ជនជាតិ​គួយ​នៅ​ព្រះវិហារ​បារម្ភ​ពី​សកម្មភាព​ជីក​រក​រ៉ែ​មាស​ខុសច្បាប់

សហគមន៍​ជនជាតិ​ភាគតិច​គួយ​នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​អះអាង​ថា សកម្មភាព​អ្នក​ជីក​រែង​រ៉ែមាស​ដោយ​ប្រើ​អាស៊ីដ​គីមីពុល​ចាក់​លើដី​និង​តាម​ទឹក កំពុង​កើនឡើង​នៅ​តំបន់​របស់​គេ គួរ​ឲ្យ​ព្រួយបារម្ភ​នៅពេល​ដែល​ការបង្រ្កាប​របស់​អាជ្ញាធរ​មូលដ្ឋាន​គ្មាន​ប្រសិទ្ធភាព ។

0:00 / 0:00

តំណាង​សហគមន៍​នៅឃុំ​រមទម្យ លោក ឃា សុខ ជា​បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​ឧសភា ថា ក្រុម​អ្នករែង​រ៉ែមាស​ខុសច្បាប់​ជាច្រើន​កំពុង​សម្រុកចូល​ទៅ​ជីកដី​នៅ​ចំណុច​ព្រៃទទឹង តំបន់​ភ្នំដែក ហើយ​ប្រើប្រាស់​អាស៊ីដ​គីមីពុល​ចំរាញ់​យកមាស ដោយ​ចាក់​ចោល​នៅលើ​ដី​និង​តាម​ទឹក​ធ្វើឲ្យ​អ្នកភូមិ​និង​សត្វចិញ្ចឹម​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ។

លោក ឃា សុខ មាន​ប្រសាសន៍​ដូច្នេះ ថា ៖ «ចេះ​តែ​មាន​ហើយ​មិន​បាត់​សោះ នៅ​តែ​ដំណើរ​ការ​រហូត មិន​បាត់​សោះ មិន​ដឹង​រក​វិធានការ​យ៉ាង​ណា»

ក្រុម​អ្នកភូមិ​និយាយ​ថា ថ្មីៗនេះ សកម្មភាព​អ្នកជីកដី​រែង​យក​រ៉ែមាស​បាន​ធ្វើឡើង​ជា​ចំហ​ដោយដឹក​ជញ្ជូន​អាចម៌ដី​តាម​រថយន្ត ។

អ្នកភូមិ​បាន​ចោទប្រកាន់​មន្រ្តី​យោធា​ផ្នែក​ស៊ើបការណ៍​ម្នាក់ ឈ្មោះ ប៉ែន សោង ប្រចាំ​នៅ​តំបន់នោះ​ថា មាន​ជាប់​ពាក់ព័ន្ធ​និង​ជា​ខ្នង​បង្អែក​អ្នករែង​រ៉ែមាស​ខុសច្បាប់​ទាំងនោះ ។ ប៉ុន្តែ មិន​អាច​ស្វែងរក​ការជួប​បំភ្លឺ​ពី​មន្រ្តី​យោធា ឈ្មោះ ប៉ែន សោង បាន​ទេ ។

អធិការ​នគរបាល​ស្រុក​រវៀង លោក គាំ សៀម បាន​មាន​ប្រសាសន៍​ថា អ្នក​រែង​រ៉ែមាស​ខុស​ច្បាប់​ទាំងនោះ ខ្លះ​ជា​អ្នកភូមិ​និង​ខ្លះ​ទៀត​ជា​អ្នក​មកពី​តំបន់​ផ្សេងៗ ។

ចំណែក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ខេត្ត​ព្រះវិហារ លោក សំ លាងនី បាន​មាន​ប្រសាសន៍​ទទួលស្គាល់​ថា សកម្មភាព​រែង​រ៉ែមាស​ខុសច្បាប់​នោះ​បាន​កើតមាន​ជាច្រើន​កន្លែង ហើយ​អ្នក​ធ្វើ​ភាគ​ច្រើន​ជាទាហាន ។

មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា កាបង្រ្កាប​សកម្មភាព​នោះ ជា​ការពិបាក​ដោយសារ​ភូមិសាស្រ្ត​ព្រៃ​ធំ​និង​រូបភាព​រែង​រ៉ែមាស​ធ្វើ​នៅតាម​កន្លែង​តូចៗ ហើយ​អាជ្ញាធរ​គ្មាន​មធ្យោបាយ​គ្រប់គ្រាន់​ក្នុង​ការបង្រ្កាប​ជា​ប្រចាំ​ថ្ងៃ​ទេ ៖ «មាន​ជាពិសេស​ច្រើន​ជា​ពួក​ទាហាន ហើយ​យើង​បង្រ្កាប​នោះ​សឹង​ថា​មិន​ឈ្នះ​ឥឡូវ​ហ្នឹង ព្រោះ​ក្នុង​ភូមិសាស្រ្ត​ហ្នឹង​វា​ធំ ដី ៤-១០​គីឡូម៉ែត្រ វា​សុទ្ធតែ​ព្រៃ អ៊ីចឹង​ទៅ​កន្លែង​ខ្លះ​វា​ទៅ​ធ្វើ​អាង​ហ្នឹង ១​ម៉ែត្រ​កន្លះ​អី ៤​ជ្រុង​អាចម៍​ដី​ប្រហែល​២​គូប​អីអ៊ីចឹង មួយ​ថ្ងៃ​ពីរ​ថ្ងៃ វា​រើ​ទៅ​ផ្សេង​ទៅ»

អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ឋិមនុស្ស អាដហុក ខេត្ត​ព្រះវិហារ លោក ហោ នាថ បាន​បន្ទោស​អាជ្ញាធរ​ខេត្ត​​ស្រុក​ថា ពុំ​មាន​ឆន្ទៈ​ក្នុង​ការបង្រ្កាប​អំពើ​នោះទេ ៖ «សហគមន៍​បាន​ផ្ដល់​ព័ត៌មាន​មក​ថា ចាប់​ផ្ដើម​មុន​នេះ​ឯង​ឃើញ​ដឹក​ទាំងឡានៗ​យក​ដី ។ អាជ្ញាធរ​ខេត្ត​ស្រុក​ហាក់​បីដូច​ជា​មិន​អើពើ​ចំពោះ​បញ្ហា​ផល​ប៉ះ​ជាតិ​គីមី​ហ្នឹង»

ក្រុម​សហគមន៍​បាន​ឲ្យ​ដឹង​ថា នៅ​ដើម​រដូវវស្សា​នេះ គេ​មាន​ម្រោង​ប្រមូលផ្តុំ​អ្នកភូមិ​ម្តងទៀត​ដើម្បី​ចុះ​កម្ទេច​ចោល​កន្លែង​រែង​រ៉ែមាស​ខុសច្បាប់​ទាំងនោះ ។

តំណាង​សហគមន៍​ជនជាតិ​ភាគតិច​មួយ​រូប​ឲ្យ​ដឹង​ថា ដោយសារ​ឥទ្ធិពល​ជាតិ​អាស៊ីដ​គីមី​ដែល​អ្នក​រែង​រ៉ែមាស​បាន​ចាក់ចោល​នៅលើ​ដី​និង​តាមទឹក បណ្តាល​ឲ្យ​អ្នកភូមិ​ជាច្រើន​កំពុង​ទទួល​រងជំងឺ​ផ្តាសាយ ។

តាមអ្នកភូមិ​អះអាង​ថា ចាប់ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០០៧ រហូត​មក​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០០៨ មាន​សត្វ​គោ​និង​ក្របី​ជាង ២០​ក្បាល​មកហើយ បាន​ងាប់​ដោយសារ​ជាតិ​អាស៊ីដ​គីមីពុល ដែល​ក្រុម​អ្នករែង​រ៉ែ​​មាស​ចាកចោល​នៅលើ​ដី​និង​តាម​ទឹក​នោះ ៕