ការទៅចូលរួមនេះ គឺតាមការអញ្ជើញរបស់ប្រធានសភាតំណាងរាស្ត្រនៃប្រទេសឥណ្ឌូនេស៊ី លោក ម៉ាហ៊្សូគី អាលី (Marzuki Alie)។
រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី លោក ស៊្រី ថាមរុង្គ ដែលបានអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បានមានប្រសាសន៍បញ្ជាក់ថា លោក ហ៊ុន សែន នឹងថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងការបើកមហាសន្និបាតនោះ នៅគ្រាដែលកិច្ចប្រជុំដ៏ធំនោះនឹងពង្រឹងតួនាទីសភាអាស៊ានឲ្យកាន់តែរឹងមាំនៅឆ្នាំ២០១៥។
មហាសន្និបាតនោះនឹងត្រូវបានចូលរួមដោយប្រមុខរដ្ឋាភិបាលជាប្រទេសដៃគូ និងជាប្រទេសអ្នកសង្កេតការណ៍មកពីប្រទេសអូស្ត្រាលី (Australia) ប្រទេសបេឡារូស (Belarus) ប្រទេសកាណាដា (Canada) ប្រទេសចិន (China) សហភាពអឺរ៉ុប (European Union) ប្រទេសឥណ្ឌា (India) ប្រទេសជប៉ុន (Japan) ប្រទេសកូរ៉េខាងត្បូង (South Korea) ប្រទេសរុស្សី (Russia) និងប្រទេសមួយចំនួនទៀត។
លោក ស៊្រី ថាមរុង្គ បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា កិច្ចប្រជុំនោះ គឺមានសារសំខាន់សំរាប់តំបន់អាស៊ាន៖ «មហាសន្និបាត (AIPA ) នេះ គឺការពង្រឹងតួនាទីរបស់សភាឆ្ពោះទៅសហគមន៍អាស៊ាននៅឆ្នាំ២០១៥។ យើងដឹងហើយថា ស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិក្នុងអាស៊ានយើងនេះ គឺមានកិច្ចសហប្រតិបត្តិសម្របសម្រួលគ្នាស្អិតល្មួតល្អណាស់ ដើម្បីឆ្ពោះទៅទិសដៅបង្កើតសហគមន៍អាស៊ានមួយឲ្យបាននៅឆ្នាំ២០១៥ ដែលយើងនៅសល់តែ ២ឆ្នាំជាងទៀតតែប៉ុណ្ណោះ»។
ទាក់ទងនឹងផែនការពង្រឹងតួនាទីរបស់សភាអាស៊ាននៅឆ្នាំ២០១៥ ខាងមុខនេះ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍អត្ថាធិប្បាយថា កម្ពុជាត្រូវតែពិនិត្យមើលតួនាទីរបស់សភាខ្លួនឯងដែរ៖ «ស្ថាប័នរដ្ឋសភាគឺត្រូវតែពង្រឹងឲ្យមានសកម្មភាពត្រួតពិនិត្យការអនុវត្តការងាររបស់រដ្ឋាភិបាលឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។ ផ្ទុយទៅវិញសភាប្រទេសកម្ពុជា ជាសភាប្រថាប់ត្រា។ តួនាទីសំខាន់ៗនៅក្នុងរដ្ឋសភាត្រូវបានគណបក្សកាន់អំណាចយកមកកាន់ប្រើប្រាស់ជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលផ្ទុយអំពីគោលការណ៍នៃរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ»។
មហាសន្និបាតអន្តរសភាអាស៊ាននោះ ធ្លាប់បានធ្វើនៅប្រទេសកម្ពុជា លើកទី៣២ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១១ កន្លងទៅនេះ។ មហាសន្និបាតនៅកម្ពុជានោះ បានគាំទ្រប្រទេសភូមា ឬមីយ៉ាន់ម៉ា (Burma or Myanmar) ឲ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អន្តរសភាអាស៊ាន។
ក្រៅពីនេះ មេដឹកនាំប្រទេសសមាជិកអាស៊ានចំនួន១០ កន្លងមកបានឯកភាពគ្នាថា នឹងបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥។ គេមានផែនការមេតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនានា រាប់ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ផែនការមេនោះក៏នឹងតភ្ជាប់ពាណិជ្ជកម្ម សេដ្ឋកិច្ច ពលករ ស្ថាប័នរដ្ឋ និងស្ថាប័នរដ្ឋ ប្រជាជន និងប្រជាជន ព្រមទាំងចរន្តអគ្គិសនីអាស៊ានជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។