សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ពី​សេចក្ដី​ព្រាង​នៃ​សេចក្ដី​ថ្លែងការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន

អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​៥៧ ដែល​ធ្វើ​ការងារ​ការពារ​សិទ្ធិ​មនុស្ស នៅ​ក្នុង​តំបន់​អាស៊ាន បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​សេចក្តី​ព្រាង នៃ​សេចក្តី​ថ្លែងការណ៍ ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន។
ដោយ វណ្ណ វិចារ
2012-09-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្តី​បារម្ភ​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​ផ្ញើ​ជូន​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស នៃ​ប្រទេស​អាស៊ាន​ទាំង​ដប់ អគ្គលេខាធិការ​អាស៊ាន និង​ប្រធាន​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន កាល​ពី​ថ្ងៃ​ទី២៦ កញ្ញា ដើម្បី​ឲ្យ​ភាគី​ទាំង​នោះ​ពិចារណា​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ដែល​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។

មន្ត្រី​សម្រប​សម្រួល​វេទិកា​សិទ្ធិ​មនុស្ស​អាស៊ី ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ថៃ លោក ចន លូ (John Liu) នៅ​ថ្ងៃ​ទី២៨ កញ្ញា មាន​ប្រសាសន៍​ថា កត្តា​ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​នោះ មាន​បញ្ហា​ពីរ​ជា​សំខាន់។ ទី១ គឺ​សេចក្ដី​ប្រកាស​ស្ថិត​នៅ​ក្រោម​បទដ្ឋាន​អន្តរជាតិ បាន​ន័យ​ថា បទ​បញ្ញត្តិ​នានា​នៅ​ក្នុង​សេចក្ដី​ព្រាង​របស់​សេចក្ដី​ប្រកាស ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន ត្រូវ​ស្ថិត​ក្រោម​បទដ្ឋាន​អន្តរជាតិ។ ក្ដី​បារម្ភ​ធំ​ទី២ គឺ​សេចក្ដី​ព្រាង​នេះ​នឹង​ត្រូវ​គេ​អនុម័ត តែ​សិទ្ធិ​ជា​មូលដ្ឋាន​មួយ​ចំនួន គេ​មិន​បាន​បញ្ចូល​ក្នុង​សេចក្ដី​ប្រកាស ស្ដីពី​សិទ្ធិ​មនុស្ស​នេះ​ទេ។

លោក ចន លូ បញ្ជាក់​ថា ក្ដី​ព្រួយ​បារម្ភ​ទាំង​នេះ គឺ​ស្ថិត​នៅ​លើ​បញ្ហា​ដែល​មិន​មាន​ការ​បើក​ចំហ សម្រាប់​ការ​ពិគ្រោះ​យោបល់​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ ឱ្យ​បាន​គ្រប់គ្រាន់៖ «យើង​ព្យាយាម​ចូល​រួម​ពាក់ព័ន្ធ​ក្នុង​នីតិវិធី​ធ្វើ​សេចក្ដី​ព្រាង​នេះ ដើម្បី​ផ្ដល់​អនុសាសន៍​ផ្សេងៗ ដល់​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន ដែល​ធ្វើ​សេចក្ដី​ព្រាង​សេចក្ដី​ប្រកាស​នេះ តាម​រយៈ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន។ តាម​គោលការណ៍​ដែល​ត្រូវ​អនុវត្ត​តាម គឺ​ត្រូវ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដែល​មាន​ការ​ទទួល​ស្គាល់​ថា ជា​បទដ្ឋាន​សិទ្ធិ​មនុស្ស​សកល។ ឥឡូវ​នេះ សមាជិក​អាស៊ាន​ទាំង​អស់ ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ។ ដូច្នេះ គេ​ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​នូវ​បទដ្ឋាន​អប្បបរមា​នៃ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។ នេះ​ជា​ហេតុផល ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​គ្រប់​លំដាប់​ថ្នាក់។ ក៏​ប៉ុន្តែ អង្គហេតុ​ពិត​ដែល​គេ​មិន​ត្រូវ​ភ្លេច​នោះ គឺ​ត្រូវ​លើក​ស្ទួយ​បទដ្ឋាន​អន្តរជាតិ»

ទន្ទឹម​នឹង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ជា​ភាគី​ហត្ថលេខា​តំណាង​ឲ្យ​សង្គម​ស៊ីវិល​មួយ​នៅ​កម្ពុជា លោក ធន សារ៉ាយ កត់​សម្គាល់​ថា ពង្រាង​សេចក្តី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន នៅ​ខ្វះ​ចំណុច​មួយ​ចំនួន ដូច​ជា​សិទ្ធិ​សេរីភាព​ជន​ជាតិ​ដើម​ភាគ​តិច និង​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជាដើម។ លោក​បន្ថែម​ថា ចំណុច​មួយ​ចំនួន​ទៀត​ដែល​ប្រទេស​ភាគី​នៅ​ក្នុង​តំបន់​ត្រូវ​ពិចារណា ធ្វើ​សម្រេច​ឲ្យ​បាន​តាម​ធម្មនុញ្ញ​អាស៊ាន គឺ​ការ​បើក​ចំហ​ព្រំដែន​នៃ​សេរីភាព នៅ​ក្នុង​ការ​បញ្ចេញ​មតិ។

លោក ធន សារ៉ាយ បញ្ជាក់​ថា បើ​ប្រទេស​ទាំង​អស់​មាន​ឆន្ទៈ​ពេញ​លេញ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នោះ សេចក្តី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន នឹង​អាច​មាន​តម្លៃ​ជា​សកល​សម្រាប់​ពលរដ្ឋ​ទូទៅ នៅ​ក្នុង​តំបន់ និង​ពិភពលោក៖ «កាល​ណា​យើង​កម្រិត​សេចក្តី​ថ្លែងការណ៍​នេះ ឲ្យ​ទាប អីចឹង​ការ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​អាស៊ាន​នេះ នឹង​មាន​ការ​កម្រិត ហើយ​ប្រជាពលរដ្ឋ​នឹង​មាន​ការ​លំបាក​ក្នុង​ការ​ចូល​រួម​សម្រេច​ជាមួយ​អ្នក​ដឹកនាំ​អាស៊ាន​ទៅ​ថ្ងៃ​មុខ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​ប្រធាន​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​សិទ្ធិ​មនុស្ស​អាស៊ាន លោក ឱម យ៉ិនទៀង ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ​២០១២។

អ្នក​ជំនាញ​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស លើក​ឡើង​ថា សេចក្តី​ថ្លែងការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន ជួប​ប្រទះ​នឹង​បញ្ហា​មួយ​ចំនួន ទាំង​ផ្នែក​នយោបាយ ជំនឿ​សាសនា សេដ្ឋកិច្ច បញ្ហា​ជម្លោះ​ទឹកដី ជាដើម។ ហើយ​នៅ​ក្នុង​តំបន់​អាស៊ាន ប្រទេស​មាន​តែ​ប្រទេស​តែ​ពីរ​គត់ ដែល​ជឿនលឿន​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស គឺ​ប្រទេស​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី។ ក្រុម​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ យល់​ថា បើ​សិន​ជា​សេចក្តី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន អាច​ចេញ​ទៅ​រួច​នៅ​ឆ្នាំ​២០១២ បាន​ន័យ​ថា កម្ពុជា នឹង​មាន​មោទនភាព​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល