សហគមន៍​ជនជាតិ​ព្នង​នៅ​មណ្ឌលគិរី​សំណូមពរ​ឲ្យ​ជួយ​ទប់ស្កាត់​ការបំផ្លាញ​ព្រៃ​ឈើ

សហគមន៍​ជនជាតិ​ព្នង​នៅ​ឃុំ​រមនា ស្រុក​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី បាន​សំណូមពរ​ឲ្យ​មាន​ការជួយ​អន្តរាគមន៍​ជួយ​ទប់ស្កាត់​ការបំផ្លាញ​ព្រៃ​ឈើ​ដែល​ជា​របរ​ទី​២​បន្ទាប់ពី​ស្រែ​ចម្ការ។

0:00 / 0:00

សំណូមពរ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់ពី​ជនជាតិ​ព្នង​នៅ​ភូមិ​ពូលូង ឃុំ​រមនា ទើប​នឹង​ឃើញ​មាន​ស្នាម​កាប់​បំផ្លាញ​ថ្មីៗ ដោយ​រណារ​យន្ត​ទៅ​លើ​ដើម​រាំង​ដែល​ជា​រុក្ខជាតិ​ធ្លាប់​ផ្ដល់​ផល​ជ័រ​ជា​ច្រើន​សម្រាប់​ពួក​គេ​យក​ទៅ​លក់​ដូរ​នៅ​ទីផ្សារ។

ជនជាតិ​ព្នង​នៅ​ភូមិ​ពូលូង​បាន​ឲ្យ​ដឹង​ថា ៖ «ឃើញ​ម៉ាស៊ីន​កាត់​មួយ​គេ​លាក់​ទុក​នៅ​ក្នុង​ហ្នឹង។ ពួក​ខ្ញុំ​ឃើញ​ហ្នឹង​ប្រហែល​ជា​ថ្ងៃ​១២ ព្រោះ​អី​ខ្ញុំ​ចុះ​ទៅ​ថ្ងៃ​១៣ ឃើញ​គេ​កាប់​អ៊ីចឹង។ ខ្ញុំ​ប្រាប់​ហើយ ប្រាប់​មេ​ភូមិ​ហើយ​និង​ស្មៀន​ឃុំ គាត់​ថា​ចាំ​ថ្ងៃ​ណា​មួយ​ទំនេរ គាត់​នឹង​ចុះ​ទៅ។ ខ្ញុំ​ថា បើ​ចាំ​ថ្ងៃ​ទំនេរ​អ៊ីចឹង​ព្រៃ​ឈើ​មិន​អស់​ហើយ?»

តំណាង​ជនជាតិ​ព្នង​ម្នាក់​ទៀត​បាន​ជម្រាប​ថា ក្រៅពី​របរ​ចម្ការ​ជនជាតិ​ព្នង​ទាំង​នោះ​រស់​អាស្រ័យ​ដោយ​ជ័រ​រាំង​នេះ ដោយ​នាំ​គ្នា​ទៅ​រើស​ក្នុង​មួយ​ថ្ងៃ​អាច​បាន​ប្រមាណ​១០​គីឡូក្រាម ហើយ​តម្លៃ​លក់​នៅ​ទីផ្សារគឺ​២៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម។ បើសិន​ជា​មាន​មនុស្ស​រើស​ច្រើន​អាច​បាន​ក្រោម​១០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ។

តំណាង​សហគមន៍​បាន​អះអាង​ថា ដើម​រាំង​នៅ​ទី​នោះ​មាន​ទំហំ​ពី​មួយ​អោប​ទៅ​ពីរ​អោប​មនុស្ស​ចាស់ ហើយ​អាច​ធ្វើ​ជា​គ្រឿង​ផ្ទះ​បាន​យ៉ាង​ល្អ ប៉ុន្តែ​ជនជាតិ​ព្នង​នៅ​ទូទាំង​ឃុំ​រមនា​មិន​ដែល​នាំ​គ្នា​កាប់​ទេ សុខចិត្ត​ទៅ​កាប់​ដើម​ឈើ​ផ្សេង​យក​មក​ធ្វើ​ដោយ​ទុក​ដើម​នេះ​សម្រាប់​ប្រមូល​រើស​ជ័រ​ដើម្បី​ចិញ្ចឹម​ជីវិត ព្រោះ​ជ័រ​រាំង​នេះ​ហូរ​តាម​ដើម​ហូរ​តាម​មែក​ដោយ​ខ្លួនឯង ហើយ​ជ្រុះ​ធ្លាក់​មក​ដោយ​ខ្យល់​បក់​ឬ​ប្រើ​ចម្ពាម​បាញ់​ទម្លាក់​មិន​ពិបាក​រក​ដូច​ជ័រ​ដទៃ​ឡើយ។

តំណាង​សហគមន៍​បាន​មាន​ប្រសាសន៍​ថា ៖ «ចង់​ទប់ស្កាត់​ឲ្យ​ទាន់​ពេល​បច្ចុប្បន្ន។ ចង់​សហការ​ជាមួយ​អាជ្ញាធរ ជាមួយ​មេ​ភូមិ ដើម្បី​ទៅ​ទប់ស្កាត់​និង​រាយការណ៍​តាម​រយៈ​អង្គការ​វីជីឡែន»

តំណាង​សហគមន៍​បាន​ឲ្យ​ដឹង​ថា ព្រៃ​រក​ជ័រ​រាំង​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​ភូមិ​ពូជ្រី​ដែល​មាន​ចម្ងាយ​ប្រមាណ​៨​គីឡូម៉ែត្រ​ពី​ភូមិ​ពូលូង ហើយ​មាន​ទំហំ​ប្រមាណ​៥០ហិកតារ។

មន្រ្តី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​វីជីឡែន​គឺ​លោក ឯម វាសនា ដែល​បាន​ទទួល​របាយការណ៍​ពី​សហគមន៍​ជនជាតិ​បាន​អះអាង​ថា នឹង​ដាក់​បញ្ហា​នេះ​នៅ​ក្នុង​អង្គប្រជុំ​ជាមួយ​នឹង​អង្គការ​នានា​ដែល​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​ដាក់​លិខិត​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ដែល​លោក​អះអាង​ថា វា​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ជនជាតិ​និង​បរិស្ថាន ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់​ទៀត។

នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​គឺ​លោក កែប កត់ បាន​ជម្រាប​ថា ឲ្យ​ជនជាតិ​ធ្វើការ​ទំនាក់​ទំនង​ទៅ​ការិយាល័យ​ជំនាញ​នៅ​ខេត្ត។

លោក កែប កត់ បាន​ឲ្យ​ដឹង​ថា ៖ «ប្រាប់​ខ្ញុំ​ទៅ ខ្ញុំ​ប្រាប់​ឲ្យ​គេ​ចាត់ការ​ហើយ។ ខ្ញុំ​បន់​ឲ្យ​តែ​មាន​អ៊ីចឹង​ឲ្យ​គាត់​នាំ​ទៅ។ វា​សំខាន់​គឺ​រឿង​អនុវត្ត​បញ្ជា​០២​ហ្នឹង គេ​ចង់​ដកហូត​អ្នក​ណា​ហ្នឹង។ នាំ​ទៅ​ចង្អុល​ឲ្យ​ចំ​មក គេ​ចាត់ការ​តាម​នីតិវិធី​ហ្នឹង​ហើយ»

ដើម​រាំង​ត្រូវ​បាន​នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​បន្ថែម​ថា មិន​ដុះ​រាយប៉ាយ​ទេ​គឺ​ដុះ​តាម​ជ្រុំ ហើយ​ជ័រ​វា​គេ​ច្រើន​យក​ទៅ​ប្រើ​បិទ​ទូក​កាណូត​ជាដើម៕