មន្ត្រី​ជលផល​ខេត្ត​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​នេសាទ​ខុស​ច្បាប់

ប្រជា​នេសាទ​សម្ដែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់ ដែល​ពួក​គាត់​អះអាង​ថា នៅ​តែ​បន្ត​កើត​មាន​យ៉ាង​ខ្លាំង។ ទោះ​បី​ជា​មាន​ការ​អះអាង​បែប​នេះ​ក្តី ក៏​មន្ត្រី​ជំនាញ​ជលផល​នៅ​តែ​ប្រកែក​ថា បទ​ល្មើស​នេសាទ​ពុំ​មាន​កើត​ឡើង​ទៀត​ទេ​នៅ​ក្នុង​ទឹក​ដី​នៃ​ខេត្ត​កំពង់ឆ្នាំង។
ដោយ មណ្ឌល កែវ
2013-01-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បទល្មើស​នេសាទ កំពង់ឆ្នាំង ៣០៥
ឧបករណ៍​នេសាទ​ខុស​ច្បាប់ (ស្បៃ​មុង និង​អួន​ក្រឡា​ញឹក) ដែល​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង ចាប់​រឹប​អូស​ពី​ជន​ល្មើស កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ បាន​ចោទ​ប្រកាន់​ថា មន្ត្រី​ជំនាញ​ជលផល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​នេសាទ​ខុស​ច្បាប់​ទាំង​នោះ។

អ្នក​ភូមិ​ដែល​រស់នៅ​តាម​តំបន់​នេសាទ​នានា​នៃ​ស្រុក​កំពង់លែង បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​នេសាទ​ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ មាន​ដូច​ជា​ការ​អូស​អួន​ក្រឡា​ញឹក និង​មាន​បណ្ដោយ​ច្រើន​រយ​ម៉ែត្រ និង​ទូក​រុញ​ជន​ជាច្រើន​គ្រឿង បាន​ធ្វើ​ឲ្យ​ខូច​ខាត​ឧបករណ៍​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជា​នេសាទ​ក្រីក្រ ដោយ​គ្មាន​អាជ្ញាធរ​ណា​មួយ​ជួយ​ទប់​ស្កាត់​ឡើយ។

បុរស​អ្នក​ភូមិ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ទីលំនៅ​នៅ​ភូមិ​កោះក្អែក ឃុំ​កំពង់ហៅ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែ​មករា ឆ្នាំ​២០១៣ ថា ស្ទើរ​តែ​រៀង​រាល់​យប់ ក្រុម​អ្នក​នេសាទ​ដែល​ប្រើ​ឧបករណ៍​ខុស​ច្បាប់ បាន​ធ្វើ​សកម្មភាព​នេសាទ​ដោយ​គ្មាន​កោត​ក្រែង​ចំពោះ​ច្បាប់ និង​មិន​ខ្ចី​ខ្វាយខ្វល់​ចំពោះ​ការ​ខូច​ខាត​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជា​នេសាទ​ក្រីក្រ ដូច​រាយ​មង ឬ​រាយ​សន្ទូច​នោះ​ឡើយ។

បុរស​អ្នក​ភូមិ​រូប​នេះ បាន​អះអាង​ថា គាត់​មាន​ប្រភព​ដែល​បញ្ជាក់​ថា​ក្រុម​អ្នក​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ទាំង​នេះ មាន​ខ្នង​បង្អែក​ជា​មន្ត្រី​ជំនាញ​ជលផល មន្ត្រី​ប៉ូលិស និង​ប៉េអិម៖ «ដូច​យប់​មិញ​អី មិន​ដឹង​ជា​ប៉ុន្មាន​វង់​ទេ តាំង​ពី​ក្បាល​កោះ​ចោរ រហូត​ដល់​ក្បាល​កោះ​ក្រញ៉ាន ជិត​ទៅ​ដល់​មាត់​បឹង​ទន្លេសាប។ មិន​ដឹង​ជា​ប៉ុន្មាន​សិប​វង់​ទេ សុទ្ធ​អា​អួន​ប្រភេទ​បួន​រយ​ម៉ែត្រ​ឡើង​ទៅ អូស​ទាញ​ដោយ​ទូក​ម៉ាស៊ីន​កម្លាំង ៣០​សេះ​អី។ ហើយ​បើ​និយាយ​ពី​ជន​វិញ វា​រុញ​ដាច់​មង​ប្រជាជន​អស់​ហើយ។ តែ​ពួក​អា​បទ​ល្មើ​នេះ​វា​ចេញ​តែ​ពេល​យប់​ទេ។ ចំណុច​ដែល​វា​រក​នោះ​មាន​នៅ​កោះ​បាយ​ក្រៀម កោះ​ចោរ ព្រែក​តាភោក កោះ​ក្អែក កំពង់​អួរ សេះ​ស្លាប់»

អាជ្ញាធរ​ភូមិ ឃុំ​នានា​នៅ​តាម​បណ្ដោយ​ដង​ទន្លេសាប ក្នុង​ស្រុក​កំពង់លែង បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា ពិត​ជា​មាន​សកម្មភាព​នេសាទ​ដែល​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នៅ​ក្នុង​ដែនដី​របស់​ពួក​គេ​មែន។ ប៉ុន្តែ​អាជ្ញាធរ​ដែនដី​ពុំ​មាន​សិទ្ធិ​អ្វី​ទៅ​ហាម​ឃាត់ ឬ​ចាប់​រឹបអូស​ឧបករណ៍​ទាំង​នោះ​ទេ ប្រសិន​គ្មាន​ការ​សហការ​ពី​ផ្នែក​ជំនាញ។ ម្យ៉ាង​ទៀត រាល់​ពេល​ដែល​អាជ្ញាធរ​ដែនដី​សុំ​ការ​សហការ​ពី​ផ្នែក​ជំនាញ​ម្ដងៗ សកម្មភាព​នេះ​បាន​បាត់​ទៅ​វិញ មិន​ដឹង​ពី​មូលហេតុ។

អាជ្ញាធរ​ភូមិ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា លោក​ពិត​ជា​បាន​ឃើញ​ការ​នេសាទ​បែប​នេះ​ស្ទើរ​រាល់​យប់៖ «មែន​បង ឧបករណ៍​ហ្នឹង​គឺ​ខុស​ច្បាប់ គាត់​មិន​គោរព​ច្បាប់​ទេ ដល់​អាជ្ញាធរ​ដែនដី​សួរ​នាំ​គាត់ៗ​ថា​អាជ្ញាធរ​ដែនដី​ចេះ​តែ​ហាម​ឃាត់​គាត់ តែ​ពួក​អ្នក​ធ្វើ​បទ​ល្មើ​នេះ​សុទ្ធ​តែ​អ្នក​មក​ពី​ខាង​ក្រៅ មិន​មែន​អ្នក​ភូមិ​យើង​ទេ​បង»

យ៉ាង​នេះ​ក្ដី នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង គឺ​លោក លី ឡា បាន​អះអាង​ថា ដំណាក់​កាល​បច្ចុប្បន្ន គ្មាន​មន្ត្រី​ជំនាញ​ជលផល​ខេត្ត​កំពង់ឆ្នាំង ណា​ម្នាក់​ដែល​ធ្វើ​អំពើ​ល្ងង់​ខ្លៅ​ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​ថា ប្រសិន​បើ​មាន​សកម្មភាព​បែប​នេះ​មែន ក៏​ជា​សកម្មភាព​របស់​ជន​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​នោះ​ប៉ុណ្ណោះ ពុំ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​ជំនាញ​នោះ​ទេ។

លោក លី ឡា៖ «នេះ​ជា​ព័ត៌មាន​ល្អ ប្រសិន​បើ​មាន​ការ​ពិត។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ខាង​ខ្ញុំ​ទទួល​យក​ដែរ ដើម្បី​យក​ទៅ​ឆែក​មើល ព្រោះ​នេះ​ជា​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ។ តែ​ត្រង់​ថា​មាន​ការ​ឃុបឃិត​ពី​អាជ្ញាធរ​ជំនាញ ខ្ញុំ​ដូច​ជា​មិន​ជឿ​ទេ។ តែ​ខ្ញុំ​នៅ​តែ​ទទួល​យក ហើយ​ខ្ញុំ​នឹង​ដាក់​ទៅ​ប្រធាន​ផ្នែក​ឲ្យ​ពិនិត្យ​មើល ព្រម​ទាំង​រាយការណ៍​បញ្ហា​នេះ​ទៅ​លោក​នាយ​ខណ្ឌ​ឲ្យ​គាត់​មាន​វិធានការ»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា ការ​កែ​ទម្រង់​ឡូត៍​នេសាទ​អាច​មាន​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​បាន​ទាល់​តែ​រាជ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម ហើយ​ត្រូវ​អនុវត្ត​ច្បាប់​នោះ​ឲ្យ​ស្មើ​ភាព​គ្នា​រវាង​អ្នក​មាន​អំណាច ឬ​មាន​លុយ​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ត្រូវ​ធ្វើ​ឡើង​ជា​ប្រចាំ ដោយ​មិន​ត្រូវ​រង់ចាំ​តែ​នាយក​រដ្ឋមន្ត្រី​ព្រមាន ទើប​មាន​សកម្មភាព​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល