លោក ហ៊ុន សែន ប្រដូច​លោក សម រង្ស៊ី ទៅ​នឹង​សត្វ​ក្អាត់

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ទៅ​នឹង លោក សម រង្ស៊ី ដែល​បាន​អះអាង​ថា រូប​លោក​នឹង​រក​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​វៀតណាម ដើម្បី​ឲ្យ​ជួយ​រូប​លោក​បាន​វិល​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ។
ដោយ សួន សុផល មុន្នី
2012-06-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន ៣០៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ ៥៦ នៅ​ភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១២។
RFA/Soun Sophalmony

លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ ៥៦ នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មិថុនា បាន​ប្រកាស​ថា ប្រទេស​វៀតណាម​មិន​អាច​មាន​សម្ពាធ​លើ​រូប​លោក​បាន​ទេ។ អ្នក​ដែល​មាន​ឥទ្ធិពល​លើ​រូប​លោក គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រៀប​ប្រដូច លោក សម រង្ស៊ី ជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ទៅ​នឹង​សត្វ​ក្អាត់ ដែល​នៅ​ក្នុង​ក្អម ហើយ​ស្រែក​យំ​ឮៗ។ ការ​ថ្លែង​បែប​នេះ​ត្រូវ​បាន​លោក​ពន្យល់​ថា ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ បាន​បញ្ចប់​ទៅ​ហើយ ប៉ុន្តែ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​ស្រែក​ជេរ​រូប​លោក​ទៀត។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រតិកម្ម​ទៅ​កាន់ លោក សម រង្ស៊ី ដោយ​និយាយ​មិន​ចំ​ឈ្មោះ​ថា មាន​អ្នក​ទោស​និរទេស​ម្នាក់ បាន​និយាយ​ថា គេ​មិន​ចាំ​បាច់​ចរចា​ជា​មួយ លោក ហ៊ុន សែន ទេ ព្រោះ លោក ហ៊ុន សែន គ្រាន់​តែ​ជា​អាយ៉ង​របស់​គេ។ ការ​ចរចា ត្រូវ​ធ្វើ​ជា​មួយ​វៀតណាម​ដែល​អាច​បញ្ជា​រដ្ឋាភិបាល ហ៊ុន សែន បាន។

ត្រង់​ចំណុច​នេះ លោក ហ៊ុន សែន សុំ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង សម រង្ស៊ី ថត​និង​កត់​ត្រា​សំដី​ខ្លួន​ឯង​ទុក ហើយ​ជុំ​រុញ​ឲ្យ លោក សម រង្ស៊ី ទៅ​ចរចា​ជាមួយ​វៀតណាម និង​អ្នក​ដែល​មាន​ឥទ្ធិពល​លើ​វៀតណាម ដើម្បី​ដាក់​សម្ពាធ​វៀតណាម។ សំដី​នេះ លោក ហ៊ុន សែន បាន​ប្រៀប​ប្រដូច​ទៅ​នឹង​សំដី  លោក ខៀវ សំផន ដែល​បាន​ប្រើ​នៅ​ពេល​ដែល​លោក​ជិត​ឈាន​ជើង​ទៅ​ចរចា​ជា​មួយ សម្ដេច​ព្រះ​បាទ នរោត្តម សីហនុ។ លោក​ថា លោក ខៀវ សំផន ក៏​បាន​និយាយ​ដូច​គ្នា​ថា មិន​ត្រូវ​ទៅ​ចរចា​ជាមួយ​ពួក​អាយ៉ង​ភ្នំពេញ​ទេ ត្រូវ​ចរចា​ជា​មួយ​ក្រុង​ហាណូយ។

លោក ហ៊ុន សែន៖ «អញ្ចឹង​ទេ សុំ​លោក​កត់​ត្រា​សំដី​ខ្លួន​ឯង​ទុក ខ្ញុំ​អរគុណ ព្រោះ​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់ មក​រំខាន​ខ្ញុំ​ទេ។ កត់​ត្រា​ទុក​ថ្ងៃ​ក្រោយ​តិច​ថា ទៅ​សរសេរ​សំបុត្រ ហើយ​ឲ្យ​មាន​ភ្នាក់​ងារ​អី​មក​ចរចា​សម្រប​សម្រួល​អី ជា​មួយ​ខ្ញុំ អត់​ទេ ព្រោះ​ខ្ញុំ​អាយ៉ង​គ្មាន​សិទ្ធិ អញ្ចឹង​សុំ​ឆ្លើយ​ប៉ុណ្ណឹង ក៏​ប៉ុន្តែ​លើ​លោកីយ៍​នេះ អ្នក​ដែល​មាន​សិទ្ធិ​ត្រួត​ត្រា ហ៊ុន សែន បាន គឺ​មាន​តែ​ប្រជាជន​ខ្មែរ​តែ​ប៉ុណ្ណោះ សំឡេង​ភាគ​ច្រើន​នៃ​ប្រជាជន​ខ្មែរ ទើប​មាន​សិទ្ធិ​ត្រួត​ត្រា ហ៊ុន សែន បើ​ប្រជាជន​បោះ​ឆ្នោត​ទម្លាក់​គណបក្ស​ប្រជាជន ទម្លាក់ ហ៊ុន សែន ហើយ​ខ្ញុំ​ត្រូវ​តែ​គោរព»

លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​អះអាង​ថា រូប​លោក​មិន​សុំ​ការ​ចរចា​ជា​មួយ លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា​ទេ ដោយ​លោក​ចោទ​ថា រដ្ឋាភិបាល​នេះ ជា​រដ្ឋាភិបាល​អាយ៉ង​របស់​ប្រទេស​វៀតណាម ដូច្នេះ​ លោក សុខ​ចិត្ត​ទៅ​ចរចា​ជា​មួយ​វៀតណាម​វិញ ដើម្បី​បាន​វិល​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១២ លោក សម រង្ស៊ី បាន​ចេញ​លិខិត​អំពាវនាវ​មួយ សុំ​ឲ្យ​កម្លាំង​ប្រជាធិបតេយ្យ​ខ្មែរ​រួប​រួម​គ្នា ដើម្បី​បញ្ចប់​អំណាច​ផ្ដាច់​ការ។ មេ​បក្ស​ប្រឆាំង​បាន​អត្ថាធិប្បាយ​ថា យោង​តាម​លទ្ធផល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២ បាន​បង្ហាញ​ឲ្យ​ឃើញ​កម្លាំង​ប្រជាធិបតេយ្យ ដែល​ចង់​ឲ្យ​មាន​ការ​ផ្ទាស់​ប្ដូរ បាន​សម្ដែង​យ៉ាង​ច្បាស់ ទាំង​ឆន្ទៈ និង​ចំនួន​ដ៏​ខ្លាំង​ក្លា លើស​លប់។ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ ឥស្សរជន​នយោបាយ និង​អ្នក​ស្នេហា​ជាតិ ស្នេហា​ប្រជាធិបតេយ្យ​ទាំង​អស់ រួម​គ្នា​បង្កើត​កម្លាំង​នយោបាយ​ដ៏​ធំ​មួយ ដើម្បី​បញ្ចប់​អំណាច​ផ្ដាច់​ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

ការ​អំពាវនាវ​នេះ បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ប្រកាស​ឲ្យ​គណបក្ស សម រង្ស៊ី ដែល​លោក​ហៅ​ថា គណបក្ស​ទី​២ ខំ​ប្រឹង​រក​សំឡេង​គាំទ្រ​ឲ្យ​បាន​ស្មើ​គណបក្ស​ប្រជាជន។ គណបក្ស​នេះ ​ត្រូវ​ការ​ពីរ​លាន​ បួន​សែន សំឡេង​ទៀត។ ចំណែក​គណបក្ស សិទ្ធិ​មនុស្ស ដែល​លោក​ហៅ​ថា គណបក្ស​ទី​៣ ដែល​ទើប​លេច​មុខ​មាត់​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ បើ​ចង់​បាន​ស្មើ​គណបក្ស​ប្រជាជន​កុំ​អាល​យក​ឈ្នះ ត្រូវ​ការ​ជាង​បី​លាន​សំឡេង​ទៀត ហើយ​ទោះ​បី​គណបក្ស​ទាំង​ពីរ​បូក​ចូល​គ្នា ត្រូវ​ខ្វះ​ជិត​ពីរ​លាន​សំឡេង​ទៀត។

ទន្ទឹម​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​កោត​សសើរ​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថា បាន​រៀប​ចំ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី​៣ នៅ​ឆ្នាំ​២០១២ នេះ ប្រព្រឹត្តិ​ទៅ​បាន​ល្អ ដោយ​ពុំ​កើត​មាន​អំពើ​ហិង្សា។ លោក​បន្ត​ថា ទោះ​បី​នៅ​ថ្ងៃ​បោះ​ឆ្នោត មាន​មេឃ​ភ្លៀង​ធ្លាក់​ខ្លាំង រំខាន​ដល់​ការ​បោះ​ឆ្នោត​ក៏​ដោយ ប៉ុន្តែ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ ស្រុក ខេត្ត ក្រុង ទាំង​អស់ បាន​ខំ​ប្រឹង​ធ្វើ​បាន​ល្អ​ប្រសើរ។ ជា​ការ​បោះ​ឆ្នោត​មួយ​ត្រឹម​ត្រូវ យុត្តិធម៌ មាន​តម្លាភាព និង​គ្មាន​អំពើ​ហិង្សា។ ប៉ុន្តែ នៅ​ថ្ងៃ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​វិញ​នោះ លោក​នាយក​រដ្ឋមន្ត្រី បាន​សម្ដែង​ប្រតិកម្ម​ចំពោះ​ការ​ឃោសនា​ប្រមាថ​របស់​បក្ស​ប្រឆាំង​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ហ៊ុន សែន៖ «ដូច​ជា​ការ​ជេរ អា​មេ​ឃុំ​មុខ​លុយ សំណាង​ល្អ​ដែល​បង​ប្អូន មិន​បាន​ឆ្លើយ​តប អា​មេ​បក្ស​មុខ​ចោរ ព្រោះ​អា​អ្នក​ដែល​ជេរ​មេ​ឃុំ​មុខ​លុយ​ហ្នឹង គឺ​ជា​អា​ចោរ​លួច​អង្ករ អញ្ចឹង​បើ​គេ​បក​ទៅ​វិញ​តែ​មួយ​ម៉ាត់ ធ្ងន់​ខ្លួន គឺ​អា​មេ​បក្ស​មុខ​ចោរ តែ​បង​ប្អូន​យើង​មិន​បាន​ឆ្លើយ​ទេ ហើយ​មាន​ពេល​ខ្លះ​ទេវតា​យើង​នៅ​ លើ​ក្បាល ឥឡូវ​គេ​ឈប់​ហៅ​មី​ស្រី​លើក​ជើង​ហើយ គេ​ហៅ​មី​ស្រី​កាកី នៅ​ស្វាយ​ជ្រំ ខេត្ត​ស្វាយរៀង»

ទាក់​ទិន​ករណី លោក សម រង្ស៊ី ចង់​រត់​ទៅ​ពឹង​ពាក់​ប្រទេស​វៀតណាម​ឲ្យ​ជួយ​នោះ លោក សុខ ទូច ជា​អ្នក​វិភាគ​ឯករាជ្យ បាន​ផ្ដល់​អត្ថាធិប្បាយ​ថា ករណី លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់​ទោស​រួច​ទៅ​ហើយ ប៉ុន្តែ​ព្រះមហាក្សត្រ​ខ្មែរ ព្រះអង្គ​មាន​ព្រះរាជ​សិទ្ធិ​ប្រទាន​ទោស​ឲ្យ លោក សម រង្ស៊ី វិល​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្នាក់ និង​ជា​តំណាង​រាស្ត្រ​ម្នាក់ ដើម្បី​ផ្ដល់​ឱកាស​ចូល​រួម​ប្រកួត​ប្រជែង​ស្មើ​មុខ ស្មើ​មាត់ និង​មាន​តុល្យភាព​អំណាច​នៃ​កម្លាំង​បក្ស​នីមួយៗ ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ នៅ​ឆ្នាំ​២០១៣។ ករណី​ចង់​ទៅ​ពឹង​ពាក់​វៀតណាម​នោះ ឲ្យ​ជួយ​នោះ លោក សុខ ទូច បាន​ស្នើសុំ​ឲ្យ​អ្នក​នយោបាយ​សិក្សា​ពី​ប្រវត្តិ​សាស្ត្រ​ឡើង​វិញ។

លោក សុខ ទូច៖ «ហេតុ​អី​ខ្មែរ​យើង​ឈ្លោះ​គ្នា រក​ទៅ​ពឹង​អ្នក​នេះ ពឹង​អ្នក​នោះ យើង​រក យើង​ត្រូវ​រក​ដំណោះ​ស្រាយ​ផ្ទៃ​ក្នុង​ឲ្យ​បាន​ជា​មុន​សិន ខ្មែរ​អស់​ដី ដោយ​សារ​តែ​ពឹង​គេ​ហ្នឹង​ឯង សុំ​ឲ្យ​អ្នក​នយោបាយ​សិក្សា​ពី​ប្រវត្តិ​សាស្ត្រ​ឡើង​មក​វិញ ការ​ពឹង​គេ​គ្មាន​ជាតិ​សាសន៍​ណា​មួយ ដែល​គេ​ស្រលាញ់​ប្រជាជាតិ​ប្រជាជន​យើង​ជៀស​ជាង​ខ្លួន​យើង​ទេ អញ្ចឹង​ទេ កាល​ណា​ដែល​ជ្រើស​រើស​ពឹង​សាសន៍​គេ ដាច់​ខាត​គេ​ត្រូវ​តែ​មាន​ផល​ចំណេញ​អ្វី​មួយ​ពី​យើង​ហើយ»

ចំណុច​ទាំង​នេះ លោក សុខ ទូច សុំ​ឲ្យ លោក សម រង្ស៊ី និង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះ​ស្រាយ​គ្នា​ឡើង​វិញ។ ភាសា​អ្នក​នយោបាយ​មាន​ភាព​តឹង​តែង​ដាក់​គ្នា​ពិត​មែន ប៉ុន្តែ​បើ​រក​ចំណុច​រួម​ណា​មួយ​ឃើញ​បាន​នោះ នឹង​អាច​ដោះ​ស្រាយ​បាន ហើយ​ការ​ទៅ​ពឹង​ពាក់​បរទេស ជា​រឿង​មួយ​ដែល​លោក​ចាត់​ទុក​ថា ជា​រឿង​អាម៉ាស់​បំផុត​សម្រាប់​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (37)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

អ្នកនយោបាយខ្មែរចាត់ទុកគ្នាជាសត្រូវ។អ្នកនយោបាយខ្មែរមានទំលាប់ពឹងបរទេសដើម្បីបានអំណាច និងការពារអំណាច។​វាពិតជាគួរឲ្យអាសូរដីខ្មែរណាស់ដែលមានសុទ្ឋតែមនុស្សចោលម្សៀតដឹកនាំប្រទេស និងព្យាយាមចង់បានអំណាច។ សម័យដេកជោរនេះមិនមានការបាត់បង់ទឹកដីមួយចំអាមនោះទេ គឺពិតណាស់មិនបាត់បង់មួយចំអាមមែន ប៉ុន្តែបាត់រាប់រយគីឡូឯណោះ។ បើបងប្អូនជនជាតិខ្មែរចង់ដឹងថាខ្មែរពិតជាបាត់ទឹកដីមែន សូមទៅសួរអាហ៊ាហុងទៅដឹងហើយ។ ឯចំណែកនៅខាងលិចសូមទៅសួរល្បងឌឹក និងចឹកដារាទៅដឹងហើយ​ តើបាត់ដីមែនឬអត់?

Jun 11, 2012 10:41 AM

អ្នក​អាន​អនាមិក

ពី New York

I strongly agree wth the statement of Mr. Sok Touch

Jun 10, 2012 01:03 PM

អ្នក​អាន​អនាមិក

Why HUN SEN did not give up power in 1993. you lost election

Jun 09, 2012 08:19 AM

អ្នក​អាន​អនាមិក

Think before saying, mr. samransy..not on one side, but more..

Jun 08, 2012 05:41 AM

ភ្នាក់ងារ

ពី ភ្នំពេញ

លោក សម រង្សី គួរគិតពីទុក្ខលំបាកខ្មែរជាធំ និង រៀបចំនយោបាយរយះពេលវែង កសាងប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីជួរបក្សទៅ។

Jun 08, 2012 05:28 AM

មើល​មតិ​ទាំង​អស់.