មន្ត្រី​សិទ្ធិ​មនុស្ស​​ជំរុញ​ឲ្យ​តុលាការ​កាត់​ក្ដី​សំណុំ​រឿង​អង្គរក្ស​លោក ហ៊ុន សែន

ក្រុម​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ទទូច​សុំ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ពន្លឿន​នីតិវិធី​ជំនុំ​ជំរះ​ក្តី​លើ​ករណី​ហិង្សា​ដោយ​ចេតនា ដែល​ប្រព្រឹត្ត​ដោយ​ជំនួយ​ការ​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មេសា កន្លង​ទៅ លើ​ប្រជាពលរដ្ឋ ដោយ​កំហឹង​យ៉ាង​កម្រោល។
ដោយ ទេព សុរ៉ាវី
2012-06-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តុលាការ កោះកុង ៣០៥
សាលាដំបូង​ខេត្ត​កោះកុង
RFA/Khe Sonorng

លោក នាង បូរ៉ាទីណូ មន្រ្តី​សម្រប​សម្រួល​អង្គការ អាដហុក (Adhoc) ខេត្ត​កោះកុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ថា ចៅក្រម​ស៊ើប​សួរ​តុលាការ​ខេត្ត លោក ខាំ សុផារី បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា សម្រេច​បិទ​សំណុំ​រឿង​ស៊ើប​អង្កេត​លើ​ករណី​លោក ប៊ុន សុខា មាន​ឋានន្តរស័ក្តិ​ផ្កាយ​ពីរ ជា​ជំនួយ​ការ​ផ្ទាល់​នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន និង​ជា​នាយរង​សេនាធិការ​ចម្រុះ និង​បក្ខ​ពួក​អង្គរក្ស​៣​នាក់​ទៀត មុន​នឹង​បញ្ជូន​ទៅ​ព្រះរាជ​អាជ្ញា​ពិនិត្យ និង​សម្រេច​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី ក្រោម​បទ​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា ប្រើ​អាវុធ​ដោយ​ព្រួត​គ្នា​វាយ​ជន​រង​គ្រោះ ដែល​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១២។

លោក​បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មិថុនា នេះ ខាង​តុលាការ​នៅ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ច្បាស់​លាស់ ក្នុង​ការ​បើក​ជំនុំ​ជម្រះ​ក្តី​នេះ​នៅ​ឡើយ​ទេ។

លោក នាង បូរ៉ាទីណូ ស្នើ​សុំ​ឲ្យ​តុលាការ​ប្រញាប់​បើក​សវនាការ​នេះ​ឲ្យ​បាន​លឿន ដើម្បី​ផ្ដន្ទាទោស​ដល់​ជន​ប្រព្រឹត្ត និង​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ៖ «វា​ជា​រឿង​កម្រ​មួយ​ដែរ ដែល​យើង​ឃើញ​ថា វា​មាន​ការ​ផ្ដន្ទាទោស​ទៅ​លើ​ជន​ប្រព្រឹត្ត​ជា​អ្នក​មាន​អំណាច។ ឃើញ​ថា វីដេអូ ឃ្លិប (Video Clip) នេះ​ជា​បញ្ហា​មួយ​ដែល​អាច​ដាក់​ទម្ងន់​លើ​ការ​អនុវត្តន៍​លើ​ដំណើរ​ការ​ផ្លូវ​ច្បាប់»

លោក អ៊ិន គង់ជិត មន្ត្រី​សម្រប​សម្រួល​សិទ្ធិ​មនុស្ស លីកាដូ (Licadho) ខេត្ត​កោះកុង ឲ្យ​ដឹង​ថា វា​ជា​ករណី​កម្រ​មួយ ដែល​តុលាការ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​អ្នក​មាន​លុយ និង​អំណាច ដោយ​ពន្យល់​ថា ករណី​នេះ​មិន​អាច​សម្រប​សម្រួល​បាន ដោយ​មាន​លេច​ធ្លាយ វីដេអូ ឃ្លិប ឬ​វីដេអូ​ថត​រូប ដោយ​ម៉ាស៊ីន​កាមេរ៉ា​ដាក់​ប្រចាំ​សណ្ឋាគារ អំពី​សកម្មភាព​ប្រើ​អំពើ​ហិង្សា​ដ៏​ឃោរឃៅ របស់​ជន​ប្រព្រឹត្ត​ទៅ​លើ​ជន​រង​គ្រោះ ដែល​ជា​ភស្តុតាង​សំខាន់​សម្រាប់​ដាក់​បន្ទុក​នៃ​បទ​ល្មើស។

លោក​បន្ត​ថា ករណី​នេះ តុលាការ​ខេត្ត​កោះកុង មិន​គួរ​អូស​បន្ទាយ​ពេល​យូរ ក្នុង​ការ​បើក​សវនាការ​ជំនុំ​ជម្រះ​នោះ​ឡើយ៖ «ប្រហែល​ជា​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់​គ្រាន់ អត់​មាន​ភស្តុតាង​ដោះ​បន្ទុក​ណា​មួយ មាន​ជន​រង​គ្រោះ​បំភ្លឺ​អី​ហ្នឹង វា​មូល​ជុំ​ហើយ។ តាម​ពិត វា​អត់​បញ្ជូន​ទៅ​ស៊ើប​ទៀត​ទេ វា​ត្រូវ​ជម្រះ​ផ្ទាល់ បើក​សវនាការ​តែ​ម្តង ពីព្រោះ​តាម​មាត្រា​៤៧ នៃ​ក្រម​នីតិវិធី​នៃ​ក្រម​ព្រហ្មទណ្ឌ កាល​ណា​សំណុំ​រឿង​ហ្នឹង បាន​មូល​ជុំ​ហើយ បទ​ល្មើស​មជ្ឈិម​ជាក់​ស្ដែង ហើយ​កម្រិត​ទោស​នៃ​ការ​ផ្ដន្ទាទោស​ពី ២​ឆ្នាំ​ទៅ ៥​ឆ្នាំ គឺ​អាច​បើក​សវនាការ​ភ្លាម​តែ​ម្តង»

លោក ប៊ុន សុខា ជំនួយ​ការ​នាយក​រដ្ឋមន្ត្រី និង​អង្គរក្ស​៣​នាក់ រួម​មាន​ឈ្មោះ ស៊ុង វាសនា ម៉េង ឈាងលី និង​ស៊ុម ឆៃយ៉ា ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា។

ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​៤​នាក់ ដែល​សម្រេច​ដក​ពាក្យ​បណ្ដឹង​វិញ​ភ្លាមៗ បន្ទាប់​ពី​ទទួល​ប្រាក់​សំណង​សរុប​ជាង ១​ម៉ឺន​ដុល្លារ ឈ្មោះ សាំង ផៃរ៉ាត់ ឲ្យ​ដឹង​ថា លោក​គ្មាន​បំណង​ចង់​ឲ្យ​តុលាការ​រក​យុត្តិធម៌​ឲ្យ​ទៀត​ទេ ព្រោះ​គាត់​បាន​ទទួល​ប្រាក់ ៣​ពាន់​ដុល្លារ ថ្លៃ​ជំងឺ​ចិត្ត និង​លិខិត​សុំ​ទោស​ពី​ឈ្មោះ ប៊ុន សុខា រួច​ហើយ កាល​ពី​ខែ​មេសា កន្លង​ទៅ៖ «គេ​មក​សុំ​ទោស គេ​ស្រវឹង​អី​អញ្ចឹង ហើយ​គេ​បាន​ឲ្យ​សំណង​យើង ដោះ​ស្រាយ​អស់​អី​អញ្ចឹង»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​ចៅក្រម ខាំ សុផារី និង​លោក លឹម លាងសែ នាយ​រង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទេ នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា។

តាម​ក្រម​ព្រហ្មទណ្ឌ​ត្រង់​មាត្រា​២១៨ បាន​ចែង​ថា អំពើ​ហិង្សា​ដោយ​ចេតនា ត្រូវ​បាន​ផ្ដន្ទាទោស​ពី ២ ទៅ ៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ៤​ទៅ ៦​លាន​រៀល កាល​ពី​អំពើ​ហិង្សា​នោះ ប្រព្រឹត្ត​ដោយ​មាន​ការ​គិត​ទុក​ជា​មុន និង​ប្រើ​អាវុធ ឬ​ក៏​គម្រាម​កំហែង​ដោយ​អាវុធ ដោយ​មាន​មនុស្ស​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អត់លុយអត់បាយ

មិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាគេមិនកាត់ទោសភ្លាមៗនោះ ព្រោះកាត់យ៉ាងម៉េចបើសុទ្ធតែជាបក្សពួកវាហ្នឹង។ បាញ់គេ អោយលុយចប់រឿង។ ចុះបើវាវិញត្រូវគេធ្វើបាបអញ្ជឹងដែរតើវាឈឺចាប់អត់? ជឿទៅទោះបីជាតុលាកាត់ទោសអោយជាប់គុកមែននោះ យ៉ាងច្រើនជាប់ត្រឹមតែ១សប្តាហ៏ រួចតុលាការដោះលែងវាអោយទៅវិញ ក៏យើងមិនដឹងដែរ។ 

Jun 22, 2012 05:16 AM

អ្នក​អាន​អនាមិក

ពី Pp

What happen when somebody knock your wife's door? They come for robbery or not? I ask you,

everybody. Hun Sen never order assistant or

adviser to kill or do violence. He is the one that
bring peace to Cambodia, destroy Khmer rough.
Free Asia, you must post my comment. Why you
don't come during pol pot regime? What you want
from Cambodia ? You alway say bad about
Cambodia, answer pls!!!!

Jun 22, 2012 02:19 AM

អ្នក​អាន​អនាមិក

The proper name is HUNSEN COURT. How about his brother protected the two sex maniac in Siemreap who touched the"private part" of the waitresses.

Jun 21, 2012 10:30 AM

កូនខ្មែរ

ពី បាត់ដំបង

សកម្មភាពនេះបង្ហាញឲ្យឃើញច្បាស់ថា បើកូនចៅមានចរិកបែបនេះហើយ មេក៏វាមិនខុសគ្នាដែល។

Jun 21, 2012 10:21 AM

អ្នក​អាន​អនាមិក

According to Cambodian Law, this is a criminal case. Even in the civil part, the guilty accepts to pay for injury + compensation+...(small amount as the live a a normal cambodia people is that cheap during this regime), the royal procuror has to sue this guy for criminal acts and if not the procuror has not filled his duties this means that there is 2 shifts justice in Cambodia.

Jun 21, 2012 07:44 AM

មើល​មតិ​ទាំង​អស់.