មន្ត្រីវប្បធម៌ខេត្ត រួមទាំងមេកន្ទ្រាញជនជាតិភាគតិចស្អូច បានលើកឡើងមូលហេតុដែលកំពុងបាត់បង់អត្តសញ្ញាណនេះ អាចបណ្ដាលមកពីហេតុផលសំខាន់បី គឺដោយសារការបាត់បង់ព្រៃឈើ ការរើសអើង និងយុវជនជនជាតិស្អូចជំនាន់ក្រោយរៀបការជាមួយជនជាតិខ្មែរ និងមិនចូលចិត្តនិយាយភាសាជនជាតិខ្លួន។
សំឡេងត្អូញត្អែរ របស់ជនជាតិស្អូច ៖ «សព្វថ្ងៃនេះ ស្ថានភាពជនជាតិស្អូចយើងយ៉ាប់។ សព្វថ្ងៃនឹងខ្មែរកាន់កាប់ទាំងអស់ ជនជាតិស្អូចយើងអត់មានកាន់កាប់ទេ។ គេមានសហគមន៍ គេមានមេព្រៃ តែពួកតំបន់ស្អូចទៅរកស្អីទៅឆក់កណ្ដៀត បានម្ដងៗដែរ។ តែរកប៉ះគេគេចាប់។ ព្រោះពួកខ្ញុំជនជាតិស្អូចខ្ញុំអត់មានរកស៊ីដូចបងប្អូនខ្មែរទេ។ ពួកខ្ញុំរកស៊ីតាមមួយបង្វេចៗ អត់មានយកទៅលក់ដូរអីទេ»។
នេះជាពាក្យត្អូញត្អែររបស់ លោក សន កិល អាយុ ៣៥ឆ្នាំ រស់នៅភូមិសំរុងលើ ឃុំសំរុង ខេត្តព្រះសីហនុ។ លោក សន កិល គឺជាជនជាតិស្អូចម្នាក់ដែលបានរៀនសូត្រអក្សរខ្មែរ គឺគាត់ចេះនិយាយ ចេះស្ដាប់ និងចេះសរសេរភាសាខ្មែរបានច្រើនជាងជនជាតិស្អូចដទៃទៀត។ ម្យ៉ាងវិញទៀត លោកជាអ្នករាក់ទាក់ភ្ញៀវជាងគេ ខណៈដែលបងប្អូនជនជាតិស្អូចក្នុងភូមិដទៃទៀត នៅអៀនប្រៀនលាក់មុខ ពេលជួបភ្ញៀវមកពីចម្ងាយម្ដងៗ។
ជីវិតអាស្រ័យលើអនុផលព្រៃឈើ គឺរបរប្រពៃណីប្រចាំថ្ងៃមួយសំខាន់ចំណោះជនជាតិស្អូច។ ក្រៅពីនេះពួកគាត់ចុះនេសាទសមុទ្រ បែបលក្ខណៈគ្រួសារ និងខ្លះទៀតប្រកបស៊ីឈ្នួលធ្វើស្រែចម្ការឲ្យខ្មែរនៅក្បែរនោះ។
ក៏ប៉ុន្តែបច្ចុប្បន្ន ពួកគាត់ភាគច្រើនមិនមានស្រែចម្ការទេ។ លោក សិម ឆែត មេកន្ទ្រាញជនជាតិស្អូច បានរំលឹកថា កាលពីជំនាន់មុនជនជាតិស្អូច មានទឹកដី ចម្ការព្រៃភ្នំធំទូលាយណាស់។ តែលោកថា ចាប់តាំងពីទសវត្សឆ្នាំ១៩៩០ ជាងមក ចម្ការដីព្រៃភ្នំពួកគាត់ត្រូវអ្នកមានប្រាក់ និងអ្នកមានអំណាចចូលកាន់កាប់។
លោក មេកន្ទ្រាញដែលមានអាយុជិត ៨០ឆ្នាំរូបនោះ បានរំលឹកថា មានជនជាតិស្អូចមួយចំនួន បានចាញ់បោកគេ ដោយដូរដីចម្ការរបស់ខ្លួនជាមួយថ្នាំជក់បន្តិចបន្តួច ខ្លះដូរដីចម្ការយកស្ករមួយក្អមតូចក៏មាន។ ពេលនេះដីក៏បាត់ប្រពៃណីជនជាតិក៏ថយចុះ ខុសពីពេលមុន ដែលលោកថា ជនជាតិស្អូចមានដីទូលាយ មានប្រពៃណីតឹងរ៉ឹង សូម្បីតែភ្ញៀវពីចម្ងាយមកក៏មិនចង់ជួបផង ៖ «កាលមុនចូលមិនបានទេ ដូចពូឯងអីចឹងចូលមិនបានទេ។ ទាល់តែ ជម្រាបប្រាប់បានចូលបាន។ ដល់យូរទៅកាប់ចម្ការបានធំហើយបងប្អូនខ្មែរគេអ្នកមាន គេចេះតែចូលមក គេសុំទិញដី គេឲ្យលុយ ប៉ុន្មានក៏យកដែរ។ អីចឹងឆោតកន្លែងនឹង។ យើងចេះតែដូរអីចឹងទៅ គេចេះតែដេញទៅៗ។ យូរទៅចេះបាត់បង់អស់ហើយ»។
ភូមិសំរុងលើ ស្ថិតលើទួលខ្ពស់ក្បែរជើងភ្នំមួយ។ ភូមិនេះ មិនមានផ្លូវចូលទេ មានតែផ្លូវថ្មើរជើង សូម្បីតែផ្លូវនៅក្នុងភូមិក៏មិនមានដែរ។ ជនជាតិស្អូច រស់នៅប្រមូលផ្ដុំគ្នាជាក្រុម ហើយផ្ទះខ្លះមានចំនួនគ្រួសារដល់ទៅពីរបីគ្រួសារ។ របាយការណ៍របស់ឃុំសំរុង បង្ហាញថា មានជនជាតិស្អូចចំនួន ២៨គ្រួសារ។ តែបើតាមរបាយការណ៍បច្ចុប្បន្នភាពរបស់ជនជាតិស្អូច ចំនួនសមាជិកជនជាតិនេះបានកើនឡើងដល់ ៣១គ្រួសារហើយ។
បញ្ហាចម្បងពីរទៀត ដែលជំរុញឲ្យអត្តសញ្ញាណជនជាតិស្អូច ប្រឈមនឹងការបាត់បង់អត្តសញ្ញាណគឺយុវជនជនជាតិស្អូចជំនាន់ក្រោយ មិននិយាយភាសាជនជាតិ។
លោក ស្រី ធីវ ចាស់ទុំជនជាតិស្អូចមួយរូប បញ្ជាក់ថា មូលហេតុដែលយុវជនជំនាន់ក្រោយ មិនចង់និយាយភាសាជនជាតិ ព្រោះយល់ថា បើខ្លួននិយាយភាសាជនជាតិស្អូចនាំឲ្យគេមើលងាយថាខ្លួនអន់ ៖ "គាត់និយាយតែភាសាខ្មែរទេ។ ហើយម្យ៉ាងទៀត ខ្មែរមួយចំនួនតូច គេរើសអើងពួកគាត់ គាត់អត់សូវហ៊ាននិយាយ។ ទីមួយតាមមាត់គេហៅថា អាស្អូចឯងទៅណា? ឯងហូបតែចាឡង់ (ម្ហូបម្យ៉ាងរបស់ជនជាតិស្អូច)។ បញ្ហាមួយទៀត គឺយុវជនស្អូចរៀបការជាមួយកូនខ្មែរកាន់តែមានច្រើនឡើង ជាក់ស្ដែង ក្នុងចំណោមគ្រួសារចំនួន ៣១មានកូនស្រីប្រុសជនជាតិស្អូចរៀបការជាមួយកូនខ្មែរចំនួន ៨គ្រួសារហើយ"។
មិនមានឯកសារណា បញ្ជាក់ថាជនជាតិស្អូចមានវត្តមាននៅលើទឹកដីខេត្តព្រះសីហនុ តាំងពីពេលណាមកទេ។
ក៏ប៉ុន្តែ ទាក់ទងនឹងប្រវត្តិជនជាតិស្អូចនេះ មានឯកសារខ្លះសរសេរថា ជនជាតិស្អូចជិតផុតពូជម្ដងរួចមកហើយនៅឆ្នាំ១៨៤០។ គឺកាលនោះជនជាតិស្អូចនៅសល់តែពីរនាក់គត់។
តាមសៀវភៅស្រាវជ្រាវអំពីជនជាតិភាគតិចនៅប្រទេសកម្ពុជា បោះពុម្ពផ្សាយនៅឆ្នាំ១៩៧២ និពន្ធ ដោយ លោក កែប វណ្ឌី។ នៅឆ្នាំ១៨៤០ សៀមបានលើកទ័ពវាយលុកចូលខេត្តព្រះសីហនុ ដែលកាលពីជំនាន់នោះ ជាទឹកដីខេត្តកំពត។ ទ័ពសៀមបានចាប់ជនជាតិស្អូចទាំងអស់ជាឈ្លើយសឹក រួចយកទៅស្រុកសៀម។ ស្ដេចសៀមក៏បានបញ្ជូនឲ្យជនជាតិស្អូចទាំងនោះ ទៅរស់នៅភូមិមួយក្បែរក្រុងបាងកក។ ក៏ប៉ុន្តែក្រោយមកជនជាតិស្អូច ទាំងនោះក៏បានស្លាប់ជាបន្តបន្ទាប់ ស្ទើរអស់ នៅសល់តែពីរនាក់ បងប្អូនបង្កើតស្រីប្រុស។ សៀវភៅនោះសរសេរថា ដោយឃើញដូច្នេះ ស្ដេចសៀមក៏សម្រេចបញ្ជូនជនជាតិស្អូច ដែលនៅរស់ពីរនាក់នោះ ត្រឡប់មកស្រុកវិញ ដែលកាលនោះពួកគេរស់នៅក្នុងតំបន់មាត់សមុទ្រ ក្បែរវាលរេញដែរ។
ទោះយ៉ាងណា មានការអះអាងខុសៗគ្នា ចំពោះព័ត៌មានជនជាតិស្អូច នៅរស់ពីរនាក់នោះ។ ខ្លះថា ជនជាតិស្អូចសល់ពីរនាក់នោះមិនត្រូវបានទាហានសៀមកៀរយកទៅទេ។ ក្រោយពីទ័ពសៀមដកថយទៅ ពួកគេបានរស់នៅក្នុងភូមិតែពីរនាក់បងប្អូនបង្កើត។ បន្ទាប់មកក៏មានផ្ទៃពោះជាមួយគ្នា បានកើតកូន បន្តពូជជនជាតិស្អូចមកទល់សព្វថ្ងៃនេះ។
លោកមេកន្ទ្រាញ សិម ឆែត បានរំលឹកថា ជីដូនជីតាគាត់កាលនៅរស់បានដំណាលរឿងសង្គ្រាម សៀមកៀរជនជាតិស្អូចនេះ ប្រាប់កូនចៅពីមួយជំនាន់ទៅមួយជំនាន់តៗគ្នាថា ជនជាតិស្អូចដែលបានបន្តពូជមានចំនួនកើនដល់ ៣១គ្រួសារនាសព្វថ្ងៃនេះ គឺដោយសារជនជាតិស្អូច ជាបងប្អូនបង្កើត ទាំងពីរនាក់ដែលសល់ពីស្លាប់នោះ បន្តពូជមក។ លោកបន្តថា ដោយមានប្រវត្តិដូច្នេះទើបជនជាតិស្អូចទាំងអស់យល់ថា ពួកគេមានឪពុកម្ដាយតែមួយ គឺដោយហេតុផលថា ជនជាតិស្អូចពីរនាក់នោះយកគ្នាជាប្ដីប្រពន្ធ ជាបងប្អូនបង្កើតនឹងគ្នា ៖ «ពួកខ្ញុំនឹងសល់តែពីរនាក់ទេ។ បងប្អូនខ្មែរ ជនជាតិណាក៏ (សៀម) យកទៅអស់ដែរ។ ដល់ពីរួចពីនឹងទៅគេយកចុះកប៉ាល់នឹងមិនដឹងគេយកទៅទុកដាក់ត្រង់ណាទេ។ ហើយសល់តែពីរនាក់។ សល់នេះក៏សល់បងប្អូនពោះមួយ។ យូរទៅមានទម្ងន់ មានកូនទើបតពូជទើសឥឡូវនឹងនែក»។
ទាក់ទងរឿងបន្តពូជ របស់ជនជាតិស្អូចនេះដែរ លោក ឆេង ហ៊ាន អនុប្រធានមន្ទីរវប្បធម៌ ខេត្តព្រះសីហនុ។ លោកបានអះអាងប្រហែលគ្នានេះដែរ គឺនៅឆ្នាំ១៩១០ ព្រះមហាក្សត្រខ្មែរ បានប្រកាសសម្រេចឲ្យជនជាតិស្អូច រៀបការជាមួយបងប្អូនបង្កើត ដើម្បីកុំឲ្យផុតពូជ។ លើសពីនេះ ទៅទៀតនោះ ព្រះមហាក្សត្រខ្មែរប្រទានងារ ឧកញ៉ា ឲ្យជនជាតិកួយម្នាក់ទៀត ជាការលើកទឹកចិត្តស្ទួយ ជនជាតិស្អូចទៀតផងនៅជំនាន់នោះ ៖ «ដើម្បីកុំឲ្យផុតពូជកុលសម្ព័ន្ធស្អូចនឹងព្រះមហាក្សត្រលោកអនុញ្ញាតឲ្យស្អូចរៀបការបងប្អូនបង្កើត។ ហើយលើសនឹងទៅទៀត ព្រះរាជាបានអនុញ្ញាតឲ្យជ្រើសរើសតំណាងរបស់ខ្លួន តំណាងកុលសម្ព័ន្ធស្អូចនឹង ហើយតែងតាំងទៅជាងារមួយ ទៅជា ឧកញ៉ា តិរី ដែលមានបុណ្យស័ក្ដិស្មើចៅហ្វាយខេត្តកំពត»។
ដើម្បីអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ និងការពារអត្តសញ្ញាណជនជាតិស្អូចកុំឲ្យបាត់បង់ លោក ឆេង ហ៊ាន សុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់អញ្ជើញពួកគាត់ចូលរួមក្នុងជីវភាពនយោបាយ និងសង្គមឲ្យបានដូចជនជាតិផ្សេងទៀតដែរ។ ដូចជាអញ្ជើញតំណាងជនជាតិស្អូចចូលរួមពិធីនានា ពិធីមហោស្រពសិល្បៈជាដើម។ ម្យ៉ាងវិញទៀត លោកបានសុំឲ្យក្រសួងពាក់ព័ន្ធចូលរួមជួយផ្ដល់វគ្គសិក្សាវិជ្ជាជីវៈ និងជំនាញសមស្របផ្សេងៗដល់ពួកគាត់។ លោកថាធ្វើដូច្នេះ ដើម្បីផ្ដល់ការងារដល់ពួកគាត់នៅនឹងកន្លែង ព្រោះថាសព្វថ្ងៃនេះជនជាតិស្អូច បានចាកចោលស្រុកទៅរកការងារឆ្ងាយៗច្រើនណាស់ ហើយការធ្វើចំណាកស្រុកនេះក៏ជាមូលហេតុមួយបណ្ដាលឲ្យបាត់បង់អត្តសញ្ញាណជនជាតិស្អូចដែរ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
