សកម្មភាព​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​បន្ត​កើត​មាន​នៅ​ស្រុក​បរកែវ ខែត្រ​រតនគិរី

អ្នក​ភូមិ​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​លុងឃុង ស្រុក​បរកែវ ខេត្ត​រតនគិរី អះអាង​ថា​ឈើ​មូល​មាន​តម្លៃ​នៅ​តំបន់​ភ្នំ​រពឿង ត្រូវ​បាន​គេ​កាប់​អារ​ជ្រៀក​ហើយ​ដឹក​ជញ្ជូន​មក​កាន់​ទីផ្សារ​ក្នុង​ខេត្ត​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ។

0:00 / 0:00

តំណាង​សហគមន៍ លោក ជុ សាវ៉ាត មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​៥ កញ្ញា ឆ្នាំ ២០០៨ ថា ៖ «ទិញ​ដី ទិញ​ព្រៃ​ហ្នឹង​ហើយ គេ​កាប់​ច្រើន​ណាស់ ព្រោះ​គេ​នៅ​ដឹក​ទាំង​យប់​ទាំង​ថ្ងៃ។ ដើម​ធំៗ​ណាស់​មិន​មែន​ដើម​តូច​ទេ មុខ​១០០​ជាង ហើយ ២៦ ២៧ ឯណោះ»

ភ្នំ​រពឿង​ជា​តំបន់​ព្រៃ​ឈើ​មាន​តម្លៃ​សេសសល់​បន្ទាប់ពី​ការកាប់​រាន​ព្រៃ​ឈើ​យក​ដី​អស់​ប្រមាណ​២០០​ហិកតារ កាលពី​ឆ្នាំ​២០០៧​កន្លង​មក នៅ​តាម​ជើង​ភ្នំ​រពឿង​រហូត​ដល់​បឹង​កឺន។

ភ្នំ​នេះ​បើ​តាម​អ្នកភូមិ​ប៉ាន់​ប្រមាណ​ថា មាន​ទំហំ​ជាង​មួយ​គីឡូម៉ែត្រ​ការ៉េ​ជា​តំបន់​រ៉ែ​ត្បូង​និង​រ៉ែ​មាស និង​មាន​ព្រៃ​ឈើ​សេសសល់​នៅ​លើ​តួ​ភ្នំ​តែប៉ុណ្ណោះ ដែល​កំពុង​រង​ការកាប់​បន្ត​ទៀត។

មេ​ឃុំ​លុងឃុង លោក ធូន ភូន ទទួល​ស្គាល់​ថា​ការកាប់​រាន​ព្រៃ​យក​ដី​នៅ​ក្បែរ​ជើង​ភ្នំ​រពឿង កាលពី​ឆ្នាំ​កន្លង​ទៅ​ពិត​ជា​កើត​មាន ហើយ​ករណី​នេះ​អ្នក​ភូមិ​បាន​ប្តឹង​ផ្តល់​ទៅ​ដល់​តុលាការ​សាលាឧទ្ធរណ៍​និង​ក្រសួង​យុត្តិធម៌​រួច​ហើយ​ដែរ។ លោក​ថា​មិន​បាន​ដឹង​អំពី​សកម្មភាព​លួច​កាប់​ឈើ​នៅ​តំបន់​ភ្នំ​រពឿង​នោះ​ទៀត​ទេ។

លោក ធូន ភូន បាន​ឲ្យ​ដឹង​ថា ៖ «ឈើ​ដែល​កាប់​ពី​ភ្នំ​រពឿង​ហ្នឹង ខ្ញុំ​ជម្រាប​ប្រាប់​ថា​មិន​ទាន់​ច្បាស់​ទេ។ ខ្ញុំ​អាជ្ញាធរ​មិន​ទាន់​ដឹង​ផង...»

កាលពី​ឆ្នាំ​២០០៨ អ្នក​ភូមិ​លុងឃុង ១៩៨​គ្រួសារ បាន​ដាក់​ពាក្យបណ្តឺង​ទៅ​តុលាការ​សាលា​ឧទ្ធរណ៍​និង​ក្រសួង​យុត្តិធម៌ បន្ទាប់ពី​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ព្រៃ​ឈើ មិន​យក​ចិត្ត​ទុក​ដាក់​ស៊ើប​អង្កេត​ទៅ​លើ​របាយការណ៍​លក់​ដី​ធ្លី​សហគមន៍ ដែល​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការកាប់​ទន្ទ្រាន​ព្រៃ​ឈើ​ពង្រីក​យក​ដី​ជា​កម្មសិទ្ធិ​ពី​ឈ្មួញ​ទិញ​ដី​ដែល​ខុស​ច្បាប់​នោះ។

មន្ត្រី​ទទួល​ខុស​ត្រូវ​ព្រៃ​ឈើ​ប្រចាំ​ស្រុក​បរកែរ លោក វង្ស សុមេធី ជា​ច្រើន​លើក​បដិសេធ​ថា មិន​មាន​ការកាប់​រាន​ព្រៃ​ឈើ​ដូច​របាយការណ៍​របស់​អ្នក​ភូមិ​ទេ ហើយ​ទទួល​ស្គាល់​ថា​ការកាប់​រាន​ព្រៃ​ឈើ​ធ្វើ​ឡើង​ចំពោះ​តែ​ដី​ព្រៃ​បុស​ចម្ការ​វិល​ជុំ​របស់​សហគមន៍​តែ​ប៉ុណ្ណោះ។ ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ​លោក​អះអាង​ថា មិន​បាន​ដឹង​ពី​ការកាប់​ឈើ​ដូច​របាយការណ៍​អ្នកភូមិ​នោះ​ឡើយ ៖ «ទេ​ខ្ញុំ​អត់​បាន​ដឹង​ផង»

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា​នឹង​ចាត់​មន្ត្រី​ទៅ​ដល់​ទី​កើត​ហេតុ​ដើម្បី​ប្រមូល​ភស្តុតាង​នៅ​ទី​នោះ ហើយ​ការកាប់​រាន​ព្រៃ​ឈើ​កន្លង​ទៅ​នេះ​ត្រូវ​បាន​គេ​ដុត​សំអាត​ធ្វើ​ជា​ចម្ការ​ឯកជន​អស់​ហើយ។

លោក ប៉ែន ប៊ុណ្ណារ៍ បាន​មាន​ប្រសាសន៍​ថា ៖ «បើ​តាម​គាត់​និយាយ​ដី​កន្លែង​ហ្នឹង​គឺ​ជា​ដី​ព្រៃ​ចម្ការ​ឈើ​ប្រណីត ដែល​ពី​សង្គម​មក​ហ្នឹង​គេ​ការពារ​សម្បើម​ណាស់​កន្លែង​ហ្នឹង បឹង​កឺត​ហ្នឹង។ ប្រជាសហគមន៍​គាត់​បាន​ដាក់​ពាក្យ​ថ្លែង​អំណរគុណ​ទៅ​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រួច​ហើយ ហើយ​បាន​រាយការណ៍​កាប់​បន្ថែម​ហ្នឹង​ទៀត»

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​កម្ពុជា លោក អង្គ វង្សវឌ្ឍនា កាលពី​ពាក់កណ្តាល​ខែ​កក្កដា ឆ្នាំ​២០០៨ បាន​ចេញ​លិខិត​អទិបញ្ជា​មួយ​ឲ្យ​ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​រតនគិរី លោក ម៊ី សាខន ផ្តល់​របាយការណ៍​លម្អិត​ទាក់់ទិន​ទៅ​នឹង​ការកាប់​បំផ្លាញ​ព្រៃ​ឈើ​តាម​បណ្តឺង​របស់​អ្នក​ភូមិ​ខាង​លើ​ដើម្បី​ចាត់​វិធានការ​បន្ត ក៏ប៉ុន្តែ​អ្នក​ភូមិ​និយាយ​ថា​ប្រសិន​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់​យឺតយូរ ព្រៃ​ឈើ​នៅ​មូលដ្ឋាន​នេះ​នឹង​ត្រូវ​វិនាស​អស់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕