អង្គការនេះបានឱ្យដឹងទៀតថា ការជួញដូរមនុស្សកំពុងកើតមានទាំងនៅក្នុងប្រទេសកម្ពុជា និងទាំងការនាំប្រជាពលរដ្ឋកម្ពុជាទៅកាន់ប្រទេសក្រៅដទៃទៀត។
លោក ផេង ចន្ទ័តារា ជានាយកកម្មវិធីទប់ស្កាត់ការជួញដូរមនុស្សរបស់អង្គការ សម្ព័ន្ធចាប់ដៃ លោកបានមានប្រសាសន៍ថា ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន នៅពេលដែលវិទ្យាសាស្ត្រកាន់តែជឿនលឿន គឺការជួបប្រទះនឹងការជួញដូរមនុស្សកាន់តែមានសភាពធ្ងន់ធ្ងរ ដោយសារតែមានការឆបោក តាមរយៈការប្រើប្រាស់ទូរស័ព្ទ ឬក៏តាមរយៈសារអេឡិចត្រូនិកជាដើម ដែលធ្វើឱ្យប្រព័ន្ធនៃការជួញដូរមនុស្ស មានសន្ទុះលឿនជាងកាលពីសម័យមុនៗ។
លោក ផេង ចន្ទ័តារា៖ «នៅក្នុងអង្គការ សម្ព័ន្ធចាប់ដៃ ដែលយើងធ្វើការជួយប្រហែលជាក្នុង១ខែៗ មានចន្លោះពី៥ទៅដល់១០ករណី ដែលមានបងប្អូនមួយចំនួនបានទូរស័ព្ទចូល ដើម្បីឱ្យជួយដល់បងប្អូនរបស់ពួកគេ ដែលកំពុងតែរងគ្រោះនៅតាមបណ្ដាខេត្ត ក៏ដូចជានៅតាមប្រទេសជិតខាងយើងដែរ។ ពីរករណី ដែលមានសន្ទុះខ្ពស់ជាងគេ ជួញដូរតាមរយៈផ្លូវភេទ និងការជួញដូរកេងប្រវ័ញ្ចកម្លាំងពលកម្ម»។
អង្គការ សម្ព័ន្ធចាប់ដៃ កំពុងប្រឹងប្រែងធ្វើសកម្មភាពរបស់ខ្លួនទៅលើការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា។
អង្គការនេះបានមើលឃើញថា សកម្មភាពទប់ស្កាត់អំពើជួញដូរមនុស្ស ក្រៅតែពីធ្វើកិច្ចសហការជាមួយមន្ត្រីរដ្ឋាភិបាល និងអង្គការជាដៃគូមួយចំនួនទៀត គឺគេក៏បានចាប់ផ្ដើមសម្លឹងឃើញសហគមន៍ប្រជាពលរដ្ឋ និងក្រុមយុវជន គឺជាគោលដៅថ្មីមួយក្នុងការជួយដល់យុទ្ធនាការដើម្បីទប់ស្កាត់ការជួញដូរមនុស្សបាន។
កាលពីពេលថ្មីៗ អង្គការ សម្ព័ន្ធចាប់ដៃ បានជ្រើសរើសយុវជនស្រី ប្រុស មួយក្រុម ចេញពីតាមវិទ្យាល័យមួយចំនួននៅក្នុងខេត្តសៀមរាប ឱ្យចូលរួមយល់ដឹងជុំវិញសកម្មភាពនៃការជួញដូរមនុស្ស ហើយរំពឹងថា ពួកគេនឹងក្លាយទៅជាក្រុមសកម្មភាពមួយសម្រាប់អនាគត ក្នុងការចូលរួមជួយទប់ស្កាត់ការចំណាកស្រុក និងការជួញដូរមនុស្សនៅតាមសហគមន៍ដែលពួកគេរស់នៅ។
ខ្សែវីដេអូពិតមួយ របស់ក្រុមអង្គការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ត្រូវបានគេយកទៅបញ្ចាំងឱ្យក្រុមយុវជនមួយចំនួនទស្សនា និងស្វែងយល់ទៅលើរូបភាពជាច្រើនប្រភេទ នៃការជួញដូរមនុស្ស។
ស្ត្រីម្នាក់ក្នុងចំណោមអ្នករងគ្រោះដោយអំពើជួញដូរជាច្រើនទៀត បានប្រាប់ថា រូបនាងត្រូវម្តាយមីងបង្កើតលួងលោមឱ្យចាកចេញពីស្រុកកំណើតទៅធ្វើការនៅឯទីក្រុងភ្នំពេញ ហើយនាងបានលួចចាកចេញពីផ្ទះដោយមិនបានប្រាប់ម្តាយឱ្យដឹងសោះ។ នៅទីបំផុត រូបនាងត្រូវបានម្ដាយមីងនាំយកទៅលក់ឱ្យមនុស្សម្នាក់នៅទីក្រុងភ្នំពេញ ហើយម្នាក់នោះក៏បានលក់នាងបន្តទៅឱ្យហាងខារ៉ាអូខេ ដែលបម្រើផ្លូវភេទមួយកន្លែង។
ស្ត្រីរងគ្រោះដោយការជួញដូរនោះ បានបញ្ជាក់ថា នាងបានទទួលរងអំពើទារុណកម្មជាច្រើន ដូចជាការបង្អត់អាហារ បង្អត់ទឹក និងឃុំខ្លួននាងនៅក្នុងបន្ទប់ងងឹតក្រោមដីជាដើម នៅពេលដែលរូបនាងមិនព្រមស្តាប់បង្គាប់ថៅកែហាង ហើយមិនធ្វើការរួមភេទជាមួយភ្ញៀវ។
ការរៀបរាប់របស់អ្នករងគ្រោះដោយអំពើជួញដូរមនុស្សនេះ បានទាក់ទាញទឹកចិត្តក្រុមយុវជនជាច្រើន ដែលចង់ស្វែងយល់អំពីការជួញដូរមនុស្ស។ ពួកគេខ្លះបង្ហាញភាពក្តុកក្តួល និងអាណិតអាសូរចំពោះជនរងគ្រោះជាមួយនឹងការតាំងចិត្តថា ពួកគេនឹងចូលរួមធ្វើការងារ ដើម្បីជួយទប់ស្កាត់អំពើជួញដូរមនុស្សនៅក្នុងសង្គម។
កញ្ញា ឃុត សុគន្ធា ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យអង្គរ ក្នុងខេត្តសៀមរាប ដែលបានចូលរួមស្វែងយល់ពីការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា នាងមានការអាណិតអាសូរដល់ជនរងគ្រោះទាំងនោះ ហើយនាងសន្យាថា នៅពេលខាងមុខ រូបនាង និងមិត្តភក្តិ៣នាក់ទៀត នឹងរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្នុងភូមិ-ឃុំ របស់នាង តាមលទ្ធភាពដែលអាចធ្វើទៅបាន។
កញ្ញា ឃុត សុគន្ធា៖ «ខ្ញុំមានអារម្មណ៍ថាអាណិតពួកគេ ព្រោះអីមកពីបញ្ហាគ្រួសារខ្វះខាត បញ្ហាជាចម្បង គឺសេដ្ឋកិច្ចគ្រួសារ។ និយាយទៅខ្ញុំមិនអាចជួយគេបានទេ ប៉ុន្តែខ្ញុំអាចជួយផ្សព្វផ្សាយទៅតាមមិត្តភក្ដិខ្ញុំ ដែលនៅតាមជនបទដូចគ្នា។ ហើយខ្ញុំនឹងធ្វើគម្រោងមួយ ដើម្បីទៅផ្សព្វផ្សាយនៅភូមិ-ឃុំខ្ញុំ ឱ្យយល់ដឹងអំពីការចំណាកស្រុក។ ធ្លាប់មានច្រើន ហើយចាញ់បោកគេច្រើននាក់ណាស់ នៅភូមិខ្ញុំ។ ខ្ញុំចង់ឱ្យរដ្ឋាភិបាលជួយផ្សព្វផ្សាយទៅគ្រប់ខេត្តទាំងអស់ ឱ្យយល់ដឹងអំពីការចំណាកស្រុកក្រៅប្រទេស»។
អង្គការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលកំពុងធ្វើការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស បានឱ្យដឹងថា ពេលបច្ចុប្បន្ននេះគេបានរកឃើញថា មានកុមារ ស្ត្រី និងយុវជនកម្ពុជាមួយចំនួន កំពុងទទួលរងការជួញដូរក្នុងរូបភាពផ្សេងៗពីគ្នា។
លោក អំ សំអាត ជាមន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស លីកាដូ (LICADHO) បានមានប្រសាសន៍ថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១២ គេបានទទួលតួលេខនៃអំពើជួញដូរមនុស្សចំនួន៥៧ករណី។ តួលេខនេះ គឺប្រហាក់ប្រហែលគ្នា បើប្រៀបធៀបទៅនឹងរយៈពេល៦ខែដូចគ្នាកាលពីឆ្នាំ២០១១ កន្លងទៅ។
លោក អំ សំអាត៖ «អ្នកទាំងអស់នោះ ខ្លះធ្លាក់ខ្លួនទៅក្នុងការជួញដូរកម្លាំងពលកម្ម ទៅតាមទូកនេសាទ ខ្លះទៀតធ្វើការនៅតាមកសិដ្ឋានផ្សេងៗ។ ហើយមួយចំណែកទៀតជាកុមារ គឺធ្លាក់ខ្លួនទៅតាមការជួញដូរធ្វើជាអ្នកសុំទាន នៅឯប្រទេសជិតខាង។ ហើយមួយទៀត មានស្ត្រីខ្លះត្រូវបានធ្លាក់ខ្លួនទៅជាស្ត្រីបម្រើផ្លូវភេទក្រៅប្រទេសផងដែរ»។
កន្លងទៅ សហរដ្ឋអាមេរិកធ្លាប់បានដាក់ចំណាត់ថ្នាក់ថា ប្រទេសកម្ពុជាជាប់លំដាប់ថ្នាក់លេខ២ ក្នុងការជួញដូរមនុស្ស។
អង្គការក្រៅរដ្ឋាភិបាល បានឱ្យដឹងថា ខេត្តចំនួន៧ របស់ប្រទេសកម្ពុជា កំពុងកើតមានអំពើជួញដូរមនុស្សខុសច្បាប់។ ខេត្តទាំងនោះ ដូចជា ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍បរទេស ខេត្តកោះកុង ព្រះសីហនុ ព្រៃវែង កំពង់ធំ រតនគិរី និងខេត្តស្វាយរៀង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។