ជាងមួយខែក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យយុវជនស្ម័គ្រចិត្តចុះវាស់វែងដីផ្តល់កម្មសិទ្ធិជូនពលរដ្ឋនៅខេត្តចំនួន៧ ដែលមានទំនាស់ដីធ្លី ហើយនៅថ្ងៃទី៤ កញ្ញា លោក ហ៊ុន សែន ប្រកាសយកខេត្តក្រចេះ ជាខេត្តដំបូងបង្អស់ សម្រាប់ការចុះផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ។
ហេតុអ្វីបានជាលោក ហ៊ុន សែន ជ្រើសរើសខេត្តក្រចេះជាខេត្តអាទិភាព ដើម្បីផ្តល់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «នៅក្រចេះ ខ្ញុំនឹងទៅផ្តល់ប័ណ្ណកម្មសិទ្ធិជាលើកដំបូង មិនមែនបណ្ដោះអាសន្នទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគម្រោងចែកប្លង់ដីកម្មសិទ្ធិជូនពលរដ្ឋ នៅខេត្តក្រចេះ បន្ទាប់ពីលោកដកដីដែលរដ្ឋាភិបាលបានផ្តល់សម្បទានឲ្យក្រុមហ៊ុនឯកជន មកចែកឲ្យប្រជាពលរដ្ឋ។ គ្រោងការនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍សង្គម មើលឃើញថា លោក ហ៊ុន សែន មានបំណងកេងចំណេញផ្នែកនយោបាយ និងជួសជុលផ្លូវចិត្តពលរដ្ឋនៅខេត្តក្រចេះ កុំឲ្យអាក់អន់ចិត្តនឹងរដ្ឋាភិបាល។
ប្រធានផ្នែកអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការជ្រើសរើសទីតាំងចុះចែកប័ណ្ណកម្មសិទ្ធិបែបនេះ មិនមែនចេះតែជ្រើសរើសតាមការនឹកឃើញនោះឡើយ។ លោកបន្តថា ខេត្តក្រចេះ មានរឿងរ៉ាវជាច្រើនដែលលោក ហ៊ុន សែន គិតថាជាអាទិភាព ដូចជាខេត្តដែលគណបក្សប្រជាជនកម្ពុជា ធ្លាប់បង្កើតចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិ កាលពីឆ្នាំ១៩៧៨ ជាខេត្តគំរូក្នុងការវាស់វែងដីជាដើម។
លោក អំ សំអាត បញ្ជាក់ថា ការចុះទៅចែកប្លង់ដីនោះ គឺដើម្បីជួសជុលផ្លូវចិត្តប្រជាពលរដ្ឋ ដែលរងការភ័យខ្លាច ខណៈពេលដែលកងទ័ពរដ្ឋាភិបាលចុះបង្ក្រាបអ្នកមានទំនាស់ដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែឧសភា៖ «ការចែកហ្នឹង គឺតំបន់ជាប់គ្នា ជាការបង្ហាញពីការមន្ទិលនៅតំបន់ចម្រូងចម្រាស់ ចង់បង្វែរការចាប់អារម្មណ៍ធ្វើឲ្យមានការចាប់អារម្មណ៍ថ្មីមួយទៀត ដើម្បីរំសាយចិត្តពីបញ្ហាដែលកើតឡើងនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លង ខេត្តក្រចេះ នោះ»។
លោក អំ សំអាត បន្តថា រដ្ឋាភិបាលមិនទាន់បានរកយុត្តិធម៌ឲ្យកុមារីដែលត្រូវទាហានបាញ់សម្លាប់នោះនៅឡើយទេ ខណៈពេលដែលរដ្ឋាភិបាលបានចោទប្រកាន់មនុស្សជាច្រើននាក់ទៅកាន់តុលាការ ដូចជាលោក ម៉ម សូណង់ដូ លោក ចាន់ សុវ៉េត លោក ប៊ុន រដ្ឋា និងពលរដ្ឋចំនួនប្រាំបីនាក់ទៀតផង។
ទន្ទឹមនឹងនេះ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការចុះចែកប័ណ្ណកម្មសិទ្ធិរបស់លោក ហ៊ុន សែន នៅខេត្តក្រចេះ គឺដើម្បីបង្ហាញថា គម្រោងវាស់ដីធ្លីរបស់លោក ហ៊ុន សែន ថាបានទទួលជោគជ័យ។
លោកបន្តថា រដ្ឋាភិបាលក៏អាចនឹងឆ្លៀតផ្សះផ្សាផ្លូវចិត្តពលរដ្ឋដែលមានជម្លោះដីធ្លីនៅទីនោះបានដែរ។ លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា ការចុះចែកប័ណ្ណកម្មសិទ្ធិនៅខេត្តក្រចេះ នេះ មិនមានអ្វីប្លែកសម្រាប់អារម្មណ៍មហាជនឡើយ៖ «តាមពិត កិច្ចការធំមែន តែរឿងចែកហ្នឹងហាក់ដូចជាស៊ាំណាស់ ដូចជាធម្មតាហ្នឹងរឿងចែកហ្នឹងមានចែកសញ្ញាប័ត្រ ចែកប័ណ្ណកម្មសិទ្ធិឲ្យពលរដ្ឋហ្នឹង វាប្រហែលនឹងចែកសញ្ញាប័ត្រជូននិស្សិតដែរហ្នឹង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ហូ សុទ្ធី នាយខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីបានទេ នៅថ្ងៃទី១០ កញ្ញា ឆ្នាំ២០១២។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៤ ខែកញ្ញា នៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតនៅកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជាការផ្ដល់ទំនុកចិត្ត និងផ្ដល់ទុនជូនពលរដ្ឋ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា ធ្វើការផ្ដល់ប្លង់ដីឲ្យពលរដ្ឋ ដើម្បីឲ្យមហាជនពេញចិត្ត និងគាំទ្រ។ លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងបើកការសួរឆ្លើយទៅកាន់ប្រជាពលរដ្ឋនៅខេត្តក្រចេះ ក្នុងពេលផ្ដល់ប្លង់ដីទៀតផង៖ «បើធ្វើសម្រាប់តែប្រជាជនជេរម្រាយ មិនបាច់ធ្វើទេ នៅក្បាលត្រាច នៅស្រែចាស់ នឹងបានប័ណ្ណកម្មសិទ្ធិ នៅថ្ងៃទី២១ មួយខេត្តរើសឲ្យទៅមួយកន្លែងៗ»។
ទោះជាយ៉ាងនេះក្ដី លោក អំ សំអាត មានប្រសាសន៍ថា បញ្ហាទំនាស់ដីធ្លីនៅកម្ពុជាមានច្រើន ដែលរដ្ឋាភិបាលមិនទាន់បានដោះស្រាយ ប៉ុន្តែរដ្ឋាភិបាលនឹងលើកយកការវាស់វែងដីធ្លីជូនពលរដ្ឋជាយុទ្ធសាស្ត្រទាក់ទាញការគាំទ្រនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ នាពេលខាងមុខ។
លោកបន្តថា គោលនយោបាយចាស់សកម្មភាពថ្មីរបស់រដ្ឋាភិបាល ជាការទប់ស្កាត់ទំនាស់ដីធ្លីនៅកម្ពុជា ដែលបណ្ដាលមករដ្ឋាភិបាលផ្ដល់សម្បទានដីឲ្យក្រុមហ៊ុនឯកជន ដូចនេះ រដ្ឋាភិបាលត្រូវតែមានយន្តការថ្មីៗបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាទាំងនេះ៖ «វានៅមានកន្លែងទំនាស់ជាច្រើនទៀត ដូចនេះសុំឲ្យរដ្ឋាភិបាលបង្កើតយន្តការបន្ថែមទៀត ដើម្បីដោះស្រាយវិវាទដីធ្លី ហើយឲ្យប្រជាពលរដ្ឋទាំងអស់ហ្នឹង មានកម្មសិទ្ធិ ទោះដីហ្នឹងពាក់ព័ន្ធនឹងកម្មសិទ្ធិស្ថាប័នរដ្ឋ ឬឯកជនក៏ដោយ»។
នៅឃុំក្បាលត្រាច និងស្រែចាស់ ជាទីដែលប្រជាពលរដ្ឋធ្លាប់មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយឈ្មោះ ស៊ី.អាយ.វី (CIV) ហើយត្រូវបានក្រុមនិស្សិតចុះវាស់វែងដីធ្លីឲ្យពលរដ្ឋរួចរាល់ហើយ។ ទំនាស់ដីធ្លីនៅខេត្តក្រចេះ បណ្ដាលឲ្យមានបញ្ហាជាច្រើនដូចជា ពលរដ្ឋបិទផ្លូវជាតិជាច្រើនដងច្រើនសារ ការចាប់អ្នកភូមិដាក់គុក និងជាពិសេស រដ្ឋាភិបាលបានសម្រេចចោទលោក ប៊ុន រដ្ឋា ថាបង្កើតតំបន់អបគមន៍ ហើយឈានដល់ការបាញ់សម្លាប់អ្នកភូមិទៀតផង។
កាលពីថ្ងៃទី២៨ ខែមិថុនា យុវជនស្ម័គ្រចិត្តជាង១ពាន់នាក់ បានចុះវាស់វែងដីធ្លីជូនពលរដ្ឋនៅតាមបណ្ដាខេត្តចំនួន៧ មានខេត្តរតនគិរី ក្រចេះ មណ្ឌលគិរី កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពត។
លោក ហ៊ុន សែន កំណត់យកខេត្តក្រចេះ ជាខេត្តអាទិភាពដំបូងក្នុងការផ្ដល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថា ការចំណាយផ្សេងៗទាក់ទងប្រាក់ឧបត្ថម្ភ និងសោហ៊ុយធ្វើដំណើរចុះវាស់វែងដី លោកជាអ្នកទទួលខុសត្រូវក្នុងការចំណាយ។ ប៉ុន្តែ មិនមានរបាយការណ៍ណាមួយបញ្ជាក់ថា យុវជនស្ម័គ្រចិត្តចុះវាស់វែងដីទាំងអស់ត្រូវចំណាយប្រាក់អស់ប៉ុន្មាននោះឡើយ។
ក្រុមអ្នកតាមដានបញ្ហាសង្គមនៅកម្ពុជា យល់ថា រដ្ឋាភិបាលមិនធ្លាប់បានទទួលខុសត្រូវនូវទង្វើដែលខ្លួនបានប្រព្រឹត្តិមិនត្រឹមត្រូវនោះទេ ដូចជា បញ្ហាទំនាស់ដីធ្លីជាដើម បើអាជ្ញាធរអនុវត្តតាមច្បាប់ត្រឹមត្រូវ ក៏មិនកើតមានទំនាស់ដីធ្លីគ្រប់ទីកន្លែងនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។