អាជ្ញាធរ​ចោទ​ពលរដ្ឋ​ថា​ចាប់​ដី​សង់​លំនៅ​ឋាន​ដោយ​ខុស​ច្បាប់​នៅ​បាត់ដំបង

ចំនួន​មនុស្ស​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ កំពុង​នាំ​គ្នា​សម្រុក​ចូល​ទៅ​ចាប់​ដី​សង់​លំនៅ​ឋាន​រស់​នៅ ត្រង់​ចំណុច​អណ្ដូង​កន្ទួត ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។
ដោយ សួន សុផល
2012-06-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ចំនួន​នេះ មាន​សន្ទុះ​កាន់​តែ​ច្រើន​ឡើង ដែល​អាច​ធ្វើ​ឲ្យ​អាជ្ញាធរ​ខេត្ត​លំបាក ក្នុង​ការ​រៀបចំ​បែង​ចែក​ដី​សម្បទាន​សង្គម​កិច្ច ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ពុំ​មាន​ដីធ្លី​ពិត​ប្រាកដ។

អ្នក​ភូមិ​នៅ​ចំណុច​អណ្ដូង​កន្ទួត បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ថា សកម្មភាព​ចាប់​ដី​សង់​លំនៅ​ឋាន​នេះ កើត​មាន​ជា​បន្ត​បន្ទាប់ ជា​ពិសេស​ក្រោយ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​បញ្ជា​ឲ្យ​មាន​ការ​កែ​ទម្រង់​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​រៀប​ចំ​ដី​សម្បទាន​សង្គម​កិច្ច ចែក​ជូន​ប្រជាពលរដ្ឋ​ពុំ​មាន​ដីធ្លី​ពិត​ប្រាកដ៖ «គេ​រៀប​ចំ​ធ្វើ​ជា​ភូមិ លំនៅ​ឋាន មក​គ្រប់​ខេត្ត នៅ​ចំណុច​អូរ​ព្រៃ​ផ្ដៅ​មក​អណ្ដូង​កន្ទួត។ ចំណុច​ហ្នឹង វា​អត់​ដាច់​ស្រេច​នៅ​ឡើយ​ទេ»

លោក​ឧត្ដម​សេនីយ៍​ត្រី ស ថេត ស្នង​ការ​នគរបាល​ខេត្ត​បាត់ដំបង មាន​ប្រសាសន៍​ថា ចំនួន​គ្រួសារ​ដែល​មក​ពី​បណ្ដា​ខេត្ត​ផ្សេង ចូល​ទៅ​បោះ​ទីតាំង​រស់​នៅ​លើ​ដី​នៅ​ចំណុច​នោះ មាន​ចំនួន​ជិត ១​ពាន់​គ្រួសារ។ សមត្ថកិច្ច​បាន​រាយការណ៍​បញ្ហា​នេះ ហើយ​អាជ្ញាធរ​ខេត្ត​កំពុង​មាន​វិធាន​ការ​ដោះ​ស្រាយ។

លោក​ឧត្ដម​សេនីយ៍​ត្រី ស ថេត៖ «កន្លង​ទៅ ខាង​អធិការ​រាយការណ៍​មក ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ច្បាស់​យ៉ាង​ម៉េច​ទេ គ្រាន់​តែ​ថា មាន​អ្នក​ខ្លះ​ទៅ​ចលនា​វាស់​ប៉ុណ្ណេះ វាស់​ប៉ុណ្ណោះ។ ហើយ​យក​ដូច​ជា​ម្នាក់ ៣០​ម៉ឺន ចាំ​មើល​ខ្ញុំ​បាន​ឈ្មោះ​ពិត​ប្រាកដ​ហើយ ខ្ញុំ​ឆ្លង​អភិបាល​ខេត្ត។ ប៉ុន្តែ​អភិបាល​ខេត្ត គាត់​មិន​ទុក​ទេ ពី​ព្រោះ​គាត់​នឹង​ចាត់​ចែង​ទៅ​តាម​ការ​ណែនាំ​របស់​សម្ដេច ព្រោះ​ថា ត្រូវ​វាស់​ចែក​ប្រជាពលរដ្ឋ​ដែល​អត់​ពិត​ប្រាកដ​ហ្នឹង ហើយ​អ្នក​នៅ​ពី​ក្រោយ យើង​ទប់​ស្កាត់​កុំ​ឲ្យ​គាត់​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀត»

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​សុំ​សេចក្ដី​បញ្ជាក់​ពី​លោក ប្រាជ្ញ ចន្ទ អភិបាល​ខេត្ត​បាត់ដំបង​បាន​ទេ ជុំវិញ​បញ្ហា​នេះ។

ប៉ុន្តែ​មន្ត្រី​សាលា​ខេត្ត​បាត់ដំបង មួយ​រូប​បាន​បញ្ជាក់​ថា ការ​ហូរ​ចូល​របស់​ប្រជាពលរដ្ឋ​ទៅ​ចាប់​ដី​របស់​រដ្ឋ​នៅ​តំបន់​នោះ គឺ​ដោយ​សារ​មាន​មេ​ខ្យល់​នៅ​ពី​ក្រោយ​ខ្នង ហើយ​មេ​ខ្យល់​ទាំង​នោះ បាន​យក​លុយ​ពី​ប្រជាពលរដ្ឋ​ម្នាក់​ពី ១៥​ម៉ឺន ទៅ ២០​ម៉ឺន​រៀល។

សកម្មភាព​នេះ លោក​ចាត់​ទុក​ថា ជា​ទង្វើ​ខុស​ច្បាប់៖ «មិន​អាច​អ្នក​ណា​មក​យក​ដី​រដ្ឋ មក​ចែក​ដោយ​មិន​ឆ្លង​កាត់​អាជ្ញាធរ​ទេ។ រឿង​ចែក​ដី ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ។ គាត់​នាំ​គ្នា​ធ្វើ​អញ្ចឹង ទៅ​ជា​អនាធិបតេយ្យ​ហើយ។ ខេត្ត​មិន​ទុក​ឲ្យ​នៅ​អញ្ចឹង​ទេ អ្នក​ខ្លះ​មិន​ស្គាល់​អណ្ដូង​កន្ទួត​ហ្នឹង​ផង ហើយ​មក​សួរ​គេ​ថា ឯណា​ផ្លូវ​ទៅ​កន្លែង​គេ​ចែក​ដី»

លោក ប្រាជ្ញ ចន្ទ ជា​អភិបាល​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា បញ្ជាក់​ថា ក្រុម​មន្ត្រី​ជំនាញ​របស់​គណៈកម្មការ​សុរិយោដី និង​មន្ត្រី​រដ្ឋបាល​មូលដ្ឋាន​នៅ​គ្រប់​ស្រុក​ទាំង​អស់​ក្នុង​ខេត្ត​បាត់ដំបង កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​ដី​សម្បទាន​សង្គម​កិច្ច​នេះ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បទ​បញ្ជា​រួច​មក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១២ បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ដក​ហូត​កាត់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ទូទាំង​ប្រទេស​កម្ពុជា ទុក​បែង​ចែក​ឲ្យ​គ្រួសារ​ប្រជាពលរដ្ឋ ដែល​ខ្វះ​ខាត​ដីធ្លី និង​បាត់​បង់​ដី​ស្រែ ដី​ចម្ការ បង្ក​បង្កើន​ផល​នា​រយៈពេល​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

malaka

ពី PP

នេះហើយជាលោកធំស្រុកខ្មែរ ឆ្គួតព្រោះអំណាចបុណ្យស័ក្ដិ ឆ្គួតមិនជា។ យើងត្រូវតែរស់ រស់តទៅទៀតដើម្បីជាតិមាតុភុមិ, ខ្ញុំមិនចង់ស្លាប់ទៅទាំងឃើញមាតុភូមិរបស់ខ្ញុំ លក់ខ្ខ្ទេចលក់ខ្ទីដូចនេះទេ ទាំងមិនបានផ្លាស់ប្ដូរមេដឹកនាំបានសំរេច។
បាទត្រឹមត្រូវណាស់ ផ្លាស់ប្តូរចេញ

Jun 25, 2012 12:27 PM