រោង​ម៉ាស៊ីន​អារ​ឈើ​ពីរ​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់​នៅ​បរសេដ្ឋ

អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ឃុំ​និទាន ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ចោទ​ថា ក្នុង​ភូមិ​ត្រាំកង់ មាន​ម៉ាស៊ីន​អារ​ឈើ​ពីរ​គ្រឿង គ្មាន​ច្បាប់​ធ្វើ​អាជីវកម្ម​ទេ កំពុង​រក​ស៊ី​នៅ​ទី​នោះ។
ដោយ អ៊ុក សាវបូរី
2012-06-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

បុរស​ឈ្មោះ អីម ថ្លែង​ថា ម៉ាស៊ីន​អារ​ឈើ​ទាំង​ពីរ​គ្រឿង​នោះ បាន​ធ្វើ​អាជីវកម្ម​អារ​ឈើ​គ្រប់​ប្រភេទ ច្រើន​ឆ្នាំ​មក​ហើយ។ អាជ្ញាធរ​មូលដ្ឋាន​មិន​ហ៊ាន​ទប់​ស្កាត់​ឡើយ ពីព្រោះ​ម្ចាស់​រោង​ម៉ាស៊ីន​អារ​ឈើ ជា​មន្ត្រី​ធ្វើ​ការ​នៅ​សាលា​ស្រុក៖ «រោង​ម៉ាស៊ីន​ហ្នឹង គិត​ទៅ​រាប់​មក​វា​យូរ ចូល ២០​ឆ្នាំ​ជាង​ហើយ។ រោង​ម៉ាស៊ីន​គេ​ទូទៅ គេ​រុះ​ចោល គេ​ដក​ចោល​អស់។ នៅ​តែ​រោង​ម៉ាស៊ីន​ពីរ​គ្រឿង​ហ្នឹង ដែល​គ្មាន​ច្បាប់​ទម្លាប់ ហើយ​មាន​ខ្នង​ទៀត។ ខ្នង​ក្នុង​ស្រុក​បរសេដ្ឋ​ហ្នឹង​តែ​ម្តង»

ពលរដ្ឋ​ភូមិ​ត្រាំកង់ ឃុំ​និទាន សុំ​មិន​ប្រាប់​ឈ្មោះ អះអាង​ស្រដៀង​គ្នា​នេះ​ដែរ​ថា ម៉ាស៊ីន​អារ​ឈើ​នោះ គឺ​អារ​ទាំង​ថ្ងៃ ទាំង​យប់ ឲ្យ​តែ​មាន​ឈើ​ដឹក​មក​ដល់​រោង​ម៉ាស៊ីន។ លោក​ថា រោង​ម៉ាស៊ីន​នោះ សាលា​ឃុំ និង​សាលា​ស្រុក​បរសេដ្ឋ មិន​បាន​ចេញ​ច្បាប់​ឲ្យ​ធ្វើ​អាជីវកម្ម​ឡើយ៖ «នៅ​ភូមិ​ត្រាំកង់ មាន​ម៉ាស៊ីន​អារ​ឈើ​ពីរ​គ្រឿង នៅ​ក្នុង​ភូមិ​ខ្ញុំ​បាទ។ ដឹង​មាន​ច្បាប់ ឬ​ក៏​អត់​ច្បាប់​យ៉ាង​ម៉េច ក៏​ខ្ញុំ​អត់​បាន​ដឹង​ដែរ។ គេ​អារ​ឈើ​ប្រភេទ​ឈើ​ដុល ឈើ​មាន​ប្រវែង​តាំង​ពី ៨​ម៉ែត្រ​ចុះ​មក​ក្រោម រហូត​ដល់ ៣​ម៉ែត្រ ៤​ម៉ែត្រ»

មេឃុំ​និទាន លោក មាស ឌុក ថ្លែង​ប្រាប់​ដូច​ប្រជាពលរដ្ឋ​ដែរ​ថា គឺ​រោង​ម៉ាស៊ីន​អារ​ឈើ​ទាំង​ពីរ​នោះ ពិត​ជា​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ពី​គ្រប់​ស្ថាប័ន។ ក្នុង​នាម​គាត់​ជា​មេឃុំ ក៏​មិន​ហ៊ាន​ហាម​ដែរ ពីព្រោះ​ម្ចាស់​រោង​ម៉ាស៊ីន​ទាំង​ពីរ​នោះ មាន​ម្នាក់​ជា​មន្ត្រី​របស់​សាលា​ស្រុក។ លោក​ថា ម្ចាស់​រោង​ម៉ាស៊ីន​មួយ ជា​របស់​លោក កង អឿន មន្ត្រី​សាលា​ស្រុក និង​រោង​ម៉ាស៊ីន​មួយ​ទៀត របស់​លោក អ៊ុក ថោ។

លោក មាស ឌុក៖ «មួយ​ធ្វើ​ការ​នៅ​ស្រុក មួយ​ទៀត​នោះ​អត់​ទេ។ កង អឿន ធ្វើ​ការ​នៅ​បរសេដ្ឋ។ ប៉ុន្តែ វិធានការ របស់​ចៅហ្វាយ​ស្រុក ឲ្យ​បិទ​យូរ​ហើយ ឲ្យ​បិទ​ផ្អាក​យូរ​ហើយ អា​រឿង​ម៉ាស៊ីន​ហ្នឹង។ ស្រុក គាត់​មក​ធ្វើ​ការ​មួយ​សារ​ហ្នឹង មក​ឲ្យ​បិទ អត់​ឲ្យ​ធ្វើ​វិធានការ​អី​ទេ។ តែ​ឥឡូវ​នេះ វា​នៅ​តែ​មាន​អារ គឺ​អារ​ឈើ​មាន​នៅ​ក្នុង​ស្រុក​ហ្នឹង។ កាប់​ដើម​នេះ ដើម​នោះ​អ៊ីចឹង​ទៀត ហើយ​ខ្ញុំ​ដឹង​ថា​ម៉េច​ឥឡូវ ខាង​ក្រសួង គេ​មក​សួរ​ខ្ញុំ​ដែរ ហើយ​ដល់​ថា មេឃុំ​ធ្វើ​អី​គេ​អត់​កើត។ ហើយ​ខ្ញុំ​ធ្វើ​អី​គេ​កើត បើ​ហួស​លទ្ធភាព​ខ្ញុំ​ទៅ​ហើយ​ហ្នឹង»

អភិបាល​ស្រុក​បរសេដ្ឋ លោក ណុប គឹមស្រេង ថ្លែង​ថា បញ្ហា​រោង​ម៉ាស៊ីន​អារ​ឈើ នៅ​ឃុំ​និទាន នោះ អាជ្ញាធរ​ស្រុក​បាន​បញ្ជា​ឲ្យ​មន្ត្រី​សាលា​ស្រុក ចុះ​ពិនិត្យ​រួច​ហើយ។ តែ​មិន​ទាន់​មាន​របាយការណ៍​ត្រឡប់​មក​ដល់​នៅ​ឡើយ៖ «ព្រោះ​ថា សូម្បី​ទាំង​ខេត្ត ទាំង​ស្រុក​ហ្នឹង ក៏​គ្មាន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ធ្វើ​អី​ផ្ដេសផ្ដាស ក្រៅ​ពី​គោលការណ៍​ច្បាប់​ដែរ»

ម្ចាស់​រោង​ម៉ាស៊ីន​អារ​ឈើ និង​ជា​មន្ត្រី​សាលា​ស្រុក លោក កង អឿន ថ្លែង​ថា រោង​ម៉ាស៊ីន​របស់​គាត់​ធ្វើ​អាជីវកម្ម​អារ​ឈើ​តិច​តួច ប៉ុន្តែ​គ្មាន​ច្បាប់​អនុញ្ញាត​ពិត​មែន។ ក្រោយ​ពី​អាជ្ញាធរ​ទៅ​ណែនាំ គាត់​បាន​បញ្ឈប់​សកម្មភាព​អារ​ឈើ​ហើយ៖ «គ្រាន់​តែ​សិប្បកម្ម​កែច្នៃ​អី បម្រើ​ផល​ប្រយោជន៍​ជូន​ប្រជាជន​តិច​តួច ហើយ​វា​អត់​មាន​អី​ជា​សកម្មភាព​ផង។ ឥឡូវ​ខ្ញុំ​ក៏​ឈប់​ដែរ​ហើយ។ អាហ្នឹង​វា​តាម​ការ​ពិត អត់​មាន​ច្បាប់​អនុញ្ញាត​ទេ យើង​ធ្វើ​អ៊ីចឹង។ ទោះ​បី​ថ្នាក់​ណា ក៏​មិន​មាន​ច្បាប់​អនុញ្ញាត​ដែរ»

ពលរដ្ឋ និង​អាជ្ញាធរ​ក្នុង​ឃុំ​និទាន បាន​ឲ្យ​ដឹង​ថា ទោះ​បី​មាន​ការ​ណែនាំ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ក្តី សកម្មភាព​អារ​ឈើ​នៅ​តែ​បន្ត​មាន គ្រាន់​តែ​បន្ថយ​ម៉ោង​អារ​ឈើ តិច​ជាង​មុន​ប៉ុណ្ណោះ។ ប៉ុន្តែ​មិន​ឃើញ មាន​ការ​ដក​ហូត​ម៉ាស៊ីន​អារ​ឈើ​នោះ​ទេ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ជា​មន្ត្រី​មាន​ឋានៈ ក៏​មិន​បាន​ចាប់​ដាក់​ទោស​ដូច​ពលរដ្ឋ​សាមញ្ញ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល