្លែងការណ៍ ដោយ​មាន​រំឭក​អំពី​ប្រសាសន៍​របស់​អតីត​ប្រធានាធិបតី​បារាំង លោក ហ្រ្វង់ស្វ័រ មីតេរ៉ង់ (Francois Mitterrand) និង​អតីត​អគ្គលេខាធិការ អ.ស.ប. លោក ហា វីយ៉េ ប៉េរ៉េស ដឺក្វេយ៉ា (Havier Perez de Cuellar) ដែល​ថ្លែង​ក្នុង​សម័យ​បិទ​សន្និសីទ​ស្វែង​រក​កិច្ច​ព្រមព្រៀង​រក​សន្តិភាព​នៅ​កម្ពុជា នា​ឆ្នាំ​១១៩១ ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ពេញលេញ​ហើយ ដើម្បី​សម្រេច​វាសនា​ជាតិ​ដោយ​ខ្លួន​ឯង​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស។

ចលនា​ខ្មែរ​ម្ចាស់​ស្រុក​ស្នើ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​នៃ​អ.ស.ប. លើក​យក​មាត្រា​ទី​៥ នៃ​កិច្ច​ព្រមព្រៀង​នោះ ដើម្បី​ផ្ទល់​សិទ្ធិ​ពេញលេញ​ឲ្យ​ខ្មែរ​ជា​ម្ចាស់​ស្រុក​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។