ដោយមានការបារម្ភពីការបាត់បង់ធនធានមច្ឆាជាតិ ក្រុមប្រជាសហគមន៍នេសាទនៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានរួមកម្លាំងគ្នាចុះទៅបង្ក្រាបបទល្មើសនៅក្នុងភូមិសាស្ត្រដែលពួកគេគ្រប់គ្រង។
សហគមន៍នេសាទ និងប្រជាពលរដ្ឋបានចុះទៅបង្ក្រាបបទល្មើសនេសាទស្បៃមងក្រឡាល្អិត (ណរ៉ាវ) ដែលជនប្រព្រឹត្តិបានលួចដាក់ចាប់ត្រីក្នុងទឹកបឹងទន្លេសាប ស្ថិតនៅភូមិសាស្ត្រ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ សកម្មភាពនេះ បានធ្វើឡើងមានរយៈពេលបីថ្ងៃ គឺចាប់តាំងពីថ្ងៃទី១២ ទី១៣ និងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២។
ប្រធានសហគមន៍នេសាទ ឃុំតាប៉ុន លោក ងិន វ៉ាត់ បានថ្លែងនៅថ្ងៃទី១៥ ខែកញ្ញា ថា ក្រុមការងារចំនួន៦៣នាក់ ក្នុងនោះមានសហគមន៍នេសាទ សមាជិកក្រុមប្រឹក្សាឃុំ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បាននាំគ្នាចុះទៅបង្ក្រាបបានស្បៃមងក្រឡាល្អិត (ណរ៉ាវ) មានប្រវែង៥ពាន់ម៉ែត្រ ស្មើ៥គីឡូម៉ែត្រ និងបង្គោលឈើចំនួន១.៥០០ដើម។
លោក ងិន វ៉ាត់៖ «ព្រោះទ្រព្យសម្បត្តិហ្នឹងរបស់រាស្ត្រ យើងអត់មានឡូត៍អីទៀតទេ។ សម្ដេចនាយក គាត់បានប្រកាសរំសាយឡូត៍ចោលហើយ យើងត្រូវតែការពារទាំងអស់គ្នា ព្រោះប្រយោជន៍ និងគិតថា ជារបស់រួមឲ្យគាត់រកជាលក្ខណៈគ្រួសារទៅស្មើភាពគ្នាទៅ លើកលែងអាតំបន់ណាដែលយើងទុកអភិរក្ស អាហ្នឹង ខ្ញុំដាក់សហគមន៍យាម។ ឥឡូវ បទល្មើសវាធំបំផុតរឿងណរ៉ាវហ្នឹង។ ទី២ រឿងឆក់ ប៉ុន្តែខែនេះ មិនសូវមានបញ្ហាអីទេ ខ្លាចតែរឿងខែប្រាំង»។
ក្រុមអ្នកភូមិបានអះអាងបញ្ជាក់ថា នៅមានបទល្មើសដាក់ស្បៃមងក្រឡាល្អិតជាច្រើនកន្លែងទៀត ប៉ុន្តែពួកគាត់មិនអាចចុះទៅបង្ក្រាបបាន ដោយសារភូមិសាស្ត្រក្នុងដែនទឹកបឹងទន្លេសាបនោះ ស្ថិតនៅភូមិឃុំផ្សេងគ្នា។
ទោះយ៉ាងនេះក្ដី សហគមន៍នេសាទឃុំតាប៉ុន បានជំរុញឲ្យសហគមន៍នេសាទ និងប្រជាពលរដ្ឋនៅតាមភូមិឃុំទាំងនោះ ត្រូវរួមសាមគ្គីចុះបង្ក្រាបបទល្មើសនេសាទ ដែលកំពុងកើតមាននៅលើទីតាំង ដែលពួកគេគ្រប់គ្រង។
មេឃុំតាប៉ុន លោក រុន ទាក បានមានប្រសាសន៍ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានកាត់ឡូត៍នេសាទពីម្ចាស់ឡូត៍ឯកជន មកទុកជាសម្បត្តិរដ្ឋ ក្នុងនាមលោកជាមេឃុំ បានបំផុសចលនាឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ចូលរួមគ្នាទៅបង្ក្រាបបទល្មើសនេសាទ៖ «ពីមុន រាស្ត្រមិនដែលចូលរួម។ យើងឃើញថា បទល្មើសមិនអស់ទេ។ ខ្ញុំគិតឃើញថា អាបញ្ហាលុបបំបាត់ហ្នឹង បើមិនឲ្យរាស្ត្រទៅជួយធ្វើអន្តរាគមន៍ ពិតប្រាកដអំណាចនៅលើរាស្ត្រ ខ្ញុំថាអាល្មើសហ្នឹងប្រហែលជាវាមិនអស់ទេ ព្រោះយើងមានគ្នាតិច សហគមន៍មានគ្នាបីបួនប្រាំនាក់ ប៉ូលិសមានពីបីនាក់ ថ្នាក់ស្រុកមានម្នាក់ពីរនាក់ ហើយល្មើសហ្នឹង វារាប់រយគីឡូដី អ៊ីចឹងទៅ ធ្វើម៉េចអស់ អ៊ីចឹងមានតែរាស្ត្រទេ ដែលអាចជួយធ្វើឲ្យយើងធ្វើឲ្យបានបទល្មើស»។
ប្រជាពលរដ្ឋដែលមានសន្ទុះចិត្តខ្លាំងក្លា ក្នុងការចូលរួមបង្ក្រាបបទល្មើសនេសាទ ភាគច្រើន គឺជាអ្នកប្រកបរបរនេសាទជាលក្ខណៈគ្រួសារនៅក្នុងភូមិ ដូចជាអ្នកដាក់លប រាយមង និងរាយសន្ទូច ជាដើម។ ពួកគេបារម្ភថា បើសិនបទល្មើសនេសាទកើតមាន ធនធានមច្ឆាជាតិនឹងរងការហិនហោច ហើយពួកគាត់ជាអ្នកនេសាទជាលក្ខណៈគ្រួសារ មិនអាចចាប់ត្រីបានទៀតទេ។ ការចុះបង្ក្រាបបទល្មើសនេសាទនាពេលនេះ គឺពួកគេបានស្ម័គ្រចិត្តចេញលុយរួមគ្នា សម្រាប់មធ្យោបាយធ្វើដំណើរតាមទូកកាណូត ចំនួន៧គ្រឿង និងចេញអង្ករសម្រាប់ដាំបាយទទួលទានលើទូកនៅបឹងទន្លេសាប។
សហគមន៍បានឲ្យដឹងថា សម្ភារៈបទល្មើសនេសាទ មានស្បៃមងក្រឡាល្អិត និងបង្គោលឈើ ដែលពួកគេបានរឹបអូសបាននៅពេលចុះបង្ក្រាបបទល្មើសនេសាទនោះ មិនដុតកម្ទេចចោលដូចមុនទៀតទេ ប៉ុន្តែស្បៃមងនោះ នឹងកាត់ជាកំណាត់ចែកឲ្យប្រជាពលរដ្ឋនៅក្នុងភូមិ យកទៅហ៊ុមព័ទ្ធរបងដាំដំណាំការពារកុំឲ្យសត្វមាន់ទាចូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។