បុរសឈ្មោះ អីម ថ្លែងថា ម៉ាស៊ីនអារឈើទាំងពីរគ្រឿងនោះ បានធ្វើអាជីវកម្មអារឈើគ្រប់ប្រភេទ ច្រើនឆ្នាំមកហើយ។ អាជ្ញាធរមូលដ្ឋានមិនហ៊ានទប់ស្កាត់ឡើយ ពីព្រោះម្ចាស់រោងម៉ាស៊ីនអារឈើ ជាមន្ត្រីធ្វើការនៅសាលាស្រុក៖ «រោងម៉ាស៊ីនហ្នឹង គិតទៅរាប់មកវាយូរ ចូល ២០ឆ្នាំជាងហើយ។ រោងម៉ាស៊ីនគេទូទៅ គេរុះចោល គេដកចោលអស់។ នៅតែរោងម៉ាស៊ីនពីរគ្រឿងហ្នឹង ដែលគ្មានច្បាប់ទម្លាប់ ហើយមានខ្នងទៀត។ ខ្នងក្នុងស្រុកបរសេដ្ឋហ្នឹងតែម្តង»។
ពលរដ្ឋភូមិត្រាំកង់ ឃុំនិទាន សុំមិនប្រាប់ឈ្មោះ អះអាងស្រដៀងគ្នានេះដែរថា ម៉ាស៊ីនអារឈើនោះ គឺអារទាំងថ្ងៃ ទាំងយប់ ឲ្យតែមានឈើដឹកមកដល់រោងម៉ាស៊ីន។ លោកថា រោងម៉ាស៊ីននោះ សាលាឃុំ និងសាលាស្រុកបរសេដ្ឋ មិនបានចេញច្បាប់ឲ្យធ្វើអាជីវកម្មឡើយ៖ «នៅភូមិត្រាំកង់ មានម៉ាស៊ីនអារឈើពីរគ្រឿង នៅក្នុងភូមិខ្ញុំបាទ។ ដឹងមានច្បាប់ ឬក៏អត់ច្បាប់យ៉ាងម៉េច ក៏ខ្ញុំអត់បានដឹងដែរ។ គេអារឈើប្រភេទឈើដុល ឈើមានប្រវែងតាំងពី ៨ម៉ែត្រចុះមកក្រោម រហូតដល់ ៣ម៉ែត្រ ៤ម៉ែត្រ»។
មេឃុំនិទាន លោក មាស ឌុក ថ្លែងប្រាប់ដូចប្រជាពលរដ្ឋដែរថា គឺរោងម៉ាស៊ីនអារឈើទាំងពីរនោះ ពិតជាគ្មានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មពីគ្រប់ស្ថាប័ន។ ក្នុងនាមគាត់ជាមេឃុំ ក៏មិនហ៊ានហាមដែរ ពីព្រោះម្ចាស់រោងម៉ាស៊ីនទាំងពីរនោះ មានម្នាក់ជាមន្ត្រីរបស់សាលាស្រុក។ លោកថា ម្ចាស់រោងម៉ាស៊ីនមួយ ជារបស់លោក កង អឿន មន្ត្រីសាលាស្រុក និងរោងម៉ាស៊ីនមួយទៀត របស់លោក អ៊ុក ថោ។
លោក មាស ឌុក៖ «មួយធ្វើការនៅស្រុក មួយទៀតនោះអត់ទេ។ កង អឿន ធ្វើការនៅបរសេដ្ឋ។ ប៉ុន្តែ វិធានការ របស់ចៅហ្វាយស្រុក ឲ្យបិទយូរហើយ ឲ្យបិទផ្អាកយូរហើយ អារឿងម៉ាស៊ីនហ្នឹង។ ស្រុក គាត់មកធ្វើការមួយសារហ្នឹង មកឲ្យបិទ អត់ឲ្យធ្វើវិធានការអីទេ។ តែឥឡូវនេះ វានៅតែមានអារ គឺអារឈើមាននៅក្នុងស្រុកហ្នឹង។ កាប់ដើមនេះ ដើមនោះអ៊ីចឹងទៀត ហើយខ្ញុំដឹងថាម៉េចឥឡូវ ខាងក្រសួង គេមកសួរខ្ញុំដែរ ហើយដល់ថា មេឃុំធ្វើអីគេអត់កើត។ ហើយខ្ញុំធ្វើអីគេកើត បើហួសលទ្ធភាពខ្ញុំទៅហើយហ្នឹង»។
អភិបាលស្រុកបរសេដ្ឋ លោក ណុប គឹមស្រេង ថ្លែងថា បញ្ហារោងម៉ាស៊ីនអារឈើ នៅឃុំនិទាន នោះ អាជ្ញាធរស្រុកបានបញ្ជាឲ្យមន្ត្រីសាលាស្រុក ចុះពិនិត្យរួចហើយ។ តែមិនទាន់មានរបាយការណ៍ត្រឡប់មកដល់នៅឡើយ៖ «ព្រោះថា សូម្បីទាំងខេត្ត ទាំងស្រុកហ្នឹង ក៏គ្មានអនុញ្ញាតឲ្យអ្នកណាធ្វើអីផ្ដេសផ្ដាស ក្រៅពីគោលការណ៍ច្បាប់ដែរ»។
ម្ចាស់រោងម៉ាស៊ីនអារឈើ និងជាមន្ត្រីសាលាស្រុក លោក កង អឿន ថ្លែងថា រោងម៉ាស៊ីនរបស់គាត់ធ្វើអាជីវកម្មអារឈើតិចតួច ប៉ុន្តែគ្មានច្បាប់អនុញ្ញាតពិតមែន។ ក្រោយពីអាជ្ញាធរទៅណែនាំ គាត់បានបញ្ឈប់សកម្មភាពអារឈើហើយ៖ «គ្រាន់តែសិប្បកម្មកែច្នៃអី បម្រើផលប្រយោជន៍ជូនប្រជាជនតិចតួច ហើយវាអត់មានអីជាសកម្មភាពផង។ ឥឡូវខ្ញុំក៏ឈប់ដែរហើយ។ អាហ្នឹងវាតាមការពិត អត់មានច្បាប់អនុញ្ញាតទេ យើងធ្វើអ៊ីចឹង។ ទោះបីថ្នាក់ណា ក៏មិនមានច្បាប់អនុញ្ញាតដែរ»។
ពលរដ្ឋ និងអាជ្ញាធរក្នុងឃុំនិទាន បានឲ្យដឹងថា ទោះបីមានការណែនាំថ្នាក់ដឹកនាំជាន់ខ្ពស់ក្តី សកម្មភាពអារឈើនៅតែបន្តមាន គ្រាន់តែបន្ថយម៉ោងអារឈើ តិចជាងមុនប៉ុណ្ណោះ។ ប៉ុន្តែមិនឃើញ មានការដកហូតម៉ាស៊ីនអារឈើនោះទេ ហើយអ្នកដែលប្រព្រឹត្តខុសច្បាប់ជាមន្ត្រីមានឋានៈ ក៏មិនបានចាប់ដាក់ទោសដូចពលរដ្ឋសាមញ្ញដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
