ទន្ទឹមនោះដែរ ក្រុមសហគមន៍ការពារធនធានជលផលនៅតាមដងទន្លេស្រែពក រាយការណ៍ថា សកម្មភាពនេសាទអនាធិបតេយ្យដោយពលរដ្ឋវៀតណាម នៅតែបន្តកើតមាននៅតំបន់អភិរក្សពូជត្រីសំខាន់ៗ នៅក្នុងទន្លេក្នុងខេត្តនេះ។
ប្រជាសហគមន៍នេសាទនៅតាមដងទន្លេស្រែពក ខេត្តរតនគិរី អំពាវនាវឲ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការបង្ក្រាបជាបន្ទាន់ទៅលើសកម្មភាពនេសាទអនាធិបតេយ្យនៅតំបន់អភិរក្សពូជត្រីសំខាន់ៗនៅក្នុងទន្លេស្រែពក ជិតព្រំដែនខេត្តរតនគិរី ជាប់នឹងប្រទេសវៀតណាម។
តំណាងសហគមន៍នេសាទស្រុកលំផាត់ លោក តន់ ជាង មានប្រសាសន៍ឲ្យដឹងថា ពលរដ្ឋវៀតណាមរស់នៅតំបន់ជាប់ព្រំដែន បានចូលមកនេសាទក្នុងទន្លេទឹកដីខ្មែរ និងប្រើប្រាស់ឧបករណ៍ហាមឃាត់ នៅក្នុងតំបន់អភិរក្សពូជត្រី ដោយគ្មានការបង្ក្រាប។ លោកបន្តថា តំបន់ដែលក្រុមជនជាតិវៀតណាមលួចចូលមកនេសាទនោះ ឋិតក្នុងតំបន់អូរលាវ ក្នុងទន្លេស្រែពក ព្រំប្រទល់ខណ្ឌចែកខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងជាតំបន់ដែលមិនអនុញ្ញាតិឲ្យប្រជាពលរដ្ឋចូលទៅនេសាទនៅតំបន់នោះបានទេ ពីព្រោះជាតំបន់ហាមឃាត់ដោយព្រះរាជក្រឹត្យ។
លោក តន់ ជាង៖ «បាទ! ខ្ញុំឃើញជាក់ស្តែង គឺវៀតណាមចូលពេញៗតែម្តង ឆក់ត្រីនៅតាមដងអូរនៅចុងអូរលាវ ទាំងប្រាំងទាំងវស្សា ដាក់អន្ទាក់សត្វផង ឆក់ត្រីផង មានអាកែវឆ្លុះនោះមុជទៅឃើញត្រីបានយកប្រដាប់ឆក់ សុទ្ធតែត្រីពូជពពួកមេត្រីធំៗ ដូចជាត្រីខ្យា ត្រីវានៅក្នុងរូងថ្មរដូវប្រាំងណា»។
កាលពីខែធ្នូ ឆ្នាំ២០១០ ប្រជាសហគមន៍នេសាទកែងសាន់ ក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ២៥គ្រួសារបានដាក់ពាក្យប្ដឹងអតីតនាយខណ្ឌរដ្ឋបាលជលផលខេត្តរតនគិរី គឺលោក ម៉ៅ ច័ន្ទសាម៉ន និងនាយផ្នែកជលផលស្រែពក លោក ផាត បញ្ញា ទៅស្ថាប័នអយ្យកាពីបទចេញលិខិតអនុញ្ញាតិឲ្យឈ្មួញធ្វើនេសាទដោយឧបករណ៍ហាមឃាត់ក្នុងតំបន់អភិរក្សក្នុងដងទន្លេស្រែពក ចំណុចអូរតាង និងអូរចាន់ តែករណីនេះស្ថាប័នអយ្យកាបានសម្រេចចោទប្រកាន់មន្ត្រីទាំងពីរនាក់នោះហើយ ប៉ុន្តែរហូតបច្ចុប្បន្នមិនទាន់ឃើញមានចំណាត់ការបែបណានៅឡើយ។
នាយខណ្ឌរដ្ឋបាលជលផលស្តីទីខេត្តរតនគិរី លោក ងួន សុគន្ធ មានប្រសាសន៍បញ្ជាក់ថា តំបន់នោះជាតំបន់ព្រំដែន ហេតុនេះតម្រួតព្រំដែនមានភារៈសំខាន់ជួយទប់ស្កាត់យ៉ាងណាកុំឲ្យពលរដ្ឋវៀតណាម ឆ្លងដែនចូលមកនេសាទបាន។
យ៉ាងនេះក្តី លោកបន្តថា ទន្លេនៅតំបន់នោះក្រោមការទទួលខុសត្រូវរបស់ខេត្តរតនគិរី រួមនឹងខេត្តមណ្ឌលគិរី ហេតុនេះ លោកនិងសហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តមណ្ឌលគិរី ចុះទប់ស្កាត់ករណីនេះ នៅថ្ងៃខាងមុខ ដើម្បីរក្សាមេពូជត្រីនៅតំបន់នោះ៖ «អ្នកហ្នឹង បើគ្មានការអនុញ្ញាតិពីខាងប៉ុស្តិ៍ គ្នាដូចជាមិនអាចចូលបានទេ។ ខ្ញុំសន្និដ្ឋានថាអញ្ចឹងចុះ ព្រោះទាក់ទងនឹងប៉ុស្តិ៍ប៉ូលិស ប៉ុស្តិ៍ព្រំដែន។ បន្តិចទៀតចាំមើលខ្ញុំឲ្យមន្ត្រីខ្ញុំជួបជាមួយសហគមន៍ គេមើលបទល្មើសហ្នឹង យ៉ាងណាហើយ ខ្ញុំនឹងចាត់មន្ត្រីនាយផ្នែកនាយខណ្ឌហ្នឹង ចុះទៅស៊ើបអង្កេតតទៅទៀត»។
អភិបាលរងខេត្តរតនគិរី លោក ណាប់ ប៊ុនហេង មានប្រសាសន៍ទទួលស្គាល់ថា ភាពអសកម្មរបស់អតីតនាយខណ្ឌរដ្ឋបាលជលផល ក៏ជាផ្នែកមួយនាំឲ្យមានភាពអនាធិបតេយ្យនៃការនេសាទខុសច្បាប់។ លោកទទួលស្គាល់ថា កន្លងទៅបទល្មើសនេសាទដែលប្រើប្រាស់ឧបករណ៍ហាមឃាត់ កើតមានច្រើន និងបានបំផ្លាញធនធានត្រីសំខាន់ៗនៅក្នុងទន្លេ ក្នុងខេត្តប៉ែកឦសានមួយនេះ៖ «ឧបករណ៍ឆក់ បើតាមដឹងកន្លងមកមានច្រើនណាស់ ដែលអាចជាឧបសគ្គដល់កូនត្រីដែលទើបលែងផង កុំឲ្យកើតមានអំពើបង្កដោយមនុស្ស យើងចាប់ត្រីដោយប្រើស្បៃមុងក្រឡាញឹក និងគ្រឿងឆក់»។
អគ្គនាយករងរដ្ឋបាលជលផល លោក ស្រ៊ុន លឹមសុង បានកត់សម្គាល់ថា ទន្លេនៅខេត្តរតនគិរី មានអន្លង់អភិរក្សសម្រាប់ពូជត្រីសំខាន់ជាង១០ប្រភេទ ជាប្រភេទត្រីមានតម្លៃខ្ពស់ផ្នែកសេដ្ឋកិច្ច។ លោកបន្តថា ការប្រារព្ធពិធីលែងត្រីនៅបឹងកន្សែង នាទិវាមច្ឆាជាតិនេះ គឺដើម្បីជាការដាស់ស្មារតីឲ្យពលរដ្ឋរស់នៅខេត្តរតនគិរី យកចិត្តទុកដាក់ការពារធនធានត្រីដែលជាផ្នែកមួយសំខាន់ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ៖ «ការចូលរួមចំណែកការពារថែរក្សាកន្លែងអភិរក្សត្រីមេពូជ នៅតាមអន្លង់ជ្រៅៗ តាមដងទន្លេស្រែពក និងទន្លេសេសាននេះ គឺជាការងារសំខាន់របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តរតនគិរី តែម្តង»។
របាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលខេត្តរតនគិរី ឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ផលនេសាទក្នុងខេត្តនេះបានថយចុះ ដោយសារនេសាទខុសច្បាប់ដូចជានេសាទសិប្បកម្មនៅក្នុងរដូវបិទនេសាទ ប្រើគ្រឿងផ្ទុះ ថ្នាំពុល ឧបករណ៍ឆក់ត្រីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។