តុលាការ​កំពូល​ដោះលែង​​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឲ្យ​នៅ​ក្រៅ​ឃុំ

ជន​ជាប់​ចោទ អៀង ធីរិទ្ធ ត្រូវ​បាន​​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ហើយ នៅ​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កញ្ញា នេះ។

ជន​ជាប់​ចោទ អៀង ធីរិទ្ធ បច្ចុប្បន្ន​មាន​វ័យ ៨០​ឆ្នាំ គឺ​អតីត​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩។

ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឱ្យ​នៅ​ក្រៅ​ឃុំ ត្រូវ​បាន​សម្រេច​ដោយ​តុលាការ​កំពូល នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​រសៀល ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១២។

ការ​ដោះលែង​នេះ គឺ​ជា​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ទៅ​លើ​សំណើសុំ​របស់​សហ​ព្រះរាជ​អាជ្ញា កាល​ថ្ងៃ​ទី​១៤ កញ្ញា ដែល​សុំ​ផ្អាក​សេចក្ដី​សម្រេច​ដោយ​សាលាដំបូង ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ដោយ​គ្មាន​លក្ខខណ្ឌ។

មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា ថ្លែង​ថា បើ​ទោះ​ជា​ដោះលែង​តាម​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ក្ដី ក៏​តុលាការ​កំពូល​ដាក់​លក្ខខណ្ឌ​បណ្ដោះអាសន្ន​មួយ​ចំនួន​ដែរ៖ «​១ គឺ​ជន​ជាប់​ចោទ ត្រូវ​ជូន​ដំណឹង​ដល់​អង្គ​ជំនុំជម្រះ​អំពី​អាសយដ្ឋាន​ដែល​ខ្លួន​ត្រូវ​ស្នាក់​នៅ ហើយ​មិន​ត្រូវ​ផ្លាស់​ប្ដូរ ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​អង្គ​ជំនុំជម្រះ​ឡើយ។ ទី​២ ជន​ជាប់​ចោទ ត្រូវ​ប្រគល់​លិខិត​ឆ្លង​ដែន និង​លិខិត​ធ្វើ​ដំណើរ​ពាក់ព័ន្ធ​ដទៃ​ទៀត ហើយ​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំ​ប្រទល់​នៃ​ដែនដី​ព្រះរាជាណាចក្រ​កម្ពុជា​ទេ ហើយ​និង​ទី​៣ គឺ​ជន​ជាប់​ចោទ​ត្រូវ​គោរព​តាម​ដីកា​កោះ ដែល​ចេញ​ដោយ​តុលាការ និង​បង្គាប់​ដល់​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ត្រូវ​មាន​កាតព្វកិច្ច​មិន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​រដ្ឋបាល»

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​ក្ដី​ខ្មែរក្រហម ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១២ បាន​បញ្ជាក់​ថា វិធានការ​បណ្ដោះអាសន្ន ដូច​លោក នេត្រ ភក្ត្រា លើក​ឡើង ៣ ចំណុច​នេះ មាន​សុពលភាព​រហូត​ដល់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល ចេញ​សេចក្ដី​សម្រេច​ទាំង​ស្រុង​លើ​បណ្ដឹង​សាទុក្ខ​របស់​សហ​ព្រះរាជ​អាជ្ញា។

ទាក់ទង​នឹង​ការ​ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឱ្យ​នៅ​ក្រៅ​ឃុំ បាន​ធ្វើ​ឱ្យ​ភាគី​ជន​រងគ្រោះ ទាំង​មេធាវី​ការពារ​ក្ដី​ឱ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ផ្ទាល់ មាន​ប្រតិកម្ម​ភ្លាមៗ ស្រដៀង។

មេធាវី​ការពារ​ក្ដី​ឱ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប លោក ហុង គឹមសួន មាន​ប្រសាសន៍​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល និង​ស្រងាក​ចិត្ត​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។

មេធាវី ហុង គឹមសួន៖ «ខ្ញុំ​មានការ​ខក​ចិត្តច្រើន​ដែរ ព្រោះ​ដឹង​ថា ព្រះរាជអាជ្ញា​លោក​បាន​ប្ដឹង​ឧទ្ធរណ៍​ហើយ សុំ​ឱ្យ​តុលាការ​កំពូល ECCC (អ.វ.ត.ក) ហ្នឹង​សម្រេច​សិន។ ដល់​ឥឡូវ​តុលាការ​កំពូល​ហ្នឹង​មិន​ទាន់​ឮ​សូរ​ប្រកាស​ជា​ផ្លូវការ ហើយ​សាធារណជន ដើមបណ្ដឹង​រដ្ឋប្បវេណី​ឱ្យ​លោក​បាន​ដឹង​ផង ហើយ​ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ​ទៀត ដោះលែង អៀង ធីរិទ្ធ ជា​ការ​ខក​ចិត្ត។ សង្ឃឹម​ថា ស្ដាប់​ការ​ពន្យល់​ច្បាស់លាស់​អំពី​ហេតុផល​យ៉ាង​ម៉េច​ខ្លះ ទើប​តុលាការ​កំពូល​ទាត់​ចោល​បណ្ដឹង​ព្រះរាជ​អាជ្ញា​នោះ។ ខាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី ក៏​គាត់​ខក​ចិត្ត គាត់​លែង​ចង់​មាន​ជំនឿ»

រីឯ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង ០០២ ឈ្មោះ ឥន្ទ វុទ្ធី ថ្លែង​ថា លោក​អស់​សង្ឃឹម​ចំពោះ​បញ្ហា ដែល​សាលាក្ដី​ខ្មែរក្រហម​ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឱ្យ​នៅ​ក្រៅ​ឃុំ។ លោក​បន្ត​ថា ការ​ចូល​រួម​របស់​លោក​រហូត​មក​ដល់​ពេល​នេះ គឺ​លោក​ចង់​ដឹង​ការ​ពិត​ថា នរណា​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​រឿង​កាប់​សម្លាប់​ពលរដ្ឋ​កម្ពុជា​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយ​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ជា​អ្នក​ដឹកនាំ​ជាន់​ខ្ពស់​មួយ​រូប​របស់​ខ្មែរក្រហម។

លោក ឥន្ទ វុទ្ធី៖ «ដោះ​អ៊ីចឹង​ទៅ យើង​អស់​សង្ឃឹម​មែនទែន។ គេ​អត់​ទាន់​ស៊ើបអង្កេត​ថា គាត់​ហ្នឹង​ពាក់ព័ន្ធ​អ្វី​ខ្លះ​នៅ​ឡើយ​ទេ។ តែ​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​ហ្នឹង​នៅ​ក្នុង​លំដាប់​មេ​ដឹក​នាំ​ជាន់​ខ្ពស់។ ដូច្នេះ​គាត់​ហ្នឹង​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ខ្ញុំ​មិន​ហាម​ឃាត់​ទេ​រឿង​ព្យាបាល ក៏​ប៉ុន្តែ​កុំ​ឱ្យ​មាន​ពាក្យ​ដោះលែង។ គាត់​ចង់​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា​ក៏​បាន កន្លែង​ណា​ក៏បាន កុំ​ឱ្យ​តែ​ពាក្យ​ដោះលែង​ប៉ុណ្ណឹង។ អា​ហ្នឹង​ហើយ​ដែល​ធ្វើ​អ្នក​ចូលរួម អ្នក​ឈឺ​ចាប់​ខ្លោច​ផ្សា ងាប់​បង​ងាប់​ប្អូន​អត់​អស់​ចិត្ត។ អ៊ីចឹង​តុលាការ ដែល​ខំ​ធ្វើ​រាល់​ថ្ងៃ​នេះ​វា​អត់​ប្រយោជន៍ វា​អត់​ព្យាបាល​របួស​ផ្លូវ​ចិត្ត​អី​បាន​ទេ។ វា​ធ្វើ​បង្ហាញ​អា​អ្នក​ក្រោយ​ទៀត ធ្វើ​តាម​ទៀត នេះ​ជា​ទស្សនៈ​របស់​ខ្ញុំ​រង​គ្រោះ​នៅ​សម័យ​ហ្នុង​បាទ!»

លោក​ថា ការ​ដោះលែង​នេះ គឺ​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​សង្គម​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា សាលាដំបូង​បាន​សម្រេច​ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ដោយ​បញ្ជាក់​ហេតុផល​ថា ដោយសារ​តែ​ជំងឺ​វង្វេងវង្វាន់ និង​បាត់​ការ​ចងចាំ​របស់​ជន​ជាប់​ចោទ កាន់​តែ​​ធ្ងន់ធ្ងរ មិន​អាច​ចូលរួម​តតាំង​ក្ដី​ក្នុង​សវនាការ​បាន និង​មិន​មាន​សញ្ញា​ណាមួយ​ប្រសើរ​ឡើង​វិញ​បាន។ ហេតុផល​នេះ គឺ​ផ្អែក​តាម​សក្ខីកម្ម​របស់​អ្នក​ជំនាញ​ផ្នែក​ពេទ្យ​ចិត្តសាស្ត្រ ពេទ្យ​វិកល​ចរិត និង​ពេទ្យ​ផ្នែក​ជំងឺ​មនុស្ស​ចាស់ ចាត់​តាំង​ដោយ​សាលាក្ដី​ខ្មែរ​ក្រហម ដែល​បញ្ជាក់​ក្នុង​សវនាការ កាល​ពី​ថ្ងៃ​ទី ៣០ និង ៣១ សីហា។

សេចក្ដី​សម្រេច​ដោះលែង​របស់​សាលា​ដំបូង ត្រូវ​បាន​ជំទាស់​ដោយ​ភាគី​សហ​ព្រះរាជ​អាជ្ញា ហើយ​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល ដោយ​បាន​ស្នើសុំ​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន ៦ ចំណុច។

​លក្ខខណ្ឌ​ទាំង​នោះ គឺ​ត្រូវ​ស្នាក់​ក្នុង​លំនៅឋាន​ជាក់លាក់​មួយ ដែល​សហ​មេធាវី​ការពារ​ក្ដី​របស់​គាត់ ត្រូវ​ប្រាប់​អំពី​អាសយដ្ឋាន ឬ​ត្រូវ​បង្ហាញ​ខ្លួន​មួយ​សប្ដាហ៍​ម្ដង ដើម្បី​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​ក៏​មន្ត្រី​ផ្លូវ​ការ ដែល​ចាត់​តាំង​ដោយ​អង្គ​ជំនុំជម្រះ​សាលាដំបូង ត្រូវ​ពិនិត្យ​ពី​សុវត្ថិភាព ហើយ​ឱ្យ​គាត់​ប្រគល់​លិខិត​ឆ្លង​ដែន និង​អត្តសញ្ញាណប័ណ្ណ​របស់​គាត់ ហើយ​មិន​ត្រូវ​ទាក់ទង​នឹង​ភាគី​ផ្សេងៗ ដែល​ទាក់ទង​ជាមួយ​នឹង​សំណុំរឿង ជា​ពិសេស គឺ​ជាមួយ​នឹង​សាក្សី ជាមួយ​នឹង​អ្នក​ជំនាញ​ដើម​បណ្ដឹង​រដ្ឋប្បវេណី លើកលែង​តែ​ស្វាមី​របស់​គាត់ គឺ​លោក អៀង សារី និង​ទី ៦ នោះ គឺ​ត្រូវ​ឋិត​នៅ​ក្រោម​ការ​ត្រូវ​ពិនិត្យ​វេជ្ជសាស្ត្រ ដោយ​អ្នក​អនុវត្ត​ផ្នែក​វេជ្ជសាស្ត្រ ដែល​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​បាន​ចាត់តាំង ៦ ខែ​ម្ដង។

សហ​ព្រះរាជ​អាជ្ញា​ បាន​លើក​ឡើង​ថា លក្ខខណ្ឌ​សម្រាប់​ដោះ​លែង​ជនជាប់ចោទ អៀង ធីរិទ្ធ មិន​ត្រឹម​តែ​គិត​អំពី​សិទ្ធិ​របស់​ជន​ជាប់​ចោទ​ទេ គឺ​ត្រូវ​ពិចារណា​ដែរ អំពី​សិទ្ធិ​របស់​ជន​រងគ្រោះ ដើម​បណ្ដឹង​រដ្ឋប្បវេណី សហ​ព្រះរាជ​អាជ្ញា និង​សហគមន៍​អន្តរជាតិ រួម​នឹង​កត្តា​ផ្សះផ្សា​ជាតិ ស្ថិរភាព យុត្តិធម៌ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ។

សហ​ព្រះរាជ​អាជ្ញា ក៏​ស្នើសុំ​ឱ្យ​សាលាដំបូង​ផ្អាក​ការ​ដោះលែង ជន​ជាប់​ចោទ អៀង ធីរិទ្ធ រហូត​ទាល់​តែ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​សម្រេច​លើ​បណ្ដឹង​សាទុក្ខ​នេះ​សិន។ ស្រប​តាម​វិធាន​ផ្ទៃ​ក្នុង​ តុលាការ​កំពូល​ពេល ២ ថ្ងៃ ឬ ៤៨ ម៉ោង សម្រាប់​ពិនិត្យ​បណ្ដឹង​សាទុក្ខ និង​រយៈ​ពេល ១៥ ថ្ងៃ​សម្រាប់​ធ្វើ​សេចក្ដី​សម្រេច​ជា​ចុង​ក្រោយ។ ដូច្នេះ ការ​ដោះលែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​តុលាការ​កំពូល បន្ទាប់​ពី​រយៈពេល ៤៨ ម៉ោង តាម​វិធាន​ផ្ទៃ​ក្នុង នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។

ទាក់ទង​នឹង​ការ​ដោះលែង​ជន​ជាប់​ចោទ អៀង ធីវិទ្ធ នេះ​ដែរ ទោះ​បី​ជា​មាន​ជន​រងគ្រោះ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​មួយ​ចំនួន បាន​ជំទាស់​ទៅ​នឹង​ការ​សម្រេច​ដោះលែង​នេះ​ក្ដី ប៉ុន្តែ​អ្នក​ឃ្លាំមើល​សវនាការ​ខ្មែរ​ក្រហម​បាន​ចាត់​ទុក​ថា ការ​ដោះលែង​អ្នកស្រី អៀង ធីរិទ្ធ ជា​រឿង​មួយ​ត្រឹមត្រូវ​តាម​ច្បាប់ និង​ជា​គំរូ​ដល់​តុលាការ​កម្ពុជា ក្នុង​ការ​ដោះ​លែង​ជន​ជាប់​ចោទ​ដែល​មិន​មាន​កាយ​សម្បទា​មិន​គ្រប់គ្រាន់​ឲ្យ​មាន​សេរីភាព​វិញ​នោះ។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ទីន ហ្សាការីយ៉ា ​ជាមួយ​​លោក ឡុង បញ្ញាវុឌ្ឍ មន្ត្រី​កម្មវិធី​នៃ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា ដែល​ឃ្លាំមើល​សាលាក្ដី​ខ្មែរ​ក្រហម ជុំវិញ​បញ្ហា​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។