រដ្ឋាភិបាល​សន្យា​ថា​នឹង​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ការ​ផ្ដល់​ដី​សម្បទាន

ប្រមុខ​នៃ​រាជរដ្ឋាភិបាល​មាន​ប្រសាសន៍​ថា ផល​ប៉ះពាល់​ដែល​កើត​មាន​ក្នុង​បញ្ហា​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នា​ពេល​កន្លង​ទៅ រាជរដ្ឋាភិបាល​សម្រេច​ថា ត្រូវ​តែ​ដោះស្រាយ​ដោយ​កាត់​ចេញ​ដើម្បី​ប្រគល់​ជូន​ប្រជាពលរដ្ឋ។
ដោយ មណ្ឌល កែវ
2012-10-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​វាស់​វែង​ដីធ្លី នៅ​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១២។
RFA/Momdulkeo

មាន​ប្រសាសន៍​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រងិល និង​ឃុំ​លាច ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា កំហុស​ឆ្គង​នា​ពេល​កន្លង​ទៅ​ក្នុង​បញ្ហា​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ គឺ​ការ​គូស​ផែន​ទី​ដោយ​ពុំ​បាន​សិក្សា​ជា​មុន​ពី​ផល​ប៉ះពាល់​ចំពោះ​ប្រជាពលរដ្ឋ។ ហេតុ​នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​អនុវត្ត​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី ដោយ​ពឹង​ផ្អែក​លើ​កម្លាំង​នៃ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​វាស់វែង ដើម្បី​កាត់​ចេញ​នូវ​ផល​ប៉ះពាល់​ទាំង​នោះ។

លោក​ថា តំបន់​ណា​ដែល​រង​ផល​ប៉ះពាល់​ត្រូវ​កាត់​ចេញ​ជូន​ប្រជាពលរដ្ឋ​សិន​មុន​នឹង​ឲ្យ​ក្រុមហ៊ុន​ដំណើរ​ការ​លើ​ដី​សម្បទាន​នោះ៖ «យើង​នាំ​គ្នា​គូស​ផែន​ទី​នៅ​ឯ​ទីក្រុង​ភ្នំពេញ តែ​យើង​ពុំ​បាន​ដឹង​ថា តើ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​នេះ​នោះ​ទេ អ៊ីចឹង​ហើយ​បាន​ជា​ឲ្យ​បទបញ្ជា​កាត់​ចេញ​តែម្ដង ដើម្បី​ប្រជាពលរដ្ឋ។ បើ​យោង​តាម​ទី​នេះ​គឺ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស យើង​ត្រូវ​កាត់​ចេញ​រហូត​ទៅ​ដល់ ១៤.៩៨១​ហិកតារ ព្រោះ​យើង​នាំ​គ្នា​គូរ​ក្នុង​ផែនទី​នៅ​ឯ​ទីក្រុង​ភ្នំពេញ។ នេះ​ហើយ​ជា​ចំណុច​ខ្វះខាត​ដែល​យើង​ត្រូវ​តែ​ទទួល​ស្គាល់។ ដី​សម្បទាន​សេដ្ឋកិច្ច​ក៏​ដូច្នោះ​ដែរ យើង​បាន​គូ​ក្នុង​ផែនទី​ដោយ​ផ្អែក​ថា អា​ហ្នឹង​ជា​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ រួច​ហើយ​យើង​ក៏​ប្រគល់​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច...»

របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​បាន​បង្ហាញ​ថា ខេត្ត​ពោធិ៍សាត់ មាន​ប្រជាពលរដ្ឋ​ចំនួន ២៤.​០០០​គ្រួសារ​កំពុង​រង​ផល​ប៉ះពាល់​លើ​ផ្ទៃ​ដី ៧៨.០០០​ហិកតារ ដែល​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល ជា​ពិសេស​គឺ​អាជ្ញាធរ​ខេត្ត​ត្រូវ​ដោះស្រាយ។

អភិបាល​ខេត្ត​ពោធិ៍សាត់ គឺ​លោក ខូយ សុខា បាន​ឲ្យ​ដឹង​ថា ក្នុង​ភូមិ​សាយ ឃុំ​ព្រងិល និង​ភូមិ​ប៉ែន ឃុំ​លាច ក្រុម​យុវជន​ស្ម័គ្រចិត្ត​បាន​ចុះ​វាស់វែង និង​កាត់​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ភាពីម៉ិច និង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ៦៨៦​គ្រួសារ​រួច​រាល់​ជា​ស្ថាពរ។ ដី​រង​ផល​ប៉ះពាល់​មាន​ទំហំ ១.៩៩៧,៧៨​ហិកតារ និង​មាន ១.១០២​ក្បាល​ដី។

លោក ខូយ សុខា៖ «លទ្ធផល និង​ទីតាំង​ដី​ដែល​ចេញ​វិញ្ញាបនបត្រ​ថ្ងៃ​នេះ​លើ​ដី​តែ​មួយ​ប្រភេទ គឺ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ភាពីម៉ិច ស្ថិត​ក្នុង​ភូមិ​សាយ ឃុំ​ព្រងិល និង​ភូមិ​ប៉ែន ឃុំ​លាច ដែល​បាន​បញ្ចប់​ការងារ​វាល និង​ការងារ​ការិយាល័យ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១២...»

យ៉ាង​នេះ​ក្ដី ជា​រឿយៗ​គេ​តែង​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​តវ៉ា​ដោយ​ពួក​គេ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​ខេត្ត​បាន​មើល​រំលង ឬ​លំអៀង​ទៅ​លើ​ភាគី​ក្រុមហ៊ុន និង​បង្វែរ​មិន​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ទៅ​វាស់វែង​ដី​ឲ្យ​ពួកគេ។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បញ្ជាក់​ថា ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចំនួន ៣ ក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​មាន​ទំហំ ៧៨.០០០​ហិកតារ បាន​រង​ផល​ប៉ះពាល់​មក​លើ​ប្រជាពលរដ្ឋ​ចំនួន ២៤.០០០​គ្រួសារ​ក្នុង​ខេត្ត​នេះ ដែល​តម្រូវ​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ត្រូវ​ជួយ​វាស់វែង​កាត់​ចេញ​ប្រគល់​មក​ឲ្យ​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

សុខ

ពី ស្វាយរៀង

រដ្ធាភិបាលនឹងដោះស្រាយពេលណាសេះដុះស្នែង។

Oct 13, 2012 06:27 PM

អ្នក​អាន​អនាមិក

ខ្ញុំគាំទ្រមតិទាំងអស់របស់អស់លោក បងៗ សូមជំរាបទៅប្រជា ពលរដ្ឋទាំងអស់ថា ឈប់ចាញ់បោក ការសន្យាបោកបា្រស់ទាំងអស់របស់ លោកហ៊ុនសែនទៀត។ ការសន្យាទាំងអស់រហូតមកដល់ ឥឡូវនេះ យើងជួបតែទឹកភ្នែកទេ។ គេចង់បានតែសន្លឹក ឆ្នោតទេ។ សូមបោះឆ្នោតដើម្បីខ្លួនយើង និង ប្រទេសយើង ការពាទឹកដីយើង និង លទ្ធិប្រជាធិបតេយ្យ។

Oct 03, 2012 07:45 AM

អ្នក​អាន​អនាមិក

គួតឲ្យចង់សើច! ដឹកនាំប្រទេសយូរឆ្នាំហើយ មិនដឹងថាប្រជាជនរស់នៅតំបន់ណា?! នេះបានហៅថា រវល់តែផ្កាប់មុខនឹងអំណាច លែងដឹងខ្យល់អ្វីអស់ហើយ!

Oct 03, 2012 05:15 AM

អ្នក​អាន​អនាមិក

it's just another empty promise by hun sen to get people to vote for him. beung kak people are still homeless right now. Khmer people please wake up! Do vote for the right candidate! have your lives got any better after 30 years of hun sen's rule?

Oct 02, 2012 09:10 PM

អ្នក​អាន​អនាមិក

Promise and promise over and over again and again, buty they never keep their promise. Shame!

Oct 02, 2012 05:01 PM

មើល​មតិ​ទាំង​អស់.