នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ចិន​បង្កើន​គុណភាព​សាងសង់​ផ្លូវ​និង​ស្ពាន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី៩ ខែ​តុលា បាន​បើក​ការដ្ឋាន​សាងសង់ និង​ពង្រីក​កំណាត់​ផ្លូវ​ជាតិ​លេខ៥ ប្រវែង​ជាង ៣០គីឡូម៉ែត្រ ចាប់​ពី​ស្ពាន​ជ្រោយចង្វា ដល់​ព្រែក​ក្តាម ជាយ​ទីក្រុង​ភ្នំពេញ។
ដោយ សុខ សេរី
2012-10-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន និង​ផាន ហ្គួងហ្សេ ៣០៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ) និង​ឯកអគ្គ​រដ្ឋទូត​ចិន លោក ផាន ហ្គួងហ្សេ (Phan Guang Xe) (ឆ្វេង) នៅ​ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ៥ នៅ​ព្រែក​ក្ដាម ជាយ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០១២។
RFA/Sok Serey

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៩ ខែ​តុលា បាន​អំពាវនាវ​សុំ​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ សៀងហៃ គ្រុប (Saing Hai Group) បង្កើន​គុណភាព​សាងសង់​ផ្លូវ​ថ្នល់ និង​ស្ពាន​នានា នៅ​កម្ពុជា ដើម្បី​ប្រើប្រាស់​គង់វង្ស​បាន​យូរ ជៀសវាង​ការ​ខូច​ខាត​ដោយ​ងាយៗ​ក្រោយ​ពី​ការ​សាងសង់​ហើយ។

គម្រោង​សាងសង់​កំណាត់​ផ្លូវ​ជាតិ​លេខ៥ នោះ គឺ​ត្រូវ​ចំណាយ​ថវិកា​ចំនួន​ជាង ៥៦​លាន​ដុល្លារ​អាមេរិក ជា​កម្ចី​ឥណទាន​ពី​ប្រទេស​ចិន នៅ​ក្នុង​ចំណោម​កម្ចី​ឥណទាន​សរុប​ចំនួន​ជាង ៤០០​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន​៨ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ កន្លង​ទៅ រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អនុ​ប្រធានាធិបតី​ចិន លោក ស៊ីជិន ពីង (XiJinping) នៅ​ប្រទេស​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាពលរដ្ឋ​ជាង ៥.០០០​នាក់ នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​នោះ​ថា យើង​ត្រូវ​ការ​ផ្លូវ​ថ្នល់ និង​ស្ពាន ដែល​មាន​គុណភាព​ជាប់​បាន​យូរ៖ «ព្រោះ​បទពិសោធន៍​មួយ​ដែល​ក្រុមហ៊ុន សៀងហៃ គ្រុប ត្រូវ​បន្ត​ដក​បទពិសោធន៍ គឺ​ការ​កសាង​ផ្លូវ​ជាតិ​លេខ៧ គឺ​ថា​អា​ហ្នឹង គឺ​ធ្វើ​អត់​ជាប់​ទេ។ ប្រហែល​វា​មាន​មូលហេតុ​អ្វី​វា​នៅ​ខាង​ក្រោម ហើយ​ដែល​តម្រូវ​ត្រូវ​យក​ស្តង់ដារ​បែប​ថ្មី។ អា​ហ្នឹង គ្រាន់​តែ​ផ្តល់​អនុសាសន៍​សម្រាប់​ការ​ចរចា​រវាង​ក្រសួង​សាធារណការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​បន្ត​ទៅ​ទៀត​នូវ​គម្រោង​នានា»

ឯកអគ្គ​រដ្ឋទូត​ចិន ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក ផាន ហ្គួងហ្សេ (Phan Gung Xe) បាន​មាន​ប្រសាសន៍​ថា ផ្លូវ​ជាតិ​លេខ៥ នេះ គឺ​ជា​ផ្លូវ​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ថៃ៖ «ផ្លូវ​នេះ​មាន​សារសំខាន់​ចំពោះ​ការ​ជំរុញ​របរ​ទេសចរណ៍ វប្បធម៌ និង​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល និង​តំបន់​ជុំវិញ​ទីក្រុង​ភ្នំពេញ។ ខ្ញុំ​សង្ឃឹម​ថា ក្រុមហ៊ុន សៀងហៃ គ្រុប ដែល​គាត់​សាងសង់​ផ្លូវ​ថ្នល់ និង​សាងសង់​ពង្រីក​ផ្លូវ​ជាច្រើន នឹង​ធ្វើ​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រជាជន និង​អាជ្ញាធរ​ដែនដី»

ទាក់​ទង​នឹង​គុណភាព​នៃ​ការ​សាងសង់​កន្លង​មក​ដោយ​ក្រុមហ៊ុន​ចិន នោះ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ បាន​មាន​ប្រសាសន៍​ថា ការ​ក្រើនរំលឹក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​សញ្ញា​វិជ្ជមាន៖ «ហើយ​រឿង​ទាំង​អស់​ហ្នឹង គឺ​អំពើ​ពុក​រលួយ​តែ​ម្តង។ អំពើ​ពុក​រលួយ​ហ្នឹង ចេញ​ពី​ណា​មក ចេញ​ពី​ស្ថាប័ន​មួយ​ចំនួន។ អីចឹង បើ​លោក​បាន​ដឹង​ជា​ការ​ល្អ ហើយ​ចាត់​វិធានការ​ទៅ ដាក់​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ឲ្យ​បាន​ត្រឹមត្រូវ ឲ្យ​មាន​យន្តការ​ធ្វើ និង​យន្តការ​ត្រួត​ពិនិត្យ ដើម្បី​ធានា​ថា គុណភាព​នៃ​ការ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​អស់​ហ្នឹង ស្រប​តាម​ស្តង់ដារ»

ប្រជាពលរដ្ឋ​ឈ្មោះ អ៊ំ ជួប អាយុ ៥៣ឆ្នាំ នៅ​សង្កាត់​សំរោង ខណ្ឌ​សែនសុខ ក្រុង​ភ្នំពេញ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​នោះ បាន​និយាយ​ថា លោក​រីករាយ​នឹង​គម្រោង​សាងសង់​នេះ៖ «ធំ​ទៅ​យើង ចិត្ត​យើង​ទូលាយ កុំ​ឲ្យ​ចរាចរណ៍​កក​ស្ទះ។ កន្លង​មក​ផ្លូវ​តូច ឧស្សាហ៍​មាន​គ្រោះថ្នាក់»

កន្លង​មក​ក្រុមហ៊ុន សៀងហៃ គ្រុប (Saing Hai Group) របស់​ចិន បាន​ទទួល​សាងសង់​កំណាត់​ផ្លូវ​ជាតិ​លេខ៦ ចាប់​ពី​ស្ពាន​ជ្រោយចង្វា ដល់​ផ្លូវ​កែង​នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម។ ក្រុមហ៊ុន សៀងហៃ គ្រុប នោះ ក៏​បាន​ទទួល​ការ​សាងសង់​ដែរ​នូវ​ស្ពាន​ថ្មី​មួយ នៅ​ក្បែរ​ស្ពាន​ជ្រោយចង្វា។

ក្រៅ​ពី​ការ​និយាយ​ផ្ដោត​លើ​ការ​សាងសង់​កំណាត់​ផ្លូវ​ជាតិ​លេខ៥ នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដែរ​ថា លោក​សូម​ឲ្យ​មហាសន្និបាត​នៃ​បក្ស​កុម្មុយនីស្ត​ចិន នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ខាង​មុខ​នេះ ប្រកប​ដោយ​ជោគជ័យ ដើម្បី​ជ្រើស​រើស​មេ​ដឹកនាំ​ថ្មី​របស់​ចិន៖ «ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ចិន ព្រោះ​កំណើន​នៃ​សេដ្ឋកិច្ច​ចិន វា​នឹង​ផ្តល់​នូវ​ការ​រួម​ចំណែក មិន​ត្រឹម​តែ​ជួយ​ប្រជាជន​ចិន ខ្លួន​ឯង​ទេ គឺ​ជួយ​ដល់​ប្រទេស​អភិវឌ្ឍន៍​ដទៃ​ទៀត»

គណបក្ស​កុម្មុយនីស្ត​ចិន គឺ​មាន​សម្ព័ន្ធភាព​ជិតស្និទ្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នា​ពេល​បច្ចុប្បន្ន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CPP

ពី P.PENH

ខំនំាគ្នាពុករលួយទៅ​ប្រយត្ន័ដូចហុកឡង់ឌី៕

Oct 10, 2012 08:22 AM

ឌី​​ ដូវ

ពី ប៉ារីស

រដដ្ឋាភិបាល គូរតែបង្កើតរដ្ឋមន្ត្រិក្រសួង
ស្មូមទានគេ។

Oct 10, 2012 05:16 AM

អ្នក​អាន​អនាមិក

Hun Sen knows there are many kinds of corruption, but he cannot do that because he is also part of it. Many roads in my provinces do not have good quality after construction. They last only two or three months and then they become broken again.

Oct 10, 2012 01:00 AM

អ្នក​អាន​អនាមិក

Poor quality comes from a lot of factors:
Cambodian government (DOT) does nopt know how to design or inspect. China does whatever she likes, because her money. The construction costs $1 on paper but the construction at the site is only 50 cents because the big guys and his folloowers need 50 cents to put in their pocket.

Oct 09, 2012 07:41 PM

អាន បាន សុខ

ពី តាកែវ

លោកនាយកហ៊ុន សែនគួរតែសួរខ្លួនឯងថា‹‹តើអាត្មាអញ
គួរឈប់ពុករលួយហើយឬនៅ?››។ប្រសិនជាឆ្លើយមិនរួច
ទេកុំសង្ឃឹមថាអ្វីៗដែលចិនកសាងមានគុណភាពល្អនោះ។

Oct 09, 2012 04:41 PM

មើល​មតិ​ទាំង​អស់.