លោក ហ៊ុន សែន៖ អង្គការ​សិទ្ធិ​មនុស្ស​នឹង​អស់​ការងារ​ធ្វើ​បើ​គេ​រាយការណ៍​ល្អ​ពី​កម្ពុជា

ការ​ឆ្លើយ​ឆ្លង​ពាក្យ​សម្ដី​រវាង​មន្ត្រី​រដ្ឋាភិបាល តប​ទៅ​នឹង​របាយការណ៍​របស់​សង្គម​ស៊ីវិល​នានា រួម​ទាំង​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​មិន​ទាន់​រលត់​នៅ​ឡើយ។
ដោយ វណ្ណ វិចារ
2012-10-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី៧ តុលា បាន​ប្រកាស​ថា សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ តែង​តែ​លើក​ឡើង​ពី​ស្ថានភាព​មិន​ល្អ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា បើ​របាយការណ៍​បង្ហាញ​ថា​កម្ពុជា​ល្អ​ខាង​ផ្នែក​គោរព​សិទ្ធិ​មនុស្ស​នោះ អង្គការ​ការពារ​សិទ្ធិ​មនុស្ស នឹង​អស់​ការងារ​ធ្វើ ហើយ​នឹង​ត្រូវ​បរទេស​ផ្តាច់​ជំនួយ ផ្តាច់​ប្រាក់​ខែ​មិន​ខាន។ លោក​បន្ត​ថា សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ត្រូវ​តែ​រាយការណ៍​អាក្រក់​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដើម្បី​បាន​លុយ​មក​បន្ត​ជីវិត​ការងារ​របស់​ខ្លួន​ជា​បន្ត​ទៀត។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​ក៏​ធ្លាប់​និយាយ​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន​ទៅ​កាន់​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ផង​ដែរ៖ «នៅ​ឆ្នាំ​២០០៥ នៅ​ពេល​ជួប​ប្រជុំ​រវាង​អាស៊ាន និង​អង្គការ​សហប្រជាជាតិ​នៅ​ញីវយ៉ក (New York) ខ្ញុំ​បាន​ប្រាប់ កូហ្វីអាណាន់ (Cofi annan) ខ្ញុំ​ប្រាប់​គាត់​ថា ឯកឧត្តម​ខ្ញុំ​គ្មាន​សង្ឃឹម​ថា​កម្ពុជា​នឹង​មាន​របាយការណ៍​ល្អ​ស្ដីពី​សិទ្ធិ​មនុស្ស​នោះ​ទេ បើ​គេ​រាយការណ៍​ល្អ​ពី​យើង គេ​នឹង​អស់​ការងារ​ធ្វើ។ សូម្បី​តែ​យើង​មក​ចែក​ដី​ឲ្យ​ពលរដ្ឋ​ហ្នឹង ក៏​ប្រហែល​ជា​គេ​ចោទ​ថា យើង​ជា​អ្នក​បំពាន​សិទ្ធិ​មនុស្ស​ទៀត​នោះ»

ស្រដៀង​គ្នា​នេះ​ដែរ អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី កាល​ពី​សប្ដាហ៍​មុន បាន​ថ្លែង​ថា សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដែល​តែង​តែ​រិះគន់​រដ្ឋាភិបាល សុទ្ធ​សឹង​តែ​បម្រើ​ឲ្យ​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង។ លោក កែវ រ៉េមី បាន​បូក​សរុប​ទាំង​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) និង​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ប្រែដ អាដាម (Brad Adams) ថា​ជា​អ្នក​ដែល​មាន​ភារកិច្ច តួនាទី​ប្រឆាំង និង​រិះគន់​រដ្ឋាភិបាល។

ប៉ុន្តែ អង្គការ​ជាតិ និង​អន្តរជាតិ សុទ្ធ​តែ​បាន​អះអាង​ថា ខ្លួន​ធ្វើ​ការងារ​ប្រកប​ដោយ​តម្លាភាព ហើយ​ចំពោះ​របាយការណ៍​របស់​ពួក​គេ​វិញ ពួក​គេ​សុទ្ធ​តែ​បាន​បញ្ជាក់​ច្បាស់​ពី​ទឡ្ហីករណ៍​របស់​ខ្លួន​យ៉ាង​ច្បាស់​លាស់។

ក្រុម​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ថ្លែង​របស់​មន្ត្រី​រដ្ឋាភិបាល និង​នាយក​រដ្ឋមន្ត្រី ដែល​ថា សង្គម​ស៊ីវិល​សរសេរ​របាយការណ៍​អាក្រក់​ជា​ថ្នូរ​នឹង​ប្រាក់​ជំនួយ​បន្ត​និរន្តរភាព​ការងារ​នោះ ជា​ប្រការ​ខុស​ឆ្គង។ ដោយ​សារ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស មិន​ចេះ​អស់​ការ​ធ្វើ​ឡើយ ព្រោះ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​លើ​សកលលោក តែង​កើត​មាន​ឡើង​មិន​ចេះ​ចប់​នោះ​ទេ កាល​ណា​ពិភពលោក​នៅ​មាន​ជីវិត​មនុស្ស​នៅ​លើ​ផែនដី ការ​រំលោភ​សិទ្ធិ​នៅ​តែ​មាន ហើយ​ការងារ​របស់​ពួក​គេ ក៏​មាន​ទៅ​តាម​នោះ​ដែរ។ សង្គម​ស៊ីវិល​បន្ត​ថា មន្ត្រី​កម្ពុជា ព្យាយាម​ច្រាន​ចោល​ការ​រិះគន់​របស់​អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស ប៉ុន្តែ ប្រទេស​ដែល​ជឿន​លឿន​ខាង​លទ្ធិប្រជាធិបតេយ្យ ពួក​គេ​ស្វាគមន៍​រាល់​ការ​រិះគន់​ទាំង​ឡាយ​ពី​គ្រប់​មជ្ឈដ្ឋាន។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ធន សារ៉ាយ នៅ​ថ្ងៃ​ទី៨ តុលា មាន​ប្រសាសន៍​ថា អាដហុក ចេញ​របាយការណ៍​មិន​ល្អ​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​ផ្នែក​មួយ​ចំនួន ដូច​ជា​សិទ្ធិ​លំនៅឋាន និង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច។ លោក​បន្ត​ថា ការ​ធ្វើ​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ផ្អែក​លើ​ភស្តុតាង និង​បញ្ហា​ជាក់​ស្ដែង​របស់​ពលរដ្ឋ។

លោក ធន សារ៉ាយ បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​តែ​ទទួល​យក​នូវ​ការ​តិះ​តៀន​ទាំង​ឡាយ ដើម្បី​កែ​លំអ​សង្គម៖ «ចំណុច​ណា​ខ្វះ​ខាត យើង​សុំ​ផ្តល់​មតិ​ត​ទៅ​ទៀត ដើម្បី​កែ​លំអ​កាន់​តែ​ល្អ ឲ្យ​កាន់​តែ​ប្រសើរ សូម​កុំ​គិត​ថា ការ​តិះ​តៀន​ជា​គំនិត​ទុទ្ទិដ្ឋិនិយម ឬ​បង្អាប់​ឲ្យ​សោះ។ ការ​ផ្តល់​មតិ​របស់​សង្គម​ស៊ីវិល ជា​ការ​ស្ថាបនា ហើយ​រដ្ឋាភិបាល​ក្រោយៗ​ទៀត ក៏​នឹង​ត្រូវ​រង​នូវ​ការ​រិះគន់​ដូច​គ្នា ព្រោះ​ថា រឿង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ហ្នឹង មិន​មែន​ចប់​ត្រឹម​ហ្នឹង​ទេ»

របាយការណ៍​របស់​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មិន​បាន​បង្ហាញ​ពី​ចំណុច​អវិជ្ជមាន​រដ្ឋាភិបាល​កម្ពុជា ក្នុង​សេរីភាព​ជំនឿ​សាសនា​នោះ​ទេ បាន​ន័យ​ថា សាសនិក​នៅ​កម្ពុជា រស់នៅ​ជាមួយ​គ្នា​ដោយ​សុខសាន្ត។ នេះ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា របាយការណ៍​របស់​ពួក​គេ មិន​មែន​ចាំ​តែ​សរសេរ​ពី​រឿងរ៉ាវ​អាក្រក់​របស់​រដ្ឋាភិបាល​ឡើយ។

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ការ​ចេញ​របាយការណ៍​ពី​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​កម្ពុជា។ លោក​បន្ត​ថា កម្ពុជា​បច្ចុប្បន្ន​មាន​តុលាការ​មិន​ឯករាជ្យ អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ទំនាស់​ដីធ្លី​ស្អេកស្កះ​គ្រប់​ទី​កន្លែង​មិន​ទាន់​ដោះស្រាយ ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​មាន​ជាច្រើន​ករណី ដូច​នេះ មិន​អាច​មាន​របាយការណ៍​ល្អ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើយ។

លោក យឹម សុវណ្ណ បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​រាល់​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ ហើយ​ទទួល​យក​រាល់​ការ​រិះគន់​ទាំង​ឡាយ​មក​កែប្រែ ទើប​មាន​ការ​អភិវឌ្ឍ​ពិត​ប្រាកដ៖ «មក​ទល់​ពេល​នេះ​ហើយ យើង​គួរ​ធ្វើ​ម៉េច​ឲ្យ​ប្រទេស​ជាតិ​របស់​យើង​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ មាន​ការ​គោរព​សិទ្ធិ​មនុស្ស ជា​ពិសេស អង្គការ​សហប្រជាជាតិ ដើម្បី​ដឹកនាំ​ប្រទេស​យើង​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ជៀសវាង​ការ​រំលោភ​សិទ្ធិ​មនុស្ស»

ទន្ទឹម​នឹង​នេះ របាយការណ៍​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ស្ដីពី​សិទ្ធិ​មនុស្ស​ឆ្នាំ​២០១១ បាន​លើក​ឡើង​ថា កម្ពុជា មាន​ប្រព័ន្ធ​យុត្តិធម៌​ទន់​ខ្សោយ ពេល​ខ្លះ​តុលាការ​កាត់​ក្តី​មិន​ត្រឹមត្រូវ និង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ និង​ពុក​រលួយ។ របាយការណ៍​បន្ត​ថា កម្លាំង​សមត្ថកិច្ច​ក៏​អនុវត្ត​តួនាទី​របស់​ខ្លួន​មិន​ត្រឹមត្រូវ​នោះ​ដែរ ដោយ​ពេល​ខ្លះ ពួក​គេ​បាន​ប្រើប្រាស់​អំពើ​ហិង្សា​តាម​ទំនើង​ចិត្ត​ដោយ​សារ​អាង​អំណាច។

ទោះ​ជា​យ៉ាង​ណា​ក្តី មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពួក​គេ​ធ្វើ​ការងារ​មួយ​ចំនួន​រួច​ទៅ​ហើយ ដូច​ជា​ការ​ចាប់​ខ្លួន​មន្ត្រី​ដែល​ពុក​រលួយ រាប់​ទាំង​តុលាការ មន្ត្រី​មាន​ឋានៈ​ខ្ពស់​ក្នុង​ជួរ​ប៉ូលិស មន្ត្រី​នៅ​ខុទ្ទកាល័យ​របស់​លោក ជា ស៊ីម ជាដើម។

ក្រុម​សង្គម​ស៊ីវិល និង​អ្នក​វិភាគ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា មិន​ធ្លាប់​ប្រកាស​ជា​ផ្លូវ​ការ ដើម្បី​ទទួល​យក​ការ​រិះគន់​របស់​ស្ថាប័ន​ណា​មួយ​ទេ ហើយ​មិន​មែន​តែ​សង្គម​ស៊ីវិល​ទេ សូម្បី​តែ​ស្ថាប័ន​សារព័ត៌មាន ដូច​ជា​វិទ្យុ​អាស៊ីសេរី (RFA) និង វីអូអេ (VOA) ក៏​លោក ហ៊ុន សែន ធ្លាប់​ខឹង​សម្បារ​ថា​វិទ្យុ​ទាំង​ពីរ​នេះ មិន​ផ្សាយ​ព័ត៌មាន​ល្អ​ពី​រដ្ឋាភិបាល​ដែរ។

អ្នក​វិភាគ​យល់​ឃើញ​ថា រដ្ឋាភិបាល​ត្រូវ​តែ​មាន​អាកប្បកិរិយា​ចាស់​ទុំ​ផ្នែក​នយោបាយ ដូច​ជា​ការ​ទទួល​យក​នូវ​រាល់​ការ​រិះគន់​របស់​សង្គម​ស៊ីវិល​នានា ជាពិសេស ទទួល​ស្គាល់​នូវ​កំហុស​ឆ្គង​ផ្នែក​នយោបាយ និង​ការ​អភិវឌ្ឍ ហើយ​រដ្ឋាភិបាល មិន​គួរ​ណា​ប្រតិកម្ម​ទៅ​កាន់​តំណាង​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នោះ​ឡើយ រួម​ទាំង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​នោះ​ឡើយ ព្រោះ​ថា វា​មិន​មាន​ផល​ប្រយោជន៍​អ្វី​ទាល់​តែ​សោះ​ចំពោះ​ពលរដ្ឋ។

អ្នក​វិភាគ​បន្ត​ថា ដើម្បី​បាន​ពិន្ទុ​ល្អ​លើ​របាយការណ៍​សិទ្ធិ​មនុស្ស រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការងារ​មួយ​ចំនួន​ទៀត ដូច​ជា ការ​ពង្រឹង​គោរព​សិទ្ធិ​មនុស្ស ដែល​នៅ​តែ​ទន់​ខ្សោយ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដែល​កំពុង​តែ​ធូរ​រលុង និង​បក្ខពួក​និយម ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​កម្រិត​ទាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Cheang Chhoy

ពី Bangkok

I don't know premo! the words of human right is not new, but those who are working for human rights organization should be monks or priestes who are only serving for religions and got support from followers they don't have to support their families then they are working dependant not for east or west or for north and south. If they are still working for feeding their pots those are never have fair and balance.

Oct 13, 2012 01:17 AM

អ្នក​អាន​អនាមិក

ពេលលោក ហ៊ុន សែន និយាយនៅតាមវេទិការនិមួយៗ មើលទៅប្រៀបដូចជាអ្នកកំប្លែងឲអ្នកអង្គុយខាងមុខមើល ឲអ្នកអង្គុយខាងក្រោយសើច។ ធ្វើដល់ទៅជានាយករដ្ឋមន្ត្រី មិនគិតប្រើពេលវេលា និយាយរឿងសាច់ការ បែជាខំ និយាយកំប្លែង ដើម្បីយកចិត្តអ្នកនៅខាងក្រោយ។ ស្រុកគេ អញ្ចឹងដែរអី? ឬមួយខុសគេតែ នាយករដ្ឋមន្ត្រីខ្មែរ?

Oct 10, 2012 09:00 AM

DAKO

ពី P.PENH

ហ្ហែ!ហ្ហែ​ភរទៀតហើយតាមខ្ញុំដឹងការចុះវាស់វែងដីធ្លីជូនប្រជាជនទើបនឹងចាប់ផ្ដើមពាក់កណ្ដាលឆ្នាំ២០១២នេះទេ​ហេតុអ្វីក៏លោកនាយករដ្ឋមន្ត្រីភរ​ទៅប្រាប់លោកកូហ្វីអាណន់នៅឆ្នាំ២០០៥វិញ។នេះបានហៅថាប្រូមែន៕

Oct 10, 2012 08:12 AM

អ្នក​អាន​អនាមិក

បែបកុម្មុយនិស្តដែល ហ៊ុនសែនស្ទាត់គឺការសូត្រតាមគ្នា អនុវត្តន៍តាមមាគារបក្ស ហើយសសើរពីសកម្មភាព ។ អ្នកធ្វើតាមចាត់ថាអ្នកស្គាល់កាលះតែសះនិងទទួលបានភាពសុខសាន្ត។

Oct 10, 2012 04:16 AM

ច័ន្ទ សុភាព

ពី ភ្នំពេញ

ខ្មោចខ្លាចពន្លឺ ចោរខ្លាចប៉ូលីស ជនកុម្មនីស្តខ្លាចការរិះគន់

Oct 10, 2012 12:13 AM

មើល​មតិ​ទាំង​អស់.