ប្រជាជន និងអាជ្ញាធរច្រើនខេត្ត បានទាមទារឲ្យរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តសារាចរលេខ០១ របស់នាយករដ្ឋមន្ត្រីឲ្យបានខ្ជាប់ខ្ជួន នៅរដូវបិទនេសាទនេះ ដើម្បីទប់ស្កាត់បទល្មើសនេសាទ ដែលកំពុងកើតឡើងនោះ។
ប្រជាពលរដ្ឋអះអាងថា បទល្មើសនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់ កំពុងដាក់រាយចាប់យកកូនត្រី នៅក្នុងឡូត៍លេខ១៦ លេខ១៧ លេខ០៤ នៅខេត្តកណ្ដាល និងតាកែវ និងដៃទន្លេមេគង្គលើ នាខេត្តកំពង់ចាម ក្នុងរដូវបិទនេសាទ។
ប្រជាពលរដ្ឋឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ឈ្មោះ យិន ហឺយ អះអាងនៅថ្ងៃទី២៧ ខែកញ្ញា ថា ឧបករណ៍ក្រឡាល្អិតដែលភាសាវៀតណាម ហៅថា សៃយឺន កំពុងដាក់រាយក្នុងឡូត៍នេសាទលេខ១៦ លេខ១៧ លេខ០៤ ជាដើម ដែលឡូត៍នោះ នាយករដ្ឋមន្ត្រីបានផ្ទេរពីរដ្ឋគ្រប់គ្រង មកឲ្យប្រជាពលរដ្ឋប្រកបរបរនេសាទវិញ៖ «តែរឿងសៃយឺន ដាក់ពេញបឹង ពេញកន្លែងនេះ ខ្ញុំសួរទៅយួនដែលជាអ្នកដាក់ហ្នឹង គេថាគេទិញពីជលផល ហើយប៉ុស្តិ៍អ្នករត់ការឲ្យ»។
បុរសឈ្មោះ ម៉ែន ទិត ថ្លែងថា តាមគាត់ដឹង មានមន្ត្រីប៉ូលិសអាវុធហត្ថ និងមន្ត្រីជលផល កំពុងប្រព្រឹត្តអំពើពុករលួយ ឲ្យជនល្មើសប្រើសៃយឺន ដាក់តាមឡូត៍នេសាទ រហូតដល់តំបន់បាក់ដៃ ព្រំដែនវៀតណាម ចាប់យកកូនត្រីពីឡូត៍នេសាទទាំងអស់នោះ៖ «ប៉ិនអាសៃយឺន ហ្នឹង ដាក់តាំងពីទឹកឡើងរហូតមក»។
ប្រជាពលរដ្ឋនៅស្រុកអង្គរបុរី ខេត្តតាកែវ សុំមិនបញ្ចេញឈ្មោះ បានអះអាងថា អាជ្ញាធរប្រកាសបិទនេសាទ ពីខែមិថុនា ដល់ខែវិច្ឆិកា។ បម្រាមនោះ ពលរដ្ឋខ្មែរមិនហ៊ាននេសាទទេ ប៉ុន្តែជនជាតិវៀតណាម អាចដាក់សៃយឺន ដែលជាឧបករណ៍ក្រសួងកសិកម្ម ហាមប្រើប្រាស់ក្នុងរបរនេសាទ គេប្រើសម្រាប់ចាប់យកត្រីពីតំបន់ស្តុកទឹក នៃខេត្តកណ្ដាល និងខេត្តតាកែវ៖ «ខែត្រីពងកូនអីចឹង មិនឲ្យធ្វើនេសាទខុសច្បាប់ទេ។ ហេតុអីចេះតែមានបទល្មើសហ្នឹងកើតឡើងទៀត បន្តបន្ទាប់អីចឹង»។
មេឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល លោក អ៊ុក ស្រ៊ន ថ្លែងថា អាជ្ញាធរបានបង្ក្រាបបទល្មើសនេសាទញឹកញាប់ នាំឲ្យចំនួនបទល្មើសបានថយច្រើន បើធៀបឆ្នាំមុនៗក្នុងរដូវបិទនេសាទឆ្នាំនេះ។
ពាក់ព័ន្ធបញ្ហាលួចនេសាទក្នុងរដូវបិទនេសាទ អភិបាលស្រុកអង្គរបុរី ខេត្តតាកែវ លោក ឈាវ ហ៊ ថ្លែងថា ឡូត៍នេសាទលេខ១៦ និងលេខ១៧ ពីមុនស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្តតាកែវ ប៉ុន្តែក្រោយមក រដ្ឋាភិបាលបានបែងចែកឡូត៍នោះមួយចំនួន ទៅខេត្តកណ្ដាល ឲ្យគ្រប់គ្រង ទើបខាងខេត្តតាកែវ មិនទាន់ដឹងច្បាស់ថា បទល្មើសនេសាទនោះនៅក្នុងទឹកដីខេត្តណាមួយនោះទេ៖ «មិនថាខេត្តកណ្ដាល ខេត្តណាទេ ឲ្យតែយើងឃើញថាធ្វើខុស យើងអាចទាក់ទងគ្នាទៅវិញទៅមក ដើម្បីយើងបង្ក្រាប»។
បញ្ហាបទល្មើសនេសាទនេះដែរ នៅឯខេត្តកំពង់ចាម អាជ្ញាធរស្រុកត្បូងឃ្មុំ សុំមិនបញ្ចេញឈ្មោះ អះអាងដែរថា កិច្ចប្រជុំក្នុងសាលាស្រុក អាជ្ញាធរបានលើកបញ្ហាបទល្មើសនេសាទនេះ ជម្រាបអង្គប្រជុំ ឲ្យជួយដោះស្រាយ ប៉ុន្តែមិនមានចំណាត់ការច្បាស់លាស់ពីមន្ត្រីជលផល ទើបបទល្មើសនេសាទបន្តកើតមានខ្លាំង ក្នុងខែសីហា និងកញ្ញា៖ «ការបិទហ្នឹង វាទៅជាបើកឲ្យជនខុសច្បាប់ វារកកូនត្រី កូនអី ដឹកយកទៅឲ្យត្រីធំៗស៊ីហ្នឹង»។
ប្រធានរដ្ឋបាលជលផល លោក ណៅ ធួក មានប្រសាសន៍ថា រដូវបិទនេសាទ គឺប្រកាសឲ្យអនុវត្តនៅតំបន់ជុំវិញបឹងទន្លេសាប ចាប់ពីខែមិថុនា ដល់ថ្ងៃទី១ ខែតុលា។ ដោយឡែក នៅតំបន់ទន្លេមេគង្គក្រោម ការបិទនេសាទ អនុវត្តពីខែកក្កដា រហូតដល់ខែវិច្ឆិកា។ លោកទទួលស្គាល់ថា នៅមានបទល្មើសនេសាទ ក្នុងរដូវបិទនេសាទដែរ។ ប៉ុន្តែ បទល្មើសនោះបានថយចុះច្រើនជាងឆ្នាំកន្លងទៅ។ ឆ្នាំនេះ អាជ្ញាធរជលផល និងអាជ្ញាធរដែនដី សហការគ្នាបង្ក្រាបបទល្មើសនេសាទ បានតែជាង ៤.៦០០ករណី ឯឧបករណ៍ខុសច្បាប់ធ្លាប់មានទំហំធំ និងបណ្តោយច្រើនរយម៉ែត្រ បានរួមតូច អាចនៅបណ្តោយតែជាង ១០ម៉ែត្រប៉ុណ្ណោះ។ លោកថា ឧបករណ៍រួមតូចនេះ បញ្ជាក់អំពីការថយចុះឥទ្ធិពលបំផ្លាញជលផលទឹកសាប៖ «វាមិនអត់សោះទេ វាមានតិចតួចដែរ ប៉ុន្តែប្រៀបធៀបនឹងខាងវៀតណាម គេដាក់ពេញដីទៅ នៅខាងយើងឯណេះ ដូចថាយើងនាំគ្នាខំបិទ ដូចទុកឲ្យគេចាប់អីចឹង»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។