បទល្មើស​ឈើ​ប្រណិត​បន្ត​កើត​មាន​នៅ​ខេត្ត​ក្រចេះ

ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ក្រចេះ បាន​អះអាង​ថា បទល្មើស​ព្រៃ​ឈើ​បាន​បន្ត​កើត​មាន​នា​មូលដ្ឋាន​ខេត្ត​ក្រចេះ ធ្ងន់ធ្ងរ ដោយ​អាជ្ញាធរ​ទប់ស្កាត់​មិន​ទាន់​មាន​ប្រសិទ្ធភាព​ទេ។
ដោយ ដែន អយុធ្យា
2012-07-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឈើប្រណិត៣០៥
មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប​ ​វាស់​វែង​កំណាត់​ឈើ​គ្រញូង​ដែល​គេ​ទើប​ចាប់​បាន​​ពី​ក្រុម​ឈ្មួញ កាល​ពី​ថ្ងៃ​ទី​១៣ មីនា ២០១១។
RFA/Hang Savyouth

បទល្មើស​ព្រៃ​ឈើ​កំពុង​កើត​មាន​ក្នុង​ខេត្ត​ក្រចេះ ក្រុម​ប្រជាពលរដ្ឋ​បាន​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​ទប់ស្កាត់​ជា​ថ្មី។

ពលរដ្ឋ​រស់នៅ​ខេត្ត​ក្រចេះ បាន​ចោទ​សមត្ថកិច្ច​មូលដ្ឋាន​ខ្លួន​មិន​បាន​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ឲ្យ​មាន​ប្រសិទ្ធភាព​ស្រប​តាម​បទបញ្ជា​របស់​ប្រមុខ​ដឹកនាំ​បាន​ដាក់​ចេញ​នោះ​ទេ។

ពលរដ្ឋ​មិន​បង្ហាញ​អត្តសញ្ញាណ​រស់នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១២ ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណិត​តាម​រថយន្ត​នា​ពេល​រាត្រី​ឆ្លង​កាត់​ខេត្ត​ក្រចេះ មិន​ទាន់​ថយ​ចុះ​ទេ ហើយ​បាន​ទាម​ទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជូន​មន្ត្រី​ជំនាញ​ឯករាជ្យ​ចុះ​អង្កេត​ជា​ថ្មី​ជុំវិញ​បញ្ហា​នេះ។

ប្រភព​ឲ្យ​ដឹង​ថា ក្នុង​១យប់ៗ​មាន​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ឆ្លង​កាត់​តាម​ច្រក​អូលាវ ស្រុក​ស្នួល ឆ្លង​ទៅ​ប្រទេស​ជិត​ខាង​កម្ពុជា មិន​ជាង​១០​គ្រឿង​ទេ៖ «ការ​ដឹក​ជញ្ជូន​ឈើ​ប្រណិត គឺ​តាម​ច្រក​របៀង ប៉ុស្តិ៍​អូលាវ មាន​លោក ស៊ូ ចំរើន ជា​ប្រធាន។ រីឯ​ភរិយា​របស់​គាត់ ជា​អ្នក​ទទួល​ទិញ​ឈើ​ប្រណិត​គ្រប់​ប្រភេទ មាន​ឈើ​ក្រញូង បេង នាងនួន ធ្នង់ និង​ឈើ​ប្រណិត​ផ្សេងៗ​ទៀត ដែល​ដឹក​ចេញ​តាម​ច្រក​អូលាវ។ សមត្ថកិច្ច​ស្រុក​ស្នួល ហាក់​បី​ដូច​ជា​គ្មាន​បញ្ចេញ​ប្រតិកម្ម​ទប់ស្កាត់​អ្វី​ទាំង​អស់។ អំពាវនាវ​ទៅ​ដល់​រដ្ឋាភិបាល មេត្តា​ចូល​រួម​ទប់ស្កាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ស្រុក​ខ្មែរ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់»

ប្រជាពលរដ្ឋ​បាន​ចោទ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​ក្រចេះ ថា អាច​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឈើ​ប្រណិត ទើប​មិន​អាច​បង្ក្រាប ឬ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​មិន​មាន​ប្រសិទ្ធភាព។

ទោះ​យ៉ាង​ណា លោក ជួង ស៊ាងហាក់ ស្នងការ​នគរបាល​ខេត្ត​ក្រចេះ និង​លោក សូយ សារិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ក្រចេះ បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទល្មើស​ព្រៃ​ឈើ​បន្ត​ធ្វើ​សកម្មភាព​ឆ្លង​កាត់​ខេត្ត​ក្រចេះ ទេ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​កក្កដា។

លោក ឈឹម សាវុធ មន្ត្រី​ស៊ើប​អង្កេត​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​អះអាង​ថា បទល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណិត​នៅ​ខេត្ត​ក្រចេះ មាន​រូបភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ។

លោក​សង្គម​ស៊ីវិល​រូប​នេះ បាន​ចោទ​សមត្ថកិច្ច​ជំនាញ​ខេត្ត​ក្រចេះ​ថា មិន​បាន​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ដែល​ឈ្មួញ​បាន​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះ​ទេ៖ «ឥឡូវ​បទល្មើស​កើត​មាន​ពេញ​បន្ទុក រាប់​រយ​រាប់​ពាន់​ហិកតារ​កំពុង​កាប់​បំផ្លាញ​ព្រៃ​ស្រោង ហើយ​អ្នក​ដឹក​ឈើ​ក៏​ដឹក​ចេញ​ច្រើន​ដែរ។ បើ​និយាយ​ពី​រណា​យន្ត មាន​រាប់​រយ​គ្រឿង ដែល​កំពុង​កាប់​ឈើ​រាល់​ថ្ងៃ​នេះ។ មិន​មែន​បទល្មើស​បន្ត​កើត​មាន​ទេ គឺ​កើត​មាន​ខ្លាំង​លើស​ដើម ១​ទៅ​ជា​១០​ឥឡូវ​នេះ។ ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ណា​ចេញ​ទៅ​ទប់ស្កាត់​ទេ។ រីឯ​ឈើ​ប្រណិត​កាប់​ចេញ​ពី​កែវសីមា ឆ្លង​កាត់​ពេញៗ​ឡាន​បន្ត​រៀង​រាល់​ថ្ងៃ និង​ដឹក​ពី​ខេត្ត​ផ្សេង​ឆ្លង​កាត់​តំបន់​ហ្នឹង​រាប់​ឡាន។ បើ​និយាយ​ទៅ បទល្មើស​ព្រៃ​ឈើ​កើត​មាន​ពេញ​បន្ទុក​តែ​ម្តង នៅ​ភូមិ​ភាគ​ឥសាន​ឥឡូវ​នេះ។ យើង​កំពុង​តែ​ព្រួយ​បារម្ភ ហើយ​មិន​ដឹង​ជា​ទៅ​ពឹង​ខាង​ណា​ឲ្យ​ជួយ​អន្តរាគមន៍​រឿង​នេះ​ទេ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១០ បាន​ចេញ​បទ​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ជួយ​ទប់ស្កាត់ ឬ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព។

យុទ្ធនាការ​កន្លង​មក បាន​ឈាន​ដល់​ចាប់​ខ្លួន​មន្ត្រី​រដ្ឋាភិបាល និង​ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់​បាន​ជាច្រើន​នាក់ បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស។

ច្បាប់​ស្ដី​ពី​ព្រៃ​ឈើ ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០០២ បាន​ចែង​ថា បទល្មើស​ព្រៃ​ឈើ​ជា​បទ​ឧក្រិដ្ឋ។

បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី​១ ត្រូវ​ជាប់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ដល់​១០​ឆ្នាំ និង​ត្រូវ​រឹបអូស​វត្ថុ​តាង​ទាំង​អស់​មក​ជា​សម្បត្តិ​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

If i remember well, Hun Sen must cut his head off. because since he declare this, the log destruction still continue. and the main people behind is no other than his family & freinds at the cambodian senate!!!!! what cambodian people needs is not to cut his head but just use his head to stop those criminals.

Jul 21, 2012 06:32 AM

(

សួស្តី!ចំណែក​នៅ​ខេត្ត​មណ្ឌលគីរី​ការ​កាប់​ស្ទើរ​តែ​អស់​ហើយ។​សូម​ សម្តេច​ ហ៊ុន​ សែន ចាត់​វិធានការ​ផង។​ព្រោះ​ជា​សម្បត្តិ​សម្រាប់​យើង​ទាំងអស់​គ្នា។​ឥឡូវ​នេះ​ក្មេង​មិន​ស្គាល់​ឈើ​ទេ។

Jul 20, 2012 03:13 AM