សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​កើត​មាន​នៅ​ស្រុក​សំឡូត

ក្រុម​អ្នក​ភូមិ​និង​សកម្មជន​ការពារ​ព្រៃ​ឈើ​បាន​ថ្លែង​ថា សកម្មភាព​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​ដឹក​ទៅ​ក្នុង​ប្រទេស​ថៃ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​មន្ត្រី​យោធា​នៃ​យោធភូមិ​ភាគ​៥ កំពុង​កើត​មាន​ជា​បន្ត​បន្ទាប់​នៅ​ស្រុក​សំឡូត ដោយ​មិន​ឃើញ​មាន​វិធានការ​ទប់​ស្កាត់​ពី​រដ្ឋបាល​ព្រៃ​ឈើ​បាត់ដំបង​ឡើយ។

0:00 / 0:00

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្សតិ៍ ទី​៤ ខែ​ធ្នូ​ថា សកម្មភាព​នៃ​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​មន្ត្រី​យោធា​មាន​អំណាច កំពុង​កើត​មាន​យ៉ាង​គគ្រឹក​គគ្រេង​នៅ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សំឡូត ៖ «ហើយ​ប្រភេទ​ឈើ​ដែល​គេ​ដឹក​ហ្នឹង​មាន​៥​ប្រភេទ​ឈើ​សំខាន់ៗ ឈើ​គ្រញូង បេង ផ្ចឹក សុក្រម​ហើយ​និង​ធ្នង់។ ឈើ​ហ្នឹង​មុខ​កាត់​វា​តូច​បំផុត​ក៏​កន្លះ​ម៉ែត្រ​ដែរ»

ប្រភព​ដដែល​បន្ត​ថា កាល​ពី​ថ្ងៃ​សុក្រ ទី​២៧ ខែ​វិច្ឆិកា ឈើ​ប្រណីត​ទាំង​៥​ប្រភេទ​ខាង​លើ​ចំនួន​ប្រមាន​១២​ឡាន​សណ្តោង ត្រូវ​បាន​ក្រុម​ទាហាន​ដឹក​ចេញ​តាម​ច្រក​៤០០​និង​ច្រក​ពាមតា ទៅ​ក្នុង​ប្រទេស​ថៃ ដោយ​មាន​ក្រុម​ទាហាន​ប្រដាប់​ដោយ​អាវុធ​ជា​អ្នក​ការពារ។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ដូច្នេះ ៖ «ដឹក​ចេញ​តាម​ច្រក​៤០០ មួយ​ទៀត​ដឹក​តាម​ច្រក​ពាមតា ឡាន​ថៃ​ចូល​មក​ដឹក​តែម្ដង ឡាន​កាំមីញ៉ុង​សណ្ដោង។ ទាហាន​ភូមិ​ភាគ​៥ ជួរ​មុខ​ដឹក​នាំ​ដោយ​លោក ប្រាក់ ផាន ស័ក្កិ​៤​កន្លះ»

លោកវរសេនីយ៍​ទោ ប្រាក់ ផាន ដែល​ទើប​ផ្លាស់​ចេញ​ពី​ច្រក​ពាមតា ទៅ​កាន់​ច្រក​៤០០ ក្នុង​ស្រុក​សំឡូត មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បាន​ទេ។ ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ត្រី ទុយ ប៊ុនលី មេ​បញ្ជា​ការ​រង​យោធភូមិ​ភាគ​៥​ប្រចាំ​ទិស​ស្រុក​សំឡូត​បញ្ជាក់​ថា ៖ «ទេ! អាហ្នឹង​បើ​មាន​វត្ថុតាង​មាន​អី ប៉ុន្តែ​វា​អត់​មាន។ ឥឡូវ​ឲ្យ​ខាង​ក្រុម​ណា​ដែល​គេ​ឃើញ​ឲ្យ​ទៅ​មើល​មើល៍ វា​មាន​អត់»

ទាក់​ទិន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ គេ​មិន​អាច​ទាក់​ទង​លោក ហែន សុផល អភិបាល​ស្រុក​សំឡូត ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

លោកស្រី គឹម លី មេ​ឃុំ​តាតោក បាន​ថ្លែង​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​បង្ក្រាប​ពួក​ជន​ល្មើស​បាន​ទេ ៖ «រាល់​ថ្ងៃ​សឹង​តែ​ដើរ​ជាន់​ក្បាល​យើង​ហើយ»

លោក ប្រាជ្ញ ច័ន្ទ អភិបាល​ខេត្ត និង​លោក លី ជូបៀង នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​បាត់ដំបង មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បាន​ទេ ជុំវិញ​ការ​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ស្រុក​សំឡូត ដោយ​ទូរស័ព្ទ​រោទ៍​ជា​ច្រើន​សា​តែ​មិន​មាន​អ្នក​ទទួល។

ទាក់​ទិន​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ លោក យិន ម៉េងលី មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក បាន​ថ្លែង​ថា មន្ត្រី​មូលដ្ឋាន​ត្រូវ​រាយ​ការណ៍​ទៅ​អាជ្ញាធរ​ខេត្ត​ដែល​មាន​អំណាច​គ្រប់​គ្រាន់​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ។

លោក យិន ម៉េងលី មាន​ប្រសាសន៍​ដូច្នេះ ៖ «ចំពោះ​សមត្ថកិច្ច ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​មាន​វិធានការ។ យើង​ឃើញ​មាន​ការ​កាប់​ច្រើន មាន​ការ​ស្រែក​ច្រើន ក៏​ប៉ុន្តែ​យើង​ដាក់​សំណួរ​សួរ​ថា តើ​អ្នក​ជាប់​គុក​ពី​បញ្ហា​នេះ​មាន​ប៉ុន្មាន​ភាគរយ?»

ព្រៃឈើ​នៅ​ស្រុក​សំឡូត ដូច​ជា​នៅ​ឃុំ​ស៊ុង ឃុំ​សំឡូត តាតោក និង​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ-​ថៃ ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ស្ទើរ​តែ​អស់​ទាំង​ស្រុង​ទៅ​ហើយ ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​វិធានការ​ជា​ដុំ​កំភួន​ក្នុង​ការ​បង្ក្រាប​ឡើយ៕