លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅខេត្តកំពង់ចាម នៅថ្ងៃទី១៣ តុលា ថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបច្ចុប្បន្ន នឹងរៀបចំគោលនយោបាយ ស្ដីពីបៀវត្សសម្រាប់អាណត្តិទី៥ ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨។ ការប្រកាសរៀបចំគោលនយោបាយនេះ ទំនងឆ្លើយតបទៅនឹងអ្នករិះគន់លោកដែលតែងតែទាមទារឲ្យដំឡើងប្រាក់ខែឲ្យគ្រូបង្រៀននោះ។
លោកបន្តថា លោកមិនជំទាស់ចំពោះការទាមទារដំឡើងប្រាក់ខែនោះទេ ប៉ុន្តែរដ្ឋាភិបាលមានគោលការណ៍ដំឡើងប្រាក់ខែជូនគ្រូបង្រៀនចំនួន ២០% ជារៀងរាល់ឆ្នាំហើយនោះ៖ «អ្វីដែលខ្ញុំជំទាស់ ជំទាស់តាមបែបឡើងតាមបែបអស់លោក ឡើងដូចឧទ្ធម្ភាគចក្រ អ៊ីចឹងតាំងពីឆ្នាំ២០០៨ រហូតមកឡើងរហូត ២០% ២០% រហូតមកដល់ពេលនេះ ប៉ុន្មានរយភាគរយទៅហើយ។ ប៉ុន្តែឮគេនិយាយគ្នាថា លោក ហ៊ុន សែន មិនព្រមដំឡើងប្រាក់ខែទេ។ គេឡើងតើ ប៉ុន្តែគេឡើងមានរបៀបរបស់គេ វាមិនដែលអាណាជណ្ដើរ ៩កាំ ឡើងទៅដល់កាំទី៩ ហ្មងទេវី។ វាមានកាំទី១ កាំទី២ កាំទី៣ ទម្រាំដល់កាំទី៩ ប៉ុន្តែអាហ្នឹងរឿងរបស់គេទេ។ ខ្ញុំមិនចង់និយាយព្រោះថា មុនពេលភ្ជុំ ខ្ញុំចង់ឲ្យវាសុខ តែគេមិនឲ្យយើងសុខ គេចង់ឲ្យយើងឃោសនា ហើយគណបក្សប្រជាជនក៏កំពុងត្រៀមរៀបចំគោលនយោបាយស្ដីពីបៀវត្សសម្រាប់អាណត្តិទី៥ ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨»។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបញ្ជាក់ប្រាប់ពីគោលនយោបាយ ស្ដីពីបៀវត្សសម្រាប់អាណត្តិទី៥នោះ មានចំណុចសំខាន់អ្វីខ្លះនោះទេ។
ការប្រកាសរបស់លោក នៅបន្ទាប់ពីមន្ត្រីបក្សប្រឆាំង និងប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹកនាំគ្រូបង្រៀនមកពី ១៦រាជធានី-ខេត្ត មកទីលានប្រជាធិបតេយ្យ សុំឲ្យរដ្ឋាភិបាលគិតគូរដល់ជីវភាពរស់នៅរបស់គ្រូ និងសុំឲ្យដំឡើងប្រាក់បៀវត្សជូនពួកគាត់ឲ្យបាន ១លានរៀលចាប់ពីឆ្នាំ២០១៣ នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។