លោក ហ៊ុន សែន នឹង​ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដោយ​ផ្ទាល់​នៅ​ខេត្ត​ក្រចេះ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា​នឹង​ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដោយ​ផ្ទាល់​ដៃ ដល់​អ្នក​ភូមិ​នៅ​ឃុំ​២ធ្នូ និង​ឃុំ​ស្រែចារ ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ខាង​មុខ។
ដោយ ទេព សុរ៉ាវី
2012-09-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហ៊ុន សែន ៣០៥ ថ្មី
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
RFA/Sok Serey

គម្រោង​ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដល់​អ្នក​ភូមិ​ជា​លើក​ដំបូង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បេសកកម្ម​ក្រុម​យុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី នៅ​តំបន់​នោះ​ត្រូវ​បញ្ចប់។

ប្រសិន​បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ អ្នក​ភូមិ​ចំនួន​៦០០​គ្រួសារ នៅ​ឃុំ​២ធ្នូ និង​ឃុំ​ស្រែចារ ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​ធ្លាប់​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស៊ី.អាយ.វី (CIV) នឹង​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្ថាពរ​ពី​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ខាង​មុខ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ម៉ែន វណ្ណា អភិបាល​ស្តីទី​ស្រុក​ស្នួល។

លោក ម៉ែន វណ្ណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ថា លោក​កំពុង​រៀបចំ​នូវ​ប័ណ្ណ​កម្មសិទ្ធិ​ទុក​ចែក​ចាយ​ដល់​អ្នក​ភូមិ​ចំនួន​៣​ភូមិ ក្នុង​ឃុំ​២ធ្នូ និង​ឃុំ​ស្រែចារ ដែល​ក្រុម​និស្សិត​វាស់វែង និង​បាន​បិទផ្សាយ​ទិន្នន័យ​វិនិច្ឆយ​រួច និង​រក​ឃើញ​មាន​ចំនួន​៩៣៣​ក្បាល​ដី។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា កន្លង​ទៅ​ថា លោក​នឹង​ចុះ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដោយ​ផ្ទាល់​ដៃ ដល់​អ្នក​ភូមិ​នៅ​ស្រុក​ស្នួល នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ដែល​ការ​ចែក​ប័ណ្ណ​នោះ មិន​មែន​ជា​ប័ណ្ណ​បឋម​នោះ​ទេ តែ​វា​ជា​ប័ណ្ណ​ស្ថាពរ ឬ​ប្លង់​ដី​រឹង​ដល់​អ្នក​ភូមិ ក្រោយ​ពី​សកម្មភាព​វាស់វែង​ដីធ្លី​របស់​ក្រុម​និស្សិត​ស្ម័គ្រចិត្ត បាន​បញ្ចប់​ក្នុង​តំបន់​នោះ៖ «ខ្ញុំ​នឹង​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែ​៩ នេះ ជា​លើក​ដំបូង ឲ្យ​កម្មសិទ្ធិ​ដល់​ពលរដ្ឋ ហើយ​នេះ​មិន​មែន​ជា​កម្មសិទ្ធិ​បឋម​ទេ គឺ​កម្មសិទ្ធិ​ស្ថាពរ​តែ​ម្តង»

កន្លង​មក រដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា​នឹង​ប្រគល់​កម្មសិទ្ធិ​បឋម​ជូន​ពលរដ្ឋ ក្រោយ​ពី​មាន​ការ​បិទ​ផ្សាយ​ទិន្នន័យ​វិនិច្ឆយ ដែល​បាន​វាស់វែង​រួច។ ប៉ុន្តែ រដ្ឋាភិបាល​បាន​ប្រែ​ចិត្ត និង​បាន​ប្រកាស​ជា​ថ្មី​ម្តង​ទៀត​ថា នឹង​ប្រគល់​កម្មសិទ្ធិ​ស្ថាពរ​ជូន​ប្រជាពលរដ្ឋ​តែ​ម្តង ដោយ​មិន​ចាំបាច់​មាន​ដំណាក់​កាល​អន្តរកាល ឬ​កម្មសិទ្ធិ​បឋម​នោះ​ទេ។

នេះ​ជា​លើក​ដំបូង​ហើយ ដែល​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ចែក​ជូន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ បន្ទាប់​ពី​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី បាន​បង្កើត​ឡើង​កាល​ពី​ខែ​មិថុនា កន្លង​ទៅ។

លោក ហ៊ុន សែន បន្ត​ទៀត​ថា រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​វាស់វែង​ដី​ចែក​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​៣៥ម៉ឺន​គ្រួសារ លើ​ផ្ទៃដី​ទំហំ​១លាន​២សែន​ហិកតារ ក្នុង​ឃុំ​ចំនួន​១៧៨​ឃុំ។ ប៉ុន្តែ​បច្ចុប្បន្ន មាន​តែ​ជាង​១០%​ប៉ុណ្ណោះ ដែល​បាន​វាស់វែង​រួច។

ប្រធាន​សហគមន៍​ដីធ្លី​នៅ​ឃុំ​ស្រែចារ លោក លិច ត្រើយ សម្ដែង​ការ​រីករាយ​ចំពោះ​ដំណឹង​ដែរ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចុះ​ចែក​ប្លង់​ដី​ស្រប​ច្បាប់​ដល់​អ្នក​ភូមិ តែ​លោក​នៅ​តែ​សង្ស័យ​ថា តើ​ប្លង់​កម្មសិទ្ធិ​ទាំង​នោះ នឹង​អាច​មាន​ការ​បំពារបំពាន​ទៅ​ថ្ងៃ​ក្រោយ​ទៀត ឬ​យ៉ាង​ណា? ប្រសិន​បើ​រដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន នៅ​តំបន់​នោះ​ម្តង​ទៀត៖ «ខ្លាច​ក្រែង​លោ​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត មក​ទៀត​អា​ហ្នឹង​យើង​ភ័យ​ដែរ។ យើង​មាន​ប្លង់​ក៏​ពិត​មែន ក្រែង​គេ​ចង់​មានៈ​នៅ​លើ​ប្លង់​យើង​ទៀត»

ទោះ​ជា​យ៉ាង​ណា លោក នី ចរិយា ប្រធាន​ក្រុម​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) យល់​ឃើញ​ថា ការ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ដល់​អ្នក​ភូមិ ជា​ការ​ចាប់​ផ្ដើម​មួយ​ក្នុង​ក្របខណ្ឌ ជា​សញ្ញា​វិជ្ជមាន​ក្នុង​ការ​កាត់​បន្ថយ​នូវ​ជម្លោះ​ដីធ្លី​នា​ពេល​អនាគត​នៅ​កម្ពុជា និង​ជា​សញ្ញាណ​ដែល​ផ្តល់​នូវ​សុវត្ថិភាព​ដីធ្លី​ដល់​ប្រជាពលរដ្ឋ។

លោក​បន្ត​ថា ក្នុង​សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​មាន​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ដីធ្លី​របស់​ខ្លួន​នៅ​ឡើយ ទោះ​ជា​រដ្ឋាភិបាល​ប្រកាស​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ក៏​ដោយ។ តែ​បើ​តាម​ផ្លូវ​ច្បាប់ ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដែល​ពួក​គេ​នឹង​ទទួល​បាន​នោះ ត្រូវ​បាន​ធានា​ដោយ​ច្បាប់ និង​គ្មាន​ការ​រំលោភ​បំពាន​ពី​អាជ្ញាធរ ឬ​ក្រុមហ៊ុន​ទៀត​ទេ៖ «ជា​ផ្លូវ​ច្បាប់ គាត់​នឹង​មាន​សុវត្ថិភាព​១០០%​ក្នុង​ការ​ការពារ​ដី​របស់​គាត់។ មាន​ច្បាប់​ក្នុង​ការ​ធានា​មាំទាំ​ជាង​កាល​ដែល​គាត់​មិន​ទាន់​មាន​ប្លង់​មិន​ទាន់​មាន​លិខិត​ស្នាម​គតិយុត្តិ​អី​ផ្សេងៗ»

ការ​បញ្ចប់​ទំនាស់​ដីធ្លី​តាម​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រដ្ឋាភិបាល អ្នក​ភូមិ​ប្រម៉ា ក្នុង​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ជា​តំបន់​ដែល​មាន​ជម្លោះ​ដីធ្លី​ក្តៅ​គគុក​ជាមួយ​ក្រុមហ៊ុន​កាស៊ូទីម រហូត​មាន​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា​មាន​ការ​បង្កើត​អបគមន៍ ប្រាប់​ថា ក្រុម​និស្សិត​បាន​រំលង​មិន​វាស់វែង​ដីធ្លី​ចែក​ឲ្យ​អ្នក​ភូមិ។

អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ការ​មិន​ចុះ​វាស់វែង​នេះ បាន​ធ្វើ​ឲ្យ​តំណាង​ក្រុមហ៊ុន និង​មន្រ្តី​ទាហាន​ជាង​២០នាក់ ដែល​កំពុង​គ្រប់គ្រង​នៅ​តំបន់​នោះ បាន​រារាំង​អ្នក​ភូមិ​មិន​ឲ្យ​ចូល​ទៅ​ដី​ចម្ការ​របស់​ខ្លួន ដែល​បាន​កាន់​កាប់​ច្រើន​ជាង​៥ឆ្នាំ។ អ្នក​ភូមិ​បន្ត​ថា ដោយ​កង្វះ​ជីវភាព មាន​ពេល​ខ្លះ ពួក​គាត់​ត្រូវ​លួច​លូន​ចូល​ក្នុង​ដី​ចម្ការ​របស់​ខ្លួន​ទាំង​យប់ ដើម្បី​លួច​ជីក​ដំឡូង​របស់​ខ្លួន ហើយ​ប្រសិន​បើ​រូបភាព​លួច​ទ្រព្យ​ខ្លួន​ឯង​នៅ​តែ​បន្ត ពួក​គាត់​ព្រួយ​ថា ថ្ងៃ​ណា​មួយ​ទាហាន​ទាំង​នោះ​នឹង​ចាប់​ពួក​គាត់ ឬ​គ្រួសារ​គាត់​នឹង​ដាច់​ពោះ​ស្លាប់​តែ​ម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

អីក៏វេទនាម្លេះលោកអ៊ើយ មានដី មានដំណាំខ្លួនឯងហើយ គ្រាន់តែចង់យកផលមកបំពេញក្រពះរបស់ខ្លួនក៏មិនបាន?

Sep 09, 2012 06:32 AM

CheyVorman007

ពី AngKor Wat

យើងចាំមើលថ្ងៃហ្នុង តើលោកបណ្ឌិតស្លៀកពាក់បែបណាទៅ
ចែកបណ្ណ័កម្មសិទ្ធដីជូនពលរដ្ធ​ក្រីក្រ?​ជិះឡានក្រុងឫម៉ូតូឌុប
ឫឡានការពារគ្រាប់រំសេវ?

Sep 07, 2012 03:50 AM

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

លោក ហ៊ុន សែន តែងតែធ្វើឲ្យគេគិតថាខ្លួនជាព្រះមកសង្រ្គោះប្រជាជនកម្ពុជា ប៉ុន្តែគាត់តែងតែធ្វើឲ្យគេគិតថាកូនចៅ ឬអ្នក្រោមបង្គាប់គាត់ គឺជាប្រេត ឬក៏ជាឈ្លើងធ្វើបាបប្រជាជន។

Sep 06, 2012 09:02 PM

អាន បាន សុខ

ពី តាកែវ

នេះជាឆាកល្ខោនមួយដែលហ៊ុន សែនត្រូវចេញមកសំដែង
ដើម្បីសន្លឹកឆ្នោតឆ្នាំ២០១៣។ក្រោយពីទម្លាក់វាំងននរួចប្លង់
ទាំងនោះត្រូវគេប្រម៉ូលយកវិញឬក៏ថាជាប្លង់បណ្ដោះ
អាសន្នដើម្បីឱ្យតួរឯកហ៊ុន សែនបានចេញមកសំដែងម្ដង
ទៀតនៅឆាកក្រោយ។

Sep 06, 2012 04:58 PM

Chheang

ពី Montreal

គ្មានអ្វីផ្លែកឡើយ គឺគេមកវាស់ដីដែលជាកម្មសិទ្ធ
របស់អ្នក រួចហើយ គេអោយមេ របស់គេមកចេញផ្លង់់អោយអ្នក ដើម្បីយកសគុណ !

Sep 06, 2012 12:49 PM

មើល​មតិ​ទាំង​អស់.