សមត្ថកិច្ចកំពុងត្រូវការក្រុមអ្នកជំនាញផ្នែកកោសល្យវិច័យ ដើម្បីឱ្យប្រាកដថា តើឆ្អឹងសាកសពទាំងនោះអាចពាក់ព័ន្ធនឹងបទឧក្រិដ្ឋថ្មីៗណាមួយ ឬក៏ជាឆ្អឹងជនរងគ្រោះដែលសម្លាប់នៅក្នុងរបបខ្មែរ ក្រហម កាលពីជាង ៣០ឆ្នាំមុន?
ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ជូនមន្ត្រីរបស់ខ្លួនទៅកាន់ស្រុកក្រឡាញ់ កាលពីព្រឹកថ្ងៃអាទិត្យ ទី៥ ខែសីហា ដើម្បីពិនិត្យមើលឆ្អឹងសាកសពមនុស្សជាច្រើនដែលគេទើបតែប្រទះឃើញ ដើម្បីរក្សាទុកទីនោះឱ្យស្ថិតនៅក្នុងសភាពដើម ហើយនិងធ្វើការអង្កេតទៅភិនភាគស្លាកស្នាមឆ្អឹងសាកសពទាំងនោះ ថាតើពួកគេបានស្លាប់ដោយសារអ្វី?
លោក ញឹម សិលា ជាមេបញ្ជាការរងនៃកងរាជអាវុធហត្ថខេត្តសៀមរាប ដែលបានទៅពិនិត្យដល់ កន្លែងឆ្អឹងសាកសព។ លោកបានមានប្រសាសន៍ថា ឆ្អឹងសាកសពមនុស្សជាច្រើនត្រូវបានគេប្រទះឃើញកប់នៅក្នុងរណ្ដៅរួមមួយកន្លែង ជម្រៅប្រមាណពី៥ ទៅ ៦ម៉ែត្រ នៅក្នុងភូមិសាស្ត្រជិតតំបន់ភ្នំទ្រង់បាត នៃឃុំកំពង់ថ្កូវ ក្នុងស្រុកក្រឡាញ់។ មន្ត្រីដដែលបានបញ្ជាក់ទៀតថា ឆ្អឹងសាកសពនោះត្រូវបានគេប្រទះឃើញដោយចៃដន្យ កាលពីថ្ងៃទី៤ ខែសីហា កន្លងទៅ ដោយសារតែក្រុមអ្នកដឹកអាចម៍ដីលក់ បានទៅជីកយកដីពីទីនោះ។
លោក ញឹម សិលា៖ «ភិនភាគស្លាកស្នាមនៃការស្លាប់មនុស្ស មិនមែនរាប់សិបនាក់ទេ គឺរយនាក់។អ៊ីចឹងគឺការសម្លាប់នៅក្នុងរណ្ដៅ ដែលកម្ពុជាយើងមិនមែនរឿងថ្មីទេ គឺរឿងចាស់ ជាទូទៅ។ អ៊ីចឹងខ្ញុំសន្និដ្ឋានថា ការសម្លាប់នៅក្នុងរបប ប៉ុល ពត ហ្នឹងហើយ ប៉ុន្តែរណ្ដៅវាធំធេងពេក បើយើងរុករកវាច្រើន។ ក្រោយពីការរកឃើញបានប៉ុណ្ណា ខ្ញុំរាយការណ៍ជូនឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា គឺឱ្យផ្អាកត្រឹមប៉ុណ្ណឹង ឃើញប៉ុណ្ណឹង ការពារប៉ុណ្ណឹងសិន រង់ចាំអាជ្ញាធរពាក់ព័ន្ធណាដែលអាចធ្វើជាស្តូប ឬក៏ជាកន្លែងទីសក្ការៈបូជាណាមួយ ដើម្បីគោរពដល់អ្នករងគ្រោះទាំងហ្នឹង»។
មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលស្រាវជ្រាវពីរបបខ្មែរក្រហម បានឱ្យដឹងថា គេមិនទាន់បានទទួលព័ត៌មានស្ដីពីការជួបប្រទះឆ្អឹងសាកសពមនុស្សរាប់រយនាក់នោះនៅឡើយទេ ក៏ប៉ុន្តែគេសន្និដ្ឋានថា អ្នកស្លាប់ទាំងនោះទំនងជានៅក្នុងរបបខ្មែរក្រហម។
លោក ឌី ខាំបូលី ជាអ្នកសរសេរប្រវត្តិសាស្ត្រអំពីរបបខ្មែរក្រហមនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានមានប្រសាសន៍ថា លោកចាប់អារម្មណ៍ជាមួយព័ត៌មានដែលប្រទះឃើញឆ្អឹងសាកសពមនុស្សរាប់រយនាក់នៅតំបន់ភ្នំទ្រង់បាតនោះ។
លោក ឌី ខាំបូលី បានសន្និដ្ឋានថា ឆ្អឹងសាកសពទាំងនោះ អាចជាការសម្លាប់នៅក្នុងរបបខ្មែរក្រហមពីអំឡុងឆ្នាំ១៩៧៥ ដល់ចុងឆ្នាំ១៩៧៨ ពីព្រោះតែតាមការស្រាវជ្រាវលោកដឹងថា ទីនោះ ក៏ជាអតីតកន្លែងគុកសម្លាប់មនុស្សរបស់ពួកខ្មែរក្រហមដែរ។
លោក ឌី ខាំបូលី៖ «ខ្ញុំនឹងជូនព័ត៌មាននេះទៅលោកនាយក ឆាំង យុ ដើម្បីឱ្យគាត់ធ្វើការសំរេចចិត្តទៅលើការសិក្សាស្រាវជ្រាវនេះ ពីព្រោះថា មជ្ឈមណ្ឌលបានស្រាវជ្រាវកន្លែងទីតាំងសម្លាប់មនុស្ស ហើយនិងគុកខ្មែរក្រហមហ្នឹងតាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ។ ជាទូទៅព័ត៌មានដែលទាក់ទងទៅនឹងរបបខ្មែរក្រហម ជាព័ត៌មានមួយចាប់អារម្មណ៍ ហើយជាព័ត៌មានថ្មី ដែលអាចជាព័ត៌មានបន្ថែមសម្រាប់ការសិក្សាពីរឿងខ្មែរក្រហមផងដែរ»។
មជ្ឈមណ្ឌលឯកសារកម្ពុជា បានឱ្យដឹងថា តាមការស្រាវជ្រាវកាលពីឆ្នាំ១៩៩៨ កន្លងទៅ គេដឹងថា តំបន់ជិតភ្នំទ្រង់បាត នៃស្រុកក្រឡាញ់នោះ គឺជាឡពិឃាដដែលរបបខ្មែរក្រហមធ្វើសម្រាប់សម្លាប់មនុស្ស ហើយដុតយកឆ្អឹងទៅធ្វើជាជីរបាចស្រែ។
ការស្រាវជ្រាវបញ្ជាក់ថា មានប្រជាពលរដ្ឋខ្មែរប្រមាណ ៣ម៉ឺន៥ពាន់នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ត្រូវបានក្រុមខ្មែរក្រហមចាប់ខ្លួនយកទៅសម្លាប់នៅតំបន់ភ្នំទ្រង់បាតនោះ ចាប់ពីអំឡុងឆ្នាំ១៩៧៥ ទៅដល់ចុងឆ្នាំ១៩៧៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
