ទំនប់​វារី​អគ្គិសនី​ដែល​ឧបត្ថម្ភ​ដោយ​ចិន​នាំ​មក​នូវ​ទាំង​ក្ដី​សង្ឃឹម​និង​ទាំង​ការបារម្ភ

គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដែល​ជា​ជំនួយ​ឧបត្ថម្ភ​របស់​ចិន អាច​ផ្តល់​ក្តី​សង្ឃឹម​ផង​និង​ការព្រួយ​បារម្ភ​ផង​ចំពោះ​កម្ពុជា ។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ឲ្យ​ដឹង​ថា ទំនប់​វារី​អគ្គិសនី​ចំនួន​១០ ក្នុង​នោះ​ចំនួន​៦ ដែល​ជា​ជំនួយ​ឧបត្ថម្ភ​របស់​ចិន នឹង​ចាប់​ផ្តើម​ដំណើរការ​សាងសង់​នៅ​ឆ្នាំ​២០១០ ហើយ​នៅ​ពេល​បញ្ចប់​នៅ​ឆ្នាំ​២០១៩ កម្ពុជា​នឹង​អាច​ផលិត​ថាមពល​អគ្គិសនី បាន​២០៤៥ មេហ្គាវ៉ាត់ សម្រាប់​ចែកចាយ​ដល់​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា ។

កាលពី​ដើម​ខែ​មករា ឆ្នាំ​២០០៨ អង្គការ​បណ្តាញ​ទន្លេ​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក បាន​ព្រមាន​ថា ការសាងសង់​ទំនប់​របស់​ចិន នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​សេដ្ឋកិច្ច​និង​បំផ្លាញ​ដល់​ប្រភព​ធនធាន​ធម្មជាតិ ដូចជា​ការសាង​សង់​ទំនប់​កំចាយ នៅ​ឧទ្យាន​ជាតិ​ភ្នំ​បូកគោ ខេត្ត​កំពត​របស់​ក្រុមហ៊ុន Sinohydro Corporation ដែល​នឹង​អាច​បណ្តាល​ឲ្យ​ទឹកលិច​ផ្ទៃ​ដី​ទំហំ ២០០០​ហិកតា​នៃ​តំបន់​អភិរក្ស​ព្រៃ នៅ​ទីនោះ ។

បន្ថែម​ពី​នេះ ក្រុម​ការពារ​បរិស្ថាន ក៏​បាន​សម្ដែង​ក្តី​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​យល់ព្រម​លើ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី នៅ​ស្ទឹង​តាតៃ របស់​ក្រុមហ៊ុន China National Heavy Machinery Corporation និង​នៅ​ឫស្សី​ជ្រុំក្រោម របស់​ក្រុមហ៊ុន Michelle Corporation ដែល​មាន​តម្លៃ​ទឹកប្រាក់​សរុប ជាង ១.០០០​លាន​ដុល្លារ​អាមេរិក នៅ​លើ​ផ្ទៃ​ដី​ទំហំ ១.៦០០ ហិកតា ស្ថិត​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ជួរ​ភ្នំ​ក្រវាញ​នោះ រដ្ឋាភិបាល​កម្ពុជា មិន​បាន​ធ្វើ​ការវិភាគ​និង​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​អំពី​ផលវិបាក ដែល​នឹង​អាច​ប៉ះពាល់​ដល់ ភោគ​ផល​ធម្មជាតិ​និង​សត្វព្រៃ នៅ​តំបន់​នោះ​ឡើយ ។

មន្ត្រី​ស្ថានទូត​ចិន​នៅ​កម្ពុជា បាន​ប្រតិកម្ម​ថា គោលដៅ​របស់​រដ្ឋាភិបាល​ចិន​គឺ​ជួយ​កម្ពុជា ពុំ​មែន​ចង់​បំផ្លាញ​បរិស្ថាន​នៅ​កម្ពុជា ដូច​ការចោទ​ប្រកាន់​នោះ​ទេ ហើយ​ថា គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ទាំង​នោះ បាន​ទទួល​ការអនុម័ត​យល់ព្រម​ពី​សភា​ជាតិ​និង​រដ្ឋាភិបាល​ខ្មែរ កាលពី​ថ្មី​ៗ​នេះ ៕