ព័ត៌មាន​ជុំវិញ​ហេតុការណ៍​បាញ់​​សម្លាប់​លោក ឈុត វុទ្ធី

នៅ​ថ្ងៃ​សៅរ៍ ទី២៨ មេសា ​កន្លង​ទៅ​នេះ អ្នក​ស៊ើប​អង្កេត​ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ នៅ​ខេត្ត​កោះកុង បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​បន្ថែម​ខ្លះ​អំពី​ដើម​ហេតុ ដែល​នាំ​ទៅ​ដល់​ការ​ធ្វើ​ឃាត​លើ​រូប​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃ​ឈើ​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ មេសា​នោះ។
ដោយ ហាស់ សាន
2012.04.29

លោក អ៊ិន គង់ជិត មន្ត្រី​សំរបសំរួល​នៃ​អង្គការ លីកាដូ ប្រចាំ​ខេត្ត​កោះកុង មាន​ប្រសាសន៍​ថា តាម​ការ​ប្រមូល​ព័ត៌មាន​ពី​សាក្សី​មួយ​ចំនួន លោក ឈុត វុទ្ធី បាន​ប្រកែក​នឹង​មេការ​ក្រុមហ៊ុន​ចិន​មួយ ដែល​មាន​ទីតាំង​មិន​ឆ្ងាយ​ពី​កន្លែង​កើត​ហេតុ។ លោក​ថា មេការ​ជា​ជនជាតិ​ខ្មែរ ស្លៀកពាក់​ស៊ីវិល បាន​ព្យាយាម​ទារ​យក​ប្រដាប់​រក្សា​ទុក​រូបភាព​ក្នុង​ម៉ាស៊ីន​ថត​រូប ពី​លោក ឈុត វុទ្ធី ប៉ុន្តែ មិន​បាន​សំរេច ក៏​ហៅ​ភ្នាក់ងារ​ប្រដាប់​អាវុធ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍។

លោក អ៊ិន គង់ជិត៖ «មេ​ការ​ក្រុមហ៊ុន​គាត់​ជា​ខ្មែរ។ គាត់​ព្យាយាម​យក​មេម៉ូរី ឬ​យក​កាម៉ារ៉ា​ពី​អ្នក​យក​ពត៌មាន និង​លោក វុទ្ធី មិន​បាន ក៏​ត្រូវ​ពឹង​លើ​កម្លាំង​សាធារណៈ​របស់​រដ្ឋ។ ករណី​នេះ ខ្ញុំ​មិន​ស្គាល់​ឈ្មោះ​ទេ ព្រោះ​សាក្សី​នៅ​ទី​នោះ មិន​បាន​ប្រាប់​ឈ្មោះ​យើង។ មេការ​ហ្នឹង គាត់​ចង់​ឲ្យ​លុប​រូបភាព​ចោល គាត់​មិន​បាន​ឃាត់​រថយន្ត​នោះ​ទេ។ តែ​ពេល​លោក ឈុត វុទ្ធី ព្យាយាម​ចូល​រថយន្ត ទាហាន​ម្នាក់​រារាំង​មិន​ឲ្យ​លោក ឈុត វុទ្ធី ចូល​រថយន្ត»

លោក អ៊ិន គង់ជិត បន្ថែម​ថា នៅ​ទី​បញ្ជាការ​ប៉េអឹម នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​នោះ បាន​សួរ​អ្នក​កាសែត​ស្រី​ពីរ​រូប ពី​កាសែត ឌឹ ខេមបូឌា ដេលី ឈ្មោះ ផន បុប្ផា និង អូលេស្យា ផ្លូឃី (Olesia Plokhii) ដែល​ធ្វើ​ដំណើរ​ជាមួយ​លោក ឈុត វុទ្ធី។ ប៉ុន្តែ ពុំ​បាន​ផ្តល់​ចម្លើយ​ច្បាស់លាស់​ទេ។

លោក អ៊ិន គង់ជិត៖ «នៅ​ទី​បញ្ជាការ​ប៉េអឹម​នោះ មាន​ការ​សាកសួរ​ដែរ តែ​អ្នក​ទាំង​ពីរ​មាន​សុខភាព​មិន​ល្អ មាន​អារម្មណ៍​នៅ​ភ័យ​ខ្លាច បាក់​ស្បាត​នឹង​ហេតុការណ៍។ ដូច្នេះ គាត់​មិន​មាន​អ្វី​និយាយ​ទៀត​ទេ»

តាម​ការ​បញ្ជាក់​ពី​មន្រ្តី​ការពារ​សិទ្ធិមនុស្ស លីកាដូ រូប​នេះ កន្លែង​កើត​ហេតុ ស្ថិត​នៅ​ប្រមាណ​ប្រាំ​គីឡូ​ម៉ែត្រ ពី​ទីតាំង​កង​កម្លាំង​ប្រដាប់​អាវុធ មាន​ទាហាន និង​ប៉េអឹម ហើយ​ផ្លូវ​រថយន្ត​របស់​លោក ឈុត វុទ្ធី ធ្វើ​ដំណើរ​លើ​ផ្លូវ​សាធារណៈ ដែល​ឥត​មាន​ការ​ហាម​ឃាត់។

ក្រុម​ភ្នាក់ងារ​មាន​សមត្ថកិច្ច ដែល​បាន​ទៅ​ដល់​កន្លែង ប្រមូល​បាន​កាំភ្លើង​ខ្លី ប្រភេទ ប៉េអា មួយ​ដើម មាន​គ្រាប់ ៩ គ្រាប់ នៅ​នឹង​ខ្លួន​លោក ឈុត វុទ្ធី។

កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ ២០១២ របាយការណ៍​របស់​ប៉េអឹម និង​តុលាការ​ខេត្ត​កោះកុង ​បាន​បង្ហាញ​ថា ប៉េអឹម អ៊ិត រតនា បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ហើយ​ក្រោយ​មក ប៉េអឹម អ៊ិត រតនា បាន​បាញ់​សម្លាប់​ខ្លួន​ឯង។

ប៉ុន្តែ បើ​អាន​អត្ថបទ ដែល​ជា​ការ​រៀបរាប់​របស់​ស្ត្រី​អ្នក​កាសែត The Cambodia Daily គឺ​អាជ្ញាធរ​សមត្ថកិច្ច គួរ​តែ​បន្ត​ស៊ើបអង្កេត និង​ស្វែងរក​មុខ​ឃាតក យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ក្នុង​ឧក្រិដ្ឋកម្ម​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។