ពលរដ្ឋ​នៅ​ព្រៃវែង​ត្អូញ​ពី​បញ្ហា​សមត្ថកិច្ច​ស្ទាក់​ទារ​ប្រាក់​តាម​ផ្លូវ

ពលរដ្ឋ​អ្នក​បើក​ឡាន​ដឹក​ទំនិញ​ក្នុង​ខេត្តព្រៃវែង​ត្អូញត្អែរ​ថា សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​តែង​ស្ទាក់​ទ្បាន​របស់​ពួកគាត់​ជា​រៀង​រាល់​ថៃ្ង​នៅ​តាម​ស្ពាន​ដើម្បី​ទារ​ប្រាក់ ដែល​ឲ្យ​ពួកគាត់​បង់​ឲ្យ​ដោយ​គ្មាន​វិក្កយបត្រ​ពន្ធដារ​អ្វី​ទេ។

0:00 / 0:00

ក្រុម​អ្នក​ស៊ី​ឈ្នួល​បើក​ទ្បាន​ដឹក​ទំនិញ​នៅ​ក្នុង​ស្រុក​ពាមរ ខេត្ត​ព្រៃវែង បាន​អះអាង​ថា សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​តែងតែ​ស្ទាក់​ទ្បាន​របស់​ពួកគាត់​ជា​រៀង​រាល់​ថៃ្ង​នៅ​តាម​ស្ពាន ដើម្បី​ទារ​ប្រាក់​រវាង​ពី​១៥.០០០​រៀល​ទៅ​២០.០០០​រៀល ដោយ​មិន​ទាន់​គិត​ការ​ទារ​ប្រាក់​៥.០០០​រៀល​នៅ​តាម​កន្លែង​ដទៃ​ទៀត​នៅ​ទ្បើយ​ទេ។

ប្រជាពលរដ្ឋ​ម្នាក់​ជា​អ្នក​ស៊ី​ឈ្នួល​បើក​ទ្បាន​ដឹក​ទំនិញ ដូចជា​ស្រូវ នៅ​ក្នុង​ស្រុក​ពាមរ ខេត្ត​ព្រៃវែង បាន​ថែ្លង​ថា លោក​ស៊ី​ឈ្នួល​បើក​ទ្បាន​ដឹក​ស្រូវ​ឲ្យ​គេ​ក្នុង​តម្លៃ​ប្រមាណ​៦​ម៉ឺន​រៀល​ក្នុង​មួយ​ថៃ្ង នៅ​សល់​ត្រឹម​តែ​២​ឬ​៣​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​ខ្លះ​ទៀត គឺ​អស់​គ្មាន​សល់​តែម្តង ដោយសារ​តែ​បង់​ប្រាក់​ឲ្យ​ទៅ​ក្រុម​នគរបាល​នៅ​តាម​ផ្លូវ​ច្រើន​កន្លែង​ជា​រៀងរាល់​ថៃ្ង។

ពលរដ្ឋ​អ្នក​ស៊ី​ឈ្នួល​បើក​ឡាន​ដឹក​ទំនិញ​នៅ​ស្រុក​ពាមរ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​សូម​ឲ្យ​អភិបាល​ខេត្ត​ជួយ​កុំ​ឲ្យ​យក​លុយ​នៅ​ស្ពាន ព្រោះ​យក​លុយ​រាល់​ថ្ងៃ ជួនកាល​មួយ​ថ្ងៃ​​២០.០០០​ម៉ឺន មួយ​ថ្ងៃ​១៥.០០០ ហើយ​បង់​គ្រប់​តែ​កន្លែង។ ខ្ញុំ​ដឹក​ទំនិញ​ចំណេញ​បន្តិច​បន្តួច​គ្រាន់​តែ​បង់​ឲ្យ​ប៉ូលិស​វា​អស់​ទៅ​ហើយ គាត់​យក​ច្រើន​កន្លែង​ណាស់»

ប្រជាពលរដ្ឋ​ឈ្មោះ អន់ សំអឿន នៅ​ក្នុង​ស្រុក​ពាមរ​នោះ បាន​ថែ្លង​ថា ៖ «៤-​៥​នាក់​នៅ​គល់​ស្ពាន​ដែក ស្ថិត​នៅ​ភូមិ​ពាមរ ឃុំ​ពាមរ ស្រុក​ពាមរ ខេត្ត​ព្រៃវែង​ហ្នឹង ចាំ​កាក់​ទារ​លុយ​ឡាន ក្នុង​ឡាន​មួយ​ដឹក​ទំនិញ​ពី​កំពង់ចាម ដឹក​ស្រូវ​អី​មក គឺ​មួយ​ឡាន​១៥.០០០​ទៅ​២០.០០០​រៀល។ រក​បាន​បួន​ប្រាំ​ម៉ឺន​មួយ​ថ្ងៃ ហើយ​គាត់​ទារ​លុយ​អនាធិបតេយ្យ។ អ្នក​ខ្លះ​មិន​មែន​ឡាន​ខ្លួន​គាត់​ទេ គាត់​ស៊ី​ឈ្នួល​ដឹក​ឲ្យ​គេ មួយ​ថ្ងៃ​គេ​ឲ្យ​ពីរ​បី​ម៉ឺន ឲ្យ​លុយ​ហូប​បាយ​ត្រឹម​មួយ​ម៉ឺន​អី បង់​អស់​ហើយ»

ប្រភព​ពី​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​បើក​បរ​ទ្បាន​ដឹក​ទំនិញ​ចំនួន​ប្រមាណ​៤០​គ្រឿង​នៅ​ក្នុង​ស្រុក​ពាមរ័​នោះ តែងតែ​រង​គ្រោះ​ដូចៗ​គ្នា។ កន្លែង​ដែល​មាន​ការ​ជំរិត​ទារ​ប្រាក់​ច្រើន​ជាង​គេ គឺ​នៅ​ត្រង់​ចំណុច​ស្ពាន​ពាមរ​តែម្តង។

អភិបាល​ស្រុក​ពាមរ ខេត្ត​ព្រៃវែង លោក សៅ ប្រសិទ្ធ បាន​មាន​ប្រសាសន៍​បំភ្លឺ​ថា លោក​បាន​ស្រាវជ្រាវ​និង​បាន​ដោះស្រាយ​រឿង​នេះ​រូច​ហើយ។

លោក សៅ ប្រសិទ្ធ មាន​ប្រសាសន៍​ដូច្នេះ ៖ «អត់​មាន​ទេ ខ្ញុំ​ស្រាវជ្រាវ​ទៅ​មាន​សុំ​គេ​៥.០០០​(រៀល)​មាន​មែន សារភាព​ត្រង់។ ឡាន​ធ្ងន់​យើង​មិន​ឲ្យ​ឆ្លង​កាត់​ទេ​ខ្លាច​បាក់​ស្ពាន​ទៅ​រឿង​ខ្ញុំ​តែម្ដង ខ្ញុំ​ដឹង​តែ​ធ្ងន់​ជាង​គេ​ហើយ ប៉ុន្តែ​ដល់​មាន​ដល់​មួយ​ម៉ឺន​ពីរ​ម៉ឺន អត់​មាន​ទេ។ ខ្ញុំ​កំពុង​ដាក់​កម្លាំង​ខ្ញុំ​ស្រាវជ្រាវ​ទៀត»

ប្រជាពលរដ្ឋ​ខែ្មរ​នៅ​តាម​បណ្តារ​ខេត្ត​នានា ជា​រឿយៗ​តែងតែ​តវ៉ា​និង​ទម្លាយ​រឿង​អាស្រូវ​ជំរិត​ទារ​ប្រាក់​នោះ នៅ​ពេល​ដែល​ពួក​គាត់​ដឹក​ទំនិញ​កសិផល​មក​កាន់​ទីផ្សារ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា កន្លង​មក​បាន​ប្រកាស​បញ្ជា​ឲ្យ​អាជ្ញាធរ​នៅ​ខេត្ត​នានា ពិនិត្យ​និង​លុប​បំបាត់​ក្រុងត្រូល​ខុស​ច្បាប់​ទាំង​នោះ៕