នៅក្នុងឱកាសប្រារព្ធខួបទទួលបានឯករាជ្យជាតិនៅឆ្នាំ២០១២ នេះដែរ គេកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរ និងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនានា ហាក់មិនសប្បាយចិត្តដូចកាលពីបុណ្យឯករាជ្យកាលពីឆ្នាំមុនៗនោះទេ។
ប្រធានសភាជាតិ លោក ហេង សំរិន តំណាងឲ្យព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី បានអញ្ជើញមកដុតទានជ័យនៅឯវិមានឯករាជ្យ ដើម្បីប្រារព្ធបុណ្យឯករាជ្យជាតិខួបលើកទី៥៩ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១២។
ការប្រារព្ធបុណ្យខួបនៅពេលនេះ គឺអវត្តមានរបស់ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន និងប្រធានព្រឹទ្ធសភា លោក ជា ស៊ីម។
ប្រជាពលរដ្ឋខ្មែរ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានពណ៌នាដូចៗគ្នាថា បុណ្យខួបនៅឆ្នាំនេះ គឺប្រកបដោយភាពសោកសៅ និងក្តុកក្តួលក្នុងចិត្ត ដោយសារតែព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានយាងចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ នៅឯមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន។
អ្នកស្រី ម៉ែន វណ្ណៈ អាយុ ៥០ឆ្នាំ ជាមន្ត្រីរាជការស៊ីវិល នៅក្រសួងកិច្ចការនារី ដែលកំពុងតែឈរកាន់ទង់ជាតិខ្មែរ និងកាន់បាច់ផ្កានៅក្បែរវិមានឯករាជ្យ បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា អ្នកស្រីមានអារម្មណ៍ក្តុកក្តួល ក្នុងចិត្តមិនសប្បាយចិត្តទេ នៅក្នុងបុណ្យខួបលើកទី៥៩ នៃឯករាជ្យជាតិនៅឆ្នាំ២០១២ នេះ៖ «មូលហេតុដោយសារតែព្រះករុណា លោកសោយទិវង្គត ហើយលោកអត់បានយាងចូលរួម ចំណែកក្នុងការគ្រប់គ្រង និងកសាងប្រទេសយើង មានការរីកចម្រើនមែន ប៉ុន្តែអត់មានព្រះអង្គទៅ ខ្ញុំស្ដាយលោកណាស់»។
ចំណែកឯតំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ដែលបានមកចូលរួមការប្រារព្ធបុណ្យឯករាជ្យជាតិនេះដែរ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅទីនោះថា អ្នកស្រីចង់ឲ្យអ្នកនយោបាយនានាអនុវត្តតាមព្រះរាជបណ្ដាំរបស់ព្រះមហាវីរក្សត្រកន្លងមក៖ «ខ្មែរត្រូវតែរួបរួមគ្នា ខ្មែរជាជាតិតែមួយ។ យើងទាំងអស់គ្នាជាជាតិខ្មែរ អាឡោះអាល័យណាស់ សោកស្ដាយណាស់ តែយើងនៅតែគោរពព្រះវិញ្ញាណក្ខន្ធដ៏ថ្លៃថ្លានៃព្រះករុណា របស់យើង មិនអាចបំភ្លេចបានទេ»។
ទាក់ទងនឹងបុណ្យឯករាជ្យជាតិនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍កាលពីថ្ងៃទី៨ ខែវិច្ឆិកា នៅឯក្រសួងការពារជាតិថា កម្ពុជា បាត់បង់ព្រះស្ថាបនិកនៃឯករាជ្យជាតិ និងជាព្រះស្ថាបនិកនៃកងយោធពលខេមរភូមិន្ទកម្ពុជា កាលពីឆ្នាំ១៩៥៣ កន្លងមក៖ «ឆ្លៀតឱកាសដ៏បវរមហាប្រសើរនេះផងដែរ ខ្ញុំសូមសម្ដែងនូវការគោរពកោតសរសើរ និងមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅជូនចំពោះវីរកងទ័ព និងនាយទាហាន ពលទាហានគ្រប់រូប នៃកងយោធពលខេមរភូមិន្ទ ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន ដើម្បីបុព្វហេតុទាមទារ និងការពារឯករាជ្យ សន្តិភាព គោរពបូរណភាពទឹកដី សេចក្តីសុខសាន្ដរបស់ប្រជាពលរដ្ឋ ព្រមទាំងប្រាង្គប្រាសាទទាំងឡាយ»។
ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ មិនត្រឹមតែជាបិតាឯករាជ្យខ្មែរនោះទេ គឺក្រុមអ្នកនយោបាយជាន់ខ្ពស់ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ បានចាត់ទុកព្រះអង្គថាជាព្រះបិតាផ្សះផ្សាជាតិ និងជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ កន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។